ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេង​ប្រុស​មូស្លីម​​ម្នាក់​ត្រូវ​បាន​​ចាក់​សម្លាប់​នៅ​អាមេរិក​​​ ក្នុង​ការវាយប្រហារ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​​អ៊ីស្រាអែល-ហាម៉ាស់


 រូបភាពឯកសារ៖ កុមារ Wadea Al-Fayoume អាយុ​៦ឆ្នាំ ជនជាតិ​មូស្លីម​ដែល​ត្រូវបាន​ចាក់សម្លាប់ក្នុង​រដ្ឋ Illinois
 រូបភាពឯកសារ៖ កុមារ Wadea Al-Fayoume អាយុ​៦ឆ្នាំ ជនជាតិ​មូស្លីម​ដែល​ត្រូវបាន​ចាក់សម្លាប់ក្នុង​រដ្ឋ Illinois

ម្ចាស់​ផ្ទះ​ជួល​អាមេរិកម្នាក់ត្រូវ​បាន​ចោទប្រកាន់​ពី​បទឃាតកម្ម​និង​ឧក្រិដ្ឋកម្ម​សម្អប់កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ក្រោយ​ពី​បាន​ចាក់​សម្លាប់​ស្ត្រីនិង​ក្មេង​ប្រុស​មូស្លីម​អាយុ​៦​ឆ្នាំម្នាក់​ជា​ច្រើន​ដង​ នៅ​ក្នុងការ​វាយប្រហារ​មួយ ដែល​ប៉ូលិស​បាន​ភ្ជាប់​ទៅ​នឹង​សង្គ្រាម​ដែល​កំពុង​កើតឡើង​ រវាងអ៊ីស្រាអែល​និង​ក្រុម​សកម្ម​ហាម៉ាស់​ប៉ាឡេស្ទីន។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ​

ក្មេង​ប្រុស​នេះ​ត្រូវ​បាន​ចាក់​ចំនួន​២៦​ដង​ ​ហើយ​បាន​ស្លាប់​នៅ​មន្ទីពេទ្យ​ ប៉ុន្តែ​ស្ត្រី​ដែល​មាន​វ័យ​៣២ឆ្នាំ​ និង​ត្រូវ​គេ​ជឿ​ថា​ជា​ម្តាយ​របស់​ក្មេង​ប្រុស​នោះ​ ត្រូវ​គេ​រំពឹង​ថា​ បាន​រួច​ផុតពី​សេចក្តី​ស្លាប់​ ក្នុង​ការ​វាយប្រហារដ៏​សាហាវ​ព្រៃផ្សៃ​មួយកាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។​ នេះ​បើតាមសេចក្តី​ថ្លែងការណ៍​របស់ការិយាល័យ​ប៉ូលិស​ស្រុក​ Will ក្នុង​រដ្ឋ Illinois សហរដ្ឋ​អាមេរិក។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ លោក​និង​ភរិយា​របស់​លោក​មានក្តី​រន្ធត់​ជា​ខ្លាំង​ ពេល​បាន​ទទួល​ដំណឹង​នៃ​ការ​វាយប្រហារឃាតកម្ម​នេះ។​ លោកថ្លែង​ដូច​នេះ​ថា៖​ «សកម្មភាពរន្ធត់​ឃោរឃៅនៃ​ការ​ស្អប់​គុំកួន​មិន​ត្រូវ​កើត​ឡើង​នៅ​អាមេរិកឡើយ ​ ហើយ​វាដើរបញ្ច្រាស​នឹង​គុណតម្លៃជា​មូលដ្ឋាន​របស់​យើង។ នោះ​គឺសេរីភាព​ដែល​មិន​ភ័យខ្លាច​ចំពោះ​របៀប​ដែល​យើងបន់ស្រន់ អ្វី​ដែល​យើង​ជឿ និង​ថា​យើង​ជា​នរណា។​ ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង​ យើង​ត្រូវ​រួម​គ្នា​ ហើយបដិសេធ​នូវ​ការ​ប្រឆាំង​សាសនា​អ៊ីស្លាម​ ការ​ប្រកាន់​ពូជសាសន៍​និងសេចក្តី​ស្អប់ខ្ពើម។ ខ្ញុំ​បាន​និយាយ​ជា​ច្រើន​លើក​ច្រើន​សារ​ថា​ ខ្ញុំ​នឹង​មិននៅ​ស្ងៀមទេ​លើ​អំពើ​ស្អប់គុំកួន។ យើង​ត្រូវ​តែ​ច្បាស់លាស់អំពីរឿង​នេះ។​ មិន​ត្រូវ​មាន​អំពើ​ស្អប់​គុំកួន​ ប្រឆាំង​នឹង​នរណា​ម្នាក់ទេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ការិយាល័យ​ប៉ូលិស​មិន​បានផ្តល់ភាព​លម្អិត​បន្ថែមជុំវិញ​ការ​ចាក់សម្លាប់​នេះ​ទេ ឬ​ក៏​បង្ហាញ​ពី​សញ្ជាតិ​របស់​ជន​រងគ្រោះ​នោះ​ឡើយ​ ប៉ុន្តែ​ការិយាល័យក្រុម​ប្រឹក្សា​ទំនាក់ទំនង​អាមេរិក-អ៊ីស្លាម​ (CAIR) ក្នុង​ទីក្រុង Chicago រដ្ឋ ​Illinois​ សហរដ្ឋ​អាមេរិក​ បាន​ពណ៌នា​ក្មេង​ប្រុស​នោះ​ថា​ ជា​ក្មេង​ប្រុស​ប៉ាឡេស្ទីន​សញ្ជាតិ​អាមេរិក​កាំង។​

អាជ្ញាធរ​អាមេរិក​និយាយ​ថា​ ស្ត្រីដែល​គេ​ជឿ​ថា​ជា​ម្តាយ​ក្មេង​ប្រុស​នោះ បាន​ព្យាយាមបាន​សម្រេច​ក្នុង​ការ​ទូរស័ព្ទ​ទៅលេខ 911 សុំ​អន្តរាគមន៍​បន្ទាន់​ពី​ប៉ូលិស​ នៅ​ពេល​កំពុង​ប្រតាយប្រតប់ជាមួយ​ម្ចាស់​ផ្ទះ​ជួល​នោះ ដែល​ត្រូវ​ប៉ូលិស​ស្គាល់ឈ្មោះ​ថា Joseph Czuba ដែល​មាន​អាយុ​៧១​ឆ្នាំ៕​

XS
SM
MD
LG