ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់​ជួប​នឹង​រដ្ឋមន្រ្តី​ក្រុម​ប្រទេស​ចម្រុះ​ដើម្បី​ពិភាក្សា​យុទ្ធសាស្រ្ត​ប្រឆាំង​រដ្ឋ​អ៊ីស្លាម


(ឆ្វេង​មក​ស្តាំ) នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ា់ Haider al-Abadi រដ្ឋ​មន្រ្តី​ការបរទេស​បារាំង​ Laurent Fabius និងឧបការី​ក្រសួង​ការបរទេស​ឧបការី​រង​នៃ​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក Antony Blinken ធ្វើ​សនិ្នសីទ​កាសែត​ បន្ទាប់​ពី​មាន​ការប្រជុំជាមួយ​សមាជិក​នៃ​ក្រុម​ចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។​

លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីរ៉ាក់​ Haider al-Abadiបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កងទ័ព​ដែល​គាំទ្រ​រដ្ឋាភិបាល ​មិន​បាន​ទទួល​ការគាំទ្រ​គ្រប់​គ្រាន់​ពីក្រុម​ចម្រុះអន្តរជាតិ​ ដើម្បី​ជួយ​អ៊ីរ៉ាក់​ប្រយុទ្ធ​ប្រឆាំងជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ឡើយ។

លោក​បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ មុន​ពេល​មាន​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ក្រុម​ប្រទេស​ចម្រុះ​ ដើម្បី​ពិភាក្សា​ពី​យុទ្ធ​សាស្រ្ត ក្រោយ​ពី​ការកើន​ឡើង​នៃ​ការកាន់​កាប់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នោះ។

លោក Abadi ​បាន​និយាយ​ថា ​គេ​ត្រូវ​ការ​ការស៊ើបការណ៍​សម្ងាត់កាន់​តែ​ច្រើន​ឡើង ​ហើយ​ថា​ចំនួន​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ ​ដែល​បាន​ឆ្លង​កាត់​ចូល​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មិន​បាន​ចុះ​ថយ​ទេ ​ថ្វី​បើ​គោល​ដៅ​នៃ​ការវាយ​ប្រហារ​របស់​ក្រុម​ចម្រុះ​ ដើម្បី​បញ្ឈប់​ពួកគេ​កុំ​ឲ្យ​ចូល​រួម​ក្រុម​រដ្ឋ​អ៊ីស្លាម​ក៏​ដោយ។

ក្រុម​ចម្រុះ​មិន​បាន​ផ្តល់​កងទ័ព​ថ្មើរ​ជើង​ទេ ​តែ​ជំនួស​ទៅ​វិញ ​ពឹង​ផ្អែក​លើ​យុទ្ធនាការ​នៃ​ការវាយ​ប្រហារ​តាម​អាកាស​ ដើ​ម្បី​គាំទ្រ​កងទ័ព​ដែល​គាំទ្រ​រដ្ឋាភិបាល។​

យោង​តាម​ទិន្នន័យ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក ​យន្តហោះ​ចំបាំង​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អា​កាស​ជាង​៤២០០​លើក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។

ការចរចា​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​កើត​មានឡើង​២​សប្តាហ៍​បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​កាន់​កាប់​ទីក្រុង​រ៉ាម៉ាឌី ​នៃ​ខេត្ត​ Anbar ដែលស្ថិត​នៅ​ចម្ងាយ​១២៥​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ទី​ក្រុង​បាដាដ ​ដែល​បាន​បណ្តាល​ឲ្យ​លោក Abadi ​អំពាវនាវ​ឲ្យ​ក្រុម​កង​ជីវពល​រូតរះ​ទៅ​កាន់​តំបន់​នោះ​ ដើម្បី​ចូលរួម​ការវាយ​ប្រហារ​តប​ត​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG