ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រួច​ជីវិត​ពី​គុក​ខ្មែរក្រហម​ទទូច​ឲ្យ​ពន្លឿន​ការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​រួច​ជីវិត​ពី​គុក​ខ្មែរក្រហម​ទទូច​ឲ្យ​ពន្លឿន​ការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម

ការ​ទាម​ទារ​រក​យុត្តិធម៌​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​កម្ពុជា​ និង​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ពិភពលោក​ប្តេជ្ញា​ថា​ នឹង​គោរព​សិទ្ធិ​មនុស្ស។​

ជន​រង​គ្រោះ​ដែល​រួច​ជីវិត​ពី​ក្នុង​គុក​ខ្មែរក្រហម​ម្នាក់​បាន​ទទូច​ឲ្យ​អ.ស.ប.​និង​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការ​កាត់ទោស​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម ​ក្នុង​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស។

លោក​ ស៊ុំ រិទ្ធី​ អាយុ​៦២​ឆ្នាំ ​បាន​គូរគំនូរ​ជា​ច្រើន​ភ្ជាប់​ជាមួយ​នឹង​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​និងសម្រាប់ខ្លួន​លោក​ផ្ទាល់​ ​ដែល​រង​ការធ្វើ​ទារុណកម្ម​ និង​ការ​កាប់​សម្លាប់​ក្នុង​គុក​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​ក្នុង​របប​វាល​ពិឃាត ​នៅ​ទស​វត្សរ៍​១៩៧០។ ​ការ​ទាម​ទារ​រក​យុត្តិធម៌​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​កម្ពុជា​ និង​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ពិភពលោក​ប្តេជ្ញា​ថា​ នឹង​គោរព​សិទ្ធិ​មនុស្ស។​

លោក ​រិទ្ធី ​ថ្លែង​ថា ​តុលាការ​កាត់​ទោស​ខ្មែរក្រហម​ដែល​ចូល​រួម​ដោយ​អ.ស.ប.​នេះ​ត្រូវ​រក​យុត្តិធមិ​ និង​បញ្ចប់​វប្បធម៌​គ្មាន​ទោស​ពៃរ៍​ឲ្យ​បាន​ឆាប់​ដោយសារ​របបខ្មែរ​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​៤​ទស​វត្សរ៍​កន្លង​មក​ហើយ។​

«សព្វ​ថ្ងៃ​ហ្នឹង​ការ​ដែល​តុលាការ​កំពុង​តែ​ធ្វើ​នេះ ​ខ្លាច​វា​មិន​បាន​ចេញ​សាលក្រម​មាន​នរណា​ម្នាក់​ផុត​រលត់​ទៅ​វា​កាន់​តែ​អត់​មាន​ភាព​យុត្តិធម៌​ សម្រាប់​ជន​រង​គ្រោះ​ទូទាំង​ប្រទេស ​ហើយ​នឹង​ខ្លួន​ខ្ញុំ។ ​ដល់​អញ្ចឹង​ហើយ​ខ្ញុំ​ចេះតែ​មាន​ការ​បារម្ភ»។​

លោក​បាន​បញ្ជាក់​ថា​ ការ​អូស​បន្លាយ​ពេល​រក​យុត្តិធម៌​ និង​ការ​បន្ត​វប្បធម៌​និទណ្ឌភាព​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំនាន់​ក្រោយ​កាប់​សម្លាប់​មនុស្ស​និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ក្នុង​សង្គម​ជាតិ​ត​ទៅ​ទៀត។​

«តែ​ខ្ញុំ​សម្គាល់​មើល​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ហ្នឹង​គឺ​មាន​ភាព​ដូចជា​ខ្មែរក្រហម​អញ្ចឹង។​ អា​ហ្នឹង​ហើយ​ដែល​អ្នក​សម្លាប់​រាប់​លាន​នាក់​គឺ​រួច​ទោស។ ហ្នឹង​គេ​ហៅ​ថា​ និទណ្ឌភាព។​ អា​ហ្នឹង ​អ្នក​ក្រោយ​អាច​យក​គម្រូតាម​អ្នក​មុន។​ វា​គិត​ថា​អ្នក​មុន​សម្លាប់​អស់​រាប់​លាន​នាក់​អត់​មាន​ទោស​ផង​ រឿង​អី​អញមិន​ហ៊ាន​ធ្វើ​ប៉ុណ្ណឹង!»​

​លោក​បាន​ថ្លែង​ថា​ ក្រុម​មេ​ដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​ដែល​កំពុង​រស់​រាន​ មាន​ជីវិត​គឺ​នួន ជា​ អាយុ​៨៩​ឆ្នាំ ​និង​ខៀវ សំផន ​អាយុ​ជាង​៨៤​ឆ្នាំ​គឺ​អាច​ស្លាប់​មុន​ការ​កាត់ទោស​ដូច​មេ​ដឹកនាំមួ​យ​ចំនួន។ ដូច្នេះតុលាការ​ត្រូវ​ពន្លឿន​ការ​កាត់​ទោសនេះ​ដើម្បី​ឲ្យ​លោក​បាន​ស្ងប់​ចិត្ត។​

លោក ​ស៊ុំ រិទ្ធី​ ជា​ជន​រង​គ្រោះ​ដែល​ដាក់​ពាក្យ​ប្តឹង​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ ក្នុង​សំណុំ​រឿង​នៃ​សាលាក្តី​ខ្មែរក្រហម។​ លោក​ប្រាថ្នា​ចង់​ឃើញ​ថា ​កន្លែង​ធ្វើ​ទារុណ​កម្ម​យ៉ាង​ព្រៃ​ផ្សៃ​លើ​រូប​លោក​គឺ​ក្នុង​គុក​ខ្មែរក្រហម​នៅ​ខេត្ត​សៀមរាប​នោះ​ ត្រូវ​តុលាការ​លើក​យក​មក​កាត់​សេចក្តី​និង​រក​យុត្តិធម៌​ ដើម្បី​ប្រាប់​ឲ្យពិភព​លោក​បាន​ដឹង​អំពី​អំពើ​សាហាវ​ព្រៃ​ផ្សៃ​នោះ។ ​លោក​បាន​ គូរ​រូបភាព​របស់​លោក​ដែល​រង​ទារុណ​កម្ម ​ស្រោច​ទឹកក្តៅ ​វាយ​ដំ ​ការ​បង្ខិត​បង្ខំ​ផ្សេងៗ​ទៀត​ ដែល​លោក​បាន​គូរ​ជា​ផ្ទាំង​គំនូរ​ទុក​បង្ហាញ​ពី​ប្រវត្តិ​សាស្ត្រ​នេះ។​

លោក ​ឡាត់ គី ​មន្ត្រី​មក​ពី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​ជា​អ្នក​សម្រប​សម្រួល​ឲ្យ​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្តឹង។​ លោក​បាន​ថ្លែង​ថា ក្រុម​ជន​រង​គ្រោះ​បាន​ដាក់​ចម្ងល់​ពី​រឿង​យុត្តិធម៌​ដែល​តុលាការ​ត្រូវ​បំពេញ។​

«តែ​ដំណើរ​ការ​សនាការ​ក៏​មិនមាន​ន័យ​ថា​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ត្រូវ​ការតែ​ទោស​មួយ​ជីវិត​ហ្នឹង​ដែរ។​ យើង​ត្រូវការ​យុត្តិធម៌ ​ហើយ​យើង​ក៏​ត្រូវការ​ចម្លើយ​ ឆ្លើយ​តប​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ចម្លើយ​ពិត​ប្រាកដ​ត្រឹមត្រូវ​ថា ​មូលហេតុ​អ្វី​បាន​នាំ​ឲ្យ​កម្ពុជា​ប្រជា​ធិបតេយ្យ​ឈាន​ដល់​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​ដោយឃោរឃៅ​បែប​នេះ​ដែល​ជា​ចម្លើយ​ជន​រងគ្រោះ ​គាត់​សួរ​ថា​ ហេតុអី​បាន​គាត់​ក្លាយ​ជា​ជន​រងគ្រោះ?​ ​ ហេតុ​អីបាន​ជា​គាត់​មិន​ដឹង​ពី​មូលហេតុ​ដែល​គាត់​រងគ្រោះ។​ ចំណុច​ទាំងអស់​នេះ​ហើយ ​ដែល​យើង​កំពុង​ជួយ​ក្នុង​ការ​វែក​ញែក​ និង​ស្វែងរក​ចម្លើយ​ពិត​ជូន​ពួក​គាត់»។

របប​ខ្មែរក្រហម​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​ បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​ ៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ​សាលាក្តី​នេះ​ទើបតែ​ កាត់​ទោស​បាន​ជន​ជាប់​ចោទ​ម្នាក់​គឺ​ដែល​ជា​ប្រធាន​គុក​ទួលស្លែង​គឺ​កាំង ​ហ្កេកអ៊ាវ​ ហៅ​ឌុច​ តែ​ជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ស្លាប់ ​មុន​ការ​កាត់​ទោស​ ហើយ​នៅ​សល់​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ ​គឺ​ នួន ជា អតីតបង​ធំ​ទី​២ ​និង​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម។ សាលាក្តី​នេះ​កំពុង​កាត់ទោស​សំណុំ​រឿង​០០២​ វគ្គ​២​ពាក់​ព័ន្ធ​ នឹង​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​នានា​ រួមទាំង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ ពូជ​សាសន៍។​ ដើម​បណ្តឹង​ភាគ​ច្រើន​បាន​ត្អូញ​ ត្អែរ​ថា​ ពួក​គេ​មិន​បាន​ទទួល​យុត្តិធម៌​ពេញលេញ​ដោយ​ស្ងប់​ចិត្ត​បាន​ទេ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG