ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​​នៃ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​បញ្ចប់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន


រូបឯកសារ៖ ស្លាកសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ត្រូវបាន​ដាក់តាំង​នៅខាងក្រៅ​​​អគារ​លេខាធិការដ្ឋាន​ក្នុង​អំឡុងពេល​កិច្ចប្រជុំបន្ទាន់​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក។
រូបឯកសារ៖ ស្លាកសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ត្រូវបាន​ដាក់តាំង​នៅខាងក្រៅ​​​អគារ​លេខាធិការដ្ឋាន​ក្នុង​អំឡុងពេល​កិច្ចប្រជុំបន្ទាន់​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក។

សេចក្តី​ព្រាងនៃ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​មាន​កំណត់ពេល​ត្រូវ​បោះឆ្នោត​នៅឯ​សម័យ​ប្រជុំ​ពិសេស​នៅ​សប្តាហ៍​ក្រោយ​អំពាវនាវ​ឱ្យ​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​ធ្វើ​ឱ្យ​មាន​សន្តិភាព​ដែល​នឹង​ធានា​អធិបតេយ្យភាព ​ឯករាជ្យភាព ​សាមគ្គីភាព ​និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ត្រូវ​គេ​រំពឹង​នឹង​អនុម័ត​សេចក្តី​សម្រេច​នោះ​នៅពេល​ដែល​ខ្លួន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ មួយ​ថ្ងៃ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

សេចក្តីព្រាងនៃ​សេចក្តី​សម្រេច​នោះ​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​និង​រដ្ឋ​ជា​សមាជិក​ឱ្យ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការខំប្រឹងប្រែង​ខាង​ការទូត​ដើម្បី​ឱ្យ​សម្រេច​នូវ​សន្តិភាព​នេះ។

សេចក្តី​សម្រេច​នេះ​ក៏​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការវាយ​ប្រហារ​លើ​ហេដ្ឋារចនា​សម្ពន្ធ​ស៊ីវិល​របស់​អ៊ុយ ក្រែន​ ហើយ​នឹង​ដក​កងកម្លាំង​យោធា​របស់​ខ្លួន​ជាបន្ទាន់​ចេញពី​ប្រទេស​អ៊ុយក្រែន។

សេចក្តី​សម្រេច​របស់​មហាសន្និបាត​មិន​មែន​ជា​ការតម្រូវ​ឱ្យ​អនុវត្ត​តាម​នោះ​ទេ ក៏ប៉ុន្តែ​សេចក្តី​សម្រេច​នោះ​មាន​ទម្ងន់​ខាង​នយោបាយ​ដែល​ជា​ការបង្ហាញ​មតិ​របស់​ពិភពលោក។

ចំណាត់ការ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ក្លាយ​ជា​ការតម្រូវ​ឱ្យ​ធ្វើ​តាម​គឺ​មិន​មែន​ជា​ជម្រើស​ទេ​ ពីព្រោះតែរុស្ស៊ី​កាន់កាប់​អាសនៈ​អចិន្ត្រៃយ៍​មួយ​នៃ​អាសនៈ​អចិន្ត្រៃយ៍៥ដែល​មាន​អំណាច​បោះឆ្នោត​វ៉េតូ។

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​រួចហើយ​នូវ​សេចក្តី​សម្រេច​ជា​បន្ត​បន្ទាប់​ដែល​បង្ហាញ​ការគាំទ្រ​ដល់​អ៊ុយក្រែន ​ហើយ​បាន​រិះគន់​ចំណាត់ការ​យោធា​របស់​រុស្ស៊ី។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​១៤១ទល់​នឹង៥សំឡេង​ទាមទារ​ឱ្យ​មាន​ការឈប់​បាញ់គ្នា​និង​ដក​កងទ័ព​រុស្ស៊ី​ទាំង​អស់​ជា​បន្ទាន់។ សេចក្តី​សម្រេច​មួយ​ទៀត​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​បាន​ស្តីបន្ទោស​រុស្ស៊ី​ចំពោះ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ហើយ​នឹង​ទាមទារ​ឱ្យ​មាន​ជំនួយ​ចេញចូល​ទៅកាន់​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters។

XS
SM
MD
LG