ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង់ក្លាដេស​សង្ឃឹម​ថា​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ផ្តល់​ភាព​អង់អាច​ដល់​ស្រ្តី


ក្រុម​អ្នក​សង្គ្រោះ​សែង​ស្រី​មួយ​រូប​ចេញ​ពី​គំនរ​បែកបាក់​នៃ​អគារ Rana Plaza នៅ​១៧​ថ្ងៃ​ក្រោយ​អគារ​បាន​បាក់​រលំ​កាល​ពី​ថ្ងៃ​១០​ ឧសភា ២០១៣។
ក្រុម​អ្នក​សង្គ្រោះ​សែង​ស្រី​មួយ​រូប​ចេញ​ពី​គំនរ​បែកបាក់​នៃ​អគារ Rana Plaza នៅ​១៧​ថ្ងៃ​ក្រោយ​អគារ​បាន​បាក់​រលំ​កាល​ពី​ថ្ងៃ​១០​ ឧសភា ២០១៣។
ការ​ស្លាប់​របស់​កម្មករ​ជាង​១.១០០​នាក់​នៅ​ក្នុង​ហេតុការណ៍​ដួល​រលំ​អគារ​មួយ​ នៅ​ប្រទេស​បង់ក្លាដេស​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​សាកលលោក​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានភាព​ការងារ​ដែល​មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​លូតលាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​មួយ​នេះ។ មនុស្ស​ជា​ច្រើន​សង្ឃឹម​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឧស្សាហកម្ម​នេះ នឹង​កែ​បទដ្ឋាន​សុវត្ថិភាព​ផង​និង​ស្ថានភាព​ការងារ​សម្រាប់​ស្ត្រី​ផង ដែល​ជា​ចំនួន​ភាគ​ច្រើន​នៃ​អ្នកធ្វើ​ការងារ​នោះ។

នាង​ Runa អាយុ២៣​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​ស្ត្រី​រាប់​ម៉ឺន​នាក់​ដែល​ប្រើ​កម្លាំង​ពលកម្ម​តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីន​កាត់​ដេរ​នៅ​ក្នុង​ក្រុង ​Dhaka​ និង​តំបន់​ជាយ​ក្រុងដើម្បី​ផលិតសម្លៀក​បំពាក់​សម្រាប់​អ្នក​លក់​រាយ​ឲ្យ​ក្រុមហ៊ុន​លោក​ខាង​លិច។

កាល​ពី​មួយ​ទសវត្សរ៍​មុន​ក្រុម​គ្រួសារ​របស់​នាង​ Runa ​បាន​ចាកចេញពី​ភូមិ​មួយ​ដែល​គ្រួសារ​របស់​នាង​មាន​ដី​ជា​កម្មសិទ្ធិ​ ហើយ​ទៅ​រស់​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បង់ក្លាដេស​ដោយសារ​តែ​ការ​រស់​នៅ​ក្នុង​ភូមិ​នោះ​គ្រួសារ​របស់​នាង​ស្ទើ​តែ​មិន​អាច​ចិញ្ចឹម​ជីវិត​បាន។

នាង​ Runa​ និយាយ​ថា​ នាង​សប្បាយ​រីក​រាយ​នឹង​ការ​រស់​នៅ​ក្នុង​ក្រុង​ Dhaka នេះ។ នាង​និយាយ​ថា៖ «នាង​បាន​និយាយ​ថា​ នាង​ពេញ​ចិត្ត​រស់​ទី​កន្លែង​ណា ដែល​នាង​មាន​ការងារ​ធ្វើ។ នាង​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ និង​ចម្អិន​អាហារ​របស់​នាង​នៅ​ពេល​ល្ងាច»។

ម៉ោង​ធ្វើ​ការ​គឺ​មាន​រយៈ​ពេល​វែង​ហើយ​ Runa​ នឹក​ជីវិត​ងាយ​ស្រួល​ នៅ​ភូមិ។ ក៏​ប៉ុន្តែ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​របស់​នាង​ចំនួន​ ៧៥​ដុល្លារ​ គឺ​ជា​ថ្នូរ​ដ៏​ធំ​មួយ។

រួម​ផ្សំ​នឹង​ប្រាក់​ខែ​ប្តី​របស់​នាង​ពី​ការងារ​របស់​គាត់​នៅ​ក្នុង​វិស័យ​កាត់ដេរ​ដែរ គូស្វាមី​នេះ​ រក​ប្រាក់​បាន​គ្រប់គ្រាន់​ដើម្បី​ទិញ​ម្ហូប​អាហារ​ និង​ផ្ទះ​ដ៏​តូច​មួយ​ខ្នង និង​បើក​គណនី​សន្សំ​ប្រាក់​បាន​តិច​តួច​នៅ​ក្នុង​ធនាគារ។

ពួក​គេ​ក៏​អាច​ផ្ញើ​ប្រាក់​ទៅ​ម្តាយ​ក្មេក​របស់​នាង​នៅឯ​ភូមិ​ផងដែរ។

ខណៈ​ពេល​ដែល​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​របស់​បង់ក្លាដែស​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ស្ត្រី​ជា​ច្រើន​ដែល​ចាក​ចេញ​ពី​ភូមិ​មក​ទីក្រុង​ Dhaka ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើដូចជា​ Runaនេះ​ មាន​ចំនួន​ច្រើន​ជា​ប្រចាំ។ ៨០%​នៃ​កម្លាំង​ពលកម្ម​របស់​ឧស្សាហកម្ម​កាត់ដេរ​នេះ​ គឺ​ជា​ស្ត្រី​ដែល​ពួក​គេ​ភាគ​ច្រើន​មាន​អាយុ​ពី​ ១៨ ដល់​ ២៥ឆ្នាំ។

ចំពោះ​ស្ត្រី​វ័យ​ក្មេង​ទាំង​នេះ ​វិស័យ​កាត់ដេរ​ដែល​មាន​ការ​លូត​លាស់​ ​គឺជាជម្រើស​តែ​មួយ​គត់​ក្រៅ​ពី​ការ​ធ្វើស្រែ ការ​ធ្វើ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ ឬ​នៅ​តាម​ទីកន្លែង​សំណង់។
Mustafizur​ Rahman​ នាយកនៃ ​មជ្ឈមណ្ឌល ​Center​ of​ Policy​ Dialogue ​នៅក្នុង​ក្រុង​ Dhaka​ បាន​ថ្លែង​ថា​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ក្នុង​សង្គម​និង​សេដ្ឋកិច្ច។

«ស្ត្រី​ទាំង​នេះ​ភាគ​ច្រើន​ជា​កម្មករ​ជំនាន់​ដំបូង។ ​ក្មេង​ស្រី​ទាំង​នេះ​ភាគ​ច្រើន​ធ្លាប់​ធ្វើ​ការងារ​នៅ​តាម​ផ្ទះ​ជា​ស្ត្រី​បម្រើ​នៅ​ក្នុង​ផ្ទះ​អភិជន​ថ្នាក់​កណ្តា​ល​និង​ថ្នាក់​ខ្ពស់ ​នៅ ​ក្នុង​តំបន់ក្រុង​ Dhaka។ ឥឡូវ​នេះ​ពួក​គេ​ធ្វើ​ការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែល ​ ​ផ្តល់​ការងារ​ឱ្យ​ពួក​គេ​ជាមួយ​នឹង​ឯករាជ្យភាព​ព្រមទាំង​ឱកាស​ដើម្បី​រក​ប្រាក់​ផ្ទាល់​ខ្លួន​និង​រួម​ចំណែក​រក​ប្រាក់​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ដូច្នេះ​ពួក​គេ​គឺ​ជា​អ្នក​មាន​ប្រាក់​ចំណូល​ហើយ​ឥឡូវ​នេះ​ពួក​គេ​ក៏​មាន​សេរីភាពដែរ»។

ជា​អកុសល​ការ​ផ្តល់​សិទ្ធិ​អំណាច​គឺ​គ្រាន់​តែ​ជា​ទិដ្ឋភាព​មួយ​នៃ​ឧស្សាហកម្ម​នេះ​ ដែល​ឥឡូវ​នេះ​ជាប់​ចំណាប់​លេខ​ពីរ​ ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក​បន្ទាប់​ពី​ប្រទេស​ចិន។ ​ទិដ្ឋភាព​មួយ​ទៀត​គឺ​ជា​ការ​កេង​ប្រវ័ញ្ច។

រឿង​អាស្រូវ​នៃ​វិស័យ​កាត់​ដេរ​ត្រូវ​បាន​លាត​ត្រដាង​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប៉ុន្មាន​ខែ​កន្លង​ទៅដោយសាតែ​គ្រោះថ្នាក់​ធំៗទាំង​ពីរ​នៃ​ឧស្សាហកម្ម​នេះ។ នៅ​ក្នុង​ខែមេសា​ឆ្នាំ​នេះ​ អគារ​ប្រាំបី​ជាន់​ដែល​មាន​រោងចក្រ​កាត់​ដេរ​ជា​ច្រើន​នៅ​ទី​នោះ​បាន​បាក់​ហើយ​សម្លាប់​ កម្មករជាង​ ១.១០០​នាក់។ រី​ឯ​នៅ​ខែ​វិច្ឆិកា​វិញ​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆាប​ឆេះ​កំទេច​ រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់​មួយ​ផ្សេង​ទៀត។
នៅ​ប្រទេស​បង់ក្លាដេស​មាន​មនុស្ស​ជា​ច្រើន ​សង្ឃឹម​ថា ​សោកនាដកម្ម ​ទាំង​នេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​សិទ្ធិ​របស់​កម្មករ​ រួម​ទាំង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​។

នាង​ Rushidan ​Islam Rahman​ ជា​នាយក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ Development Studies ​នៃ​បង់ក្លាដែស​នៅ​ក្នុង​ក្រុង​ Dhaka។

នាង​ពន្យល់​ថា៖ «នៅ​ក្នុង​បរិបទ​នៃ​ ​គ្រោះថ្នាក់​ឧស្សាហ៍កម្ម​ថ្មីៗ​នេះ​ អ្វី​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ច្រើន​គឺ​ទាក់ទង​ទៅ​នឹង​បរិស្ថាន​ការងារ​ដែល​គ្មាន​សុវត្ថិភាព។ តែ​នៅ​ពេល​ដូច​គ្នា​នេះ​ដែរ ​ខ្ញុំ​នឹង​បង្ហាញ​ពី​បញ្ហា​ផ្សេង​ទៀត។ ​ស្ថានភាព​នៃ​ការងារ​សម្រាប់​ស្ត្រី​ហើយ​ប្រាក់​ឈ្នួល​ទាប​គួរ​តែ​កែ​លម្អ។ ខ្ញុំ​បាន​ឮ​ពាក្យ​បណ្តឹង​នៃ​ការ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍ទៀងទាត់។ ពួក​គេ​គួរ​តែ​ទទួល​បាន​ប្រាក់​ខែ​ទាន់​ពេលវេលា។ ហើយ​នៅ​ទីនោះ​គួរ​តែ​ត្រូវ​បាន​បង្កើន​ប្រាក់ខែ​ជា​រៀង​រាល់​ឆ្នាំ»។


វា​គឺ​ជា​សារ​មួយ​ដែល​ពង្រឹង​សារ​មួយ​ទៀត​ដែល​ជំរុញ​ឡើង​វិញ​ដល់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​និង​រដ្ឋាភិបាល​ថា៖ ​ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ទេ​ ពាណិជ្ជករ​នៅ​បស្ចឹម​ប្រទេស​ជា​ច្រើន​អាច​ទាញ​ចេញ និង​ស្វែង​រក​ទិញ​ពី​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ដោយ​ស្ងាត់ៗ។

​ម្យ៉ាង​ទៀត​ក៏​មាន​ការ​អំពាវនាវ​ឲ្យ​ពាណិជ្ជករ​នៅ​បស្ចឹម​ប្រទេស ​ដើម្បី​ធ្វើ​ឱ្យឧស្សាហកម្ម​នេះ​មាន​និរន្តរភាព​និង​ធានា​បាន​ថា ​រោងចក្រ​កាត់ដេរ​ដែល​មិនមែន​ជាប់​អន្លុង​ជ្រៅ​ ដែល​ពឹង​ផ្អែក​ទាំងស្រុង​លើ​កម្លាំង​ពលកម្ម​ថោក​នោះ​ទេ។

រដ្ឋាភិបាល​បាន​ចាត់​វិធានការ​មួយ​ចំនួន។ កម្មករ​ធ្លាប់​រង​ការ​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ពី​ការបង្កើត​សហជីព​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ហើយ​ទើប​តែ​ឥឡូវ​នេះ​ទេ​ត្រូវ​បានអនុញ្ញាត​ឱ្យ​បង្កើត​ជា​សហជីព​ដោយ​មិន​ចាំ​បាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​រោងចក្រ។

នេះ​អាច​ជា​រឿង​កត្តា​ចាំបាច់​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ពួក​គេ។ មេដឹក​នាំ​សហជីព​ចង្អុល​ថា​ ការ​គំរាម​កំហែង​នៃ​ការ​កាត់​បន្ថយ​ប្រាក់​ខែ​បាន​បង្ខំ​ឱ្យ​បុគ្គលិក​ជា​ច្រើន​ បន្ត​ធ្វើការ​នៅ​ក្នុង​អាគារ Rana ផ្លាហ្សា​ បើ​ទោះ​បី​ជា​គេ​ឃើញ​ថា​ អគារ​នោះ​មាន​សភាព​ទ្រុត​ទ្រោម​ក៏​ដោយ។ បើ​ពេលនោះ​មានសហជីព ពួកគេ​អាច​បដិសេធ​មិន​គោរព​តាម​លក្ខខណ័​ម្ចាស់​រោងចក្រ​នោះ។

រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​នេះ​ពី​ចំនួន​ ៣៨​ដុល្លារ​ក្នុង​មួយ​ខែ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែល​ចំនួន​នេះ តិច​ជាង​ពាក់​កណ្តាល​បើ​ធៀប​ទៅ​នឹងបណ្តា​ប្រទេស​នៅ​អាស៊ី​ផ្សេងៗ​ទៀត។

នាង Rushidan Islam Rahman ​សង្ឃឹម​ថា​ គេ​នឹង​ចាត់​វិធានការ​ឆាប់ៗ​ទៅ​ដើម្បី​ការពារ​អនាគត​នៃ​វិស័យ​នេះ​ដែល​នាង​បាន​និយាយ​ថា ​វា​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​មូលដ្ឋាន​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី​ ជា​ច្រើន។

«នៅ​ពេល​ដែល​ស្ត្រី​អាច​ទទួល​បាន​ការងារ​ ហើយ​រក​ប្រាក់​បាន​ទៀងទាត់​ ពួក​គេ​ ចំណាយ​ប្រាក់​ចំណូលរ​បស់​ខ្លួន​មួយ​ភាគធំ​នៅ​លើ​ម្ហូប​អាហារ​និង​ការ​អប់រំ​របស់​កុមារ។ ដូច្នេះ​ស្ថានភាព​ក្រុម​គ្រួសារ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​ ​ការ​រស់​នៅ​ដែល​ទទួល​បានម្ហូប​អាហារ​និង​ ការ​អប់រំ​របស់​កូនៗ​ពួក​គេ ​ជា​លទ្ធផល​ ស្ថានភាព​របស់​ពួក​គេ​នៅ​ក្នុង​គ្រួសារ​និង​នៅ​ក្នុង​សង្គម​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ»។

នេះ​គឺ​ជា​អ្វី​ដែល​ស្ត្រី​ដូច​ជា​នាង​ Runa ​ចង់​បាន​ គឺ​បរិស្ថាន​ដែល​មាន​សុវត្ថិភាព​ដើម្បី​ធ្វើការ​ក្នុង​ប្រាក់​កម្រៃ​ខ្ពស់​ និង​ធ្វើ​ការ​ដែល​មិន​ហួស​ពី​ ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ៕

ប្រែសម្រួល​ដោយ ​សឹង សុផាត
XS
SM
MD
LG