ប្រជាជនកម្ពុជា បានឮស្ទើរស៊ាំត្រចៀកអស់១ទសវត្សរ៍មកហើយទាក់ទិននឹងដំណើរការកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហម ចាប់តាំងពីសាលាក្តីកូនកាត់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ មក។ ក៏ប៉ុន្តែ មានការយល់ឃើញផ្សេងៗពីគ្នានូវកេរដំណែល និងប្រសិទ្ធភាពការងាររបស់សាលាក្តីនេះ ក្នុងរយៈពេល១០ឆ្នាំកន្លងមក។
អស់រយៈពេល១០ឆ្នាំគត់ គិតត្រឹមដើមខែក្រោយនេះគឺខែកក្កដា ដែលសាលាក្តីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួនជាផ្លូវការ ចាប់ពីខែកក្កដាឆ្នាំ២០០៦ ពេលដែលសហចៅក្រម សហមេធាវីជាតិ និងអន្តរជាតិនៃសាលាក្តីកូនកាត់មួយនេះ បានធ្វើសច្ចាប្រណិធាននៅចំពោះមុខព្រះបរមរូបព្រះបាទ នរោត្តម នៅក្នុងព្រះវិហារព្រះកែវមរកតនៃព្រះបរមរាជវាំង ក្រុងភ្នំពេញ។
សាលាក្តីខ្មែរក្រហម ដែលលេចចេញជារូបរាងក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប.)នេះ មានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ អស់រយៈពេលជាង១០ឆ្នាំមកនេះ សាលាក្តីមួយនេះត្រូវបានគេមើលឃើញថា បានបន្សល់នូវកេរដំណែលចម្រុះគ្នា មានទាំងវិជ្ជមាន និងទាំងអវិជ្ជមាន។
សាលាក្តីខ្មែរក្រហមត្រូវបានគេបង្កើតឡើងក្នុងគោលបំណងស្វែងរកការណ៍ពិត និងយុត្តិធម៌ ចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកើតមានឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ឬដែលគេស្គាល់ថា ជាក្រុមខ្មែរក្រហមនោះ។
មនុស្សប្រមាណ១,៧លាននាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនៃរបបមួយនេះ។
ជនជាប់ចោទចំនួនប្រាំរូប ដែលត្រូវបានគេស្គាល់ថា មេដឹកនាំកំពូល និងជាអ្នកមានចំណែកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបនេះ រួមមាន អតីតប្រមុខរដ្ឋ ខៀវ សំផន អតីតប្រធានសភាប្រជាជនបដិវត្តន៍កម្ពុជា នួន ជា អតីតរដ្ឋមន្ត្រីការបរទេស អៀង សារី និងអតីតរដ្ឋមន្ត្រីសង្គមកិច្ច អៀង ធីរិទ្ធ រួមទាំងអតីតប្រធានមន្ទីរសន្តិសុខមជ្ឈឹមស-២១ កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបាននាំមកកាន់សាលាវិនិច្ឆ័យក្ដីដើម្បីប្រឈមមុខនឹងការណ៍ពិត ប្រវត្តិសាស្ត្រ និងយុត្តិធម៌។
ក៏ប៉ុន្តែ តាមរយៈដំណើរការការងារជាទូទៅ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ អ.វ.ត.ក. បានសម្រេចកិច្ចការដ៏ធំធេងជាប្រវត្តិសាស្ត្រក្នុងការស្វែងរកការណ៍ពិត និងយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទាំងសកលលោក។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បន្ថែមថា៖
«ផ្ទាល់! ផលប្រយោជន៍ផ្ទាល់គឺឱ្យជនរងគ្រោះ គាត់ទទួលបានយុត្តិធម៌ គាត់ផ្សះផ្សាផ្លូវចិត្ត គាត់ធូរស្រាលនៅក្នុងផ្លូវចិត្ត នៅពេលដែលរឿងរ៉ាវទាំងឡាយ ដែលគាត់បានជួបប្រទះត្រូវបានគេលើកយកមកនិយាយ ហើយពិភពលោកទាំងមូលបានដឹងឮពីបញ្ហានេះ»។
បើទោះជាមានការរិះគន់ជាហូរហែថា សាលាក្តីខ្មែរក្រហមប្រើពេលយូរអូសបន្លាយ និងប្រើប្រាស់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្ដី លោក នេត្រ ភក្ត្រា បានឆ្លើយតបថា តុលាការកូនកាត់មួយនេះត្រូវការពេលវេលាដើម្បីធ្វើការឆ្លើយតបនឹងប្រព័ន្ធច្បាប់ដ៏ស្មុគស្មាញ ឯកសារភ័ស្តុតាងដ៏ច្រើនស្អេកស្កះ រួមទាំងវិសាលភាពដ៏ធំធេងនៃសំណុំរឿង ដែលកើតមាននៅកម្រិតទូទាំងប្រទេសដែលមានជនរងគ្រោះរាប់លាននាក់។
«ការជំនុំជម្រះក្ដីបែបនេះ បែបឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បែបឧក្រិដ្ឋកម្មសង្គ្រាម បែបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នេះ យើងត្រូវទាមទារនូវពេលវេលាដើម្បីធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកការណ៍ពិតមួយដែលពិតប្រាកដ រឿងរ៉ាវមួយដែលពិតប្រាកដនៅសាលាក្តីខ្មែរក្រហម... មានជនរងគ្រោះរាប់លាននាក់ ឯកសារ និងភស្តុតាងមានច្រើនលានទំព័រដូច្នេះហើយគឺយើងទាមទារត្រូវការពេលវេលា»។
លោកមេធាវី សុក សំអឿន ដែលជាអ្នកតាមដានអង្កេតយ៉ាងស្អិតទៅលើដំណើរការសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា លោកជឿថា សាលាក្តីមួយនេះមានសមត្ថភាពអាចនឹងដំណើរការរឿងក្ដីបានលឿនជាងនេះ ហើយលោកថា ការប្រើរយៈពេល១០ឆ្នាំសម្រាប់កិច្ចការខាងលើមានលក្ខណៈយូរបន្តិចហើយ។
ក៏ប៉ុន្តែ ដំណើរការក្ដីរៀបចំក្នុងសំណុំរឿង០០១និង០០២ បានប្រព្រឹត្តទៅយ៉ាងល្អ ស្របតាមនីតិវិធី និងនិយាមជាតិ និងអន្តរជាតិ។ នេះបើតាមលោកមេធាវីការពារសិទ្ធិមនុស្សដ៏ល្បីល្បាញរូបនេះ។
«លទ្ធផលយើងមួយ យើងចង់ឃើញតុលាការហ្នឹង ជាសារព្រមានដល់អ្នកកាន់អំណាចផ្ដាច់ការនៅលើពិភពលោកថា តែកាលណាអ្នកឯងប្រព្រឹត្តបទល្មើសអ្វីមួយ អ្នកឯងមិនអាចគេចផុតពីសំណាញ់ច្បាប់ទេ។ អាហ្នឹងយើងចង់បញ្ជូនចំណុចហ្នឹង»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានពោលសរសើរអំពីការងាររបស់សាលាក្តីខ្មែរក្រហមថា បាននឹងកំពុងសាងសង់នូវមូលដ្ឋានគំរូសម្រាប់កំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ហើយក៏បានកំពុងឆ្លើយតបទៅនឹងការចង់បានយុត្តិធម៌របស់មហាជនខ្មែរដែលជាជនរងគ្រោះ។
«ហើយកម្ពុជារៀបចំវិនិច្ឆ័យក្ដីមួយស្របតាមស្តង់ដារអន្តរជាតិ ស្តង់ដារពិភពលោក ដែលមិនមែនបានសេចក្ដីថា អ្នកឈ្នះកាត់ក្ដីអ្នកចាញ់នោះទេ។ ចំណុចទីពីរធ្វើឱ្យយើងនឹកឃើញជានិច្ច ហើយយើងប្រឆាំងនឹងការវិលត្រឡប់នៃការកាន់កាប់ជាតិមួយដែលប្រកបដោយឃាតកម្មទៅលើជាតិសាសន៍ខ្លួនឯង»។
