ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

DNA អាច​​បង្ហាញ​អំពី​វិធី​ព្យាបាល​ឱ្យ​ជា​ឬ​ទប់​ទល់​នឹង​ជំងឺ​មហារីក


រូបេកសារ៖ ការ​ពិនិត្យ​រក​មើល​មហារីក​ដោះ និង ​ក នៅ​មណ្ឌល​សុខភាព​ NorthPoint ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋ​អាមេរិក។

ការ​ព្យាបាល​ជំងឺ​មហា​រីក​មាន​ការ​ជាក់​លាក់​ជាង​មុន​ ហើយ​ក៏​ទាក់​ទង​នឹង​ការ​វះ​កាត់​តិច​ជា​ង​មុន​ផងដែរ។​ នេះ​មាន​ន័យ​ថា​ការព្យាបាល​ជំងឺ​មហា​រីក​ប្រភេទ​ខ្លះ​នឹង​ត្រូវ​ចំណាយ​ពេល​តិច​ជាង​មុន​ហើយ​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន។

​ការ​ព្យាបាល​ជំងឺ​មហា​រីក​តាម​ប្រពៃណី​ជា​ញឹក​ញយ​មាន​រួម​បញ្ចូល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ឬ​ជាតិ​គីមី​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ chemotherapy​ ការ​ប្រើកាំ​រស្មី ​X​ ឬ​ដោយ​ប្រើវិធី​ទាំង​ពីរ។​ ក៏​ប៉ុន្តែ ​chemo​ និង​ការ​ប្រើកាំ​រស្មី​ X ​សម្លាប់​កោសិកា​មាន​សុខភាព​ល្អ​និង​កោសិកា​មហារីក​ ហើយ​ផលវិបាក​នៃការ​ព្យាបាល​ទាំង​នេះ​ក៏​មាន​ច្រើន​ដែរ។​

ជួន​កាល​ការវះ​កាត់​ជា​ជម្រើស​ល្អ​បំផុត​ ក៏​ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ក៏​បាន​ទទួល​ការ​ព្យាបាល​តាមវិធី​ផ្សំ​គ្នារវាង ​chemo ​និង​ការប្រើ​កាំ​រស្មី​ X ​បន្ថែម​ទៀត។​

ជារួម​ ការ​ព្យាបាល​ជំងឺ​មហារីក​តម្រង់​ទីដៅ​ច្រើន​ជាងមុន​ទៅ​លើ​កោសិកា​ជំងឺ​នេះ។ ជា​ឧទាហរណ៍​ ស្ត្រី​ដែល​មានជំងឺ​មហា​រីក​ដោះនៅ​ក្នុង​ដំណាក់​កាលដំបូង​អាច​ទទួល​ការ​ព្យាបាល​តាម​កាំ​រស្មី​ X​ ដោយ​តម្រង់​ទៅ​កាន់​កន្លែង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​ក្រោយ​ការ​វះ​កាត់​យក​ដុំ​សាច់​ពក​រួច​ហើយ។​

រូបឯកសារ៖ ការ​ឆ្លុះ​កាំ​រស្មី​ X រក​មើល​ជំងឺ​មហា​រីក។
រូបឯកសារ៖ ការ​ឆ្លុះ​កាំ​រស្មី​ X រក​មើល​ជំងឺ​មហា​រីក។

ជាមួយ​នឹង​វិធី​ព្យាបាល​របៀប​នេះ​ ការ​ប្រើ​កាំរស្មី ​X​ ខ្សោយ​ដែល​បាញ់​តម្រង់​ពី​ជ្រុង​ផ្សេងៗ​គ្នា​ ត្រូវ​ចំតែ​កន្លែង​ដែល​កោសិកា​មហារីក​នៅ​មាន​សេស​សល់ ជា​ជាង​ការប្រើ​កាំ​រស្មី​ X ​ទៅលើ​ដោះ​ទាំង​មូល។​ បន្ថែមពី​នេះ​ស្ត្រី​មាន​ជំងឺ​នេះ​មិន​ត្រូវ​ការ​ព្យាបាល​ច្រើន​ទេ។

លោកស្រី​វេជ្ជបណ្ឌិត​ Julia White ​នៃ​មជ្ឈមណ្ឌល​ Comprehensive Cancer Center ​នៃ​សាកល​វិទ្យាល័យ​រដ្ឋ Ohio ពិនិត្យ​មើល​អំពី​លទ្ធផល​នៃ​របៀប​ព្យាបាល​ទាំង​ពីរ​នេះ។

‍«ការ​ព្យាបាល​ខ្លី​ចំនួន​ប្រាំថ្ងៃ​បាន​ផល​ល្អ​ដូច​ការ​ព្យាបាល​ដោយ​ប្រើ​កាំ​រស្មី X ពី​៤​ទៅ​៦​សប្តាហ៍​ដែរ‍»។

