ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអប់រំ​កងទ័ព​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ឈានចូល​​​ដំណាក់​កាល​ថ្មី


កងទ័ព​កុងហ្គោ
កងទ័ព​កុងហ្គោ
ដោយ Nick Long
កងទ័ព​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ (Democratic Republic of Congo) មាន​ពាក្យស្លោក​ថ្មី​មួយ​គឺ​ ឡូប៊ី ម៉ូកូឡូ យ៉ាស៊ីកា (Lobi Mokolo Ya Sika) ដែល​មាន​ន័យ​ថា ថ្ងៃស្អែក​គឺជាថ្ងៃថ្មី។ នោះជា​ឈ្មោះរបស់កម្មវិធី​អប់រំ​ថ្មី​មួយ ដើម្បី​បង្រៀន​ទាហានអំពី​សិទ្ធិមនុស្ស និង​ការធ្វើឱ្យទំនាក់​ទំនង​ជាមួយ​ជនស៊ីវិល​មាន​ភាព​ប្រសើរ​ឡើង​។
ការប្រគុំ​បទភ្លេងនៅបណ្ឌិត្យ​សភា​យោធា​ បានបង្ហាញ​ពីការ​ចាប់​ផ្តើម​នៃផែនការ​យុទ្ធនាការ​អប់រំ​រយៈពេល​បីថ្ងៃ​មួយ ដើម្បី​ធានា​ឱ្យប្រាកដថា គ្រប់​អង្គភាពទាំងអស់​នៅ​ក្នុង​ជួរកងទ័ពកុងហ្គោ ត្រូវបាន​បង្រៀន​អំពី​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​និង​ច្បាប់​សង្រ្គាម។
ក្រុមប្រទេសផ្តល់​ជំនួយ​បាន​ផ្តល់​ថវិការ​ទៅក្នុង​ការបណ្តុះបណ្តាល​ស្តីអំពី​សិទ្ធិមនុស្ស សម្រាប់​កងទ័ព​របស់​កុងហ្គោ នៅក្នុង​រយៈ​ពេល​៥ឆ្នាំ​កន្លង​មក​ហើយ។ កម្មវិធី​ពិសេសនេះ​កំពុង​ត្រូវបាន​ធ្វើ​ឡើង​ដោយ​កងយោធា ដោយមាន​ជំនួយ​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ដែល​មាន​ឈ្មោះថា អង្គការ​ស្វែងរកមូលដ្ឋានរួម (Search for Common Ground) ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។
លោក ឌ័ក វ៉ាន់កូច (Dirk Van Koch) នាយក​នៃ​អង្គការ​ស្វែងរក​មូលដ្ឋាន​រួម នៅប្រទេសកុងហ្គោ ថ្លែង​ថា នៅតែ​មាន​កិច្ចការ​ដែល​ត្រូវធ្វើ​បន្តទៀត។
«រដ្ឋាភិបាលបាន​ធ្វើដំណើរ​យ៉ាង​វែង​ឆ្ងាយមួយ ហើយ​យើង​បាន​ជួយ​ពួកគេ​ជាមួយនឹង​ការបណ្តុះបណ្តាល។ តើ​យើង​បាន​បញ្ចប់​កិច្ចការ​នោះ​ហើយ​ឬនៅ? មិនទាន់​ទេ។ ហេតុ​នេះហើយ ​យើង​កំពុង​បន្ត​ការបណ្តុះបណ្តាល។ ហើយ​ជាពិសេស​អ្វី​ដែល​យើង​មើលឃើញនោះគឺថា មាន​ក្រុម​ថ្មី​ជាបន្តបន្ទាប់​មកទៀត ដែល​ត្រូវបាន​ចូល​ទៅក្នុង​កង​ទ័ព។ ជារឿយៗ កងទ័ព​ថ្មី ត្រូវបាន​ជ្រើសរើសចេញមកដោយគ្មាន​ការអប់រំ​ទេ​ ហើយ​នេះគឺជា​អ្វី​ដែលយើងនឹង​ផ្តោត​ការយកចិត្ត​ទុកដាក់»។