មកទល់នឹងពេលនេះ ឌុច ដែលជាជនជាប់ចោទក្នុងសំណុំរឿង០០១ កំពុងទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។ អៀង ធីរិទ្ធ ត្រូវដកចេញពីដំណើរការកាត់ទោស ដោយមូលហេតុសុខភាពផ្លូវប្រាជ្ញា ស្មារតីមិនអំណោយផល ហើយគាត់ក៏បានស្លាប់កាលពីឆ្នាំ២០១៥ គឺពីរឆ្នាំក្រោយពីមរណភាពរបស់ អៀង សារី ដែលជាស្វាមីរបស់គាត់។
ដោយឡែក នួន ជា និង ខៀវ សំផន ត្រូវបានកាត់ទោសក្នុងសំណុំរឿង០០២/០១ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងកំពុងរង់ចាំការសម្រេចអំពីបណ្ដឹងសារទុក្ខនៅអង្គតុលាការកំពូលរបស់អ.វ.ត.ក.។ អ្នកទាំងពីររូបក៏កំពុងតតាំងក្ដីក្នុងសំណុំរឿង០០២/០២ ដែលកំពុងឈានទៅរកការសន្និដ្ឋានបញ្ចប់សេចក្ដីផងដែរ។
ស្របពេលជាមួយគ្នានេះដែរ អ.វ.ត.ក.ក៏កំពុងតែចាត់ការក្ដីសំណុំរឿង០០៣ និង០០៤ ប្រឆាំងនឹងមេដឹកនាំថ្នាក់ក្រោម ឬថ្នាក់តំបន់នៃរបបកម្ពុជាប្រជាធិបតេយ្យរួមមាន យឹម ទិត្យ អោ អាន អ៊ឹម ចែម, និងមាស មុត។
សំណុំរឿង០០៣ និង០០៤ជាសំណុំរឿងប្រកបដោយភាពចម្រូងចម្រាស ដែលធ្លាប់ទទួលបានការជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា អាចបង្កជាការជ្រួលច្របល់ក្នុងចំណោមមហាជនដែលមានអតីតភាពការងារជាមន្ត្រី និងទាហានខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់គឺជាអ្នកបញ្ចេញសម្លេងជំទាស់ខ្លាំងជាងគេទៅនឹងការពង្រីកដែនសមត្ថកិច្ចការងាររបស់សាលាក្តីខ្មែរក្រហម ហួសពីសំណុំរឿង០០២។
ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយជាមួយ VOA នាពេលថ្មីៗនេះ លោកប្រវត្តិវិទូជាតិអាមេរិក David Chandler បាននិយាយថា លោក ហ៊ុន សែន មិនចង់សោះឡើយ ក្នុងការបណ្ដែតបណ្ដោយឱ្យសាលាក្តីខ្មែរក្រហមជះឥទ្ធិពលមិនល្អទៅលើសហការីជើងចាស់របស់លោក នៅក្នុងគណបក្សប្រជាជនកម្ពុជា។
«ប៉ុន្តែត្រង់នេះហើយដែលលោក ហ៊ុន សែន ចេញបញ្ជាថា «គ្មានការកាត់ក្តីទៀតទេ» ដោយសារតែអ្នកដែលអាចត្រូវបាននាំខ្លួនមកកាត់ទោសជាបន្តបន្ទាប់នោះ អាចមានទំនាក់ទំនងជាមួយលោក ជា ស៊ីម ជាដើម។ ហើយលោក ហ៊ុន សែន មិនចង់ឲ្យមានការចាប់អារម្មណ៍ទៅលើបុគ្គលទាំងនោះឡើយ»។
លោក Chandler បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យលទ្ធផល និងដំណើរការក្ដី និងការងាររបស់សាលាក្តីស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
«រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងរឿងសាលាក្តីទៀតទេ ហើយតាមពិតទៅ ពួកគេមិនបានចាប់អារម្មណ៍លើសាលាក្តីនេះតាំងពីដំបូងម្ល៉េះ។ លោក ហ៊ុន សែន មិនដែលចង់ឲ្យមានសាលាក្តីទេ។ លោកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាថា មេធាវីរបស់ ឌុច គឺជាមេធាវីផ្ទាល់ខ្លួនរបស់លោក។ នេះគឺជាវិធីសាស្ត្រដែលលោកហ៊ុន សែនក្តោបក្តាប់លទ្ធផលរបស់តុលាការ តាមដែលលោកអាចធ្វើទៅបាន»។
