ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនិត​ផ្តួច​ផ្តើម​ថ្មីត្រូវ​បាន​អនុវត្ត​ដើម្បី​ការ​ពារ​ទាហាន​កុមារ


​វាមាន​រយៈពេល​ជាង​​​មួយ​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​​បាន​បញ្ចប់​នៅក្នុង​​ប្រទេស សេរ៉ាឡេអូន (Sierra Leone)។
​វាមាន​រយៈពេល​ជាង​​​មួយ​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​​បាន​បញ្ចប់​នៅក្នុង​​ប្រទេស សេរ៉ាឡេអូន (Sierra Leone)។
ដោយ Nina deVries
​វាមាន​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិលបាន​បញ្ចប់​នៅក្នុងប្រទេស សេរ៉ាឡេអូន (Sierra Leone)។ នៅក្នុង​អំឡុង​ពេល​សង្គ្រាម​ មនុស្ស​ចំនួន​៥ម៉ឺន​នាក់ត្រូវ​បាន​សម្លាប់​និង​មនុស្ស​រាប់​លាន​នាក់​បាត់​បង់​ទីជម្រក។ ទាហាន​កុមារបាន​ដើរតួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ជម្លោះ​នោះ ខណៈដែល​ក្រុម​ឧទ្ទាម​បាន​ជ្រើស​រើសកុមារ​ដើម្បី​កាន់​អាវុធ ​ប្រយុទ្ធ​ និង​ត្រូវ​បាន​ប្រើ​ប្រាស់ជា​ទាសករ​ផ្លូវភេទ​ និង​គិញ​សម្ងាត់។ ឥឡូវនេះ​ ក្រុម​អង្គការ​មិន​រក​ប្រាក់​ចំណេញ​កំពុង​ព្យាយាម​ជួយ​ឲ្យ​ប្រទេស សេរ៉ាឡេអូន មានការផ្លាស់​ប្តូរ​មុខ​មាត់របស់​ខ្លួន និង​ក្លាយ​ទៅជាអ្នក​ដឹកនាំនៅ​ក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ការ​ប្រើប្រាស់​ទាហាន​កុមារ​នៅ​ទ្វីប​អាហ្វ្រិក។ Nina deVries រាយការណ៍​សម្រាប់​ព័ត៌មាន​របស់វីអូអេ ពីទីក្រុង ហ្វ្រីថោន (Freetown)។​
អាដាម៉ា​ (Adama) ដែលមាន​វ័យ​២៧ឆ្នាំ (មិនមែន​ជា​ឈ្មោះ​ពិត​របស់​នាងទេ) ត្រូវ​បាន​ជ្រើសរើសដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ សេរ៉ាឡេអូន ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​នេះ។
«​ពួកគេ​ស្នើសុំ​ឪពុក​ខ្ញុំ​ដើម្បី​រួម​ភេទ​ជាមួយ​ខ្ញុំ ឪពុក​ខ្ញុំ​បដិសេធ។ នៅ​ពេល​គាត់​បដិសេធ ឪពុក​ខ្ញុំ​ត្រូវបាត់បង់​ជីវិត។ ការមើល​ឃើញ​ឪពុករបស់​អ្នក​ត្រូវ​បាន​សម្លាប់យ៉ាង​ឃោរឃៅ​នៅ​ចំពោះ​មុខ​បែប​នេះ​ វាមិន​មែន​ជា​រឿង​ងាយស្រួល​ទេ»។
នៅ​ពេល​នោះ​ ក្រុម​ឧទ្ទាម​បាន​ចាប់​រំលោភ​នាងនៅ​អាយុ​១២​ឆ្នាំ។
អាដាម៉ា​ ថ្លែង​ថា​ នាងបាន​ចំណាយ​ពេល​ពីរឆ្នាំ​នៅ​ជាមួយ​ក្រុម​ឧទ្ទាម ដែល​មានឈ្មោះថា រណសិរ្ស​រួបរួម​បដិវត្តន៍ (RUF)។
នាង​និយាយថា ជាទូទៅ​ នាងបាន​ក្លាយទៅ​ជា​ទាសករ​ផ្លូវភេទ​ជាអចិន្ត្រៃយ៍​សម្រាប់​ពួកគេ​ ប៉ុន្តែ​ប្រពន្ធ​របស់ឧត្តមសេនីយ៍​ត្រីចូលចិត្ត​នាង​ ហើយ​នាង​គ្រាន់តែធ្វើការដាំ​ស្លរ​និង​បោសសម្អាតសម្រាប់​សមាជិក​របស់​ក្រុម​ RUF តែប៉ុណ្ណោះ។
