ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ទាំងពីរ​ពិភាក្សា​​សេចក្តី​ព្រាង​ច្បាប់​​កែទម្រង់​កិច្ច​ការ​បោះ​ឆ្នោត


លោក​គួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​
លោក​គួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​

ក្រុម​ការ​ងារ​ចម្រុះមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​សមាសភាព​ម្ខាងៗចំនួន​៤​រូប​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សន្យា​ថា​ នឹង​បញ្ចប់​រាល់​ការ​ពិភាក្សា​គ្នា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​កែ​ទម្រង់​កិច្ច​ការ​បោះ​ឆ្នោត​នៅ​សប្តាហ៍​ក្រោយនេះ ​ដែល​គេ​រំពឹង​ថា​ ច្បាប់ថ្មី​នេះ​នឹង​បង្កើត​ស្ថាប័ន​គ.ជ.ប.មួយ​ដោយ​ឯក​រាជ្យ​ និង​អាចទទួល​យក​បាន​ពី​គ្រប់​ភាគី​ទាំង​អស់។​

លោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការ​ងារ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា​ថា ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ដល់​មាត្រា​ទី​៥០​ហើយ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​កែ​ទម្រង់​កិច្ច​ការ​បោះ​ឆ្នោត​ ហើយ​ប្រសិន​បើ​នៅ​មាន​ចំណុច​ដែល​នៅ​សេស​សល់​មិន​អាច​ឯក​ភាព​គ្នា​បាន​ ក្រុម​ការ​ងារ​ទាំង​ពីរ​នឹង​ទុក​ឲ្យថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​ជា​អ្នក​សម្រេច។​

លោក​បាន​អះអាង​ថា​ ក្រុម​ការងារ​ទាំង​ពីរ​នឹង​បញ្ចប់​ការ​ពិភាក្សា​គ្នា​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​១៧​សប្តាហ៍​ក្រោយ។​

លោក​និយាយ​ថា៖ ​«ឥឡូវ​នេះ​យើង​នៅ​បន្ត​ទៅ​ដល់​អគ្គលេខា​ធិការដ្ឋាន​ អគ្គ​លេខាធិការ​ស្អី​ហ្នឹង​ យើង​និយាយ​ឡើង​វិញ​ពី​លក្ខណៈ​សម្បត្តិ​របស់​អគ្គ​លេខាធិការ​ អគ្គ​លេខាធិការ​រង​ ​ទៅ​ទៀត ​ទៅ​មួយ​លើក​ទៀត​ ប្រហែល​ជាថ្ងៃ​១៧​ដល់​ហ្នឹង​ហើយ»។​

កិច្ច​ព្រម​ព្រៀង​ក្នុង​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​បាន​សន្យា​ថា ​នឹង​រៀបចំ​សមាសភាព​គ.ជ.ប.ថ្មី​មួយ​ដែល​មាន​សមាស​ភាព​ចំនួន​៩​រូប​ ​៤​រូប​មក​ពី​គណបក្ស​ដែល​មាន​អាសនៈក្នុង​រដ្ឋសភា​ និង​មួយ​រូប​ទៀត​ជាមន្ត្រី​អព្យាក្រិត្យ។​

សមាសភាព​គ.ជ.ប.​ ​ដែល​គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​កន្លង​មក​ បាន​តម្រូវ​ឲ្យមាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ។ ​ក៏ប៉ុន្តែ​នៅ​មាន​ចំណុចមិន​ត្រូវ​រ៉ូវ​គ្នា​ត្រង់​សមាសភាព​គ.ជ.ប.ថ្មី​ អាច​មាន​សញ្ជាតិ​ពីរ​ ឬ​ក៏​យ៉ាង​ណា។​

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ប៊ិន ឈិន​ឲ្យដឹង​ថា​ គណបក្ស​ទាំង​ពីរ​មាន​ការ​សម្រប​សម្រួល​គ្នា​ច្រើន​ តែ​លោក​មិន​បាន​បង្ហាញ​ខ្លឹម​សារ​លម្អិតអំពី​ការ​សម្រប​សម្រួល​យ៉ាង​ណា​នោះ​ទេ។​

លោក​និយាយ​ថា៖ ​«បាទ ​ឥឡូវ​នេះ​សម្រប​សម្រួល​គ្នា​បាន​មិន​ចេះ​តិច​ទេ!​ ប្រហែល​ជា​រឿង​ខ្លះ​អត់​ធំ​ទេ​ រឿង​តូច​ទេ។​ ប៉ុន្តែ​រឿង​អំបាញ់​មិញ​ រឿង​អនុម័ត​ហ្នឹង​រឿង​ធំ​ជាង​គេ ​រឿង​ហ្នឹង»។​

លោក​គួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ច្រើនត្រង់​មាត្រ​ទី​៥០។​ ក៏​ប៉ុន្តែ​នៅ​មានចំណុច​ខ្លះ​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​គឺ​ត្រង់លក្ខណៈ​សម្បត្តិ​របស់​អគ្គ​លេខា​ធិការ​ និង​អគ្គ​លេខាធិការ​រង និង​របៀប​របប​នៃ​ការ​ធ្វើ​ការងារ ​និង​ការ​ធ្វើ​សេចក្តី​សម្រេចរបស់​គ.ជ.ប. ថា​តើ​យើង​ត្រូវ​យក​រូប​មន្ត​ដោយ​របៀប​ណា​ដើម្បី​ធានា​កុំឲ្យមាន​ការ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត ហើយយើង​ត្រូវ​គិត​ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ។​

លោក​និយាយ​ថា៖​ «យើង​នឹង​ពិនិត្យ​ឡើង​វិញ​ ថា​តើ​យើង​មាន​ចំណុចណា​ខ្លះ​ដែល​សម​ស្រប ​បើ​ថា​យើង​អាច​ដោះ​ស្រាយ​គ្នា​បាន​នៅ​ក្នុង​ក្រប​ខណ្ឌ​គណៈ​កម្មការ។ ប៉ុន្តែ​បើ​សិន​ក្នុង​ករណី​យើង​មិន​អាច​ធ្វើ​សេចក្តី​សម្រេចបាន​ទេ ​យើង​នឹង​បញ្ជួន​ទៅ​លើ។ អញ្ចឹង​បាន​ថា ​កិច្ច​ការ​ទាំង​អស់​ យើង​នឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ»។​

លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃគណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​ ​ចំណុចដែល​មិន​ត្រូវ​រ៉ូវ​គ្នា ​ហើយ​រង់​ចាំ​សេចក្តី​សម្រេចពី​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​គឺ​នៅ​ត្រង់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​កាន់​កាប់​មុខ​តំណែង​ជា​ប្រធាន​គ.ជ.ប.និង​ជា​អគ្គលេខាធិការ ​ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំទាស់​ដោយ​បាន​លើក​ហេតុ​ផល​ថា​ ការ​តែង​តាំង​ប្រធាន​ និង​អគ្គ​លេខាធិការ​ត្រូវ​ជ្រើស​ចេញ​ពី​សមាសភាព​គ.ជ.ប.ទាំង​៩​រូប​ ដោយ​បោះ​ឆ្នោត​សំឡេង​២​ភាគ​៣៕

XS
SM
MD
LG