ពាណិជ្ជករមហាសេដ្ឋីដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ។
មុនស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក លោកត្រាំបានទស្សន៍ទាយថា ប្រទេសអាមេរិកនឹងឃើញអ្វីដ៏ភ្ញាក់ផ្អើលនៅពេលដែលលោកស្បថចូលកាន់តំណែង។
លោកត្រាំសន្យាខិតខំធ្វើការ បង្រួបបង្រួមប្រទេសហើយ «នឹងធ្វើឲ្យប្រទេសអាមេរិកអស្ចារ្យម្តងទៀតសម្រាប់ពលរដ្ឋអាមេរិកាំងគ្រប់រូប»។
បន្ទាប់ពីការសម្តែងតន្រ្តីស្បថចូលកាន់តំណែងនៅជណ្តើរវិមានអនុស្សាវរីយ៍ Lincoln ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកត្រាំបានមានប្រសាសន៍ថាលោកមិនខ្វល់ថាតើអាកាសធាតុល្អ ឬថាតើធ្លាក់ភ្លៀងខ្លាំងប៉ុនណានោះទេ លោកបានប្រាប់ពិភពលោកទាំងមូលដែលកំពុងមើលអ្វីដែលកំពុងកើតមានឡើងនៅក្នុងសហរដ្ឋអាមេរិក។
ភ្លៀងធ្លាក់តិចៗ និងសីតុណ្ហភាពជាការព្យាករណ៍សម្រាប់ថ្ងៃស្បថចូលកាន់តំណែងប្រធានាធិបតី។
កាលពីយប់ថ្ងៃព្រហស្បតិ៍ បាតុករប្រឆាំងលោកដូណាល់ ត្រាំ បានប៉ះទង្គិចជាមួយប៉ូលិសនៅខាងក្រៅក្លឹបសារព័ត៌មានជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នៅខាងក្នុងពិធីអបអរសាទរមុនការស្បថការចូលកាន់តំណែងបានធ្វើឡើង។
ពួកបាតុករបានស្រែកថា «មិនមែនត្រាំទេ។ គ្មានរបបហ្វាស៊ីសសហរដ្ឋអាមេរិកទេ! នៅពេលដែលប៉ូលិសព្យាយាមឲ្យពួកគេនៅឲ្យឆ្ងាយពីទ្វាររបស់អាគារនោះ។ បាតុករខ្លះបានចោលរបស់របរដាក់ប៉ូលិស។ មានការឆេះយ៉ាងហោចណាស់ក៏មួយដែរនៅលើផ្លូវ។ ពួកមន្រ្តីបានបាចទឹកមានជាតិគីមីទៅលើហ្វូងមនុស្សទាំងនោះ។
លោក Sean Spicer ដែលនឹងក្លាយជាលេខាធិការព័ត៌មានសេតវិមានបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតបានបន្តធ្វើការផ្លាស់ប្តូរក្នុងសុន្ទរកថាស្បថចូលកាន់តំណែងដែលលោកនឹងធ្វើនៅជណ្តើរវិមានរដ្ឋសភា Capitol សហរដ្ឋអាមេរិកនៅពាក់កណ្តាលថ្ងៃសុក្រនេះ។ លោក Spicer បាននិយាយថា សុន្ទរកថានោះគឺបញ្ហាផ្ទាល់ខ្លួន និងទស្សនៈរបស់លោកសម្រាប់ប្រទេសអាមេរិក៕