លោក វ៉ាន់កូច កំពុង​និយាយ​អំពី​អតីត​កង​ជីវពល។​ ជារឿយៗ ក្មេង​ប្រុស ត្រូវ​បាន​ជ្រើសរើស ដែល​មាន​វ័យ​ក្មេងនៅឡើង ពីសំណាក់ក្រុម​ប្រដាប់​អាវុធ​ជាច្រើន នៅ​ភាគ​ខាង​កើតនៃប្រទេស កុងហ្គោ។
អង្គការ​ស្វែងរក​មូលដ្ឋាន​រួម បាន​ថត​សក្ខីកម្ម​របស់​អតីតកងជីវពល។ ឧទាហរណ៍ បុរស​វ័យ​ក្មេង​មួយ​រូប​ បាន​ឆ្លើយ​បំភ្លឺ​ថា ក្រុមរបស់​គាត់បាន​ប្រមូល​សរីរាង្គ​មនុស្ស ហើយ​ថែម​ទាំងបាន​កាត់​សុដន់​របស់​មនុស្ស​ស្រី ដើម្បី​ប្រើប្រាស់​ជាគ្រឿង​មន្តអាគម ដើម្បីការពារខ្លួន​ពី​សត្រូវ។
ស្ថិត​នៅ​ចម្ងាយ​៧០០​ម៉ាល នៅក្នុង​ទីក្រុង ប៊ូនៀ (Bunia) ដែល​ជា​ទីក្រុង​មួយ​នៅភាគ​ខាង​កើត​ប្រទេស កុងហ្គោ ដំណាក់កាល​ថ្មី​មួយ​នៃ​កម្មវិធី​អប់រំ បាន​ចាប់ផ្តើម​រួច​ហើយ។
វរេសនីយឯកនៃកងទ័ព​កុងហ្គោ មួយនេះ កំពុង​តែ​បង្រៀន​ក្រុម​មន្រ្តី​យោធា ដែល​នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅអង្គភាពរបស់​ពួកគេ​វិញ ដោយ​មាន​ការណែនាំ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​អំពី​សិទ្ធិមនុស្ស។ លោក​និយាយ​ថា ត្រូវ​ចងចាំថា​ អ្នក​ទាំងអស់​គ្នា​នឹង​និយាយជាមួយកងទ័ព និងក្រុមមន្រ្តី​យោធា ដែល​មិនដែល​បានឮ​អំពី​សិទ្ធិ​មនុស្ស​ឬ​ច្បាប់​សង្រ្គាម។
សូម្បី​តែ​ជាមួយនឹង​ក្រុម​មន្រ្តី​យោធា​នេះ លោក​វរេសនីយឯកបាន​គិតថា វាមាន​តម្លៃ​នៅក្នុង​ការលើកឡើង​ថា វា​ប្រឆាំង​ទៅនឹង​ច្បាប់​សង្រ្គាម​ចំពោះ​ការកាត់​អវៈយវៈ​ណាមួយ​របស់​សាកសព។
ការរំលោភ​បំពាន​ជាទូទៅ​កាន់​តែ​ច្រើន​ ដែល​ជនស៊ីវិល​ជួប​ប្រទះពីសំណាក់កងទ័ព គឺ​ការលួចឆក់ប្លន់។ លោក​វរសេនីយឯកផ្តល់​ការបង្ហាញអំពី​របៀប​ដែល​កងទ័ព​បំភិតបំភ័យ​ជនស៊ីវិល។
