ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​មាន​ភាពល្អ​ប្រសើរ តែ​គួរ​​​កែប្រែ​យន្តការ​ខ្លះ


សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

សិស្ស​ថ្នាក់​ទី​១២ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចាប់​ផ្តើមប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បាន​ថ្លែង​ថា ​ដំណើរ​ការរៀប​ចំ​ការ​ប្រឡង​ឆ្នាំ​នេះ ​មាន​ការ​វិវត្តល្អ​ប្រសើរ និង​មាន​ការរឹត​បន្តឹង មិន​ឱ្យ​មានការបែក​ធ្លាយវិញ្ញាសា​ប្រឡង​ជាដើម។ ប៉ុន្តែ​អ្នក​តាម​ដាន​យល់​ថា ​ការ​ប្រឡង​តែ​ពីរ​ថ្ងៃ​នេះ​ជា​ការ​ដាក់​បន្ទុក​លើ​សិស្ស ហើយ​វា​អាច​ប៉ះពាល់​ដល់​អនាគត​សិស្សានុ​សិស្ស​ផង​ដែរ​។

លោក ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ដើម្បី​ធានា​ដល់​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២២ ​នេះ ឱ្យ​ដំណើរការ​ទៅ​ល្អ គឺ​មាន​ការ​រៀបចំ​យ៉ាង​តឹង​រ៉ឹង​នៅ​គ្រប់​ដំណាក់កាល ដូច​ជាដំណាក់​កាល​សំណេរ ​កំណែ បូក​ផ្សំ​ពិន្ទុ​ និង​ការ​ប្រកាស​លទ្ធផល ដែល​ដំណាក់​កាល​ទាំង​នេះ​មាន​ការ​ចូលរួម​សង្កេត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​នាយក​រដ្ឋ​មន្ត្រី​ គឺ​លោក ហ៊ុន ម៉ានី និង​ជួយ​សម្រួល​ដោយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ផ្សេង​ទៀត។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បន្ថែម​ថា សិស្ស​ប្រឡង​ឆ្នាំ​នេះ​ មាន​ការ​កើន​ឡើង​ជាងឆ្នាំ​មុន ជាង ១០.០០០ នាក់ ​ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅ​ទូទាំង​ប្រទេស​ មា​ន​ចំនួន​ជិត​ ១៣ ​ម៉ឺន​នាក់។ លោក​បន្ត​ថា​ ការ​រៀប​ចំ​ឯកសារ​ប្រឡង គឺ​អ្នក​ដែល​កាន់​តួនាទី​តាម​ផ្នែក​នីមួយ​ៗ ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​អាច​ប្រឈម​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ណា​មួយ​នោះ។

លោក​ថ្លែង​ថា៖ «ប្រសិន​បើ​វិញ្ញាសា​មួយ​ណា​ត្រូវ​បាន​បែក​ធ្លាយ​ គឺ​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅ​តាម​បទ​បញ្ញត្តិ​ច្បាប់។ អ៊ីចឹង​យើង​មា​នបទបញ្ញត្តិ​សម្រាប់​គណៈ​មេ​ប្រយោគ គឺ​នឹង​ទទួលដូច​សិស្ស​ដែរ ប្រសិន​បើ​មាន​បញ្ហា​បែក​ធ្លាយ​ប្រធាន​វិញ្ញាសា គឺ​នឹង​ដូច​សិស្ស​ដែរ។ អ៊ីចឹង​នៅ​ពេល​យើង​ធ្វើកំណែ​ទម្រង់​ប្រឡង​ គឺ​យើង​គិត​ពី​ការ​បែក​ធ្លាយ​ប្រធាន​វិញ្ញាសា​មុនគេ​ ដោយ​សារ​តែ​នេះ​ក៏ជាការ​ធានា​ថា កុំ​ឱ្យ​ការ​ប្រឡង​មាន​ភាព​រញ៉េរ​ញ៉ៃ»។

លោក ​ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាយល់ថា​ ការ​ប្រឡង​គ្រាន់​តែ​ជា​ចំណែក​មួយ​នៃ​ការវាស់​វែង​សមត្ថភាព​របស់​សិស្ស​តែ​ប៉ុណ្ណោះ។ ដូច្នេះក្រសួង​គួរ​បង្ក​បរិយាកាស​ ដំណើរការ ​និង​ឱកាស​ដល់​សិស្សបាន​រៀន​សូត្រឱ្យ​ចេះ​ដឹងពិត​ប្រាកដ​តាម​កម្រិត​នីមួយៗ ជាជាង​មក​តឹង​តែង​តែ​ក្នុងថ្ងៃ​ប្រឡង ឬធ្វើ​ឱ្យ​សិស្ស​គិត​ថា ​ការ​ប្រឡង​នេះ ជា​ការ​កំណត់​គោលដៅ​ស្លាប់​រស់​របស់​ពួកគេ។

លោក​បន្ត​ថា ​ការ​ប្រឡង​បែប​នេះ ជា​ការ​ដាក់​សម្ពាធ​ទៅ​កាន់​សិស្ស​ទៅវិញ​ទេ ​នៃ​ការ​វាស់​វែងការ​ស្លាប់​រស់​របស់​សិស្សក្នុង​រយៈពេល​ខ្លី ដែល​ធ្វើ​ឱ្យ​សិស្ស​ខ្លះ​មិន​ប្រឡង​ជាប់​ អាច​បោះ​បង់​ការ​សិក្សា ឬ​ទៅ​ធ្វើ​ការ​ផ្សេងៗ ក៏​ដូ​ចជា​ការចំណាក​ស្រុក​ទៅ​ប្រទេស​ជិត​ខាង​ជាដើម។

លោកថា គុណភាព​អប់​រំ មិន​អាស្រ័យ​ទាំង​ស្រុង​លើ​ប្រឡង​ត្រឹម​រយៈតែពីរ​ថ្ងៃ​នេះ​ទេ ដូច្នេះក្រសួង​អប់រំ​គួរ​កែ​ប្រែ​យន្ត​ការ​មួយ​ចំនួន ដូ​ចប្រទេស​ជិតខាង និង​ប្រទេស​ជឿន​លឿន​លើ​វិស័យ​អប់រំ ​ដូចជាការ​ផ្តល់​សិទ្ធិអំណាចដល់សាលា​នីមួយៗ​ ក្នុង​ការ​រៀប​ចំ​ការប្រឡង ដែល​មាន​គោលការណ៍​ណែនាំ​ច្បាស់​លាស់​ និង​ការពង្រឹង​អភិបាល​កិច្ច​បង្រៀន​ក្នុង​ថ្នាក់​ ជា​ជាង​ការប្រឡង​ដូច​បច្ចុប្បន្ន​នេះ។

លោក​ថ្លែង​ថា៖ «តាម​របាយ​ការ​ណ៍​សិក្សា​មួយ​ចំនួន​ គេបាន​រក​ឃើញ​ថា​ នៅពេល​ដែល​ក្រសួង​អប់រំ​នៃ​ប្រទេស​មួយ​ចំនួនដែល​គេ​ផ្តល់​សិទ្ធិ ផ្តល់​អំណាច​ឱ្យ​ដល់​ទៅ​សាលា​នីមួយៗ​ក្នុង​ការ​រៀប​ចំ​ការប្រឡង មាន​គោលការណ៍​ណែនាំ​ច្បាស់​លាស់​ទៅ ឃើញ​ការ​រៀនសូត្រ​ចេះ​ដឹង​របស់​សិស្ស​មាន​កម្រិត​ខ្ពស់ជាង ការ​ឱ្យ​តម្លៃ​ទៅ​លើ​ការ​ប្រឡង​ថ្នាក់​ជាតិ ដែល​រៀប​ចំ​ជា​ពេល​វេលា ប្រឡង​២ ​ឬ ៣ ​ថ្ងៃ ​ដូច​អ្វីដែល​ស្រុក​យើង​បាន​ធ្វើ​កន្លង​មក​នេះ»។

​លោក​បន្ត​ថា៖ «អ្នក​ដែល​ធ្លាក់​បាក់​ឌុប ពេល​ខ្លះគាត់​អស់​សង្ឃឹម​ទៅ​មុខ​មិន​ទៅ ទៅ​ក្រោយ​មិន​ទៅ​រួច ហើយ​បែរ​ទៅ​ជា​សម្រេច​ចិត្ត​ទៅ​ធ្វើ​ជា​កម្មករ​អត់​ជំនាញ​នៅ​ស្រុក​គេ ​ទៅ​លក់​កម្លាំង​សុទ្ធ​សាធ»។

​លោក​បន្ថែម​ថា ប្រសិន​បើ​សិស្សខ្លះ​មិន​អាច​រៀនបន្ត​នៅ​មហាវិទ្យាល័យ​បាន ឬប្រឡង​ធ្លាក់​ រដ្ឋ​ក៏​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​ជំនាញ ​ដើម្បី​ឱ្យ​ពួកគេ​មាន​មុខ​របរ​ចិញ្ចឹម​ជីវិត និង​ក្លាយ​ជា​ធនធាន​ល្អ​របស់​សង្គម ជាជាង​បណ្តែត​បណ្តោយ​ឱ្យ​ពួកគេ​ចំណាក​ស្រុក។

នៅ​ពេល​អ្នក​សារព័ត៌​មាន​វីអូអេ​ទាក់​ទង​ទៅ​លោក រស់ សុវាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ ​សួរ​ពី​ការ​ឆ្លើយ​តប​ទៅ​នឹងការ​លើកឡើង​របស់​អ្នកតាម​ដាន គឺ​លោក​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករណី​នេះ។

ការ​ប្រឡង​សញ្ញា​បត្រ​ទី១២ នេះ ​នឹង​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​ ៥ និង​ថ្ងៃទី ៦ ខែធ្នូ​នេះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ។

​សេច​ក្តី​ប្រកាស​ព័ត៌​មាន​បន្ថែម​ថា វិញ្ញា​សាប្រឡង​ត្រូវ​បាន​កំណត់​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ដែល​ថ្នាក់​នីមួយៗ​មាន​ចំនួន ​៧​ មុខ​វិជ្ជា​។ ហើយ​ក្នុង​មួយ​បន្ទប់ប្រឡង មាន​បេក្ខ​ជនចំនួន​ ២៥ ​នាក់​ ​លើក​លែង​តែ​បន្ទប់​ចុង​ក្រោយ ​និង​បន្ទប់​ដែល​មាន​បេក្ខជន​ពីវិទ្យា​ល័យ​អប់រំ​ពិសេស​ ដែល​អាច​មាន​បេក្ខជន​ប្រឡង​តិច។

បុរស​ម្នាក់​មក​ទទួល​កូន​ចេញ​ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
បុរស​ម្នាក់​មក​ទទួល​កូន​ចេញ​ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រឡង​នា​ថ្ងៃ​ចន្ទ​នេះ នៅ​ខាង​ក្រៅរបង​សាលា គេ​សង្កេត​ឃើញ​អាណាព្យា​បាល​បាន​មក​អង្គុយ​ចាំ​ទទួល​កូន​ចេញ​ពី​ប្រឡង។ ចំណែកសមត្ថកិច្ច​បាន​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​បង្ក​ភាពងាយ​ស្រួល​ដល់​សិស្ស ឬ​កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ជា​ដើម។ ចំពោះ​អាជីវកម្ម​ដែល​នៅ​ជាប់​សាលា​រៀន ​ដូច​ជា​កន្លែង​ថត​ចម្លង​ឯកសារ​ អ៊ិន​ធឺណេត ភោជនីយដ្ឋាន​ អាហារដ្ឋាន និង​អាជីវកម្ម​ផ្សេង​ទៀត អាជ្ញាធរបាន​បញ្ជា​ឱ្យ​បិទ​ទ្វា​រក​ស៊ី​ចំនួន​បី​ថ្ងៃ ចាប់​ពីថ្ងៃទី ​៤ ដល់ថ្ងៃទី​ ៦ ខែធ្នូ ដើម្បី​បញ្ចៀស​ការ​បង្ក​សំឡេងរំខាន​ដល់​សិស្ស​ប្រឡង។

យុវតី ញ៉ក់ កនិកា អាយុ​ ១៨ ​ឆ្នាំ ដែល​ទើប​ចេញពី​ប្រឡងនៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា ​មុនពេល​ចូល​ប្រឡង គឺ​មាន​កា​រ​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹង ព្រោះគេខ្លាច​សិស្ស​មាន​លួច​លាក់​ប្រ៊ីយ៉ុង ឬឯកសារ​ផ្សេងៗ​តាម​ខ្លួន​ទុក​លួច​មើល​ពេល​ប្រឡង ហើយនៅ​ក្នុង​ថ្នាក់​ ​ក៏​មាន​សភាព​តឹង​រ៉ឹង​ដូច​គ្នា ដោយ​មិន​មាន​សិស្ស​ណា​ម្នាក់​អាច​ងាក​សួរ​គ្នា​បាន​ទេ ហើយ​គ្រប់​វិញ្ញាសា​ប្រឡង​ ​គឺ​ទាម​ទារ​ឱ្យ​សិស្ស​ម្នាក់ៗ​បញ្ចេញ​សមត្ថភាព​រៀងៗ​ខ្លួន។

យុវតី ញ៉ក់ កនិកា អាយុ១៨ឆ្នាំ ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ពេល​ចេញពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
យុវតី ញ៉ក់ កនិកា អាយុ១៨ឆ្នាំ ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ពេល​ចេញពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

កញ្ញាថ្លែង​ថា៖ «ស្ថានភាព​ត្រួត​ពិនិត្យ​របស់​គណៈ​កម្មការ​រៀបចំការ​ប្រឡង បាន​ត្រឹម​ត្រូវ​ល្អ​មែន​ទែន ជាមួយ​ការ​ត្រួត​ពិនិត្យ​សិស្ស​ ពាក់ព័ន្ធ​ថា​តើ​មាន​យក​ប្រ៊ីយ៉ុង អី​ចូល ​ឬ​អត់។ ចំពោះ​ការ​ប្រឡង​ក៏​អ៊ីចឹង​ដែរ​ មាន​ការ​ត្រួត​ពិនិត្យ​ពី​អនុរក្ស​ ពី​អប្បមាទ។...វិញ្ញាសា​វិញ​ គឺ​សិស្ស​អាច​ធ្វើ​បាន​គ្រប់គ្នា ទាំង​សិស្ស​ពូកែ មធ្យម និង​របៀប​ធម្មតា​ក៏​អាច​ធ្វើបាន​ដែរ​ [ចំពោះ] វិញ្ញាសា។

យុវតី​រូប​នេះ​អះ​អាង​ថា ​រាល់​វិញ្ញាសា​ប្រឡង​ គឺ​ធ្វើ​បាន​ច្រើន​ និង​រំពឹង​ដោយ​អារម្មណ៍​សប្បាយ​រីក​រាយ​ថា នឹង​យក​និទេ្ទស​ A ​ឱ្យ​បាន។

ចំណែក​យុវជន​ម្នាក់​ទៀត លោក គ្រីស្នា បញ្ញាពេជ្រ​ អាយុ​ ១៩ ​ឆ្នាំ ដែល​ទើប​ចេញ​ពី​ប្រឡងនៅ​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ​ ក៏​លើក​ឡើង​ដូច​គ្នា​នឹង​យុវតី ញ៉ក់ កនិកា ផង​ដែរ​ថា ​ការ​ប្រឡង​នេះ គឺ​ទាម​ទារ​ចំណេះ​ដឹង​របស់​សិស្ស​រៀងៗ​ខ្លួន​ ដោយ​មិន​មាន​ការលួច​ចម្លង​ឯកសារ ឬ​សួរ​គ្នា​អ្វីនោះ​ទេ។

យុវជន​ម្នាក់​ឈ្មោះ គ្រីស្នា បញ្ញាពេជ្រ អាយុ១៩​ឆ្នាំ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅ​ពេល​ចេញ​ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
យុវជន​ម្នាក់​ឈ្មោះ គ្រីស្នា បញ្ញាពេជ្រ អាយុ១៩​ឆ្នាំ​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ​នៅ​ពេល​ចេញ​ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

យុវជន​រូបនេះថ្លែង​ថា៖ «​ការ​ប្រឡង លោកគ្រូ និង​អនុរក្ស ​គាត់​តឹង[រ៉ឹង] ​មើល​ការ​បាន​ល្អ។ ហើយ​ចំពោះ​វិញ្ញាសា គឺស្តង់ដារ​តាម​កម្រិត​របស់​យើង​ ដែល​យើង​អាច​ធ្វើបាន ​ល្មម​ដែល​យើង​អាច​ធ្វើ​បាន»។

ពាក់​ព័ន្ធ​នឹង​ការ​ប្រឡង​ថ្នាក់​ទី ១២ ​នេះ លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​របស់​លោក ហ៊ុន សែន ​និង​ជាប្រធាន​សហភាព​សហ​ព័ន្ធ​យុវជនកម្ពុជា (ស.ស.យ.ក)​ ដែល​បាន​ដាក់​យុវជន​ ជួយ​ការងារ និង​សង្កេត​ការ​ប្រឡង​នេះ ​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា​ ស្ថាប័ន​របស់​លោក​បាន​ដាក់​បញ្ជី​រាយនាម​សមាជិក សមាជិកា​ដែល​ត្រូវ​ប្រឡង​បាក់ឌុប ផ្ញើទៅ​ក្រសួង​អប់រំ។ នេះ​បើ​តាម​សារ​បង្ហោះ​នៅលើ​គណនីយ​ហ្វេសប៊ុករបស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ។

​ក្រសួង​អប់​រំ យុវជន និង​កីឡា ​នឹង​ចាប់​ផ្តើមដំណើរ​ការ​កំណែ​លើ​កិច្ចការ​របស់​សិស្ស​ប្រឡង​ទុតិយភូមិ​ ចាប់​ពី​ថ្ងៃ​ ៨​ ដល់​ថ្ងៃទី ​១៤ ខែធ្នូ ​ចំណែកលទ្ធផល​នឹង​ត្រូវ​ប្រកាស នៅ​ថ្ងៃទី ២៧ ខែ​ធ្នូ ​ឆ្នាំ​ ២០២២ ​ក្នុង​រាជធានី​ភ្នំពេញ និងខេត្ត​កណ្តាល​ និង​នៅថ្ងៃ​ទី ​២៨​ ខែ​ធ្នូ ឆ្នាំ​ ២០២២ ​នៅ​តាម​បណ្តា​ខេត្តផ្សេងៗ។

គួរ​បញ្ជាក់​ថា​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​លើក​ពេល​មួយ​ខែ ដោយ​សារ​តែកាលពី​ខែវិច្ឆិកា​ គឺ​ចំពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដោយ​ត្រូវ​រៀប​ចំ​សណ្តាប់​ធ្នាប់ ​រក្សា​សន្តិសុខ ​ការ​ពារ​ថ្នាក់​ដឹកនាំ​ប្រទេស​មហា​អំណាច និ​ងថ្នាក់ដឹកនាំ​អាស៊ាន​ផ្សេង​ទៀត៕

XS
SM
MD
LG