គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់សេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីរសៀលថ្ងៃច័ន្ទ ក្រោយពីស្ថាប័នជាតិនេះ បានស្ថិតជាស្នូលនៃភាពចម្រូងចម្រាសនៃគណបក្សជាប់ឆ្នោតទាំងពីរ។
ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលបានរិះគន់ថា គ.ជ.ប.ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអព្យាក្រិត្យ និងបានលម្អៀងទៅរកប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
លោកគួយ ប៊ុនរឿន តំណាងរាស្ដ្រ និងជាប្រធានក្រុមចរចាផ្នែកកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា សេចក្តីស្នើច្បាប់ថ្មីសម្រាប់រៀបចំស្ថាប័ននេះបានចែងអំពីសមាសភាពនិងរចនាសម្ព័ន្ធនៃគ.ជ.ប. សមត្ថកិច្ច និងការចែងអំពីលេខាធិការដ្ឋានគ្រប់ខេត្ត ក្រុងនិងអគ្គលេខាធិការដ្ឋាននៅស្ថាប័នកណ្តាល។
លោកកួយ ប៊ុនរឿនបន្ថែមថា សេចក្តីស្នើច្បាប់នេះនឹងធានាឲ្យមានជំនឿឡើងវិញលើស្ថាប័នបោះឆ្នោតជាតិនេះ។
«ដោយសារការបាត់បង់ជំនឿលើសមាសភាពនៃអ្នករៀបចំការបោះឆ្នោត ដូច្នេះទើបបានជាយើងមានការកែសម្រួលអំពីសមាសភាព និងរបៀបនៃការជ្រើសរើសនៃការរៀបចំការបោះឆ្នោត»។
សេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប.នេះមាន៦៦មាត្រា និង៧ជំពូក។
លោកគួយ ប៊ុនរឿនបន្ថែមថា សេចក្តីស្នើច្បាប់នេះនឹងចែងពីសមត្ថកិច្ចគ.ជ.ប.ថ្មី រួមទាំងការធានាសម្រាប់ការបោះឆ្នោតឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់គ.ជ.ប.។
លោកឈាង វុន តំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជា រំពឹងថា សេចក្តីស្នើច្បាប់នេះនឹងជួយដោះស្រាយជម្លោះនយោបាយក្រោយពីការបោះឆ្នោតបាន។
«ច្បាប់ស្តីពីការប្រព្រឹត្តទៅនៃគ.ជ.ប.នេះគឺអាចដោះស្រាយបានយ៉ាងធំដែលមានកន្លងមក ហើយអាចនឹងគ្មានការតវ៉ាផង។ ជាមួយគ្នានោះ ច្បាប់នេះតែមួយមិនគ្រប់គ្រាន់ទេ ទាល់តែច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រល្អដែរ។ យើងកំពុងកែលំអច្បាប់នេះ»។
គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីឆ្នាំមុន។ រីឯគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែគណបក្សជំទាស់ និងក្រុមអង្គការឃ្លាំមើលការបោះឆ្នោតបានបង្ហាញភស្តុតាងនៃភាពមិនប្រក្រតីជាច្រើនដែលផ្តល់ផលចំណេញដល់គណបក្សកាន់អំណាច ដែលពួកគេទម្លាក់ការទទួលខុសត្រូវលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះខុមហ្រ្វែល អបអរសាទរការសម្រេចបានរបស់គណបក្សទាំងពីរ ដោយជំរុញឲ្យធ្វើការរៀបចំគ.ជ.ប.ថ្មីឲ្យបានឆាប់។
ប៉ុន្តែលោកបានស្នើឲ្យមានការធានាមួយចំនួន។
«គ.ជ.ប.មានលក្ខណៈឯករាជ្យ សិទ្ធិអំណាចពេញលេញ ហើយគ.ជ.ប.ត្រូវតែមានសិទ្ធិក្នុងការធ្វើបទបញ្ជា នីតិវិធី របៀបធ្វើការទាក់ទិននឹងការបោះឆ្នោត ពីព្រោះថា គ.ជ.ប.បច្ចុប្បន្នជាគ.ជ.ប.ដែលជាស្ថាប័នរដ្ឋធម្មនុញ្ញ។ យើងត្រូវតែផ្តល់អំណាចពេញលេញ»។
នៅក្នុងពេលនេះ គណបក្សគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវផ្តោតលើកិច្ចពិភាក្សាសម្រាប់ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឡើងវិញ ហើយគណបក្សទាំងពីរបានកំណត់ទុកថា សេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គ.ជ.ប. និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនឹងត្រូវដាក់ឲ្យសភាពេញអង្គពិភាក្សា និងអនុម័តនៅក្នុងអំឡុងខែកុម្ភៈឆ្នាំក្រោយ៕