ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សក្ខីកម្ម​របស់​ឌុច​បង្ហាញ​អំពើព្រៃផ្សៃ​នៅ​ទួលស្លែង


លោក ​​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​​ប្រធាន​​មន្ទីរ​​សន្តិសុខ​ស​-២១ ​ក្នុង​​សវនាការ​ កាល​ពី​ដើម​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)
លោក ​​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​​ប្រធាន​​មន្ទីរ​​សន្តិសុខ​ស​-២១ ​ក្នុង​​សវនាការ​ កាល​ពី​ដើម​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (រូបថត​ផ្តល់​ឲ្យ​ដោយ ញ៉ែត សុខហេង/ECCC)

ឌុច​ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គុក​ទួល​ស្លែង​ស២១​នៃ​របប​ខ្មែរក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ បាន​ទទួល​ស្គាល់​ថា​ គាត់​បាន​សម្លាប់​ជន​បស្ចឹម​ប្រទេស​៤​នាក់​ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ ​ដោយ​ប្រើកង់​ឡាន​ដុត​កម្ទេច​សាកសព​ឲ្យ​ទៅ​ជាផេះផង់ ក្នុង​ពេល​ដែល​ពួកគេ​បាន​ជាប់ឃុំ​ក្នុង​គុក​ទួលស្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។​

ក្រោយ​ពេល​កាំង ហ្កេចអ៊ាវ ​ហៅ​ឌុច ​បានផ្តល់​សក្ខីកម្ម​អំពី​រឿង​ជនបរទេស​ដែល​ត្រូវ​សម្លាប់​ដោយ​ដុត​កម្ទេច​សាកសព​ក្នុង​មន្ទីរ​ឃុំឃាំង​ស២១​នោះ​ ក្រុម​មន្ត្រី​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សក្ខីកម្ម​ក្នុង​សំណុំ​រឿង​០០២​នោះ​ ហើយ​ថា ​ការ​ប្រើ​វិធី​សម្លាប់​ជន​បស្ចឹម​ប្រទេស​ដូច្នេះ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ ដែល​មិន​អាច​រក​អ្វី​មក​ប៉ះប៉ូវបាន​ទេ។​ ​ក្រុម​អ្នក​ឃ្លាំមើល​និង​ក្រុម​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហមបាន​អះអាង​ថា ​ទោះជា​សាលក្រម​ដាក់ទោស​ឌុចរួច​មែន​ តែពួក​គេ​ចាត់​ទុក​ថា​ ឧក្រិដ្ឋ​កម្ម​បែប​នេះ​កើត​ឡើង​លើ​គ្រប់​ជនជាតិ។​

កាំង ហ្កេចអ៊ាវ​ ហៅឌុច​ត្រូវបានតុលាការ​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អ.ស.ប.​ កាត់ទោស​ឲ្យជាប់​គុក​អស់មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម។ ​ឌុច​ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គុក​ទួល​ស្លែង​ស២១​នៃ​របប​ខ្មែរក្រហម​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ បាន​ទទួល​ស្គាល់​ថា​ គាត់​បាន​សម្លាប់​ជន​បស្ចឹម​ប្រទេស​៤​នាក់​ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ ​ដោយ​ប្រើកង់​ឡាន​ដុត​កម្ទេច​សាកសព​ឲ្យ​ទៅ​ជាផេះផង់ ក្នុង​ពេល​ដែល​ពួកគេ​បាន​ជាប់ឃុំ​ក្នុង​គុក​ទួលស្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។​ ក្រុម​អ្នក​ឃ្លាំ​មើល​បាន​និយាយ​ថា​ នេះ​គឺជា​ឧក្រិដ្ឋ​កម្ម​ដ៏​ឃោរ​ឃៅ​ និង​ជាការ​បង្ហាញ​ថា​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ហ្នឹង​គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​គ្មាន​អ្វី​ប៉ះប៉ូវ​បាន​ និង​ជាការ​បង្ហាញ​ថា​ វា​កើត​ឡើង​ចំពោះ​ទាំង​ជនជាតិ​ខ្មែរ ​និង​ជន​បរទេស។​

លោក​ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ ការ​សម្លាប់​ជន​បរទេស​តាម​ការ​ដុត​កម្ទេច​សាកសព​នេះ​ជា​ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ។​

«ការ​ស្លាប់​បាត់បង់​ជីវិត​ជន​បរទេស​ទាំង​បួន​នាក់​ដែល​ត្រូវ​ដុត​កម្ទេច​ក្រោម​ការ​បញ្ជា​របស់​ឌុច​ក្នុង​គុកទួល​ស្លែងនោះគឺ​ជា​ការ​ឈឺចាប់​ដូចគ្នា​នឹង​ការ​ស្លាប់​របស់​ពលរដ្ឋ​កម្ពុជា​រាប់​លាន​គ្រួសារ​ដែល​បាន​បាត់បង់​អ្នក​ជាទី​ស្រឡាញ់​របស់​ពួក​គេ។ ហើយ​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ​គឺ​បញ្ជាក់​ច្បាស់​ពីឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​ មនុស្ស​ជាតិ។​ នេះជា​ការ​សម្លាប់​មិន​រើស​មុខ​ទេ។​ ពួក​គេ​សម្លាប់​មនុស្ស​គ្រប់​គ្នា​ មិន​ថា ​ឡើយ​ជា​ជន​បរទេស ​ជា​ជន​ជាតិ​ខ្មែរ ​ឥស្លាម​ ចិន​ ខ្មែរ ​ឬ ​ព្រះ​សង្ឃ​ទេ»។​

តាមរយៈការ​ស្រាវជ្រាវ​និង​ការ​សម្ភាស​ជាមួយ​ឌុច ​អាយុ​៧៤​ឆ្នាំ​ ដែល​ជា​ប្រធាន​គុក​ទួលស្លែង ​ហើយ​ទទួល​ខុសត្រូវ​ជីវិត​មនុស្ស​១៤០០០​នាក់​នោះ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្ហាញ​ថា​ ជន​បស្ចឹម​ប្រទេស​ត្រូវ​បាន​បញ្ជូន​មក​ឃុំឃាំង​គឺ​មាន​៧​នាក់​ដែល​បាន​ជិះ​ទូក​ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៨ ​ហើយ​ត្រូវ​ចាប់​ខ្លួន។​ ក្នុង​នោះ​រួមមាន​ជន​ជាតិ​អាមេរិកាំង​ដែល​មាន​ឈ្មោះ​ James ​William ​Clark, ​Lance ​McNamara, Michael Scott Deeds, ​Christopher ​Delance​ និងជនជាតិ​អូស្ត្រាលី​២នាក់​គឺលោក ​Keith Dean ​និង​លោក​ ​David ​Lloyd ​Scott។​ ក្រៅពីនេះ​មាន​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ John​ Dawson​ Dewhirst ​ ​ជនជាតិ​កាណាដា​ម្នាក់​គឺ​លោក ​Stuart Glass​ ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ John​ Dawson​ Dewhirst ​ ​ជនជាតិ​កាណាដា​ម្នាក់​គឺ​លោក ​Stuart Glass ​ហើយនឹង​ជនជាតិ​ញ៉ូហ្សេឡែន​ម្នាក់មាន​ឈ្មោះ​ Kerry George​ Hamill ​ដែល​បង​ប្អូន​របស់លោកបាន​ដាក់​ពាក្យ​ប្តឹង​នៅក្នុង​តុលាការ។​

លោក​វណ្ណថាន់ ពៅតារា​ ​នាយក​រង​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ បាន​ថ្លែងថា​ការ​សម្លាប់​ជន​បរទេស​ដោយការ​ដុត​កម្ទេច​សាកសព​នេះ​គឺ​ជា​អំពើ​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ អមនុស្ស​ធម៌​ ដែល​រក​ពាក្យ​ហៅ​អំពើ​នេះ​សឹងតែ​មិន​បាន ​ហើយ​វា​ជា​អំពើ​ដែល​ប៉ះពាល់​ទៅដល់​មនុស្សជាតិ​ទាំងមូល​ដែល​តម្រូវ​ឲ្យ​មនុស្ស​ជាតិធ្វើ​ការ​ថ្កោល​ទោស​ជា​ទម្ងន់។​

«សំខាន់​វា​ទាក់​ទង​ទៅនឹង​ភាព​ឃោរឃៅ​និង​ភាព​យង់ឃ្នង​ដែល​ខ្មែរ​ក្រហម​បាន​ប្រពឹត្ត​ទៅ​លើ​ជនជាតិ​បរទេស​ ជាពិសេស​គឺ​ជនជាតិ​អាមេរិក​ ជនជាតិ​កាណាដា​ អង់គ្លេស​ជាដើម។ ​វា​បង្ហាញ​អំពី​អំពើ​អមនុស្ស​ធម៌​យង់ឃ្នង។​ ​បើទោះ​បីជា​សាលក្រម​ចេញ​មក​យ៉ាង​ម៉េច​ក៏ដោយ​ សម្រាប់ខ្ញុំ ​ខ្ញុំគិត​ថា​ វាមិន​អាច​ប៉ះប៉ូវ​ទៅ​ដល់​ការ​ស្លាប់​ដោយ​ភាព​ឃោរ​ឃៅ​ទៅ​លើ​ជន​បរទេស​ទាំង​អស់​នេះ​ទេ»។​

នៅ​ក្នុង​សវនាការ​កាល​ពី​ដើម​ខែ​មិថុនា​ ឌុច​បាន​ធ្វើ​សក្ខី​កម្ម​ក្នុង​សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.ក្នុង​សំណុំ​រឿង​០០២ ​វគ្គ២​ ប្រឆាំង​នឹងបងធំ​ទី២​ នួន ជា ​ដែល​ទាក់ទង​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ជាង​១​លាន​៧​សែន​នាក់​នៅ​ចន្លោះឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ក្នុង​របប​ខ្មែរក្រហម ​ដែល​ដឹកនាំ​ដោយ​បង​ធំទី១​ ប៉ុល ពត។ ​ឌុច​បានចោទ​ប្រកាន់​ថា​ បងធំ​ទី២​ គឺនួន ជា​បាន​បញ្ជា​លោក​ទាក់​ទិន​នឹង​ឧក្រិដ្ឋ​កម្ម​សម័យ​ខ្មែរ​ក្រហម​នោះ។​ ហើយ​ឌុច​បន្ត​ថា​គាត់​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដើម្បី​កម្ទេច​ជន​បរទេស។​ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ ក្រោយ​ពេល​ដែល​ឌុច​បាន​និយាយ​ពីជន​បស្ចឹម​ប្រទេស​ត្រូវ​ដុត​សម្លាប់​ តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​និង​ភ្លេច​ឈ្មោះ​នោះ​ មន្ត្រី​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​ស្នើ​សុំ​ជួប​សម្ភាស​ជាមួយ​ឌុច​ក្នុង​មន្ទីរ​ឃុំឃាំង​កាលពី​ថ្ងៃ​២៩​ខែ​សីហា​ឆ្នាំ​២០១៣។​ ​ឌុច​ក៏​បាន​បញ្ជាក់បន្ថែម​តាម​ការ​បកប្រែ​ជា​ភាសា​អង់គ្លេស​ បារាំង​ក្នុង​សវនាការ​ថា ​ជន​បរទេស​ទាំងនោះ​ ត្រូវ​កម្ទេច​ដោយសារ​តែពួក​គេ​ឆ្លង​ព្រំ​ដែន​ចូល​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​អាច​និយាយ​ថា​ ជន​បរទេស​ទាំង​នោះ​ត្រូវបាន​សួរ​ចម្លើយ​ ហើយ​បន្ទាប់​មក​ពួក​គេ​ត្រូវកម្ទេច​ចោល​ដោយ​សារ​បទ​បញ្ជា។​ ហើយ​ការ​និយាយ​ពី​កម្ទេច​ពេល​នេះ​គឺ​មាន​ន័យ​ថា​ ជន​បរទេស​ទាំងនោះ​ត្រូវ​គេ​ដុត​ដោយ​កង់​ឡាន»។

ក្នុង​សវនាការ​ដដែលនោះឌុច​បាន​បន្ថែម​ទៀត​ថា៖​

«ជនជាតិ​អាមេរិកាំង​ត្រូវ​បាន​ចាប់​និង​ឃុំខ្លួន​ដោយ​ទាហាន​ជើងទឹក​នៅ​ឯ​ឈូង​សមុទ្រ​កំពង់​សោម​ ហើយ​ក្រោយមក​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ពី​កំពង់​សោម​មក​ភ្នំពេញ​តាម​រយៈ​គណៈ​មជ្ឈឹម​ ហើយ​គណៈមជ្ឈឹម​បញ្ជូន​មក​កាន់​ស​២១ ​ដើម្បីសួរ​ចម្លើយ ​និង​ក្រោយ​មក​កម្ទេច​ចោល។​ ពួកគេ​ត្រូវ​ចាប់​ខ្លួន​ពីបទ​ចោទ​ថា​ បាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​ដើម្បី​យក​ព័ត៌មាន»។​

លោក​ជុំ ម៉ី​ អ្នករួច​ជីវិត​ម្នាក់​ពី​គុក​ទួលស្លែង​បាន​ថ្លែង​ថា​ ការ​សម្លាប់​ក្នុង​គុក​ទួល​ស្លែង​មានទម្រង់ជាច្រើន ​មានភាព​ឃោរឃៅ​ខ្លាំង​ណាស់។​ តែ​ជន​បរទេស​ដែល​ស្លាប់​ដោយ​ដុត​កម្ទេច​នោះ​ លោក​មិន​បាន​ឃើញ​ទេ។​ តែ​លោក​បាន​ឮ​អំពី​ដំណឹង​នោះ។​

«គឺ​ថា​(ជន​បរទេស)​ចូល​មក​ហ្នឹង​អត់មាន​រួច​ខ្លួន​មួយ​ទេ​ ​គឺ​វា​សម្លាប់​ទាំងអស់​តែ​ទាំង​អស់​ហ្នឹង»។​

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ម្នាក់ ​គឺ​ លោក ​Peter Maguire ​ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​អំពី​ខ្មែរ​ក្រហម​ឈ្មោះ​ ​Facing ​Death ​in ​Cambodia​ ឬ​ ប្រឈម​មុខ​នឹង​ការ​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា​ ឌុច​ត្រូវបាន​ដាក់​ទោស​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដ៏​សាហាវ​ឃោរឃៅ​ដែល​ច្បាប់​អន្តរជាតិ​បានដាក់​ទោស​ហើយ។​ លោក​ថា​ការ​ស្លាប់​របស់​ជន​បស្ចឹម​ប្រទេស​ទាំង​បួននាក់​បានលេច​ឮ​ដល់​គ្រួសារ​អាមេរិកាំង​ជា​ច្រើន​ឆ្នាំ​ហើយ។​

«នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ សម្រាប់​កិច្ច​សហការ​ពី​សាក្សី​ស្ទើរ​តែទាំង​អស់​ដូច​ជាឌុច​ ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ចំពោះ​ការ​កាត់ទោស​អ្នក​ផ្សេង​ទៀត​នោះ។ ​ឌុច​ទំនង​ជា​ធុញ​ថប់​ពេល​នេះ​ដែល​ការ​កាត់​ទោស​របស់​គាត់​បាន​ចប់​ទៅ​ហើយ​ ហើយឌុច ​ហាក់​ដូច​ជា​កំពុង​ភ្លក្ស​រស់ជាតិ​នៃ​ការ​យក​ចិត្ត​ទុកដាក់​ពី​សាធារណ​ជន»។​

លោក​បានប្រៀបធៀប​ឌុច​ទៅនឹង​ការ​ធ្វើ​សក្ខីកម្ម​របស់​បណ្តាញ​ម៉ាហ្វ៊ីយ៉ា​ក្នុងក្រុង​ញូវយ៉ក ​ឈ្មោះ ​Sammy ​"The Bull" ​Gravano ​ដែល​បាន​ធ្វើ​សក្ខីកម្ម​កាលពី​ពាក់​កណ្តាល​ទស​វត្សរ៍​១៩៩០​ដើម្បី​ឲ្យ​មាន​ការ​ចាប់ខ្លួន​សមាជិក​ក្រុមម៉ាហ្វ៊ីយ៉ា​៣៦​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​១៩​នាក់។​

សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​កាត់ទោស​កាំង ហ្កេចអ៊ាវ​ហៅ​ឌុច​ឲ្យ​ជាប់​ឃុំឃាំង​អស់​មួយ​ជីវិត​សម្រាប់ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​កាលពី​ឆ្នាំ​២០១០​ ដែល​គេ​ដឹង​ថា​ ជា​ករណី​ដំបូង​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ជំនុំ​ជម្រះ​ក្នុងពេល​ជិត​៤​ទសវត្សរ៍ក្រោយ​ពី​អំពើ​ឧក្រិដ្ឋកម្ម​បាន​កើត​ឡើង។ ​ក្រុម​ជន​រង​គ្រោះ​ខ្លះបាន​ចាត់ទុក​ថា​ ដំណើរការ​យុត្តិធម៌​យឺត​យ៉ាវ ​ដែល​កើត​ឡើង​ក្រោយ​ការពន្យារ​ពេល​យូរ ​និង​ក្រោយពីមេដឹកនាំ​ធំ​កំពូលៗ​របស់​ខ្មែរ​ក្រហមស្លាប់​ជាច្រើន​ទៅ​ហើយ​នោះ​ ​គឺ​ជា​ដំណើរ​ការ​គ្មាន​យុត្តិធម៌​ ឬ​មានយុត្តិធម៌​តិច​តួច​សម្រាប់​ជន​រងគ្រោះ​ទូទាំង​ប្រទេស៕​

XS
SM
MD
LG