ការ​ព្យាបាល​មួយ​បែប​ទៀត​គឺ​ការ​ប្រើប្រព័ន្ធ​ការពារ​នឹង​ជំងឺ​ក្នុង​រាង​កាយ​ផ្ទាល់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក។​ លោក​វេជ្ជបណ្ឌិត​ William Nelson ​នៃ​មជ្ឈមណ្ឌល Johns Hopkins Medicine ​មាន​ប្រសាសន៍​ថា​ វិធី​ព្យាបាល​ដោយ​ប្រើភាព​ស៊ាំ​នឹង​ជំងឺ​ក្នុង​រាង​កាយ​ផ្ទាល់​នឹង​ក្លាយ​ទៅ​ជា​ការ​ព្យាបាល​មាន​ស្តង់ដារ​ជា​ង​មុន។​

«នៅ​ពេលនេះ​មាន​ការ​ច្បាស់​លាស់​ថា​ ប្រព័ន្ធការពារ​នឹង​ជំងឺ​ក្នុង​រាង​កាយ​ឃើញ​កោសិកា​មហារីកថា​មិន​ធម្មតា​ហើយ​ប្រសិន​បើ​យើង​បញ្ចេញ​កម្លាំងនៃប្រព័ន្ធភាព​ស៊ាំ​នឹង​ជំងឺ​ក្នុង​រាង​កាយ ​កម្លាំង​នេះ​អាច​វាយ​ប្រហារ​និង​បំផ្លាញ​កោសិកា​មហារីក​ក្នុងវិធី​ល្អ​ប្រសើរ​បាន‍»។

នៅ​មាន​វិធី​ព្យាបាល​មួយ​ទៀត​ទាក់ទិន​នឹង​ព័ន្ធុ​នៃ​កោសិកា​មហា​រីក​ហើយ​ប្រើ​ឱសថ​ដែល​បាន​ត្រូវ​ផ្សំ​ឡើង​សម្រាប់​តែ​សម្លាប់​កោសិកា​ទាំង​នោះ។ លោកស្រី​វេជ្ជបណ្ឌិត​ Marcia Brose នៅ​ឯ​មជ្ឈមណ្ឌល Abramson Cancer នៃ​

សាកល​វិទ្យាល័យ ​Pennsylvania ​ជា​អ្នក​ជំនាញ​ក្នុង​របៀប​ព្យាបាល​នេះ​ដោយ​ចំ​ដែល​មាន​ឈ្មោះ​ថាការ​ធ្វើ​តេស្ត​បែប genomic ​និង​ការប្រើ​ឱសថ​ឱ្យ​ចំៗ។​

«យើង​និយាយ​អំពី​ការ​បំផ្លាញ​កោសិកា​ដែលបានចាប់ផ្តើម​ឱ្យមាន​ជំងឺ​មហារីក​និង​នេះ​ជា​អ្វី​ដែល​ជាវិធី​ព្យាបាល​ដោយ​ចំ​កោសិកា​ទាំង​នេះ‍»។

រូបឯកសារ៖ អ្នក​ជំងឺ​មហា​រីក​ដោះ​ម្នាក់​ទទួល​ការ​ព្យបាល​បែប​ chemotherapy នៅ​មជ្ឈមណ្ឌល​ជំងឺ​មហារីក Antoine-Lacassagne ទីក្រុង​ Nice ប្រទេស​បារាំង។
រូបឯកសារ៖ អ្នក​ជំងឺ​មហា​រីក​ដោះ​ម្នាក់​ទទួល​ការ​ព្យបាល​បែប​ chemotherapy នៅ​មជ្ឈមណ្ឌល​ជំងឺ​មហារីក Antoine-Lacassagne ទីក្រុង​ Nice ប្រទេស​បារាំង។

លោកស្រី​ Brose​ បាន​និយាយ​តាម​ Skype​ ថា​ជំងឺ​មហារីក​នៃ​អ្នកជំងឺ​ម្នាក់ៗ​ខុសៗ​គ្នា​ដូច DNA ពួក​គេ​ដែរ។​ ការ​ដឹង​អំពី​សមាសភាព​នៃ​ជំងឺ​មហារីក​ជួយ​ពួក​វេជ្ជបណ្ឌិត​កំណត់​អំពី​ឱសថ​អ្វី​ដែល​អាច​ប្រើក្នុង​ការ​ព្យាបាល​ដោយ​បាន​ផល​ល្អ​បំផុត។​លោកស្រី​វេជ្ជបណ្ឌិត Brose បាន​មាន​ប្រសាសន៍​ថា​ការ​ព្យាបាល​នេះ​មិន​ប៉ះពាល់​កោសិកា​មាន​សុខភាព​ល្អ​ទេ​ហើយ​អ្នកជំងឺ​តិចតួចត្រូវ​ថ្នាំ​ធ្វើទុក្ខ​ក្នុង​ការព្យាបាល​បែបនេះ។

​«ចំពោះ​អ្នកជំងឺពីរ​បី​នាក់​ដែល​ខ្ញុំព្យាបាល ប្រសិន​បើ​ខ្ញុំ​បន្ថយ​ឱសថ​មួយ​កម្រិតរឿង​ថ្នាំ​ធ្វើទុក្ខ​បាត់ទៅ​វិញ​ហើយការ​ព្យាបាល​នេះ​នៅ​តែមាន​ប្រសិទ្ធភាព‍»។

លោកស្រី Brose បាន​និយាយ​ឱ្យ​ប្រុង​ប្រយ័ត្ន​ថា​ការ​ព្យាបាល​បែបនេះ​មិនមែន​សម្រាប់​អ្នក​ជំងឺ​មហារីកគ្រប់គ្នា​ទេ។

«នៅពេល​នេះ​ ខ្ញុំ​យល់​ថា​ផល​ប៉ះពាល់​ធំ​បំផុត​មានដល់​ពួកអ្នក​ជំងឺ​ដែលជំងឺ​មហារីកមិន​ទាន់ជាហើយ​វិល​ត្រឡប់​មកទទួល​ការ​ព្យាបាល​ច្រើន​ដង​ទៀត​ដោយសារ​ជំងឺ​មហារីក​បានរាល​ដាល​ទៅ​ដល់​ផ្នែកឯទៀតៗ​នៃ​រាង​កាយ‍»។

លោកស្រី​វេជ្ជបណ្ឌិត​ Brose បាន​និយាយថា​អ្នកជំងឺ​របស់​លោកស្រី​ច្រើននាក់​ដែល​មាន​ជំងឺមហា​រីក​ដំណាក់កាល​ធ្ងន់ធ្ងរ​ខ្លាំង​ មិនមែន​គ្រាន់តែ​នៅ​រស់​ប៉ុណ្ណោះទេក៏​ប៉ុន្តែ​ក៏​មាន​សុខភាព​ល្អ​នៅពេល​ច្រើន​ឆ្នាំ​ក្រោយការ​ព្យាបាល​បែបនេះ‍»។

«ខ្ញុំ​មាន​អ្នក​ជំងឺ​ម្នាក់​ដែល​គេ​និយាយ​ប្រាប់​ថា​លោក​អាច​នៅ​រស់​តែ​ប្រមាណ​បី​ខែ​ទៀតទេ​ហើយ​លោកមាន​ជំងឺ​មហារីក​មួយបែប​ដែល​មិន​អាច​ព្យាបាល​ជាទេ ទោះណា​ព្យាបាល​ជាមួយ chemotherapy ក៏ដោយ ពួក​អ្នក​ជំងឺ​ទាំង​នេះ​មាន​

សុខ​ភាព​មិន​ល្អទេ។​ហើយ​ខ្ញុំ​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​មានជំងឺ​មហារីក​ជាលិកា​សន្ធាន​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ជំងឺ sarcoma ដែល​ជិះ​រទេះ​រុញ​និងមានប្រើ oxygen ដើម្បី​ជួយ​ដល់​ការ​ដក​ដង្ហើម​ជា​ប្រចាំ។​ខ្ញុំ​សង្កេត​ថា​អ្នក​ជំងឺ​នេះ​មិន​អាច​រស់បាន​ហួស​ពីមួយ​ឆ្នាំទេ។​អ្នកស្រី​នៅ​រស់​បី​ឆ្នាំ​បន្ទាប់​មក​ហើយ​អ្នកស្រី​ដើរលេង​កាត់ព្រៃ​ភ្នំ​ជា​មួយ​ពួក​កូន​អ្នកស្រី​ថែមទៀត​ផង‍»។

ការ​ព្យាបាល​នេះ​មិនមែន​សម្រាប់​អ្នកជំងឺ​មហារីក​គ្រប់គ្នា​ទេ ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​ខាង​ជំងឺ​មហារីក​យល់​ថា​ការ​ព្យាបាល​ដោយ​តម្រង់​ទៅកាន់​កោសិកា​មហារីក​ទោះ​ណា​ជាការ​ប្រើកាំរស្មី X ដោយផ្នែក​, ការ​ព្យាបាល​បែប​ immunotherapy ឬការ​ធ្វើ test បែប genomic និង​បន្ទាប់​មក​មានការ​ព្យាបាល​បែប​ precision medicine ជា​អនាគត​នៃ​ការ​ព្យាបាល​ជំងឺ​មហារីក៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG