បុគ្គលិកសុខាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា មនុស្សជាច្រើននាក់បានជាន់គ្នាស្លាប់នៅក្នុងហ្វូងមនុស្សកកកុញដែលបានចូលរួមពិធីបុណ្យសាសនាមួយ នៅក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ពណ៌នាហេតុការណ៍នេះថាជា «គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ»។
ការជាន់គ្នាស្លាប់នេះកើតឡើងនៅពេលដែលអំបូរជនជាតិជ្វីហ្វកាន់សាសនាគ្រឹស្ត ultra-Orthodox រាប់ម៉ឺននាក់ បានសម្រុកទៅកាន់ផ្នូរនៅ Galilee ដែលមានអាយុកាលពីរសតវត្សរបស់អាចារ្យ Shimon Bar Yochai ដើម្បីប្រារព្ធពិធីបុណ្យ Lag B'Omer ប្រចាំឆ្នាំ ដែលរួមមានការសូត្រធម៌និងចៀងចម្រៀងសាសនា និងរាំរែកពេញមួយយប់។
អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បាននិយាយថា មនុស្សជាច្រើននាក់បានថប់ដង្ហើមស្លាប់ ឬជាន់គ្នានៅលើផ្លូវដ៏តូចចង្អៀត អ្នកខ្លះទៀតមិនបានចាប់អារម្មណ៍ រហូតទាល់តែប្រព័ន្ធប្រកាសអាសន្នសាធារណៈ ប្រកាសឲ្យបំបែកហ្វូង នៅពេលដែលមនុស្សជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅលើជម្រាលភ្នំ Meron ដែលជាការបំពានបំរាមរក្សាគម្លាតជំងឺកូវីដ១៩។
សេវារថយន្តសង្គ្រោះបន្ទាន់ Magen David Adom (MDA) បានឲ្យដឹងថា ឧទ្ធម្ភាគចក្របានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យជាច្រើនកន្លែងនៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ មន្ត្រីយោធាអ៊ីស្រាអែលបានបញ្ជាក់ថា ក្រុមរុករកនិងជួយសង្គ្រោះនិងក្រុមគ្រូពេទ្រត្រូវបានចុះអន្តាគមន៍ទៅកាន់ទីកន្លែងកើតហេតុនោះ។
មន្ត្រីបើករថយន្តសង្គ្រោះបន្ទាន់បានពណ៌នាហេតុការណ៍នេះថា ជាឧបទ្ទវហេតុជាន់គ្នា ហើយបាននិយាយថា មនុស្ស ១០៣ នាក់ បានរងរបួស រួមទាំងអ្នកស្លាប់រាប់សិបនាក់ផងដែរ។
ស្ថានីយទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៤០ នាក់។ អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក បាននិយាយថា អ្នកស្លាប់ទាំងនោះរួមមានកុមារផងដែរ៕