ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​លោក​ត្រាំ​នឹង​​​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច​អំពី​កេរ្តី៍​ដំណែល​គោលនយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា?


លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

នៅពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ប្រុង​ប្រៀប​ចាក​ចេញពី​សេតវិមាន ទាំង​អ្នក​រិះគន់​ និង​អ្នកគាំទ្រ​យល់​ស្រប​គ្នា​ថា ​ប្រវត្តិ​គោល​នយោបាយ​ការបរទេស​របស់​លោក ​មាន​ភាព​ចម្រុះ​គ្នា ​ចាប់​តាំង​ពី​ការ​សម្លាប់ Osama bin Laden មេដឹកនាំ​ក្រុម al-Qaida ​ដល់​អសមត្ថភាព​នៅ​ក្នុង​ការ​ចាត់​វិធានការ​ដោះ​ស្រាយក្នុង​ការ​ប្រឈម​ភាព​ចលាចល​ និង​អំពើ​ហិង្សា​​នៅ​ផ្នែក​ជា​ច្រើន​របស់​ពិភពលោក ​រួម​មាន​តំបន់​មជ្ឈឹម​បូព៌ា​ផង​ដែរ។ អ្នក​ជំនាញ​ជា​ច្រើន​ក៏​យល់​ស្រប​ដែរ​ថា ​វា​ជា​ការ​ពិបាក​ដើម្បី​ទស្សន៍ទាយ​ប្រភេទ​ផល​ប៉ះពាល់​អ្វី​ដែល​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ​ត្រាំ​ នឹង​មានលើ​កេរ្តី៍​ដំណែល​របស់​លោក​អូបាម៉ា​នៅ​លើ​ឆាក​ពិភពលោក​នោះ។

លោក​ប្រធានាធិបតី អូបាម៉ា ​បាន​ប្រឈម​សំណួរ​ពិបាកៗ​ជា​ច្រើន​អំពី​អសមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បញ្ឈប់​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​ស៊ីរី ​នៅ​ពេល​ដែល​លោកបាន​និយាយ​នៅ​សន្និសីទ​កាសែតកាល​ពី​ខែ​ធ្នូ។លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា មាន​ប្រសាសន៍​ថា៖ «អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​យើង​បាន​ធ្វើ​ការងារ​ដើម្បី​បញ្ឈប់​សង្គ្រាម​ស៊ី​វិល​នៅ​ក្នុង​ប្រទេស​ស៊ីរី ​និង​ដើម្បី​សម្រាល​ការ​ឈឺ​ចាប់​របស់​មនុស្ស​ជាតិ។ វា​ជា​បញ្ហា​ដ៏​លំបាក​បំផុត​មួយ​នៃ​បញ្ហា​ដ៏​លំបាក​បំផុតនានា​ដែល​ខ្ញុំ​បាន​ប្រឈម​មុខ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី។​ ការ​ទទួល​ខុសត្រូវចំពោះ​ភាព​ឃោរ​ឃៅ​នោះ​គឺ​ស្ថិត​នៅ​លើ​កន្លែង​តែ​មួយ​ទេ​គឺ​របប Assad ​ហើយ​និង​សម្ព័ន្ធមិត្ត​របស់​គេ​គឺ​រុស្ស៊ី​ និង​ប្រទេស​អ៊ីរ៉ង់។ ការ​បង្ហូរ​ឈាម ​និង​អំពី​ព្រៃ​ផ្សៃ​ទាំង​នេះ​ស្ថិត​នៅ​ដៃ​របស់​ពួក​គេ‍»។

​លោក​ប្រធានាធិបតី ​អូបាម៉ា ទទួល​បាន​ការ​សរសើរ​ចំពោះ​ការ​បញ្ចប់​តួនាទី​កងទ័ព​ប្រយុទ្ធ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​អាហ្វហ្គានីស្ថាន តាម​ការ​សន្យាក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​លោក។ យ៉ាងហោច​ណាស់​ក៏​អ្នក​វិភាគ​ម្នាក់​ដែរ​បាន​សរសើរ​លោក​ប្រធានាធិបតី​ចំពោះ​ការ​ដោះស្រាយ​ស្ថានភាព​ដ៏​ធ្ងន់​ធ្ងរ​ដែលលោក​បាន​ទទួល​ពី​រដ្ឋបាល​របស់​លោក​ប៊ូស។ លោក Brian Katulis ​នៃ​មជ្ឈមណ្ឌល American Progress ​បាន​និយាយ​ថា៖ «ពិភពលោក​បាន​ស្ថិត​ក្នុង​ភាព​ចលាចល​យ៉ាង​ខ្លាំង ​ហើយ​លោកប្រធានាធិបតី​អូបាម៉ា​បាន​ទទួល​ស្ថានភាព​នេះ​ដែល​យើង​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​អាហ្វហ្គានីស្ថាន​ដោយ​មិន​ឃើញ​ទី​បញ្ចប់​នៃ​សង្គ្រាម​ទាំង​នោះ​ ហើយ​លោក​បានបញ្ចប់​ការ​ទាក់​ទិន​ខាង​យោ​ធា​របស់​សហរដ្ឋ​អាមេរិក ​និង​វត្តមាន​ដ៏​ច្រើន​របស់​កងទ័ព​សហរដ្ឋ​អាមេរិក‍»។

ពួក​អ្នក​វិភាគ​ផ្សេង​ទៀត​មិន​យល់​ស្រប​ដោយ​និយាយ​ថា ​លោក​អូបាម៉ា​កំពុងបន្សល់​ទុក​ឲ្យ​ពិភពលោក​មាន​សន្តិសុខ​តិច​ជាង​មុន។ លោក James Carafanoនៃ​មូលនិធិ Heritage​ និយាយ​ថា៖ «ខ្ញុំ​គិតថា ពិត​ប្រាកដ​ណាស់​ថា​ មាន​ការ​ព្រួយ​កង្វល់​អំពី​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ពិភពលោក​ អាមេរិកាំង​ហាក់​ដូចជា​គ្មាន​ការ​ចាប់​អារម្មណ៍ ​គ្មាន​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​តាំង​ចិត្ត​ និង​ការ​ពាក់​ព័ន្ធ។ ខ្ញុំ​គិត​ថា ​នេះ​ជា​ការ​ពិត។ ​ក៏​ប៉ុន្តែ ខ្ញុំមើល​ឃើញ​បញ្ហា​ជាច្រើន​នៅ​តំបន់​មជ្ឈឹម​បូព៌ា ខ្ញុំ​ឮ​បញ្ហា​នេះ​មកពួក​អឺរ៉ុប។ ខ្ញុំ​ឃើញ​បញ្ហា​នេះ​នៅ​ក្នុង​តំបន់​អាស៊ី​ដែរ‍»។

ប្រធានាធិបតី​អូបាម៉ា​ និង​ប្រធានាធិបតី​ជាប់​ឆ្នោត ត្រាំ ​បាន​ប៉ះ​ទង្គិច​គ្នា​រួច​ទៅ​ហើយ​លើ​បញ្ហា​គោល​នយោបាយ​ការ​បរទេស​មួយ​ចំនួន ​រួម​មាន​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ​តើ​ដោះ​ស្រាយ​ជាមួយ​ចិន​យ៉ាង​ដូចម្តេច​ហើយ​និង​ថា​តើ​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ច្រក​សមុទ្រ Guantanamo ដែរ​ឬ​ទេ។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មានថា ​លោក​មាន​ពាក្យ​ណែនាំនេះ​សម្រាប់​អ្នក​ស្នង​តំណែង​របស់​លោក។ លោក​ប្រធានា​ធិបតី ​អូបាម៉ា មាន​ប្រសាសន៍ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ផ្តល់​ឱវាទ​ដល់​ប្រធានាធិបតី​ជាប់​ឆ្នោត​គឺថា ចំពោះ​ការ​អនុវត្ត​គោល​នយោ​បាយ​ការ​បរទេស លោក ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​លោក ​ធ្វើវា​ជា​ប្រព័ន្ធ និង​ការ​គិត​ទុក​ជា​មុន។ ​លោក​គួរ​ឲ្យ​ក្រុម​របស់​លោក​បាន​ទទួល​ការ​ពន្យល់ពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល​ហើយ​ និង​ភាព​គ្រោះ​ថ្នាក់​ដ៏​ខ្លាំង ​អាច​កើត​មាន​ឡើង ជា​ច្រើន​ឆ្នាំ‍»។

ក៏ប៉ុន្តែ លោក​ត្រាំ ហាក់​ដូច​ជា​ធ្វើ​ទៅ​តាម​មាគ៌ា​របស់​លោក​នៅ​ក្នុង​ជំនួប​មុន​ដំបូង​ជា មួយ​ពួក​មេដឹកនាំ​ពិភពលោក ​មុនពេល​ក្លាយ​ជា​អគ្គមេបញ្ជាការ​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG