ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់​សិប​នាក់​តវ៉ា​នឹង​ការ​កាត់ទោស​អ្នក​កាសែត Reuters ក្នុង​ទីក្រុង​រ៉ង់ហ្គូន


សកម្មជន​សេរីភាព​កាសែត​មីយ៉ាន់ម៉ា​ និង​សកម្មជន​យុវជន​ផ្សេងៗ​ទៀត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត Reuters ដែល​ជាប់​ពន្ធនាគារ​ពីរ​នាក់​គឺ​លោក Wa Lone និង​លោក Kyaw Soe Oo នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
សកម្មជន​សេរីភាព​កាសែត​មីយ៉ាន់ម៉ា​ និង​សកម្មជន​យុវជន​ផ្សេងៗ​ទៀត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត Reuters ដែល​ជាប់​ពន្ធនាគារ​ពីរ​នាក់​គឺ​លោក Wa Lone និង​លោក Kyaw Soe Oo នៅ​ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។

សិស្ស​និស្សិត សកម្មជន និង​អ្នក​កាសែត​រាប់​សិប​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ធំ​បំផុត​នៃ​ប្រទេស មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​តវ៉ា​នឹង​ការ​កាត់ទោស​អ្នក​កាសែត​បណ្តាញ​សារព័ត៌មាន Reuters ពីរ​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ។ ​

លោក Wa Lone និង​លោក Kyaw Soe Oo ដែល​ជា​អ្នក​កាសែត​បណ្តាញ​សារព័ត៌មាន Reuters ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ ធ្នូ ឆ្នាំ​មុន បន្ទាប់​ពី​ពួកគេ​ទាំង​ពីរ​នាក់​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​ពីរ​នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​ត្រូវ​បាន​គេ​ផ្តល់​ឯកសារ​ឲ្យ​មួយ​ចំនួន។

ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ល្មើស​នឹង​ច្បាប់​ការ​សម្ងាត់​រដ្ឋ ដែល​ត្រូវ​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​១៩២៣ នៅ​ពេល​ដែល​ប្រទេស មីយ៉ាន់ម៉ា ត្រូវ​បាន​គេ​ស្គាល់​ជា​ផ្លូវការ​ថា ភូមា នៅ​ឡើយ ហើយ​កំពុង​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស។ អ្នក​កាសែត​ទាំង​ពីរ​នាក់​បាន​បដិសេធ​ថា​មិន​បាន​សុំ​ឯកសារ​ទាំងអស់​នោះ​ទេ។ ​

ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ។
បាតុករ​បាន​នាំ​គ្នា​បង្ហោះ​ប៉ោងប៉ោង​ពណ៌​ខ្មៅ ដែល​មាន​រូបភាព​អ្នកកាសែត​ទាំងពីរ​នាក់​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​មាន​កាន់​បដា និង​ស្រែក​ថា ថ្កោលទោស​ចំពោះ​សាលក្រម​តុលាការ​ដែល​កាត់ទោស​អ្នក​កាសែត​ទាំង​ពីរ​នាក់។

អ្នក​កាសែត​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស មីយ៉ាន់ម៉ា បាន​ថ្កោលទោស​ការ​សម្រេច​របស់​តុលាការ​នេះ ថា​ជា​ការ​គាបសង្កត់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស៕

XS
SM
MD
LG