ប្រធានាធិបតីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo) បានផ្តល់ការលើកលែងទោសដល់អ្នកទោសដែលត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងចលនាហាមឃាត់មួយដែលមានឈ្មោះថា ចលនា Bundu dia Kongo និងអ្នកទោសផ្សេងទៀតដែលមានវ័យចាស់ជាង៧០ឆ្នាំ ជាមួយនឹងករណីលើកលែងមួយចំនួន។ លោកក៏បានអំពាវនាវសារជាថ្មីទៀតឲ្យមានកិច្ចសន្ទនានយោបាយថ្នាក់ជាតិមួយ។
ចលនា Bundu dia Kongo ឬ BDK បានហៅខ្លួនឯងថា ជាចលនាសាសនាធ្វើយុទ្ធនាការទាមទារស្វ័យភាពកាន់តែខ្លាំងឡើងសម្រាប់តំបន់ Bas Congo នៅភាគនិរតីនៃប្រទេសកុងហ្គោ។ មេដឹកនាំរបស់ក្រុមនេះលោក Ne Muanda Nsemi អះអាងថា ខ្លួនបានដើរតាមការណែនាំរបស់ព្រះ។
អ្នកគាំទ្រមេដឹកនាំរូបនេះមួយចំនួន ដែលមានកាន់ដុំថ្ម និងដំបង បានប៉ះទង្គិចជាមួយនឹងកងកម្លាំងសន្តិសុខកាលពីដើមឆ្នាំ២០០៨។ អង្គការសិទ្ធិមនុស្ស Freedom House បាននិយាយថា សមាជិកចលនា BDK ប្រមាណ១០០នាក់បានស្លាប់នៅពេលនោះ ហើយមនុស្ស១៥០នាក់ទៀតត្រូវបានចាប់ខ្លួន។
នាពេលថ្មីៗនេះ លោក Ne Muanda Nsemi គាំទ្រផែនការរបស់លោកប្រធានាធិបតី Joseph Kabila សម្រាប់កិច្ចសន្ទនានយោបាយ ហើយបានអំពាវនាវឲ្យមានការលើកលែងទោសដល់ទណ្ឌិតដែលជាសមាជិកចលនា BDK របស់ខ្លួន ដែលឥឡូវនេះត្រូវបានសម្រេចដូចបំណងហើយ។ លោក Kabila ក៏បានលើកលែងទោសដល់ទណ្ឌិតដែលមានវ័យលើស៧០ឆ្នាំផងដែរ លើកលែងតែទណ្ឌិតដែលប្រព្រឹត្តបទល្មើសដូចជា ឧក្រិដ្ឋកម្មសង្រ្គាម អំពើពុករលួយ ការរំលោភផ្លូវភេទ និងការគំរាមកំហែងដល់សន្តិសុខជាតិ។
នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិនៅល្ងាចមុនថ្ងៃចូលឆ្នាំសកល លោក Kabila បានសង្កត់ធ្ងន់ពីឆន្ទៈរបស់លោកក្នុងការរៀបចំកិច្ចសន្ទនានយោបាយនៅក្នុងឆ្នាំ២០១៦។
«តាមរយៈកិច្ចសន្ទនានយោបាយ យើងត្រូវតែឈានទៅរកការមូលមតិគ្នាមួយទៅលើចម្ងល់ផ្សេងៗដើម្បីបង្កើតគោលការណ៍ថ្មីមួយសម្រាប់ការបោះឆ្នោតនាពេលខាងមុខ»។
លោក Augustin Kabuya អ្នកនាំពាក្យរបស់គណបក្សប្រឆាំងដ៏ធំបំផុត ឈ្មោះ UPDS របស់ប្រទេសនេះបានបញ្ចេញទស្សនៈចំពោះសុន្ទរកថាលោក Kabila។
លោកថា គំនិតទាំងនេះគឺល្អហើយ ប៉ុន្តែនៅពីក្រោយនោះ មានរបៀបវារៈសម្ងាត់មួយ ហើយគណបក្សសហជីពសម្រាប់ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម (UDPS) របស់លោកមិនអាចចូលរួមនៅក្នុងកិច្ចសន្ទនានេះ ដើម្បីឲ្យតែមានកិច្ចសន្ទនាអញ្ចឹងទេ។ លោកថា «យើងមិនអាចលាក់បាំងអ្វីដែលកំពុងកើតឡើងនោះទេ។ ពលរដ្ឋកំពុងត្រូវបានគេចាប់ខ្លួន ហើយត្រូវបានកាត់ទោសយ៉ាងអយុត្តិធម៌។ តើយើងអាចទុកចិត្តលើរបបបែបនេះគ្រប់គ្រាន់រហូតដល់អាចចូលរួមនៅក្នុងកិច្ចសន្ទនាបានដែរឬយ៉ាងណា?»។
លោក Kabuya បានចោទជាសំណួរថាតើ ការលើកលែងទោសដែលបានសន្យានោះអាចនឹងកើតឡើងដែរ ឬទេ។
គណបក្សប្រឆាំងបានចោទប្រកាន់លោក Kabila ថា ការអំពាវនាវឲ្យមានកិច្ចសន្ទនានេះគឺដើម្បីអាចកាន់អំណាចបានកាន់តែយូរលើសអាណត្តិចំនួនពីរ ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ។ អាណត្តិរបស់លោកនឹងត្រូវផុតនៅខែធ្នូ ឆ្នាំក្រោយ។
អ្នកវិភាគនយោបាយលោក Felicien Kabamba បានប្រាប់សារព័ត៌មានក្នុងស្រុកនាពេលថ្មីៗនេះថា ពលរដ្ឋកុងហ្គោភ័យខ្លាចចំពោះអ្វីដែលអាចនឹងកើតឡើងនៅក្នុងឆ្នាំ២០១៦។
លោកនិយាយថា ប្រមុខរដ្ឋបានធានាដល់ពលរដ្ឋហើយថា នឹងមិនមានការបង្ហូរឈាមណាមួយនោះទេ ប៉ុន្តែពលរដ្ឋក៏នៅតែរំពឹងឲ្យលោកនិយាយរឿងមួយចំនួនពីផែនការនាពេលអនាគតរបស់ខ្លួនលោក បន្ទាប់ពីខែធ្នូ ឆ្នាំក្រោយ។ ផ្ទុយទៅវិញ លោកមិនបានលើកឡើងពីផែនការអ្វីទាំងអស់៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