ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្សប្រឆាំង​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ជំទាស់​នឹង​ការ​ដក​យុវជន​ចេញ​ពី​ការ​បោះឆ្នោត


ផែនទី​បង្ហាញ​ភូមិសាស្ត្រ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។
ផែនទី​បង្ហាញ​ភូមិសាស្ត្រ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

គណបក្ស​ប្រឆាំង​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ បាន​ប្រកែក​តវ៉ា​នឹង​ដំណើរ​ការ​បោះឆ្នោត​អស់​រយៈពេល​ជាច្រើន​ខែ រហូត​ដល់មាន​ការស្លាប់​មនុស្ស​នៅ​ក្នុង​ខែមករា។ បើ​យោង​ទៅ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សបាន​ឲ្យ​ដឹង​ថា​ ​មាន​មនុស្ស​យ៉ាង​តិច​៤០​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នៅ​តាម​ដង​ផ្លូវ​។​ រដ្ឋាភិបាល​បាន​បដិសេធ​នឹង​តួ​លេខ​នោះ​ ហើយ​និយាយ​ថា​មាន​មនុស្ស​តែ​ជាង​១០​នាក់ប៉ុណ្ណោះ​បាន​ស្លាប់។

ការ​បាតុកម្ម​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រកាស​អំពី​កាលបរិចេ្ឆទ​បោះឆ្នោត​មួយ​ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ ក្រុម​សកម្មជន​ប្រឆាំង​បាន​ធ្វើការ​តវ៉ា​នឹង​ថ្ងៃ​ដែល​បាន​កំណត់​សម្រាប់​ការបោះឆ្នោត​ក្នុង​តំបន់​និង​តាម​ខេត្ត​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​ពួកគេ​និយាយ​ថា​ វា​ឆាប់​រហ័ស​ពេក។ ពួក​គេ​និយាយ​ថា ក្រុម​ដឹក​ជញ្ចូន​មិន​ទាន់​មក​ដល់​កន្លែង​ ហើយ​មាន​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ជាច្រើន​នឹង​ត្រូវ​ដក​ចេញ។

លោក​ Christian Badosse អ្នក​នាំ​ពាក្យ​ក្នុង​តំបន់​របស់​គណបក្ស​ ការ​ចូលរួម​ដើម្បី​ភាព​ជាពលរដ្ឋ​និងលទ្ធិ​ប្រជាធិតេយ្យ​ (Engagement for Citizenship and Democracy party) បាន​ថ្លែងនៅ​ឯ​កិច្ចប្រជុំ​ជា​សាធារណៈ​មួយ​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ Goma ថា​ កាល​បរិច្ឆេទ​ថ្មី​នោះ​គឺ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ទេ។

លោក​និយាយ​ថា​ នេះ​គឺ​ដោយសារ​តែ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់ថា ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​មាន​សិទ្ធិ​បោះ​ឆ្នោត។

យោង​តាម​ការ​ប្រកាស​អំពី​កាលបរិច្ឆេទ​ដោយ​ប្រធាន​គណៈកម្មាការ​បោះឆ្នោត​ លោក​ Abbe Appollinaire Malu Malu បាន​ឲ្យ​ដឹង​ថា ​ការ​បោះឆ្នោត​ក្នុង​តំបន់​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​យោង​តាម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ​២០១១ ហើយ​អ្នក​ដែល​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​មិន​អាច​បោះ​ឆ្នោត​ឡើយ។

ដូច​អ្វី​ដែល​លោក​ Badosse បាន​ចង្អុល​បង្ហាញ​រួច​ហើយ ការ​ដក​ចេញ​គឺ​ធ្វើ​ទៅ​លើ​មនុស្ស​ដែល​មានអាយុ​ក្រោម​១៨​ឆ្នាំ​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែឥឡូវនេះ ​ពួក​គេមាន​អាយុរវាង​១៨​ទៅ​២២​ឆ្នាំ​ហើយ។

លោក​បាន​ប្រាប់​ហ្វូង​មនុស្ស​ជាច្រើន​ថា​ ថ្មី​ៗ​នេះ​ មាន​ជនជាតិ​កុងហ្គោ​ជា​ច្រើន​បាន​ស្លាប់​ដើម្បី​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត។

លោក​បាន​ប្រាប់អ្នក​ស្តាប់​ដែល​ភាគច្រើន​មានវ័យ​ក្មេងថា​ «អ្នក​បាន​ដាក់​សម្ពាធ​នៅ​តាម​ផ្លូវ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​១៩​ដល់​២២»​ ហើយ​ថា​ វា​អាច​នឹង​មាន​ជន​ជាតិ​កុងហ្កោ​ជាច្រើន​ស្លាប់​ក្នុង​ការ​បាតុកម្ម​ទាំង​នោះ។

លោក​ Badosse បាន​ស្នើ​ឲ្យ​មាន​ការ​បញ្ជាក់​អំពី​ចំនួន​អ្នក​ស្លាប់​ជាង​៤០​នាក់​ ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បញ្ចេញ។

លោក​និយាយ​ថា​ នៅ​ពេល​នេះ ​មាន​ការ​សាកសួរ​អំពី​សាកសព​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​បញ្ចុះ​សព​ Maluku ក្បែរ​តំបន់​ Kinshasa។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ​ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ សាកសព​ជាង​៤០០​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រណ្តៅ​កប់​សព​រួម​នៅ​ឯ​ Maluku។ លោក​ឧបនាយករដ្ឋ​មន្រ្តី​បាន​និយាយ​ថា​ សាកសព​ទាំង​នោះ​ គឺ​ជា​សព​ទុគ៌ត​ជន​និង​ក្មេង​ដែល​ស្លាប់​ពេល​នៅ​ជា​ទារក។

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ នឹង​មាន​ការ​ស៊ើបអង្កេតរបស់​តុលាការ​អំពី​ស្ថាន​ភាពនៅ​ជុំវិញ​ផ្នូរសព​នោះ។

បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្កោ​ បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​នោះ​ ហើយ​និយាយ​ថា​ ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នឹង​ចូលរួម​អម​ដំណើរ​ការ​ស៊ើប​អង្កេត​នោះ។

ការ​ជួប​ប្រជុំ​របស់​គណបក្ស ECIDE ត្រូវ​បាន​ប៉ូលីស​បញ្ឈប់​ បន្ទាប់​ពីបាន​ចាប់​ផ្តើម​អស់​រយៈពេល​១០​នាទី។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម​បាន​និយាយ​ថា៖​ «ខ្ញុំ​ដឹង​ថា​ប៉ូលិស​នឹង​មក​»។ តែ​គ្មាន​ការ​ចាប់​ខ្លួន​និង​អំពើ​ហិង្សាកើត​ឡើង​ទេ៕

ប្រែ​សម្រួល​ដោយ​៖ នូវ​ ពៅ​លក្ខិណា​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG