ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឡង​បាក់ឌុប​ចាប់​ផ្តើម​ហើយ​សិស្ស​ឆ្លង​ជំងឺ​កូវីដ១៩​ពីរ​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រឡង​ដាច់​ដោយ​ឡែក​


បេក្ខជន​ប្រឡង​កំពុង​ដើរ​​ចូល​ទៅ​​បរិវេណ​វិទ្យាល័យ ​ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្នុង​អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
បេក្ខជន​ប្រឡង​កំពុង​ដើរ​​ចូល​ទៅ​​បរិវេណ​វិទ្យាល័យ ​ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្នុង​អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ​បាន​រៀបចំ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ដោយ​មាន​សិស្ស​ចំនួន​ជាង​១១​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​ប្រឡង​ក្នុង​នោះ​បេក្ខជន​ចំនួន​ពីរ​នាក់​ដែល​ឆ្លង​ជំងឺ​កូវីដ១៩​ត្រូវ​ដាក់​ឲ្យ​ប្រឡង​ដាច់​ដោយ​ឡែក​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​និង​ថែទាំ​សុខភាព។​

កា​រប្រឡង​បាក់ឌុប​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ធ្វើ​ឡើង​ខណៈ​មាន​ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ជា​លើក​ដំបូង​លើ​បេក្ខជន​មុន​ការ​ប្រឡង​ចាប់​ផ្តើម។​កាល​ពី​ឆ្នាំ​២០២០​ ការ​ប្រឡង​បាក់ឌុប​ត្រូវ​បាន​ផ្អាក​ ហើយ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​ទាំងអស់​ជាប់​ជា​ស្ថាពរដោយ​មិន​កំណត់​និទ្ទេស។​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ​លោក ​ហង់ ជួនណារ៉ុន ​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ​ថា បេក្ខជន​ប្រឡង​ចំនួន​ពីរ​នាក់​ដែល​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩​គឺ​ជា​កីឡាករ​ការ៉ាត់តេដូ​ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​ទៅ​ប្រកួត​នៅ​ប្រទេស​កាហ្សាក់ស្ថាន​( Kazakhstan)​ហើយ​ទើប​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ​រូប​នេះ​បន្ថែម​ថា​ បេក្ខជន​ទាំង​ពីរ​នាក់​នោះ​តម្រូវ​ឲ្យ​ប្រឡង​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩​ដែល​មាន​ទីតាំង​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​និង​ហង់សិន​ក្រោម​ការ​ចាត់​ចែង​របស់​មន្រ្តី​អប់រំ។​

លោក ​ហង់ ជួនណារ៉ុន បញ្ជាក់​ថា៖ «ដោយ​សារ​តែ​សហព័ន្ធ​កីឡា​ការ៉ាត់តេ​នេះ​បញ្ជូន​បេក្ខជន​ហ្នឹង​ទៅ​ចូល​រួម​ប្រកួត​ការ៉ាត់តេ​នៅ​កាហ្សាក់ស្តង់​ (Kazakhstan)​ ហើយ​ពេល​ត្រឡប់​មក​វិញ​ទើប​ធ្វើ​តេស្ត​ដឹង​ថា​ ​មាន​ពីរ​នាក់​ឈឺ​ ហើយ​ពីរ​នាក់​ហ្នឹង​ចំ​អ្នក​ដែល​ត្រូវ​ប្រឡង​ទៀត​ដូច្នេះ​ក្រសួង​អនុញ្ញាត​ឲ្យ​ប្រឡង​តាម​អនុសាសន៍​របស់​សម្តេច​គឺ​នៅ​មណ្ឌល​ព្យាបាល​តែ​ម្តង»។​

លោក​បន្ថែម​ថា​សម្រាប់​វិញ្ញាសា​របស់​បេក្ខជន​ដែល​មាន​ជំងឺ​កូវីដ១៩​នឹង​ត្រូវ​កែ​ជាពិសេស​ដោយ​មាន​ការ​ការពារ​តាម​វិធាន​សុខាភិបាល។​

«ទាំង​អនុរក្ស​ទាំង​អី​ហ្នឹង​គឺ​គាត់​ពាក់​ស្រោម​ដៃ​ ហើយ​សន្លឹក​កិច្ច​ការ​គឺ​នឹង​ដាក់​ច្រក​ចូល​ក្នុង​ថង់​កៅ​ស៊ូ​រហូត​ដល់​ពេល​ប្រឡង​ចប់​គឺ​បិទ​យក​មក​កែ​ពិសេស។​ មាន​ន័យ​ថា​ត្រូវ​យក​ដាក់​ក្នុង​ម៉ាស៊ីន​សម្លាប់​មេរោគ​ហើយ​បន្ទាប់​មក​គឺ​យើង​ឲ្យ​គ្រូ​ពិសេស​យក​មក​កែ​ពីរ​នាក់​តែ​ម្តង...​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាង​សន្លឹក​កិច្ចការ​ធម្មតា។​មានន័យ​ថា​អ្នក​កែ​ត្រូវ​ពាក់​ស្រោម​ដៃ​ពាក់​ម៉ាស​ហើយ​បើ​ចាំ​បាច់​គឺ​ពាក់​អាវ​PPE​[អាវ​ការពារ]​ទៀត»។​

សិស្សានុសិស្សកំពុង​អង្គុយ​មើល​មេរៀន​ក្នុង​ម៉ោង​សម្រាក អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
សិស្សានុសិស្សកំពុង​អង្គុយ​មើល​មេរៀន​ក្នុង​ម៉ោង​សម្រាក អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​សម្រេច​ដាក់​ឲ្យ​បេក្ខជន​បាន​ប្រឡង​ដាច់​ដោយ​ឡែក​ពី​បេក្ខជន​ដទៃ​ធ្វើ​ឡើង​ទៅ​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អប់រំ​សិក្សាធិការ​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​ផ្ទាល់​នៅ​ទីតាំង​ដែល​មាន​ការ​ព្យាបាល​ជំងឺ​និង​អំពាវនាវ​ឱ្យ​បេក្ខជន​នៅ​មណ្ឌល​ប្រឡង​កុំ​ឲ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ។

ថ្លែង​ទៅ​កាន់​ក្រុមមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​និង​មន្ត្រី​ទូត​ក្នុង​ពេល​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ជាង​២,៣​លាន​ដូស​ពី​រដ្ឋាភិបាល​អូស្ត្រាលី លោក​ ហ៊ុន សែន ​បាន​លើក​ឡើង​ថា៖​ «យើង​មិន​យក​សិស្ស​ទាំង​ពីរ​រូប​នេះ​ដែល​បាន​ចេញ​ទៅ​ប្រកួត​កីឡា​ដោយ​មាន​ការ​ចាត់​តាំង​ត្រឹមត្រូវ​ពី​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ទៅ​ធ្វើ​ការ​ប្រឡង​នៅ​វិទ្យាល័យ​បាក់ទូក​មណ្ឌល​ប្រឡង​បាក់ទូក​ទេ​ ក៏​ប៉ុន្តែ​យើង​នឹង​រៀបចំ​ចាត់​ចែង​ឲ្យ​មាន​ការ​ប្រឡង​នៅ​នឹង​មន្ទីរពេទ្យ​តែ​ម្តង​ត្រូវ​មាន​គ្រូពេទ្យ​ ត្រូវ​មាន​សាស្ត្រាចារ្យ​របស់​យើង​ចូល​ទៅ​ពិនិត្យ​នៃ​ការ​ប្រឡង​នោះ»។​

ចាប់​តាំង​ពី​កម្ពុជា​រង​ការ​ឆ្លង​រាតត្បាត​ពី​ជំងឺ​កូវីដ១៩​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​ពោល​គឺ​ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​មក​នេះ​សិស្ស​និង​និស្សិត​ទូទាំង​ប្រទេស​បាន​ផ្លាស់​ប្តូរ​ពី​ការ​រៀន​ក្នុង​សាលា​ទៅ​ជា​ការ​រៀន​តាម​អនឡាញ​ជា​ច្រើន​ដង។ ​សិស្ស​ខ្លះ​ប្រឈម​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​កង្វះ​ឧបករណ៍​និង​សិស្ស​ខ្លះ​ខ្វះ​ខាត​អ៊ីនធឺណិត​ដើម្បី​រៀន​ជាដើម។​

លោក​ សេង ចៅចិត្រ​ ជា​ឪពុក​ដែល​កំពុង​អង្គុយ​ចាំ​កូន​នៅ​ខាង​ក្រៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ប្រាប់​ VOA​ ថា​ លោក​មិន​បារម្ភ​អំពី​ការ​ប្រឡង​របស់​កូន​នោះ​ទេ​ដោយ​សារ​កូន​ប្រុស​របស់​លោក​និង​សិស្ស​ដែល​ចូលរួម​ប្រឡង​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង​ហើយ​តាម​មណ្ឌល​ប្រឡង​សុទ្ធ​តែ​មាន​វិធានការ​ការពារ​ជំងឺ​កូវីដ១៩។​

លោក សេង ចៅចិត្រ ឪពុកម្នាក់​ កំពុង​អង្គុយ​ចាំ​កូន​នៅ​ខាង​ក្រៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
លោក សេង ចៅចិត្រ ឪពុកម្នាក់​ កំពុង​អង្គុយ​ចាំ​កូន​នៅ​ខាង​ក្រៅវិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

បុរស​វ័យ​៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ការ​សិក្សា​របស់​កូន​ប្រុស​លោក​នៅ​ឆ្នាំ​នេះ​ភាគ​ច្រើន​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិតដូច្នេះ​លោក​ចង់​ឲ្យ​កំណែ​សម្រាប់​ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​ធូរ​ស្រាល។​

លោក​ថ្លែង​ថា៖ «អត្រា​នៃ​ការ​ក្មេង​រៀន​បាន​តិចៗ​ហើយ​រៀន​តាម​អនឡាញ​ទៀត​ ហើយ​សម្រាប់​ក្មេង​យើង​នៅ​តាម​ស្រុក​ខេត្ត​វា​អត់​អី​ទេ។​ បើ​តាម​តំបន់​ខ្លះ​វិទ្យាល័យ​ដែរ​តែ​មាន​តាម​ស្រុក​ដាច់​ស្រយាល​អ៊ីចឹង​បើ​រៀន​តាម​អនឡាញ​ទាំងអស់​ក្មេង​មិន​អាច​ទទួល​បាន​ទាំងអស់​ទេ​អ៊ីចឹង​បាន​ថា​អត្រា​កំណែ​គួរ​តែអាច​ស្រាល​បន្តិច​ទៅ»។​

ចំណែក​អ្នកស្រី ​ចាន់ វន្នី ដែល​មាន​កូន​ស្រី​កំពុង​ប្រឡង​ដែរ​នោះ​លើក​ឡើង​ថា ​បើ​ទោះ​បី​ជា​កូនស្រី​អ្នក​ស្រី​ឆ្លង​កាត់​ការ​រៀន​និង​ប្រឡង​ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ក្តី​ប៉ុន្តែ​អ្នក​ស្រី​នៅ​ជឿ​ជាក់​ថា​ កូន​ស្រី​របស់​អ្នក​ស្រី​នឹង​ប្រឡង​ជាប់។​អ្នកស្រី​បន្ថែម​ថា​អ្នក​ស្រី​ក៏​មាន​ការ​បារម្ភ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ផង​ដែរ។​ទោះ​ជាយ៉ាងណា​អ្នក​ស្រី​មាន​សុទិដ្ឋិនិយម​ថា​ ​វិធានការ​ការពារ​ផ្នែក​សុខាភិបាល​នៅ​តាម​មណ្ឌល​ប្រឡង​ធ្វើ​ឲ្យ​អ្នក​ស្រី​មិន​សូវ​បារម្ភ​ខ្លាំង​ទេ​អំពី​សុវត្ថិភាព​សុខភាព​របស់​កូន។​

