ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក និង​ស្នើ​ទស្សនវិស័យ​ថ្មី​មួយ​សម្រាប់​កម្មករ


លោក​ប្រធានាធិបតី ត្រាំ និង​ស្ត្រីទី​មួយ Melania Trump ឧត្តមសេនីយ៍​ Bradley Becker និង​អនុប្រធានាធិបតី​ Mike Pence និង​ភរិយា​លោក​ឈ្មោះ Karen Pence នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ។
លោក​ប្រធានាធិបតី ត្រាំ និង​ស្ត្រីទី​មួយ Melania Trump ឧត្តមសេនីយ៍​ Bradley Becker និង​អនុប្រធានាធិបតី​ Mike Pence និង​ភរិយា​លោក​ឈ្មោះ Karen Pence នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ។

មហាសេដ្ឋី​អចលនទ្រព្យ លោក ដូណាល់​ ត្រាំ​ ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក​បាន​និយាយ​ថា លោក​នឹង​ប្រើ​ទស្សនវិស័យ​ថ្មី​មួយ​សម្រាប់​អាមេរិក ដែល​កម្មករ​ត្រូវ​បាន​គេ​ទុក​ចោល​ដោយសារ​រោងចក្រ​ត្រូវ​បិទទ្វារ​និង​ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច។ ​

«នេះ​គឺ​ជា​ពេល​វេលា​របស់​អ្នក។ ប្រជាពលរដ្ឋ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ប្រទេស​នេះ​ឡើង​វិញ»។ នេះ​គឺ​ជា​សម្តី​ដែល​លោក ត្រាំ បាន​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​រាប់​សែន​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​មើល​ការស្បថ​ចូល​កាន់​តំណែងនិង​ស្តាប់​សុន្ទរកថា​របស់​លោក។

ស្ថិត​ក្នុង​បរិយាកាស​ដែល​មាន​ភ្លៀង​ធ្លាក់​បន្តិចបន្តួច លោក ត្រាំ ក្នុង​វ័យ​៧០​ឆ្នាំ ដែល​បាន​ក្លាយ​ជា​មេដឹកនាំ​កំពូល​អាមេរិក​ក្នុង​វ័យ​ចាស់​ជាងគេ​បង្អស់ បាន​មាន​ប្រសាសន៍​ថា «ទស្សនវិស័យ​ថ្មី​មួយ​នឹង​គ្រប់គ្រង​យើង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ទស្សនវិស័យ​នោះ​គឺ​ផ្តោត​លើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​អាមេរិក​មុន​គេ​បង្អស់។ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ខក​ចិត្ត​នោះ​ទេ។ អាមេរិក​នឹង​ចាប់​ផ្តើម​ឈ្នះ ជ័យ​ជម្នះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។ ​

នៅ​ក្នុង​យុទ្ធនាការ​របស់​លោក​សម្រាប់​ប្រជែង​យក​តំណែង​នៅ​សេតវិមាន លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​បាន​លើកឡើង​ពី​កម្មករ​ជា​ច្រើន​នាក់​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​មួយ​នេះ ដោយសារ​ផល​ប៉ះ​ពាល់​ពី​ការប្រែប្រួល​សេដ្ឋកិច្ច​ពិភពលោក នាំ​ឲ្យ​ពួកគេ​មិន​អាច​ឆ្លង​ផុត​ពី​ដំណាក់​កាល​នេះ​បាន។

អ្នក​វិភាគ​នយោបាយ​អាមេរិក​និយាយ​ថា អ្នកបោះឆ្នោត​ទាំង​នេះ​ហើយ​ដែល​ជួយ​ឲ្យ​លោក​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ និង​ជួយ​ឲ្យ​លោក​ទទួល​បាន​ជ័យជម្នះ​មិន​រំពឹង​ទុក​លើ​លោកស្រី Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ការបោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ លោកស្រី Hillary Clinton ក៏​បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ឯ​វិមាន Capitol ដែរ។

លោក Trump បាន​និយាយ​ថា៖ « អាមេរិក​រីក​ចម្រើន ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​មាន​ទ្រព្យសម្បត្តិ​ស្មើ​គ្នា​នោះ​ទេ។ អ្នក​នយោបាយ​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​បាត់បង់​ការងារ​ហើយ​រោងចក្រ​ត្រូវ​បិទ»។​

លោក ត្រាំ បាន​ប្តេជ្ញា​ថា​នឹង​ស្តារ​ការងារ​ដែល​បាត់បង់​ទៅ​បរទេស​មក​វិញ ហើយ​លោក​ក៏​នឹង​ព្យាយាម​បង្កើន​ការងារ ស្តារ​ផ្លូវថ្នល់ ​ស្ពាន​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដ​ទៃ​ទៀត​ដែល​ខូចខាត​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG