ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល៖ គណបក្ស​ទាំង​ពីរ​គួរ​ទទួល​យក​សំណើ​កែទម្រង់​គោលការណ៍​បោះឆ្នោត

  • សុខ ខេមរា

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ Reuters

ក្រុមអង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ជំរុញ​ឲ្យ​ គណបក្ស​នយោបាយ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​យក​សំណើ​កែ​ទម្រង់​គោលការណ៍​បោះឆ្នោត​ខ្លះ​ដែល​អាច​ជួយ​ឲ្យ​ស្ថាប័ន​នេះ​មាន​ឯករាជ្យភាព​ស្វ័យភាព​និង​ប្រសិទ្ធភាព​ពិត​ប្រាកដ។ ​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​យ៉ាង​ដូច្នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​មេដឹកនាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ហើយ​នឹង​បាន​អះអាង​ថា​ ដំណើរការ​ចរចា​បាន​បញ្ចប់​ជិត​១០០​ភាគរយ​ហើយ​នោះ។​

ប៉ុន្មាន​ថ្ងៃ​ដែល​ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​ដឹង​ថា ​សឹង​តែ​បញ្ចប់​១០០​ភាគរយ​ ហើយ​គ្មាន​លទ្ធផល​ត្រូវ​គេ​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ណា​នោះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា​និង​សម្ព័ន្ធ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា ERA ​ដែល​មាន​ក្រុម​អង្គការ​ឯករាជ្យ​ជាច្រើន​ជា​សមាជិក ​បាន​អះអាង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួមកាលពី​ថ្ងៃ​អង្គារ​អំពី​គោល​ការណ៍​មួយ​ចំនួន​ដែល​គណបក្ស​ទាំងពីរ​អាច​ធានា​បាន​ឯករាជ្យភាព ​ស្វ័យភាព ​និង​ប្រសិទ្ធភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)។​

បញ្ហា​ទាំង​នោះ​រាប់​បញ្ចូល​ទាំងការ​ដែលត្រូវ​មាន​អំណាច​ជ្រើសរើស​មេដឹកនាំ ​និង​អគ្គ​លេខាធិការ​ បុគ្គលិក​ កែ​ប្រែច្បាប់​ នីតិវិធី ​ដំណើរការ ​និង​នីតិវិធី​របស់​ខ្លួន​ មាន​អំណាច​ តួនាទី​គ្រប់គ្រង ​ចាត់ចែង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ បង្កើត​យន្តការ​ ឯករាជ្យ​ ដោះស្រាយ​ជម្លោះ ​គ្រប់គ្រង​ប្រព័ន្ធ​ឃោសនា​ សន្តិសុខ​ក្នុង​ពេល​បោះ ឆ្នោត ​រារាំង​មិន​ឲ្យ​មាន​ជម្លោះ​ក្នុង​ពេល​បោះឆ្នោត​ និង​លទ្ធផល​បោះឆ្នោត ​ចាត់ចែង​ថវិកា​ដោយ​ខ្លួនឯង ​មាន​ការ​ដាក់​បញ្ចូល​ស្ត្រី ​និង​យុវជន​ក្នុង​គ្រប់​លំដាប់​ថ្នាក់​គ.ជ.ប.​ ​ហើយ​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ត្រូវបើក​ទូលាយ​ដល់​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ​ផង​ដែរ។​

លោក​ស្រី​ធីតា ឃិះ ​នាយិកា​អង្គការ​ SILAKA​ ដែល​អង្គការ​លោកស្រី​មួយ​ផ្នែក​ ធ្វើ​ការ​ទាក់ទង​នឹង​ការ​លើក​ទឹកចិត្ត​ស្ត្រី​ឲ្យ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ បាន​ថ្លែង​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជជែក​គ្នាច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​ភាព​ឯករាជ្យ។​

«អញ្ចឹង​ទៅក្នុង​ការ​ឯករាជ្យ​គឺ​ឯករាជ្យ​ទាំង​ការ​ចាត់ចែង​ ការ​រៀបចំ ​ទាំង​ថវិកា​ ដែល​គាត់​ត្រូវ​ចាយ ​និង​ការ​ធ្វើការ​សម្រេច​ចិត្ត​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ ហើយ​ឲ្យ​មាន​ភាព​ឯករាជ្យ​ កុំ​ឲ្យ​មាន​ការ​ជ្រៀត​លូកដៃ​ចូល​ពី​ខាង​គណបក្ស​នយោបាយ។​ ហើយ​គណបក្ស​នយោបាយ ​យើង​និយាយ​ទាំង​ពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​ផង​ដែរ​ ដែល​គាត់​អាច​មាន​និន្នាការ​លូកដៃ​ចូល​ក្នុង​ហ្នឹង»។​