អ្នកស្រី​ថ្លែង​ថា៖ «បារម្ភ​ហានិភ័យ​ខ្លាំង​ដែរប៉ុន្តែ​យើង​ប្រាប់​កូន​ថា​គប្បី​ការពារ។​ យើង​ត្រូវ​តែ​សម្អាត​ខ្លួន​សម្អាត​ដៃ​ជើង​សព្វ​បែប​យ៉ាង។​ យើង​ការពារ​ខ្លួន​យើង​ទៅ​ណា៎​ក្មួយ។​ ការ​ភ័យ​ព្រួយ​បារម្ភ​ដែរ​ក្នុង​ជំងឺ​កូវីដ​យើង​...​ប៉ុន្តែ​យើង​ពុះពារ​ប្រឹង​ខ្លួន​យើង​ខ្លះ​សម្អាត​ខ្លួន​យើង​ខ្លះ​វា​ចៀស​ចេញ​ឆ្ងាយ​ពី​យើង​ដែរ​ជំងឺ​ហ្នឹង»។​

អ្នកស្រី ចាន់ វន្នី កំពុងអង្គុយ​ជាមួយ​កូននៅ​ខាង​ក្រៅវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកស្រី ចាន់ វន្នី កំពុងអង្គុយ​ជាមួយ​កូននៅ​ខាង​ក្រៅវិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ ក្នុង​អំឡុង​ការ​ប្រឡង​បាក់ឌុប នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ​គេ​ឃើញ​មាន​ម៉ាស៊ីន​វាស់​កម្តៅ​និង​អាល់កុល​សម្អាត​ដៃ​ព្រម​ទាំង​មាន​អ្នក​ចាំ​ពិនិត្យ​ខ្លួន​របស់​បេក្ខជន​នៅ​ក្លោង​ទ្វារ​ចូល​ផង​ដែរ។​

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យអ្នកស្រី ​អ៊ុក ឆាយាវី​ លើក​ឡើង​ថា​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​មាន​ភាព​ប្រសើរ​ បើ​ទោះ​បី​រៀបចំ​ឡើង​អំឡុង​ពេល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​មួយ​ចំនួន​ក្តី។​ ប៉ុន្តែ​អ្នក​ស្រី​សង្កេត​ឃើញ​ថា​បេក្ខជន​ប្រឡង​មួយ​ចំនួន​មាន​ការ​ភ័យ​បារម្ភ​ដោយ​សារ​មិន​ច្បាស់​អំពី​លក្ខខណ្ឌ​នៃ​ការ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង។​

អ្នកស្រី​ពន្យល់​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ស្ថានភាព​ពី​ម្សិលមិញ​ក៏​ដូចជា​ព្រឹក​នេះ​ឃើញ​ក្មួយៗ​សិស្សានុសិស្ស​ដែល​គាត់​ប្រឡង​ហ្នឹង​គាត់​ភ័យ​ដោយ​សារ​តែ​មាន​ការ​បិទ​អា​ស្ទិកគ័រ​នៅ​ជាប់​កាត​ប្រឡង​ហ្នឹង។​ ខ្លះ​គាត់​អត់​បាន​ទទួល​គាត់​ភ័យ។​ ឃើញ​មាន​ព័ត៌មាន​គាត់​ផ្ញើ​មក​ខ្ញុំ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ចូល​ប្រឡង»។​

កាល​ពីខែ​ធ្នូ​ឆ្នាំ​២០២០​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ សិស្សានុសិស្ស​ដែល​ប្រឡង​បាក់ឌុប​នា​ពេល​នោះ​ជាប់​ជា​ស្ថាពរ​ដោយ​សារ​ពិបាក​រៀបចំ​ការ​ប្រឡង​ថ្នាក់​ទី​១២​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។​ ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​និង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋមភូមិ​នាឆ្នាំ​២០២០​កំណត់​ឲ្យ​ជាប់​ជាស្ថាពរ​ចំពោះ​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​ដោយ​ពុំ​មាន​ការ​កំណត់​និទ្ទេស​ទេ​នា​ពេល​នោះ៕​

XS
SM
MD
LG