លោក​ស្រែក​ឡើងថា​ «ហ្អេ ចុះ​មកក្រោម មនុស្ស​ទាំងអស់​ដែល​នៅ​ខាងលើនេះ​ហើយ​។ ពួក​អ្នក​ឯងជា​ឧក្រិដ្ឋជន។ ពួកឯង​ត្រូវតែ​ឱ្យសត្វ​ពពែ​មក​យើង។ បើមិន​អញ្ចឹង​ទេ ពួកយើង​នឹង​កាត់​ក្បាល​ពួកឯង​ចោល»។ លោក​វរសេនីយឯក​និយាយ​ថា វិធីសាស្រ្ត​ទាំងអស់​នេះ​មិនត្រូវបាន​អនុញ្ញាត​ទេ នៅក្រោមច្បាប់​នៃ​ការប្រព្រឹត្តរបស់​កងទ័ព។
វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ គ្រប់ដណ្តប់​ទៅលើក្រម​នៃការ​ប្រព្រឹត្ត​របស់​កងទ័ព ដែល​រាប់ចាប់តាំង​ពី​របៀប​នៃ​ការជៀសវាងការ​បង្ក​ការ​ខូចខាត​ដល់​ជនស៊ីវិល​ដោយ​អចេតនា​ រហូតដល់ការបញ្ឈប់​អំពើ​ហិង្សា​ផ្លូវភេទ។ នៅក្នុង​ម៉ោង​សិក្សា​មួយ ក្រុមទាហានទស្សនាខ្សែភាពយន្ត​មួយ​ស្តីអំពី​កុមារី​ម្នាក់ ដែល​ត្រូវបាន​រំលោភដោយ​មនុស្ស​មួយក្រុម ហើយ​ទទួល​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ។ ឥឡូវ​នេះ នាង​ខូច​ប្រដាប់​បន្ត​ពូជ​ ហើយ​មិនអាច​មាន​កូន​បានឡើយ។ ក្រុមមន្រ្តី​យោធា​ត្រូវបាន​សួរ​ឱ្យ​ស្រមៃ​មើល ថាតើ​ពួកគេ​មានទឹកចិត្តយ៉ាង​ដូចម្តេច​ ប្រសិន​បើ​ពួកគេ​ ជា​ប្តី​ឬ​ជា​ឪពុក​របស់​ក្មេង​ស្រី​នោះ​វិញ។
ការ​ផ្សព្វផ្សាយ​ជាសាធារណ​ស្តី​ពីអំពើហិង្សាផ្លូវ​ភេទ ពីសំណាក់ក្រុម​ប្រដាប់​អាវុធ​នៅប្រទេស កុងហ្គោ គឺជា​មូលហេតុ​ចម្បង​មួយ ដែល​វគ្គ​បណ្តុះបណ្តាលទាំងនេះ​ត្រូវបាន​រៀបចំឡើង។ ក្រុម​យោធា​ក៏មាន​ជាប់​ទាក់ទងទៅ​នឹងស្ថិតិកម្រិតខ្ពស់​ដ៏គួរឱ្យ​តក់ស្លុត​ស្តីពី​ការ​ចាប់​រំលោភរបស់​ប្រទេស​នេះ ដោយ​ជំរុញ​ឱ្យ​លោកប្រធានាធិបតី ចូស្សេហ្វ កាប៊ីឡា (Joseph Kabila) ប្រកាស​អំពីគោល​នយោបាយ​នៃ​គ្មាន​ការអត់ឱនចំពោះ​ជនល្មើសផ្នែក​ផ្លូវភេទ​នៅក្នុង​ជួរយោធា។
លោក​វរេសនីយត្រី ចូស្សេហ្វ អ៊ីលុងហ្គា (Joseph Ilunga) អនុព័ន្ធយោធាទទួល​បន្ទុក​សារព័ត៌មាន ប្រាប់​វីអូអេ​ថា ការរំលោភ​ផ្លូវ​ភេទ​ពីសំណាក់កងទ័ព ​មិនអាច​ការពារ​បាន​ទេ។
លោក​និយាយ​ថា នៅក្នុង​ច្បាប់​របស់ កុងហ្គោ មិនមាន​ការអភ័យ​ទោស​ចំពោះ​អំពើហិង្សាផ្លូវភេទ​ពីសំណាក់កងយោធាទេ ហើយ​ទំនៀម​ទម្លាប់​របស់​ប្រទេស កុងហ្គោ បាន​ហាមប្រាម​អំពើ​នេះទៀត​ផង។
