សហភាពអឺរ៉ុបបានសន្យាថា ខ្លួននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២០០លានដូសដល់ប្រទេសដែលមានប្រាក់ចំណូលទាបនៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការសន្យាយ៉ាងដូចនេះកាលពីថ្ងៃពុធម្សិលមិញក្នុងទីក្រុង Strasbourg ប្រទេសបារាំងនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកស្រីនៅមុខសភាសហភាពអឺរ៉ុប។ លោកស្រីបន្តថា វ៉ាក់សាំងកូវីដ១៩ ចំនួន២០០លានដូសដែលសហភាពអឺរ៉ុបគ្រោងនឹងបរិច្ចាគនេះគឺជាចំនួនបន្ថែមទៅលើវ៉ាក់សាំងចំនួន២៥០លានដូស ដែលសហភាពអឺរ៉ុបបានសន្យារួចហើយកាលពីលើកមុន។ លោកស្រីបានពណ៌នាពីការផ្តល់ជំនួយវ៉ាក់សាំងនោះថា «ជាការវិនិយោគមួយនៅក្នុងចំណងសាមគ្គីភាពនិងជាការវិនិយោគសម្រាប់សុខភាពជាសាកល»។
លោកស្រី von der Leyen លើកឡើងថា «ទំហំនៃភាពអយុត្តិធម៌និងកម្រិតនៃតម្រូវការជាបន្ទាន់ មានភាពច្បាស់លាស់ណាស់» ដោយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចាក់វ៉ាក់សាំងតិចជាង១%នៃវ៉ាក់សាំងដែលត្រូវបានចាក់សរុបទាំងអស់នៅទូទាំងពិភពលោក។
ទន្ទឹមនឹងនេះដែរ មន្ត្រីកងទ័ពអាមេរិកបានដាក់ចេញនូវបទបញ្ជាមួយដល់បុគ្គលិកកងកម្លាំងអាមេរិកទាំងអស់ត្រូវតែចាក់វ៉ាក់សាំងជំងឺកូវីដ១៩។ មន្ត្រីយោធាអាមេរិកនិយាយថា ទាហានសកម្មអាមេរិកទាំងអស់ ត្រូវគេរំពឹងថានឹងចាក់វ៉ាក់សាំងជំងឺកូវីដ១៩គ្រប់ដូសនៅត្រឹមថ្ងៃទី១៥ ខែធ្នូខាងមុខនេះ ហើយកាលបរិច្ឆេទមួយត្រូវបានដាក់ចេញសម្រាប់កងកម្លាំងឆ្មាំការពារជាតិនិងកងកម្លាំងបម្រុងទាំងអស់ដើម្បីចាក់ឲ្យរួចរាល់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កងទ័ពដែលបដិសេធពុំចាក់វ៉ាក់សាំង«នឹងត្រូវពិគ្រោះដោយបញ្ជាការដ្ឋាននិងក្រុមគ្រូពេទ្យរបស់ពួកគេ» ក៏ប៉ុន្តែបានព្រមានថា ប្រសិនបើពួកគេបន្តបដិសេធហើយមិនបានទទួលការលើកលែងពីការចាក់វ៉ាក់សាំងទេ ពួកគេនឹងត្រូវផ្អាកពីការងាររបស់ខ្លួនឬថែមទាំងបណ្តេញចេញពីការងារ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មានAP Reuters និង AFP