ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់ បន្ទោស​អ៊ីស្រាអែល​រឿង​ឧបទ្ទវហេតុ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz


រូបឯកសារ៖ ទិដ្ឋភាព​នៃ​រោងចក្រ​​នុយក្លេអ៊ែរ Natanzដែល​មាន​ចម្ងាយ​ប្រមាណ ២៥០ គីឡូម៉ែត្រ ខាងត្បូង​នៃ​រដ្ឋធានី​តេហេរ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០០៥។

ប្រទេស​អ៊ីរ៉ង់​ បាន​បន្ទោស​ប្រទេស​អ៊ីស្រាអែល ដែល​ជា​គូ​សត្រូវ​ចម្បង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ទាក់ទិន​នឹង​ឧបទ្ទវហេតុ​ដាច់​ចរន្ត​អគ្គិសនី​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ Natanz និង​បាន​សន្យា​ថា ​នឹង​សងសឹក។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់ ដែល​បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif ដែល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។

អាជ្ញាអរ​អ៊ីរ៉ង់​បាន​ហៅ​ឧបទ្ទវហេតុ​នេះ​ថា​ ជា​សកម្មភាព «ភេរវកម្ម​នុយក្លេអ៊ែរ» និង​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​រក្សា​សិទ្ធិ​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​ជន​ល្មើស។

អ៊ីរ៉ង់​និង​ប្រទេស​មហា​អំណាច​ពិភពលោក​មួយ​ចំនួន​ បាន​ពិភាក្សា​គ្នា​កាលពី​សប្ដាហ៍​មុន​អំពី​ការ​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ ដោយ​ពួកគេ​បាន​ហៅ​ការ​ពិភាក្សា​មិន​ផ្លូវការ​នោះ​ថា «ប្រកប​ដោយ​ផ្លែផ្កា»។

ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​ដកស្រង់​សម្តី​របស់​លោក Zarif ដែល​បាន​និយាយ​ថា៖ «ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ហ្សាអឺន​ចង់​ធ្វើ​ការ​សងសឹក ដោយសារតែ​ការ​វិវឌ្ឍ​ទៅ​មុខ​របស់​យើង​នៅ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ដាក់​ទណ្ឌកម្ម។ … ពួកគេ​បាន​និយាយ​ជា​សាធារណៈ​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដក​ចេញ​នូវ​ទណ្ឌកម្ម។ ក៏ប៉ុន្តែ យើង​នឹង​ធ្វើការ​សងសឹក​ក្រុម​នេះ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​របស់​អ៊ីស្រាអែល​ បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ផ្នែក​ស៊ើបការណ៍​សម្ងាត់​មួយ​ចំនួន​ដែល​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​និយាយ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ Mossad របស់​អ៊ីស្រាអែល​បាន​ធ្វើ​ប្រតិបត្តិការ​បំផ្លាញ​ដោយ​ជោគជ័យ​នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ Natanz ដែល​អាច​បង្អាក់​ដំណើរការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​ជា​ច្រើន​ខែ។

ប្រទេស​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ផ្លូវការ​ណា​មួយ​អំពី​ឧបទ្ទវហេតុ​នេះ​ទេ៕

XS
SM
MD
LG