ការព្រលយពាក្យព្រមានពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអំពីអស្ថិរភាពនៅក្នុងប្រទេសដែលទើបនឹងងើបចាកផុតពីការហែកហួរបំផ្លិចបំផ្លាញដោយសារសង្គ្រាមអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ត្រូវបានគេឮជាហូរហែមិនសូវដាច់។ ក្រុមមេធាវីការពារក្ដី និងមជ្ឈដ្ឋានមួយចំនួនមើលឃើញថា វាជាការលូកដៃ។
អតីតសហមេធាវីអន្តរជាតិការពារក្ដីឱ្យ នួន ជា បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០១១ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់១០រូបផ្សេងទៀត ទាក់ទិននឹងអ្វីដែលក្រុមមេធាវីទាំងនេះបរិយាយថា ជាការលូកលាន់របស់រាជរដ្ឋាភិបាលខ្មែរទៅក្នុងកិច្ចការសាលាក្តី។
ការភ្ជាប់មន្ត្រីវ័យចំណាស់ៗរបស់គណបក្សប្រជាជនកម្ពុជាទៅនឹងចំណងទាក់ទងជាមួយពួកខ្មែរក្រហមគឺជារឿងដ៏រសើប និងចម្រូងចម្រាស។ ការភ្ជាប់លោក ហោ ណាំហុង ទៅនឹងតួនាទីរបស់លោកនៅមន្ទីរសន្តិសុខបឹងត្របែក បានធ្វើឱ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិប្រឈមនឹងទោសទណ្ឌពីបទបរិហាកេរ្តិ៍។
យ៉ាងណាក៏ដោយ សាលាក្តីខ្មែរក្រហមកាលពីឆ្នាំ២០០៩ តាមរយៈសហចៅក្រមអន្តរជាតិមួយរូប បានកោះហៅឥស្សរជនកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា រួមមានលោក ជា ស៊ីម លោក ហេង សំរិន លោក ហោ ណាំហុង លោក គាត ឈន់ លោក អ៊ុក ប៊ុនឈឿន និងលោក ស៊ីម កា មកបំភ្លឺផ្ដល់សក្ខីកម្មក្នុងនាមជាសាក្សី ក៏ប៉ុន្តែមិនមាននរណាម្នាក់បង្ហាញខ្លួននោះទេ។
ការប្រថុយប្រថានចាត់ការលើសំណុំរឿង០០៣និង០០៤ នឹងក្លាយជាហានិភ័យដែលអាចឱ្យសាលាក្តីមួយនេះបន្សល់ទុកនូវកេរដំណែលមិនល្អ។ នេះជាការលើកឡើងរបស់លោកមេធាវី សុក សំអឿន។
«បើសិនជាអា០០៣និង០០៤ ធ្វើមិនបានសម្រេចល្អទេ មានន័យថា សារព្រមានសម្រាប់ជនផ្ដាច់ការហ្នឹងវាថយមកវិញ។ អាហ្នឹងគាត់ខកចំណុចហ្នឹង។ បើគាត់យកតែ០០១និង០០២ អាហ្នឹងអូខេ គោលដៅហ្នឹងសម្រេចល្អមែនទែនតែម្ដង»។
ក្រៅពីនេះក៏មានរបាយការណ៍ជាហូរហែរផងដែរស្ដីពីភាពចម្រូងចម្រាសរវាងមន្ត្រីកម្ពុជា និងមន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងសាលាក្តីនេះដែលជារឿយៗ បង្ហាញពីភាពមិនចុះសម្រុង និងមានការខ្វែងគំនិតគ្នា។
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យមួយរូបនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក បានលើកឡើងថា ការបង្កើតប្រព័ន្ធចម្រុះនៅសាលាក្តី បានបង្កជាកំហុសតាំងតែពីដំបូងមកម្ល៉េះ ដែលជារឿយៗនាំឱ្យដំណើរការងារមានភាពរអាក់រអួលជាប្រចាំ។
ក្នុងការឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិចជាមួយ VOA កាលពីពេលថ្មីៗនេះ លោកបណ្ឌិត អៀ សុផល បានសរសេរថា ដំណើរការសាលាក្តីខ្មែរក្រហម ប្រព័ន្ធចម្រុះគឺស្គាល់ថា ប្រព័ន្ធតុលាការកូនកាត់នេះប្រៀបបានទៅនឹង«រថយន្តមួយមានអ្នកបើកបញ្ជាពីរនាក់»អញ្ចឹងដែរ។
លោកបណ្ឌិតរូបនេះក៏បាននិយាយបន្ថែមតាមខ្លឹមសារដើមទាំងស្រុងថា៖
«មានក្ដីសង្ឃឹមតិចណាស់ដែលថា ប្រព័ន្ធតុលាការខ្មែរអាចនឹងយកជាគំរូបានតាមរយៈលទ្ធផលនៃសាលាក្តីខ្មែរក្រហមមួយនេះ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលខ្មែរ បានច្រានចោលការចោទប្រកាន់ដែលថា អង្គនីតិប្រតិបត្តិរបស់ប្រទេសកម្ពុជាមានការលូកលាន់ទៅបង្អាក់ដំណើរការសម្រេចចិត្តរបស់សាលាក្តីនេះ។
ការលើកឡើងកន្លងមក ទាំងពីសំណាក់លោក ហ៊ុន សែន និងមន្ត្រីផ្សេងទៀតទៅលើដំណើរការក្ដីសំណុំរឿង០០៣និង០០៤ គ្រាន់ជាការបញ្ចេញមតិទស្សនៈយល់ឃើញប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន។
«ទេ! យើងគ្រាន់ជាយោបល់របស់យើង ព្រោះយើងមិនអាចជ្រៀតជ្រែកទៅក្នុងការសម្រេចចិត្តរបស់តុលាការ ដែលមានសហចៅក្រម សហព្រះរាជអាជ្ញា សហមេធាវីនៅក្នុងហ្នឹង លោកជាអ្នកពិចារណាទៅ។ ចំណែកខាងរាជរដ្ឋាភិបាល…គ្មានអំណាចឯណាទៅប្រឆាំងជាមួយគេទេ មានតែអំណាចប្រតិបត្តិតាមជានគរបាលយុត្តិធម៌ជូនដល់តុលាការខ្មែរក្រហមនេះឯងបាទ!»។
ទោះមានការលើកឡើងរិះគន់ទៅលើដំណើរការការងាររបស់សាលាក្តីយ៉ាងណាក្ដី លោក នេត្រ ភក្ត្រា ដែលជាអ្នកនាំពាក្យឱ្យអ.វ.ត.ក.តាំងពីឆ្នាំ២០១១មក បានលើកឡើងពីសុទិដ្ឋិនិយមជាទូទៅក្នុងដំណើរឆ្ពោះទៅមុខជាបន្ត។
«បាទអ្វីដែលយើងរំពឹងទុក គឺការបំពេញនូវបេសកកម្មរបស់ខ្លួននៅក្នុងការស្វែងរកការណ៍ពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជាទាំងមូល ហើយតុលាការសង្ឃឹមថា តាមរយៈការគាំទ្ររបស់សាធារណជន ការគាំទ្ររបស់សហគមន៍អន្តរជាតិ ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងអង្គការសហប្រជាជាតិទៅលើដំណើរការតុលាការនេះ គឺតុលាការនេះអាចឆ្លើយតបទៅនឹងអ្វីដែលជាបេសកកម្មរបស់ខ្លួនក្នុងការស្វែងរកការណ៍ពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជា»។
ក៏ប៉ុន្តែ លោកបណ្ឌិត អៀ សុផល បានលើកឡើងផ្ទុយពីនេះ នៅពេលសួរអំពីកេរដំណែលរបស់សាលាក្តីខ្មែរក្រហម។ លោកថា សាលាក្តីមួយនេះនឹងត្រូវបានគេចងចាំថា«គ្មានប្រសិទ្ធភាព»ការងារ និងការរុញផ្អៀងផ្អងពីសំណាក់រដ្ឋាភិបាលខ្មែរ ធ្វើឲ្យតុលាការនេះបាត់តុល្យភាព។
លោកបានសរសេរដូច្នេះថា៖ «ជាកុសលល្អដែលប្រជាជនខ្មែរភាគច្រើនជាពុទ្ធសាសនិកជន ហេតុនេះហើយពួកគេជឿលើយុត្តិធម៌កម្មផល និងវាលវដ្ដសង្សារ ធ្វើល្អបានល្អ។ ពួកគេមានជំនឿថា យុត្តិធម៌មិនមែនមានត្រឹមតែក្នុងបន្ទប់សវនាការនោះទេ តែក៏មានផលតបស្នងទៅជាតិមុខផងដែរ»៕