ការសម្រេចដោយចៅក្រមនៅឯតុលាការក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីកាត់ទោសអ្នកកាសែត Reuters ២នាក់ឲ្យជាប់គុក៧ឆ្នាំចំពោះការរំលោភច្បាប់ដែលទាក់ទិននឹងការសម្ងាត់រដ្ឋបានជួបការឆ្លើយតបដោយការខឹងសម្បារពីក្នុងនិងខាងក្រៅប្រទេស ដែលពួកអ្នករិះគន់បានហៅថា ជាការវាយប្រហារលើសេរីភាពសារព័ត៌មាន។
កាលពីថ្ងៃចន្ទ ចៅក្រមម្នាក់នៅក្នុងស្រុកខាងជើងក្រុងYangon បានរកឃើញកំហុសរបស់លោកWa Lone និងលោក Kyaw Soe Oo ពីការរំលោភច្បាប់សម្ងាត់របស់ប្រទេសដែលជាច្បាប់មានអត្ថន័យមិនជាក់លាក់ដែលមានតាំងពីភូមាស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមអង់គ្លេស។ច្បាប់នេះបានដាក់ទោសជាអតិបរមាឲ្យជាប់គុករហូតដល់១៤ឆ្នាំ។
អ្នកកាសែតទាំង២នាក់នោះបានត្រូវគេចាប់ខ្លួនកាលពីខែធ្នូនៅទីក្រុង Yangon ភាគខាងជើងខណៈដែលពួកគេស៊ើបអង្កេតពីការសម្លាប់បុរសជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន១០នាក់នៅក្នុងភូមិមួយនៅក្នុងតំបន់ភាគខាងជើងរដ្ឋ Rakhine ដែលពួកបុគ្គលិកយោធាបានរងការចោទប្រកាន់ថា បានពាក់ព័ន្ធ។
លោក Wa Loneនិងលោក Kyaw Soe Ooនិយាយថា មនុស្សម្នាក់បានប្រគល់ឯកសារឲ្យពួកគាត់មុនពេលប៉ូលិសអញ្ជើញពួកគាត់ទៅពិសារអាហារពេលល្ងាចហើយបានចាបខ្លួនពួកគាត់។រដ្ឋអាជ្ញាបានអះអាងថា អ្នកកាសែតទាំង២បានត្រូវចាប់ខ្លួនក្នុងអំឡុងនៃការយាមល្បាតប្រចាំនៅពេលដែលឯកសារនោះ បានត្រូវរកឃើញដោយប៉ូលិស។
ទោះយ៉ាងណាក៏ដោយ អំណះអំណាងក្នុងរឿងក្តីនេះបានបង្ហាញពីការមិនស៊ីសង្វាក់គ្នានៅក្នុងការជជែកដេញដោលរបស់ពួករដ្ឋអាជ្ញា។កាលពីខែមេសា លោក Moe Yan Naing អនុសេនីយឯកប៉ូលិស ដែលជាសាក្សីរបស់រដ្ឋអាជ្ញាបានប្រាប់តុលាការថា ប៉ូលិសមានចេតនាប្រើល្បិចដើម្បីទាក់ចាប់អ្នកកាសែតទាំង២នោះ ខណៈដែលមន្រ្តីប៉ូលិសម្នាក់ទៀតបាននិយាយថា លោកបានដុតឯកសាររបស់លោកកាលពីយប់ចាប់អ្នកកាសែតទាំងនោះ ក៏ប៉ុន្តែ មិនអាចពន្យល់ថាតើមកពីមូលហេតុអ្វី។
ពេលចេញពីតុលាការបន្ទាប់ពីសវនាការ លោក Wa Lone និងលោកKyaw Soe Oo នៅតែបដិសេធការចោទប្រកាន់។
នៅពេលដែលលោកត្រូវបានគេដាក់នៅក្នុងរថយន្តរបស់ប៉ូលិសដែលដឹកលោកហើយលោកKyaw Soe Oo បានត្រឡប់ទៅកាន់គុកវិញនោះ។លោកWa Lone បានប្រាប់ពួកអ្នកយកព័ត៌មានថា «យើងបានរងការចោទប្រកាន់ដោយអយុត្តិធម៌។យើងមិនបានធ្វើអ្វីដែលគ្រោះថ្នាក់ដល់ប្រទេសរបស់យើងទេ។យើងមិនបានប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មទេ ក៏ប៉ុន្តែ តុលាការបានសម្រេចថា យើងមានទោស»។
លោកនិយាយទៀតថា «នេះជាការប្រឆាំងលទ្ធិប្រជាធិបតេយ្យនិងសេរីភាពសារព័ត៌ មានដោយផ្ទាល់នៅក្នុងប្រទេសរបស់យើង»។
មានទិដ្ឋភាពប្រកបដោយការរំជើបរំជួលនៅពេលដែលអ្នកកាសែតទាំង២នាក់បានចាកចេញពីតុលាការ។ពួកអ្នកគាំទ្របានប៉ុនប៉ងបញ្ឈប់រថយន្តប៉ូលិសដែលបានដឹកពួកគេចេញទៅ។នៅពេលដែលរថយន្តប៉ូលិសបើកចេញ លោក Wa Lone និងលោកKyaw Soe Oo បានញញឹមហើយបានលើកដៃទាំង២ឡើង។
គេមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលដើម្បីសុំអត្ថាធិប្បាយបានទេ។
លោក Khin Maung Zaw មេធាវីរបស់អ្នកកាសែតទាំង២នាក់នោះបានប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅតុលាការថា «សក្ខីកម្មរបស់យើងគឺថា ពួកគេបានធ្លាក់ចូលក្នុងអន្ទាក់ ក៏ប៉ុន្តែ ចៅក្រមមិនសុខទទួលយកបញ្ហានេះ។យើងប្រុងប្រៀបសម្រាប់បញ្ហាអាក្រក់កើតមានឡើង ក៏ប៉ុន្តែ សង្ឃឹមថា នឹងមានរឿងល្អបំផុតកើតមានឡើង។ស្ថានភាពក្នុងប្រទេសមានលក្ខណៈដូច្នេះ»។
លោក Stephen J. Adler និពន្ធនាយករបស់ទីភ្នាក់ងារព័ត៌មាន Reuters បានហៅការកាត់ទោសនេះថាជាថ្ងៃទុកព្រួយមួយសម្រាប់អ្នកកាសែតនៅគ្រប់ទីកន្លែងទាំងអស់។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នេះជាការដើរថយក្រោយយ៉ាងខ្លាំងមួយនៅអន្តរកាលរបស់ប្រទេសមីយ៉ាន់ម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យដែលមិនអាចធ្វើទៅតាមនីតិរដ្ឋឬសេរីភាពនៃការនិយាយស្តី ហើយការដើរថយក្រោយយ៉ាងខ្លាំងនេះត្រូវតែកែតម្រូវដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាជាបន្ទាន់។យើងនឹងមិននៅស្ងៀមទេនៅពេលដែលលោក Wa Lone និងលោក Kyaw Soe Oo រងគ្រោះដោយអំពើអយុត្តិធម៌ហើយយើងនឹងធ្វើការវាយតម្លៃថានឹងធ្វើយ៉ាងណានៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត រួមបញ្ចូលការស្វែងរកការជួយពីវេទិកាអន្តរជាតិ»។
លោក Wa Lone និងលោក Kyaw Soe Oo បានទាក់ទាញការគាំទ្រនៅក្នុងប្រទេសនិងការតវ៉ាប្រឆាំងនៅក្រៅប្រទេស។
កាលពីថ្ងៃសៅរ៍ យុវជនរាប់សិបនាក់បានធ្វើការតវ៉ាប្រឆាំងនៅក្នុងទីក្រុង Yangon ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនដល់អ្នកកាសែតទាំង២នាក់នោះ។
បាតុករ បានលើកបដាហើយបានស្រែកពាក្យស្លោកដែលអំពាវនាវឲ្យមានការដោះ លែងអ្នកកាសែតទាំង២នាក់នេះជាបន្ទាន់។អ្នកយកព័ត៌មានផ្សេងទៀតបានពាក់អាវ យឺតដែលសរសេរថា «អាជីពកាសែតមិនមែនជាឧក្រិដ្ឋកម្មទេ»។
លោក Maung Saungkhaជាមេដឹកនាំនៃអង្គការAthanដែលជាអង្គការគាំទ្រសេរី ភាពនៃការនិយាយស្តីបានប្រាប់ VOA ថា ការសម្រេចរបស់តុលាការដើម្បីដាក់គុកអ្នកកាសែតទាំង២នាក់នោះជាការគំរាមកំហែងដោយចេតនាប្រឆាំងបណ្តាញផ្សាយព័ត៌ មាននិងពលរដ្ឋដើម្បីបំបិទសំឡេងការពិត។
លោកបាននិយាយថា៖
«ការសម្រេចរបស់តុលាការបាននាំសេរីភាពសាព័ត៌មាននិងសិទ្ធិទទួលបានព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលក្នុងយុគដ៏ខ្មៅងងឹតមួយ។យើងថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចរបស់តុលាការនេះហើយស្នើឲ្យប្រធានាធិបតី Win Myint លើកលែងទោសដល់លោក Wa Lone និងលោក Kyaw Soe Oo»។
ក្លឹបអ្នកកាសែតបរទេសរបស់មីយ៉ាន់ម៉ាក៏បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចរបស់តុលាការនេះដែរ។
ក្លឹបអ្នកកាសែតបរទេសរបស់មីយ៉ាន់ម៉ាប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការកាត់ឲ្យជាប់ទោសនិងទណ្ឌកម្មដ៏ធ្ងន់នេះគឺជាការបរាជ័យដល់អាជីពកាសែតនិងជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សេរីភាពព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ា។យើងជំរុញឲ្យរដ្ឋាភិបាលធ្វើឲ្យប្រាកដថា អ្នកកាសែតត្រូវបានគេអនុញ្ញាតឲ្យបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយមិនមានការការភ័យខ្លាចយាយីនិងការបំភិតបំភ័យ៕
ប្រែសម្រួលដោយជឹង ប៉ូជីន