ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បដិវត្តន៍​អារ៉ាប់​​ធ្វើ​​ឲ្យ​​កើន​ឡើង​​តួលេខ​​​ប្រជាពលរដ្ឋ​ដែល​បាត់​បង់​ទីជម្រក​នៅ​​ក្នុង​​ប្រទេស​

  • Lisa Schlein

ភាព​តានតឹង​នៅ​ស៊ីរី​កាន់​តែ​ខ្លាំង​ឡើង បើ​ទោះ​ជាមាន​វត្តមាន​អ្នក​សងេ្កតការ​អង្គការ​សហប្រជាជាតិ​ក៏ដោយ។

របាយការណ៍​ថ្មី​មួយ​របស់ក្រុម​ប្រឹក្សា​ជន​ភៀស​ខ្លួន​នៃ​ប្រទេស​ណរវែស (Norwegian Refugee Council) បាន​បង្ហាញ​ថា មនុស្ស​ចំនួន២៦.៤​លានត្រូវបាត់បង់ទី​ជម្រក​នៅ​ក្នុង​ប្រទេស​ដោយ​សារ​ជម្លោះជុំវិញ​ពិភពលោក កាល​ពី​ឆ្នាំ​មុន។ របាយការណ៍​នេះ បញ្ជាក់ថា ការងើប​បះបោរនៅ​ក្នុង​បដិវត្តន៍​អារ៉ាប់ ​គឺ​ជា​កត្តា​សំខាន់​មួយ​ ចំពោះ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​សម្រាប់ប្រជាពលរដ្ឋដែល​បាន​បណ្តេញ​ពីផ្ទះ​សម្បែងរបស់​ពួកគេ នៅ​ក្នុង​ឆ្នាំ​២០១១។

របាយការណ៍​នេះ ​បង្ហាញ​ថា ​ប្រជាពលរដ្ឋចំនួន​៣.៥​លាន​ ត្រូវ​បាត់​បង់​ទីជម្រក នៅ​ឆ្នាំ​២០១១។ តួលេខ​នេះ ​មានចំនួន២០​ភាគរយលើស​ពីឆ្នាំ​២០១០។ នៅក្នុង​តួលេខទាំងនេះ​ របាយការណ៍​នេះ​ ក៏​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋចំនួន​៨សែន ៣ម៉ឺននាក់ ​បានគេចចេញ​ពី​ផល​ប៉ះពាល់នៃ​បដិវត្តន៍​អារ៉ាប់។

អ្នក​ស្រី ខេត ហាហ្វ (Kate Halff) អ្នកសរសេររបាយការណ៍​នេះ មាន​ប្រសាសន៍​ថា​ ជន​ជាតិ​ស៊ីរី​ចំនួន​២សែន​៣ម៉ឺននាក់​ ត្រូវ​បាន​បង្ខំឲ្យចាក​ចេញ​ពីលំនៅ​ដ្ឋាន​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ចាប់​ពី​ពេល​កើត​ឡើង​នូវ​វិបត្តិ​នាពេល​សព្វថ្ងៃ​នេះ កាល​ពីឆ្នាំ​មុន។ អ្នក​ស្រី​ ថ្លែង​ទៀតថា ​មជ្ឈមណ្ឌល​វាយតម្លៃការ​បាត់​បង់​ទីលំនៅ​ក្នុងប្រទេស​ (Internal Displacement Monitoring Center) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ជន​ភៀស​ខ្លួន​នៃ​ប្រទេស​ណ័រវែស នៅ​ឆ្នាំ​១៩៩៨ បាន​តាម​ដាន​ស្ថាន​ភាព​នៃ​ការ​បាត់ទី​លំនៅ​ នៅស៊ីរី ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ។

