អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចោទប្រកាន់ក្រុមហ៊ុនផលិតឱសថធំៗនៅលើពិភពលោកថា បានបង្កើតនូវ«វិបត្តិសិទ្ធិមនុស្សមួយដែលមិនធ្លាប់មានកាលពីមុន» ដោយខកខានមិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់គ្រាន់ដល់ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក។
ក្នុងរបាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ អង្គការការពារសិទ្ធិមនុស្សនេះ បញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថ AstraZeneca ក្រុមហ៊ុន Johnson & Johnson ក្រុមហ៊ុន Moderna ក្រុមហ៊ុន Novavax និងក្រុមហ៊ុនដៃគូ Pfizer និង BioNTech ខកខានមិនបានធ្វើទៅតាមការទទួលខុសត្រូវខាងសិទ្ធិមនុស្សរបស់ខ្លួន ដោយបានបដិសេធមិនចូលរួមក្នុងកិច្ចផ្តួចផ្តើមនៃការចែករំលែកវ៉ាក់សាំងជាសាកលក៏ដូចជាការផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងដោយការបង់ចោលកម្មសិទ្ធិបញ្ញា។
អង្គការសិទ្ធិមនុស្ស Amnesty បានបញ្ជាក់ទៀតថា វ៉ាក់សាំងកូវីដ១៩ក្នុងចំនួនតែ ០,៣% ប៉ុណ្ណោះនៃវ៉ាក់សាំងសរុបចំនួន ៥ពាន់ ៧៦០លានដូស ដែលត្រូវបានចែកចាយនៅជុំវិញពិភពលោក បានទៅដល់ប្រទេសដែលមានបា្រក់ចំណូលទាប ខណៈដែលវ៉ាក់សាំងចំនួន ៧៩% បានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងលើមធ្យមនោះ។
អង្គការនេះ ក៏បានលើកឡើងផងដែរថា គ្រាន់តែក្រុមហ៊ុនឱសថ Pfizer និង BioNTech និងក្រុមហ៊ុន Moderna ពីរតែប៉ុណ្ណោះ មានគម្រោងនឹងទទួលបានប្រាក់កម្រៃពីការលក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១៣០ ពាន់ លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២២ខាងមុខនេះ។
អគ្គលេខាធិការរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International លោកស្រី Agnès Callamard បាននិយាយថា «ប្រាក់ចំណេញ មិនគួធ្វើជារឿងធំជាងជីវិតមនុស្សនោះទេ»។
អង្គការសិទ្ធិមនុស្សអន្តរជាតិនេះ បានអំពាវនាវឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនផលិតឱសថនានា ផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ២ពាន់ លានដូសជាបន្ទាន់ ដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងក្រោមមធ្យម ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់អង្គការសុខភាពពិភពលោក ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងប្រទេសក្រីក្រទាំងនោះឲ្យបាន ៤០% នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិនេះ ត្រូវបានចេញផ្សាយមុនកិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញស្តីពីបញ្ហាជំងឺកូវីដ១៩ ដែលនឹងត្រូវធ្វើឡើងដោយប្រធានាធិបតីអាមេរិកលោក Joe Biden ស្របគ្នាជាមួយនឹងមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងសប្តាហ៍នេះ។ លោក Biden ត្រូវគេរំពឹងថា នឹងប្រកាសពីទិសដៅចាក់វ៉ាក់សាំងជាសាកលក្នុងចំនួន ៧០% ជាមួយនឹងការទិញវ៉ាក់សាំងបន្ថែមចំនួន ៥០០លានដូសពីក្រុមហ៊ុន Pfizer ដែលនឹងធ្វើឲ្យចំនួនវ៉ាក់សាំងដែលត្រូវផ្តល់ដោយសហរដ្ឋអាមេរិក មានចំនួនសរុបទាំងអស់ ១ពាន់ ១០០លានដូស៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP Reuters និង AFP។