ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Netanyahu ចោទ​ប្រកាន់​អ៊ីរ៉ង់​ពី​ការ​វាយប្រហារ​កប៉ាល់​ដឹក​ទំនិញ​របស់​អ៊ីស្រាអែល


នាវា​ដឹក​ទំនិញ​របស់​អ៊ីស្រាអែល​កំពុង​ចត​នៅ​កំពង់ផែ បន្ទាប់​ពី​បាន​ទៅ​ដល់​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
នាវា​ដឹក​ទំនិញ​របស់​អ៊ីស្រាអែល​កំពុង​ចត​នៅ​កំពង់ផែ បន្ទាប់​ពី​បាន​ទៅ​ដល់​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ពី​ការវាយ​ប្រហារ​កប៉ាល់​របស់​អ៊ីស្រាអែល​នៅ​ឈូង​សមុទ្រ​អូម៉ង់​កាល​ពី​សប្តាហ៍​មុន ដោយមានការ​ផ្ទុះ​ដ៏​អាថ៌កំបាំងដែល​បាន​ធ្វើ​ឲ្យ​មានការ​ព្រួយ​កង្វល់ខាង​សន្តិសុខ​នៅ​ក្នុង​តំបន់។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ ​

ដោយ​មិន​មាន​ការ​ផ្តល់​ភស្តុតាង​ណា​មួយ​ដល់​ការអះអាង​របស់​លោក លោក Netanyahu បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​សាធារណៈ Khan របស់​អ៊ីស្រាអែល​ថា៖ «វា​ជាសកម្មភាព​របស់​អ៊ីរ៉ង់។ ការណ៍​នេះ​បញ្ជាក់​យ៉ាង​ច្បាស់»។

ការ​ផ្ទុះនេះ​បាន​កើត​មាន​ឡើង​នៅ​លើ​កប៉ាល់​ដឹកទំនិញ MV Helios Ray របស់​អ៊ីស្រាអែល នៅ​ពេលដែល​កប៉ាល់​នោះ​បាន​បើកបរ​នៅ​តំបន់​មជ្ឈិមបូព៌ាឆ្ពោះ​ទៅ​កាន់​ប្រទេស​សិង្ហបូរី​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ ពួក​នាវិក មិន​បាន​ទទួល​គ្រោះ​ថ្នាក់​ទេ ក៏ប៉ុន្តែ កប៉ាល់​នោះ​បាន​ធ្លាយ​២កន្លែង។ នេះ​បើ​យោងតាម​មន្ត្រី​ការពារ​ប្រទេស​អាមេរិក។

កប៉ាល់​នោះ បាន​បើកមក​កាន់​កំពង់ផែ​របស់​ក្រុង Dubai ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការផ្ទុះ​នោះ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​នៅតាម​ផ្លូវ​ទឹក​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ នៅ​ពេល​ដែល​មាន​ការ​តានតឹង​កាន់​តែខ្លាំង​ជាមួយ​អ៊ីរ៉ង់។

នៅ​ពេល​ថ្មីៗ​នេះ​អ៊ឺរ៉ង់​បាន​ព្យាយាម​ដាក់​សម្ពាធ​លើសហរដ្ឋ​អាមេរិក​ឱ្យ​ដក​ទណ្ឌកម្ម​ចំពោះ​រដ្ឋាភិបាល​ក្រុង​តេហរ៉ង់ ខណៈ​ដែល​រដ្ឋបាល​របស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​កំពុង​ពិចារណា​អំពី​ជម្រើស​នានា​សម្រាប់ការ​ត្រឡប់​មក​ចរចា​ជាមួយ​អ៊ីរ៉ង់​វិញ​ អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន៕

XS
SM
MD
LG