តាំងពីពេលព្រឹកព្រលឹមហ្វូងមនុស្សជាច្រើនបានតម្រង់ជួរគ្នាដើម្បីចូលរួមធ្វើជាសាក្សីនៃការស្បថចូលកាន់តំណែងរបស់លោកដូណាល់ត្រាំជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនាថ្ងៃសុក្រនេះ។
បើទោះបីជាចំនួនអ្នកចូលរួមនៅឆ្នាំនេះមានចំនួនតិចជាងឆ្នាំ២០០៩ពេលដែលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានស្បថចូលកាន់តំណែងប៉ុន្តែ ក៏បានទាក់ទាញអ្នកមកចូលរួមជាលើកដំបូងផងដែរ។
លោកណែម ឈឿងប្រធានសមាគមក្រុងខ្មែរនៅរដ្ឋចរចាបានចូលរួមក្នុងពិធី នេះជាលើកដំបូង។
«ខ្ញុំមានអារម្មណ៍សប្បាយរីករាយព្រោះអីយើងគិតថានៅ ស្រុកយើងកម្រឃើញព្រឹត្តិការណ៍ធំៗល្បីៗអីចឹងណាស់ហើយនេះជាកិត្តិយសដែលយើងជាជនជាតិភាគតិចមួយហើយត្រូវបានគេអញ្ជើញឱ្យមកចូលរួមការផ្លាស់ប្តូរប្រធានាធិបតីរបស់សហរដ្ឋអាមេរិកគឺជាប្រធានាធិបតីសឹងតែមួយពិភពលោកហើយ»។
ដូចគ្នានេះដែរព្រះតេជគុណសន សែន ដែលនិមន្តមកពីរដ្ឋចរចាបានសម្តែងពីព្រះទ័យរីករាយរបស់ព្រះអង្គក្នុងការមកចូលរួមលើកទីមួយ។
«តាមពិតទៅចំពោះអាត្មាជាព្រះសង្ឃដែលបានមករស់នៅស្រុកនេះគឺត្រេកអរជាមួយគាត់ដែលបានចូលរួម។ អត់មានថាកាន់ជើងគាត់ឬក៏យ៉ាងម៉េចទេគ្រាន់តែមកចូលរួមត្រេកអរក្នុងកម្មវិធីចូលកាន់តំណែង»។
សូម្បីលោកល័ក្ខ និស្ស័យ អ្នកគាំទ្រគណបក្សសាធារណរដ្ឋមកពីរដ្ឋម៉ាស្សាឈូសិតដែលបានចូលរួមក្នុងពិធីនេះនៅរាល់ពេលដែលគណបក្សរបស់លោកឈ្នះឆ្នោតនៅតែសប្បាយ។
«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយនឹងមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួមក្នុងការអបអរសាទរការចូលកាន់តំណែងរបស់ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនេះ»។
លោកប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសនៅក្នុងសុន្ទរកថាដំបូងរបស់លោកថាលោកនឹងប្រើប្រាស់ទស្សនៈវិស័យថ្មីមួយសម្រាប់សហរដ្ឋអាមេរិកដែលក្នុងនោះគឺផ្តោតលើផលប្រយោជន៍អាមេរិកាំងមុនអ្វីទាំងអស់ដែលមានដូចជាការយកចិត្តទុកដាក់ដល់កម្មករដែលត្រូវគេបោះបង់ចោលដោយសារតែការបិទទ្វាររោងចក្រនិងការបាត់បង់ទ្រព្យធនសេដ្ឋកិច្ច។
មានបញ្ហាមួយចំនួនដែលលោកណែម ឈឿងសង្ឃឹមថាលោកប្រធានាធិបតី នឹងផ្តោតលើ៖
«ខ្ញុំគិតថាទីមួយគឺរឿងជនអន្តោប្រវេសន៍ ទីពីររឿងច្បាប់ធានារ៉ាប់រងសុខភាព ទីបីរឿងការងារ ហើយនឹងទីបួនរឿងពាណិជ្ជកម្ម រឿងលទ្ធិប្រជាធិបតេយ្យជាដើម។ នេះជារឿងធំៗដែលជាទូទៅប្រធានាធិបតី សហរដ្ឋអាមេរិកត្រូវតែផ្តោតអារម្មណ៍»។
លោកល័ក្ខ និស្ស័យ យល់ស្របថានឹងមានការផ្លាស់ប្តូរនៅផ្នែករាប់រងសុខភាពនិង អន្តោប្រវេសន៍។ ហើយសម្រាប់គោលនយោបាយការបរទេសនោះក៏លោកសង្ឃឹមថា៖
«ចំពោះកិច្ចការបរទេសវិញខ្ញុំជឿថាក៏មានការផ្លាស់ប្តូរដែរដើម្បីបង្កើតកិច្ចការនៅសហរដ្ឋអាមេរិកគឺត្រូវតែមានការផ្លាស់ប្តូរខ្លះនៅក្នុងកិច្ចការបរទេសរបស់គាត់ហ្នឹង។ សង្គ្រាមក៏ត្រូវមានការផ្លាស់ប្តូរចឹងដែរមានន័យថាសង្គ្រាមដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ាគឺលោកត្រាំនឹងមានការផ្លាស់ប្តូរដែរ»។
លោកដូណល់ត្រាំបានឈ្នះលោកស្រីហ៊ីលឡារីគ្លីនតុនក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៦។ លោកស្រីគ្លីនតុនទទួលបានសំឡេងគាំទ្ររបស់ពលរដ្ឋលើសលោកត្រាំដល់ទៅជិត៣លានសំឡេងប៉ុន្តែលោកត្រាំឈ្នះចំនួនប្រតិភូច្រើនជាងដែលជាប្រព័ន្ធមួយប្រើប្រាស់សម្រាប់ជ្រើសរើសប្រធានាធិបតី។
លោកណែម ឈឿងបានបោះឆ្នោតគាំទ្រលោកស្រីហ៊ីលឡារី គ្លីនតុននៃគណបក្សប្រជាធិបតេយ្យប៉ុន្តែបានសម្រេចមកចូលរួមក្នុងពិធីនេះដោយសារតែលោកយល់ថាជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យគឺការទទួលស្គាល់លទ្ធផលឆ្នោតដែលមានចែងនៅក្នុងច្បាប់។
«នេះគឺជាភាសាគន្លឹះមួយដែលប្រជារាស្រ្តខ្មែរជាទូទៅនឹងជារួមដែលខ្ញុំនិយាយបានថាការដែលយើងមិនសប្បាយចិត្តទៅលើបុគ្គលណាមួយវាជារឿងមុនបោះឆ្នោតប៉ុន្តែក្រោយការបោះឆ្នោតការដែលគាំទ្រឱ្យតំណាងរបស់យើងមេដឹកនាំយើងដើម្បីធ្វើការជោគជ័យសម្រាប់ប្រទេសយើងសម្រាប់សហគមន៍យើងជាការចាំបាច់ហើយក៏ជាផ្លូវច្បាប់មួយដែលថាអ្នកណាឈ្នះអ្នកណាចាញ់យើងត្រូវគោរពផ្លូវច្បាប់ដែលគេបានចងក្រងហើយ»។
លោកប្រធានាធិបតីត្រាំមិនដែលកាន់តំណែងដែលមានការបោះឆ្នោត ឬបម្រើក្នុងជួរកងទ័ពពីមុនមកទេ៕