ក្រៅពី​ការជួយ​ពាំនាំសារ​នេះ អង្គការស្វែងរក​មូលដ្ឋាន​រួម ​ធ្វើការដើម្បីធានា​ឱ្យប្រាកដថា អំពើ​ហិង្សា​ផ្លូវ​ភេទ​និងបទ​ឧក្រិដ្ឋកម្ម​ផ្សេងៗទៀត ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​យោធា នឹង​ត្រូវបាន​រាយការណ៍។
លោក វ៉ាន់កូច និយាយ​ថា អង្គការ​របស់​លោក​បាន​ជួយ​បង្កើត​និង​បណ្តុះបណ្តាល​គណកម្មាធិការ​នៃ​ក្រុម​មន្រ្តី​យោធា​ ដើម្បី​ត្រួត​ពិនិត្យ​មើល​បទល្មើស​ដែល​ប្រព្រឹត្ត​ឡើង​ដោយក្រុម​ទាហាន។
«យើង​បណ្តុះ​បណ្តាល​ពួកគេឲ្យ​ចេះស៊ើប​សួរ​ នៅពេល​ដែល​កងទ័ព​របស់​ពួកគេ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ទាំងឡាយ ហើយ​ពួកគេ​នឹងមិន​ព្យាយាម​លាក់បាំង​អំពើ​ទាំងនោះ​ទេ។ ការ​លាក់​បាំង​នេះ​ធ្លាប់​តែ​ជា​ការអនុវត្តកាល​ពីអតីតកាល។ ប៉ុន្តែ ពួកគេ​នឹង​បរិហារ​អំពើ​បែបនេះ​នៅ​ចំពោះមុខ​តុលាការ​យោធា»។
អង្គការ​ស្វែងរក​មូលដ្ឋាន​រួម មាន​ផែនការ​បញ្ចូល​ជនស៊ីវិល​ទៅក្នុង​គណកម្មាធិការ​នេះ ដើម្បី​ធ្វើឱ្យ​ពួកគេ​កាន់​តែ​មាន​ការ​ឆ្លើយតប​លឿន​ជាងមុន។
យុទ្ធសាស្រ្ត​បែប​នេះ​កំពុង​ចាប់ផ្តើមផ្តល់​លទ្ធផលហើយ។
បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស កុងហ្គោ ដែល​ហៅកាត់​ជាភាសា​អង់គ្លេស​ថា MONUSCO បានឲ្យ​ដឹងថា នៅក្នុង​រយៈពេល​មួយ​ឆ្នាំ​រហូត​ដល់ខែ​កក្កដា​មុន មានការ​កាត់ទោស​ទាហាន​ឬ​ប៉ូលីស​ចំនួន​២២៤​នាក់របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ អំពីការរំលោភបំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ប្រហែល​ជា​ពាក់កណ្តាល​នៃ​រឿង​ក្តី​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធទៅនឹង​អំពើ​ហិង្សា​ផ្លូវ​ភេទតែម្តង។
ប៉ុន្តែ មាន​តែ​២០​ភាគរយ​នៃ​ការរំលោភ​បំពានទេ ​ដែល MONUSCO បានដឹង ​ហើយត្រូវបាន​នាំ​យក​ទៅកាត់​ទោស។ ហើយ​វាមិនទាន់​ច្បាស់​នៅឡើយ​ទេ​ថាតើពួកគេ​ពិត​ជា​ទទួល​ទោស​ត្រឹម​កម្រិត​ណា បន្ទាប់​តុលាការ​យោធា​កាត់​ឲ្យ​ជាប់​ទោសនោះ៕
ប្រែ​សម្រួលដោយ ឌី ខាំបូលី
XS
SM
MD
LG