ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុច​​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បដិសេធ​របស់​នួន​ ជា​ថា​មិន​បាន​បញ្ជា​រឿង​គុក​ទួលស្លែង


នៅ​ក្នុង​បន្ទប់​សម្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បរិវេណ​នៃ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​អង្គារ ទី០​៧ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
នៅ​ក្នុង​បន្ទប់​សម្រាប់​អ្នក​សារព័ត៌មាន​ក្នុង​បរិវេណ​នៃ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម។ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​អង្គារ ទី០​៧ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

​​​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​របស់​ខ្លួន​នា​ថ្ងៃ​អង្គារ​នេះ​ទណ្ឌិត​ កាំង ហ្កេកអ៊ាវ ​បាន​បង្ហាញ​បញ្ជាក់​ដដែលៗ​ថា​ នួន ជា​ បាន​បញ្ជា​មក​ដល់​ខ្លួន​ទាំង​ប្រយោល​នឹង​ដោយផ្ទាល់​ក្នុង​អំឡុង​ពេល​ដែល​ សុន សេន​ ទទួល​បញ្ជា​ទៅ​កាន់​កាប់​សមរភូមិ​នា​ឆ្នាំ​១៩៧៧។​​​​

កាំង ​ហ្កេកអ៊ាវ ហៅ​ឌុច ​អតីត​ប្រធាន​មន្ទីរ​ស-២១ ឬ ​គុក​ទួលស្លែង​ក្នុងរ​បប​ខ្មែរ​ក្រហម​ ​បាន​អះអាង​សារ​ជាថ្មី​ថា​ នួន ជា បង​ធំ​ទី​២ ​នៃ​របប​ខ្មៅ​ងងឹត​នេះ​ គឺ​ជា​អ្នក​ដែល​បញ្ជា​រូប​ខ្លួន​ឲ្យ​សាកសួរ​និង​ធ្វើ​ទារុណកម្ម​ លើ​ជន​ណា​ដែល​នាំ​មក​កាន់​គុក​ដ៏​សាហាវ​នេះ។​ ឆ្លើយ​ចំពោះ​មុខ​ចៅក្រម​និង​អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ក្តីខ្មែរ​ក្រហម​ ឌុច​បញ្ជាក់​ពី​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បដិសេធ​របស់​ នួន​ ជា ​ហើយ​ហៅ​ «ការ​បដិសេធ​នេះ​គឺ​វា​មិន​មាន​ន័យ»។​

ឆ្លើយ​តប​ចំពោះ​មុខ​សហ​ព្រះ​រាជ​អាជ្ញារង​អន្តរជាតិ​ និង​អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ក្តីខ្មែរ​ក្រហម​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ ​ឌុចបញ្ជាក់​ពី​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​បដិសេធ​របស់​ នួន ជា ​ថា ​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​បញ្ជា​ចំពោះ​មន្ទីរ​ស-២១​នោះ។​ ឌុច​បន្ត​ថា ​រាល់​សកម្មភាព​ក្នុង​មន្ទីរ​សន្តិសុខ​ស-២១​ ឬ​ មន្ត្រី​ប៉ូសីស​ផ្សេង​ទៀត​ក្នុង​ប្រទេស​ ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនីស្ត។​

​ឌុច​ ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

​«ការ​បដិសេធ​របស់​ពូ​នួន​ វា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល។​ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែន​ទែន។ ខ្ញុំ​មិន​ស្មាន​ថា​វា​ដល់​អញ្ចឹង​សោះ។​ ​មន្ទីរ​ស២១​ក៏​ដូច​ជា​មន្ទីរ​នគរបាល​ទាំង​អស់​ ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​ នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជា​ វា​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស»។​

ឌុច​ ​ដែល​ស្ថិត​ក្នុង​វ័យ​៧៤​ឆ្នាំ​ ​បាន​បន្ត​ថា៖

​«បង​នួន​ ពូ​នួន​ គាត់​បដិសេធ​នេះ​ គឺ​ខុស​ហើយ។​ ក្នុង​បក្ស​កុម្មុយនីស្ត​កម្ពុជាអ្នក​មិន​គោរព​បក្ស​ អ្នក​ណា​ដែល​ធ្វើ​ការងារ​អី​ក្រៅ​ពី​លេខា​ និង​អនុលេខា​បក្ស​សម្រេច។ ​នេះ​គឺ​ជា​ការ​ចាត់​តាំង​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា​ គឺ​វា​អញ្ចឹង។ ​ដូច្នេះ​ ការ​បដិសេធ​របស់​ពូ​នួន​គឺ​វា​គ្មាន​ន័យ»។​

ការ​លើក​ឡើង​របស់​ទណ្ឌិត​ កាំង ហ្កេកអ៊ាវ​ គឺ​ធ្វើ​ឡើង​ក្នុង​នាម​សាក្សី​នៃ​សំណុំរឿង​០០២​ ​វគ្គ២​ ដែល​កំពុង​តែ​ដំណើរការ​ក្នុង​ការ​សាកសួរ។​ ឌុច​ ឬ ​កាំង ហ្កេកអ៊ាវ​ អតីត​ប្រធាន​មន្ទីរស-២១ ​ឬ ​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម​ត្រូវ​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម ​ឬ​ ECCC​ ដាក់​ទោស​អស់​មួយ​ជីវិត​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ឆ្នាំ​១៩៤៩។​ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះឌុច​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ ០២​ ប្រធានបទ​ទី​៤​ ​ដែល​ពាក់ព័ន្ធមន្ទីរ​សន្តិសុខ​នឹង​ការ​បោស​សំអាត​ផ្ទៃ​ក្នុង។​ នេះ​គឺ​ជា​លើក​ទី២​ហើយ​ដែល​ឌុច​ ​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​សាក្សី​ ​ក្នុង​សំណុំរឿង​ ​០០២​ប្រឆាំង​នឹង​ នួន ជា និង​ ​ខៀវ សំផន។ ​

​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​របស់​ខ្លួន​នា​ថ្ងៃ​អង្គារ​នេះ​ទណ្ឌិត​ កាំង ហ្កេកអ៊ាវ ​បាន​បង្ហាញ​បញ្ជាក់​ដដែលៗ​ថា​ នួន ជា​ បាន​បញ្ជា​មក​ដល់​ខ្លួន​ទាំង​ប្រយោល​នឹង​ដោយផ្ទាល់​ក្នុង​អំឡុង​ពេល​ដែល​ សុន សេន​ ទទួល​បញ្ជា​ទៅ​កាន់​កាប់​សមរភូមិ​នា​ឆ្នាំ​១៩៧៧។

​ទណ្ឌិត​រូប​នេះ​បញ្ជាក់​ថា៖

​«ការណ៍​ដែល​មេ​ ​ហៅ​ខ្ញុំ​ទៅ​ធ្វើការ​ ​ទំាង​បង​ សុន សេន ​ទាំង​បង​ នួន ​ជា ​ខ្ញុំ​ទៅ​ជួប​តែ​ពីរ​នាក់​ទេ​ មួយ​ទល់​នឹង​មួយ។​ ខ្ញុំ​មាន​សៀវភៅ​កំណត់​ហេតុ​ ​មួយ​ទៅ​ ​សម្រាប់​ចារ​ ​កត់ត្រា​នូវ​អ្វី​ដែល​គាត់​ណែរនាំ​ របៀបវីរៈ​ដែល​គាត់​ប្រជុំ​គ្នា​នឹង​ខ្ញុំ​នា​ថ្ងៃ​នោះ​ ​ហើយ​នឹង​ស្អី​ដែល​គាត់​ណែនាំ​ ​ខ្ញុំ​ចារ​ ​ខ្លីៗ​ទៅ​ ​ហើយ​យក​ទៅ​អនុវត្តន៍»។​

​យ៉ាង​ណា​ក៏​ដោយ​ ឌុច​ ថា ​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​បញ្ជូន​ទាហាន​ លន់ នល់​ និង​ជា​អ្នក​ដែល​សង្ស័យ​ជា​ខ្មាំង​អង្គការ​ទៅ​មន្ទីរ​របស់​ខ្លួន​នោះ​ទេ។​

លោក ​ច្រេស ភី​ ដែល​ពី​ខេត្ត​កំពង់ស្ពឺ​ស្រុក​ឧត្តុង្គ។ ក្រោយ​ពី​បាន​មក​ស្តាប់​សក្ខីកម្ម​របស់​ ឌុច​ កសិករ​វ័យ​៦៣​ឆ្នាំ​រូប​បាន​បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ឆ្លើយ​មិន​ច្បាស់​លាស់​របស់​ ឌុច ​និង​ការ​ដាក់​បន្ទុក​លើ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតីត​ក្រុម​ក្បាល​ម៉ាស៊ីន​ក្នុង​របប​ខ្មែរ​ក្រហម​នេះ។​

​«ឌុច​ឆ្លើយ​ហ្នឹង​ដូច​ជា​មិន​ត្រឹមត្រូវ​ វា​ឆ្លើយ​ឲ្យ​ច្បាស់​ទៅ​ ​ថា​វា​កាន់​ពី​នេះ​ ​ទៅ​ដល់​នោះ​ទៅ។​ ​បើ​ឆ្លើយ​ឲ្យ​ច្បាស់​ទៅ​ប្រជា​ពល​រដ្ឋ​គឺ​អស់​ចិត្ត​ហើយ»។​

​យ៉ាង​ណា​ក៏​ដោយ​លោក​ ​ច្រេស ភី​ដែល​បាត់បង់​ ​បង​ប្អូន​បង្កើត​ពីរ​រូប​ក្នុង​របប​ខ្មៅ​ងងឹត​នេះ​ក៏​បាន​ទទូច​ឲ្យ​ពន្លឿន​ការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​នៅ​សេស​សល់​និង​វែកមុខ​រក​មូលហេតុ​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​របប​នោះ​ផង​ដែរ។​

លោក​ នេត្រ ភក្ត្រា​ មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ប្រាប់​ VOA​ ​ថា​ ឌុច​ឬ ​កាំង​ ​ហ្កេកអ៊ាវ នឹង​បន្ត​ផ្តល់​សក្ខីកម្ម​រយៈ​ពេល​៨​ថ្ងៃ​បន្តរ​ទៀត​ចំពោះ​ប្រធានបទ​ទី៤ដែល​ពាក់ព័ន្ធមន្ទីរ​សន្តិសុខ​ ​នឹង​ការ​បោស​សំអាត​ផ្ទៃ​ក្នុង។​ ​ក្នុង​នេះ​ដែរ​តុលាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ ​ក៏​កោះ​ហៅ​សាក្សី​ ជន​រង​គ្រោះ​ក្នុង​មន្ទីរ​ ​ស២១​ និង​ភាគី​ដើម​បណ្តឹង​ផង​ដែរ​ សម្រាប់​សវនាការ​ ​នា​ថ្ងៃ​បន្ត​បន្ទាប់​ទៀត។

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​ ​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ សាលាក្តី​នេះ​ទើបតែ​កាត់​ទោស​បាន​ជន​ជាប់​ចោទ​ម្នាក់​ដែល​ជា​ប្រធាន​គុក​ទួលស្លែង​ គឺ ​កាំង​ ​ហ្កេកអ៊ាវ​ ​ហៅ​ឌុច​ តែ​ជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ស្លាប់​ ​មុន​ការ​កាត់​ទោស​ ​ហើយ​សព្វថ្ងៃ​នៅ​សល់​តែ​មេដឹក​នាំ​របប​នេះ​ ​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ​ ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស ​គឺ​ នួន ជា ​អតីត​បង​ធំ​ទី​២ ​និង​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ ​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​០០២៕

XS
SM
MD
LG