ឬ​ធ្វើ​ជា​គិញ​សម្ងាត់។​
«ដូច្នេះ យើង​គឺ​ជា​អ្នក​ដែល​ពួកគេ​បញ្ជូន​ក្នុង​នាម​ជា​អ្នក​ស៊ើបការណ៍​សម្ងាត់ ដើម្បី​ប្រមូល​ព័ត៌មាន​ឱ្យ​ពួកគេ។ ដូច្នេះ​យើង​ត្រឡប់​មក​វិញ​ហើយ​និយាយថា មាន​ក្រុម​ទាហាន​និង​ប៉ូលីស​ជា​ច្រើន​នៅ​ជុំវិញ​នោះ ហើយ​ពួកគេ​ត្រូវ​ត្រៀមខ្លួដើម្បី​ប្រយុទ្ធ»។
នៅ​ទីបំផុត នាង​អាច​រត់គេចទៅ​កាន់​ប្រទេស ហ្គីណេ (Guinea) ដែល​នៅទីនោះ នាង​បាន​ទទួល​ឋានៈ​ជាជនភៀស​ខ្លួន មុនពេល​វិល​ត្រឡប់មក​ប្រទេស សេរ៉ាឡេអូន ​វិញ នៅ​ពេល​ដែលសង្គ្រាម​បាន​បញ្ចប់។
កុមារ​រាប់ពាន់នាក់​ផ្សេងទៀត​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​ឧទ្ទាម​នៅក្នុង​អំឡុងពេល​សង្គ្រាម​ស៊ីវិល​របស់ សេរ៉ាឡេអូន មាន​រឿងរ៉ាវ​ប្រហាក់​ប្រហែល​គ្នា​អីចឹង​ដែរ នេះ​បើយោង​តាម​អង្គការដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា ដែល​មានឈ្មោះថា គំនិត​ផ្តួចផ្តើមសម្រាប់​ទាហាន​កុមារ រ៉ូម៉ីអូ ដាលែរ (Roméo Dallaire Child Soldiers Initiative)។
អង្គការ​នេះ​ ដែល​ត្រូវ​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ​២០០៨​ដោយ លោក រ៉ូម៉ីអូ ដាលែរ (Roméo Dallaire) ដែល​ជា​ឧត្តមសេនីយ៍​ឯកចូលនិវត្តន៍ និង​អតីត​មេបញ្ជាការកងកម្លាំង​របស់បេសកកម្ម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស រ្វ៉ាន់ដា (U.N. Assistance Mission for Rwanda) បាន​ប៉ាន់ស្មាន​ថា កុមារ​ចំនួន​១ម៉ឺននាក់​បាន​ក្លាយ​ជាជនរងគ្រោះ​នៅ​ក្នុង​កំណែន​យោធា​នៅប្រទេស​ សេរ៉ាឡេអូន។
លោកស្រី សេលី វ៉ាយម៉ាន (Shelly Whitman) គឺ​ជានាយក​ប្រតិបត្តិនៃ​អង្គការ​នេះ។ លោកស្រី​ថ្លែង​ថា​ គំនិតផ្តួចផ្តើម​នេះ​មាន​គោលដៅ​បង្កើត​ការ​បណ្តុះបណ្តាល និងកម្មវិធីអប់រំ ដើម្បីទប់ស្កាត់ការប្រើប្រាស់​ទាហានកុមារ​នាពេលអនាគត។
លោកស្រី វ៉ាយម៉ាន និយាយថា​ អង្គការ​នេះ​មានផែនការ​ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​យោធា​និង​ប៉ូលីស​នៅក្នុង​ប្រទេស សេរ៉ាឡេអូន ក៏ដូចជា​ធ្វើការ​ជាមួយ​ក្រុម​យុវជន​ផងដែរ។
«ដូច្នេះ ការ​បង្រៀន​កុមារ​ថា​ ប្រសិន​បើ​ជម្លោះ​ផ្ទុះឡើង អ្នក​ត្រូវ​ដឹង​ថា អ្នក​អាច​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ក្រុម​ប្រដាប់​អាវុធ។ យើង​បាន​ផ្តល់​យោបល់​របៀប​នេះ ថាតើ​អ្នកត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​គេច​ពីការ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន។ នេះគឺ​ជា​ការ​ចង្អុល​បង្ហាញ​មួយ​ចំនួន​ អំពី​របៀប​គេចចេញពីការ​ចាប់​ខ្លួន»។