លោកស្រី​បាន​ដក​ស្រង់​បញ្ហា​ទាំង​នោះ​ត្រួសៗ​មក​បញ្ជាក់​ថា​ បន្ថែម​ពីនេះគណបក្ស​ទាំង​ពីរ​ត្រូវ​ឲ្យ​គ.ជ.ប.មាន​ថវិកាខ្លួន​ឯង​ មាន​ការ​ជ្រើស​រើស​អគ្គ​លេខាធិការ​ដោយ​ខ្លួន​ឯង​និង​រៀបចំ​រចនា​សម្ព័ន្ធ​ខ្លួន​ឯង​ ហើយ​គ.ជ.ប.នៅ​មាន​ប្រព័ន្ធ​ដែល​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​តាមដាន​មើល​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត។​

«ពីព្រោះ​ធ្វើយ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ដើរ​តាម​គន្លង​ចាស់​ដែលធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ ក្នុង​ពេល​ដែល​មាន​ការ​រៀបចំ​បោះឆ្នោត ​ដែល​ធ្វើ​ឲ្យ​ទាំង​ប្រជា​ពលរដ្ឋ​និង​ គណបក្ស​ដែល​ចាញ់ឆ្នោត​ហ្នឹង​ ធ្វើ​ការ​បដិសេធ​ មិន​ព្រម​ទទួល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត»។​

លោក​ស្រី​បន្ថែម​ថា​ សង្គម​ស៊ីវិល​នឹង​តាម​ដាន​បន្ត​ទៀត ​ចំពោះ​រឿង​ឯករាជ្យ​ភាព​ របស់​គ.ជ.ប.នេះ​ទន្ទឹម​គ្នា​ដែល​គេមើល​ឃើញ​ថា​ មាន​ការ​ស្រុះស្រួល​គ្នា​រវាង​ គណបក្ស​ទាំងពីរ​ ហើយ​បញ្ហា​លម្អិត​មិនទាន់​ដឹង​ថា ​យ៉ាងណា​នោះ។​ លោក​ស្រី​បាន​បន្ថែម​ថា​ បញ្ហា​មាន​ពីរ ​ទី១គឺការ​រៀបចំ​គ.ជ.ប.​ឲ្យមាន​ប្រសិទ្ធភាព​ និង​ការ​កែទម្រង់​បទបញ្ជា​ផ្ទៃក្នុង​និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋសភា​ដើម្បី​ឲ្យ​រដ្ឋសភា​នេះ​ក្លាយ​ជា​តំណាង​នឹង​ដោះ​ស្រាយ​បញ្ហា​ឲ្យ​ប្រជា​ពលរដ្ឋ​និង​ប្រព័ន្ធ​ផ្ទៀង​ផ្ទាត់​មួយ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទងក្រុម​មន្ត្រី​គណបក្ស​ទាំង​ពីរ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បំភ្លឺ​ ​ តែពុំអាច​ទាក់ទង​បានទេ​ កាលពី​ល្ងាចថ្ងៃ​អង្គារ​ ដោយ​ទូរស័ព្ទ​របស់​ពួក​អស់លោក​បាន​បិទ។​

គណបក្ស​ទាំងពីរ​ជាប់​គាំង​ផ្នែក​នយោបាយ​និង​ខកខាន​ក្នុង​ការ​បង្កើត​សភា ​និង​រដ្ឋាភិបាល​ស្រប​តាម​ច្បាប់​ពេញ​លេញ​រយៈពេល​ជិត​១​ឆ្នាំ ​ក្រោយការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​ឆ្នាំ ​២០១៣ ​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ មាន​ការ​គៃ​បន្លំ​នោះ។​

លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ ឈ្មោះ​ថា​ NICFEC ​បាន​ថ្លែង​ថា​ បញ្ហា​ឯករាជ្យ​នៃ​គ.ជ.ប.ជារឿង​ចាំបាច់​ណាស់ ​សម្រាប់​កម្ពុជា​ ដែល​គណបក្ស​ទាំង​ពីរ​មិន​គួរ​គិតគូ​ពី​ផល​ប្រយោជន៍​គណបក្ស​ធំជាង​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ។​

«បើ​សិន​ជាមាន​ការ​ចាប់​ផ្តើម​យ៉ាងនេះ​ហើយ​ ខ្ញុំ​គិត​ថា​ មាន​ចំណុច​ផ្សេងៗ​ទៀត​ ដែល​វា​ធ្វើឲ្យ​ប៉ះពាល់​ភាព​សេរី ​ត្រឹមត្រូវ​និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ ជាពិសេស​ គណបក្ស​ទាំង​ពីរ ​លោក​ផ្តោត​អារម្មណ៍​ទៅ​លើ​ផលប្រយោជន៍​គណបក្ស​ធំ​ជាង​ ផល​ប្រយោជន៍​ជាតិ។ ​គណបក្ស​ទាំងអស់​សុទ្ធតែ​ចង់គ្រប់​គ្រង​គ.ជ.ប.ឲ្យ​ស្ថិត​ ក្រោម​ឆ័ត្រ​របស់​ខ្លួន ​ឬក្រោម​បញ្ជា​របស់​ខ្លួន»។​

លោក​បាន​បញ្ជាក់​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​គ.ជ.ប.​មួយ​កើត​ឡើង​ ដោយ​ឯករាជ្យ​ ដោយ​លើក​ទឹកចិត្ត​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​ដោយ​ ភាព​អត់ធ្មត់​គឺ​មិនមែន​បង្កការ​រាំង​ស្ទះ​ការ​វិវត្ត​នៃ​ដំណើរការ​បោះឆ្នោត​ទេ។​

«អញ្ចឹង​ បើជ្រុល​ជា​បាន​គ.ជ.ប.បែប​នេះ​ហើយ​ គួរតែ​បង្កើត​ច្បាប់​និង​យន្តការ​មួយ​ច្បាស់​លាស់​ទៀត ​ដើម្បី​រៀបចំ​មាគ៌ា​ឲ្យអ្នក​ទាំង​៩នាក់​ ដែល​ភាគ​ច្រើនជា​មនុស្ស​របស់​គណបក្ស​នោះ​ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​មួយ​ច្បាស់​លាស់​ ហើយ​ត្រូវ​មានការ​ដាក់​ទណ្ឌកម្ម​ផង​ដែរ​ ដើម្បី​ឲ្យ​ពួក​គាត់​ដើរ​ឲ្យ​ចំ​និង​ត្រង់​ផ្លូវ​ ពីព្រោះ​គំនិត​អ្នក​នយោបាយ​ ទោះបី​ជា​ដឹង​ថា ​ធ្វើ​ហ្នឹង​ខុសក៏​ដោយ​ ប៉ុន្តែ​នៅតែ​ ព្យាយាម​ធ្វើដើម្បី​ផល​ប្រយោជន៍​បក្ស​ខ្លួន»។​

លោក​អំពាវនាវ​ឲ្យមាន​ការ​ដាក់​ពិន័យ​ដល់​សមាជិក​គ.ជ.ប.ផង​ដែរ​ដើម្បី​ឲ្យ​ពួក​គេ​ខំប្រឹង​ធ្វើការ​ក្នុង​ការ​រក្សាកិត្តិយស​ខ្លួនឯងផង​និង​អព្យាក្រិត្យ​ភាព​របស់​គ.ជ.ប.ផង។​

ទោះជា​យ៉ាងណា​ លោកក៏​បាន​អះអាង​បន្ត​ថា ​លោក​ឃើញ​ពី​ការ​រីក​ចម្រើនច្រើន​ មែន​ ដូចជា​ការ​សន្យា​ឲ្យកើត​មាន​ស្ថានប័ន​គ.ជ.ប.​ថ្មី​ក្នុង​ខែ​កុម្ភៈ ​តុល្យភាព​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សម្រេច​ឲ្យ​គណបក្ស​ជំទាស់​មាន​វិទ្យុ ​ទូរទស្សន៍ ​ការ​បង្កើត​ឲ្យ​មាន​ ក្រុម​ភាគតិច​ក្នុង​សភា ​អគ្គ​លេខាធិការ​គ.ជ.ប.ថ្មី​ត្រូវអនុម័ត ​ដោយ​គ.ជ.ប.ខ្លួន​ឯង​ដោយ​មតិភាគ​ច្រើន​ដាច់ខាត​ឬ​៥០​ភាគរយ​បូក១។ ​ក្នុង​បរិបទ​នេះ​ អ្វី​ដែល​ លោក​ព្រួយ​បារម្ភ​គឺ​ថា ​បើទោះ​ជា​សមាជិក​ទាំង​៩​រូប​របស់​គ.ជ.ប.ត្រូវ​សម្រេច​គ្រប់ កិច្ច​ការ​មែន​ តែ​បើ​ប្រធាន​គ.ជ.ប.មិន​ចុះ​ហត្ថលេខា​ទេនោះ​ នោះ​ក៏មិន​អាច​កើត​ឡើង​ ​ឬ​ដំណើរការ​បាន​ដែរ​ទាក់ទងនឹង​ការ​តែងតាំង​ និង​ដំណើរការ​នានា​ក្នុង​ស្ថាប័ន​គ.ជ.ប.នោះ៕

XS
SM
MD
LG