ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​៖ ​ឥឡូវនេះ​វីរុស​បំប្លែង​ថ្មី​ដែលតា (Delta)​ លេច​ធ្លោ​ជុំវិញ​ពិភព​លោក


បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បទបញ្ជា​កូវីដ១៩​នៅទីក្រុង​ Melbourne កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ (AAP Image/James Ross via REUTERS)

វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta) ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ជាង​វីរុស​បំប្លែង​ថ្មី​ណាៗ​ទាំង​អស់។​ នេះ​បើ​តាម​ការឱ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភព​លោក​(WHO)​កាល​ពី​ថ្ងៃ​អង្គារ។​

អ្នកស្រី ​Maria Van Kerkhove​ ប្រធាន​ក្រុម​បច្ចេកទេស​របស់​អង្គការ សុខភាព​ពិភព​លោក​ផ្ដោត​លើ​ជំងឺ​កូវីដ១៩ ​បាន​និយាយ​ថា៖ ​«វីរ៉ុស​បំប្លែង​ថ្មី​ប្រភេទ​អាល់ហ្វា​ (Alpha)​បេតា​ (Beta)​ និង​ ហ្កាម៉ា ​(Gamma) ​មាន​មិន​ដល់​១%​ទេ​នៃ​វីរុស​ប្រភេទ​នីមួយៗ​ដែល​កំពុង​រាលដាល។ ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta)​ លេចធ្លោ​ខ្លាំង​ជុំវិញ​ពិភពលោក»។​

យោង​តាម​អ្នកស្រី ​Van Kerkhove ​ វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta)​ ឆ្លង​ខ្លាំង​បំផុត​ ហើយ​វា​ជំនួស​វីរុស​បំប្លែង​ថ្មី​ដទៃៗ​ទៀត​ជុំវិញ​ពិភព​លោក។​

មនុស្ស​រាប់​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ធំ​ទី២​របស់​ប្រទេស​អូស្ត្រាលី​ ប្រឆាំង​នឹង​ការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩ ​ដែល​រដ្ឋាភិបាល​ដាក់​កំហិត​លើ​វិស័យ​សំណង់។​

មន្ត្រី​រដ្ឋាភិបាល​បាន​ប្រកាស​ថា ​ រាល់​ការ​ដ្ឋាន​សាងសង់​នៅ​ក្នុង​ទីក្រុង ​Melbourne ​នឹង​ត្រូវ​បិទ​រយ:​ពេល​ពីរ​សប្ដាហ៍​ចំពេល​មាន​ការ​ព្រួយបារម្ភ​ថា​ ​ការ​ធ្វើដំណើរ​របស់​កម្មករ​រួមចំណែក​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩។​

ឥឡូវ​នេះ​កម្មករ​សំណង់​ត្រូវ​ចាក់​វ៉ាក់សាំង​វីរុសកូរ៉ូណា​យ៉ាង​ហោច​ណាស់​មួយ​ដូស ​មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ។​

រដ្ឋ​Victoria​ដែលរួម​បញ្ចូល​ទាំង​ទីក្រុង​ Melbourne ​បាន​រាយ​ការណ៍​ការ​ឆ្លង​ថ្មី​ចំនួន​៦០៣​ករណី ​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជា​ការ​ឆ្លង​ក្នុង​ថ្ងៃ​មួយ​ច្រើន​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ។​

នៅ​ក្នុង​ប្រទេស​នូវែលសេឡង់​ អ្នកស្រី​នាយក​រដ្ឋមន្រ្តី ​Jacinda Ardern ​បាន​ប្រកាស​កាល​ពីថ្ងៃ​អង្គារ​ថា​ ការ​ផាក​ពិន័យ​ចំពោះ​ការ​រំលោភ​លើ​បទ​បញ្ជា​ការពារ​ជំងឺ​កូវីដ១៩​នឹង​កើន​ឡើង​ចាប់​ពី​ខែ​វិច្ឆិកា។​

ចំណាត់​ការ​នេះ​នឹង​បង្កើន​តម្លៃ​ផាក​ពិន័យ​ពី​២.៨០០​ដុល្លារ​ដល់​៨.៤០០​ដុល្លារ​ចំពោះ​ជន​ណា​ដែល​មាន​បំណង​មិន​គោរព​តាម​បទ​បញ្ជា​ការពារ​ជំងឺ​កូវីដ១៩ ។ ​ ជនទាំង​ឡាយ​ណា​ដែល​ល្មើស​ការ​ហាម​ប្រាម​នេះក៏​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​៦​ខែ​ផង​ដែរ។

អាជីវកម្ម​ទាំងឡាយ​ណា​ដែល​ល្មើស​នឹង​បទ​បញ្ជា​នេះ​អាច​រង​ការ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០.៥០០​ ដុល្លារ។​ ចំនួន​អ្នកស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​កូវីដ១៩ ​នៅ​សហ​រដ្ឋអាមេរិក​គឺ​២.៣០២​នាក់​កាលពី​ថ្ងៃចន្ទ​ ដែល​ជា​កំណត់​ត្រា​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មីនា។​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters)

XS
SM
MD
LG