លោកស្រី វ៉ាយម៉ាន និយាយថា គំនិត​ផ្តួចផ្តើម​ទាហាន​កុមារ​បាន​បណ្តុះ​បណ្តាល​កងទ័ព​នៅ​ជុំវិញ​ពិភពលោក អំពី​របៀប​ក្នុងការ​ដោះស្រាយ​ជាមួយ​ទាហាន​កុមារ នៅ​ក្នុងសមរភូមិ​ ប៉ុន្តែ​នេះ​គឺជា​លើកទី​មួយហើយ ដែល​អង្គការ​នេះ​កំពុង​សហការ​ដោយ​ផ្ទាល់​ជាមួយ​ប្រទេសមួយ សម្រាប់​កម្មវិធី​នៅទូទាំង​ប្រទេស​នេះ។
«ចុះ​ប្រសិន​បើ​អ្នក​ចាត់​ទុក​កម្មវិធី​នេះថា​ជា​ការបង្កើតជា​គំរូមួយ អំពី​របៀប​ដែល​ពិភពលោក​ទាំងមូល អាច​ទប់ស្កាត់ការ​ប្រើប្រាស់​កុមារ​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ និង​អនុវត្ត​ និង​យកគំរូ​តាម​កម្មវិធីនេះ ដូច្នេះ​វា​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) ឬ សូម៉ាលី (Somalia) ឬបណ្តាញ​ផ្សេង​ទៀត​នៅ​ជុំ​វិញពិភពលោក។
លោក​ កាលីយ៉ា ស៊ីសាយ (Kalia Sesay) គឺ​ជា​មន្ត្រីសម្រាប់​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​ប៉ូលី នៅ​ទីក្រុង​ ហ្វ្រីថោន រដ្ឋធានី​របស់​ប្រទេស​សេរ៉ាឡេអូន។
លោក​និយាយថា ឥឡូវនេះ អតីត​ទាហាន​កុមារ​ជា​ច្រើនត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​សង្គម​វិញហើយ ប៉ុន្តែ​ការ​ស្តារនីតិសម្បទា​ឡើង​វិញ​បន្ថែម​ទៀត ​អាច​បន្តធ្វើ​ថែម​ទៀត។ អតីត​ទាហាន​កុមារមួយ​ចំនួនបាន​បន្ត​រស់​នៅ​ជាមួយ​នឹង​ជីវិត​ញៀនថ្នាំ​និង​អំពើឧក្រិដ្ឋកម្ម។​
«ប្រហែល​ជាមាន​ស៊ុត​ខូច​មួយ​ឬ​ពីរគ្រាប់​ ​ដែល​ត្រូវ​ការ​ការ​ស្តារនីតិ​សម្បទា​ឡើង​វិញ ហើយ​វា​គឺជា​ការ​ព្រួយបារម្ភ​របស់​ក្រុម​ប៉ូលីស ដែល​យើង​ត្រូវ​តែ​ធ្វើ​កិច្ចការ​នេះ»។
កន្លង​មក អាដាម៉ា​ មាន​ការរីករាយ ​ដែល​អង្គការគំនិត​ផ្តួចផ្តើម​នេះ​កំពុង​កើត​ឡើង។ នាងនិយាយថា​ វា​ជា​ការ​លំបាក​នៅក្នុង​ការ​ត្រូវបាន​ទទួល​យក​ចូលទៅក្នុង​ក្នុងសង្គមវិញ ដោយសារ​តែ​អតីតកាល​របស់​នាង។
«នៅ​ពេល​ដែល​រឿងរ៉ាវ​ទាំងនេះ​បាន​កើតឡើង មាន​ស្លាកស្នាម​អាក្រក់​នៅ​ជុំវិញ​យើង។ មនុស្ស​មួយ​ចំនួន​ថែមទាំង​មិន​ហ៊ាន​ចូល​មក​ជិត​យើង និង​ប្រាស្រ័យ​ទាក់ទង​ជាមួយយើង។ ដូច្នេះ​ ខ្ញុំ​គិត ជាមួយ​នឹងកម្មវិធី​នេះ អ្វី​ៗ​នឹង​អាច​ផ្លាស់​ប្តូរ។
គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ប្រតិបត្តិការ​ពេញ​លេញ​នៅ​ក្នុង​ប្រទេស​ សេរ៉ាឡេអូន​ នៅ​ត្រឹម​ខែ​មិថុនា​នេះ៕
ប្រែ​សម្រួល​ដោយ លី សុខឃាង
XS
SM
MD
LG