«ការ​បាត់​បង់​ទីលំនៅកាលពីពេលថ្មី​ៗ​នេះ បាន​បន្ថែមពីលើការ​បាត់​បង់​ទីលំនៅដែល​មានជាយូរមកហើយ នៅ​ក្នុង​ប្រទេស។ មុនពេល​មានការងើប​បះបោរនៅឆ្នាំ​២០១១ ប្រជាពលរដ្ឋជាង​៤សែននាក់ ​បាន​រស់​នៅ​ជាជន​ភៀសខ្លួនក្នុង​ប្រទេស​ ​នៅ​ប្រទេស​ស៊ីរី ហើយ​ពលរដ្ឋ​ខ្លះ​បាត់​បង់ទី​លំនៅ​អស់​រយៈពេល​ជាង​៤០ឆ្នាំមកហើយ។ ប្រសិន​ជា​អ្នកបូកបន្ថែមតួលេខនៃ​ជនបាត់បង់​ទីលំនៅ ​កាលពី​ជាង១២​ខែមុន​ ប្រទេស​ស៊ីរី​ បាន​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​ស្ថានភាពបាត់​បង់ទីលំនៅ​ច្រើន​ជាង​គេបង្អស់នៅ​ក្នុង​ពិភព​លោក។»

របាយការណ៍​នេះ​ ដកស្រង់អំពីការ​បាត់​បង់​លំនៅ​ដ្ឋាន​ទ្រង់​ទ្រាយ​ធំ​ដទៃ​ទៀត ​នៅក្នុង​ឆ្នាំ​២០១១ ក្រៅពី​ការបាត់​បង់​លំនៅ​ដ្ឋាន​ដែលបណ្តាល​មក​ពី​បដិវត្តន៍​អារ៉ាប់។ របាយ​ការណ៍នេះបង្ហាញ​ថា តួលេខ​នៃការ​បាត់​បង់​លំនៅ​ដ្ឋាន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន(Afghanistan) មានចំនួន៨០​ភាគ​រយ​ច្រើន ខ្ពស់ជាង​ឆ្នាំ​មុន នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​បាន​រាល​ដាលចូល​ក្នុង​តំបន់​ថ្មី​ របស់ប្រទេស​នេះ។

ពលរដ្ឋ​តវ៉ា​នៅ​ទីក្រុងឡឺគែរ អេហ្ស៊ីប។
ពលរដ្ឋ​តវ៉ា​នៅ​ទីក្រុងឡឺគែរ អេហ្ស៊ីប។

របាយការណ៍​នេះ​ បានឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រហូតដល់មួយ​លាន​នាក់​នៅ​ប្រទេស កូតឌីវ័រ (Ivory Coast) ​ត្រូវ​បាន​ធ្វើឲ្យបាត់​បង់​ទីលំនៅនៅ​ក្នុង​ប្រទេស​ នៅ​ដើម​ឆ្នាំមុន​ បន្ទាប់​ពីអំពើ​ហិង្សា​ ដែល​បង្កឡើង​ដោយការ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតីប្រកប​ជម្លោះ។ ទោះ​បី​ជាស្ថិរភាព​របស់​ប្រទេស​ ​បានត្រឡប់ទៅ​រក​ប្រទេ​សនេះវិញក៏ដោយ​ របាយការណ៍នេះបាន​បង្ហាញ​ថា ការ​បាត់​បង់​ទីជម្រកបន្តកើត​មាន​ដោយ​សារ​តែ​វិបត្តិ​ក្នុង​ស្រុក ​នៅ​ភាគភាគ​កណ្តាលនិង​ភាគ​ខាង​លិច​នៃ​ប្រទេស​កូតឌីវ័រ។

របាយការណ៍​នេះ​ បញ្ជាក់​ដែរថា ​ប្រជាពលរដ្ឋរាប់សែននាក់ ​ត្រូវបង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស​ស៊ូដង់ និង​ស៊ូ​ដង់​ខាង​ត្បូង​ដែល​ទើប​តែ​ទទួលបានឯករាជ្យ ដោយ​សារ​តែ​កងកម្លាំង​ប្រដាប់​អាវុធ ដែលប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​។

ការ​បាត់​បង់​ទីជម្រក​ទ្រង់​ទ្រាយធំនៅក្នុង​ប្រទេស ក៏​បាន​កើត​ឡើង​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) និង​ប្រទេសសូម៉ាលី(Somalia) ​ដែល​ប្រជាពលរដ្ឋបាន​ស្លាប់ដោយ​សារភាពអត់​ឃ្លានដែល​បណ្តាលមក​ពី​គ្រោះ​រំាង​ស្ងួតនិង​ទុរភិក្សនៅ​ក្នុង​តំបន់៕​

ប្រែសម្រួល​ដោយ សៀក អេង

XS
SM
MD
LG