មានមីក្រុបតូចៗដែលមានកោសិកាតែមួយ ចំនួនរាប់រយលានលាន (ទ្រីលាន) ក្នុងពោះវៀនរបស់អ្នក គឺប្រហែលច្រើនជាងចំនួនកោសិកាក្នុងរាងកាយទាំងមូលរបស់អ្នករហូតដល់ទៅ១០ដង។
ភាគច្រើននៃមីក្រុបទាំងនោះមានអត្ថប្រយោជន៏សម្រាប់យើងខ្លះៗដែរ។ ការខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្រ្តទាំងអស់នាពេលបច្ចុប្បន្ននេះ ត្រូវបានគេផ្តោតទៅលើការវិភាគរកឲ្យឃើញថា តើពពួកមីក្រុប ឬហៅម្យ៉ាងទៀតថា microbiota ទាំងនេះអាចធ្វើអ្វីបានខ្លះ។
ការសិក្សាថ្មីបំផុត ដែលចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្តលើកឡើងថា មីក្រុបមួយចំនូនអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។
ក្នុងការសិក្សាជាច្រើនលើសត្វកណ្តុរ លោក Tom Guyjewsky វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកដុំសាច់ និងសហការីនៅឯសាកលវិទ្យាល័យ Chicago បានរកឃើញថា មីក្រុបក្នុងពោះវៀនរបស់សត្វកណ្តុរមួយប្រភេទបានបង្កើតការឆ្លើយតបដោយបង្កើតភាពស៊ាំខ្លាំងមួយ ប្រឆាំងនឹងជំងឺមហារីកស្បែក ដែលជាជំងឺដ៏កាចសាហាវ។
នៅពេលដែលសត្វកណ្តុរទាំងនោះត្រូវបានព្យាបាលជំងឺដោយប្រើថ្នាំគីមី PD L-1 ដុំសាច់របស់ពួកវាបានរួមតូចគួរឲ្យកត់សម្គាល់ហើយស្ទើរតែបាត់អស់តែម្តង។
លោក Guyjewsky និយាយថា៖ «ឥលូវនេះ យើងមានអ្នកជំងឺដែលដុំសាច់របស់ពួកគាត់ត្រូវបានបំបាត់ទាំងស្រុង មិនតែប៉ុណ្ណោះ អ្នកដឹងទេថា ពួកគេអាចនឹងមានស្ថេរភាពបែបនេះបានច្រើនឆ្នាំទៀត។ ហើយនេះគ្រាន់តែសម្រាប់អ្នកជំងឺមួយចំនួនតូចប៉ុណ្ណោះ។ បើយើងអាចរកឃើញគន្លឹះដើម្បីជំរុញការឆ្លើយតបរបស់ភាពស៊ាំនោះ យើងប្រហែលជាអាចបង្កើនចំនួនអ្នកជំងឺដែលអាចទទួលបានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំល្អ ប្រឆាំងនឹងដុំសាច់របស់ពួកគេ»។
ពីដំបូង អ្នកស្រាវជ្រាវជាច្រើនបានកត់សម្គាល់ថា សត្វកណ្តុរដែលទទួលបានពីមន្ទីរពិសោធន៍មួយ មានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំខ្លាំង ប្រឆាំងនឹងដុំសាច់នៃជំងឺមហារីកស្បែកតូចៗ។ ហើយក៏មានសត្វកណ្តុរដែលយកពីមន្ទីរពិសោធន៍ផ្សេងទៀត មានការឆ្លើយតបខ្សោយប្រឆាំងនឹងដុំសាច់។
ក៏ប៉ុន្តែ នៅពេលកណ្តុរទាំងនោះត្រូវបានដាក់ឲ្យនៅលាយឡំជាមួយគ្នា អ្នកស្រាវជ្រាវបានរកឃើញថា ដុំសាច់នៅក្នុងកណ្តុរទាំងអស់នោះ បានថយចុះ។
ក្រុមអ្នកស្រាវជ្រាវទាំងនោះជឿថា ការរស់នៅជាមួយគ្នា អាចផ្ទេរមីក្រុបក្នុងពោះវៀនដែលមានប្រយោជន៍មួយចំនួនទៅពពួកសត្វកកេរដែលមិនបានទទួលផលល្អពីការប្រើប្រាស់ថ្នាំ PD L-1។
អ្នកអង្កេតជាច្រើនបានផ្ទេរលាមកពីសត្វកណ្តុរដែលប្រព័ន្ធភាពស៊ាំមានការឆ្លើយតបខ្លាំង ទៅក្នុងពពួកសត្វកណ្តុរដែលមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំខ្សោយដើម្បីធ្វើការវិភាគ។ មួយរយៈក្រោយមក ពួកគេបានឃើញថា ដុំសាច់លូតលាស់យឺតជាងមុនខ្លាំងក្នុងចំណោមកណ្តុរទាំងពីរក្រុម។
បាក់តេរីពោះវៀនមួយប្រភេទ ដែលគេហៅថា បាយហ្វូបាក់តេរី (Bifobacterium) ហាក់ដូចជាមានប្រយោជន៍ពិសេសជាងគេ។
លោក Guyjewskyនិយាយថា បាយហ្វូបាក់តេរី (Bifobacterium) មានប្រសិទ្ធភាពដូចថ្នាំ PD L-1 ដែរ ហើយនៅពេលដែលវាត្រូវបានប្រើជាមួយគ្នា វាអាចបង្កើតបានជាថ្នាំព្យាបាលដែលមានសក្តានុពល សម្រាប់មហារីកមួយចំនួន រូមមានមហារីកសួត ក្បាលនិងកជាដើម។
លោក Guyjewsky និយាយថា ថ្នាំអង្គបដិបក្ខជាច្រើនមានតម្លៃថ្លៃណាស់ ប៉ុន្តែបើគេប្រើថ្នាំនោះជាមួយនឹងផលិតផលធ្វើពីមីក្រុបពោះវៀន មនុស្សកាន់តែច្រើនអាចមានលទ្ធភាពទទួលបានការព្យាបាលដោយប្រើថ្នាំអង្គបដិបក្ខទាំងនោះ។
លោក Guyjewsky និយាយថា៖ «ហើយថ្នាំទាំងនេះ ប្រហែលជាងាយស្រួលជាងមុន ក្នុងការនាំចេញទៅប្រទេសកំពុងអភិវឌ្ឍន៍នានា នៅពេលដែលអ្នកគិតដល់ពេលខាងមុខ។ ការព្យាបាលក្នុងតម្លៃថ្លៃទាំងនេះដែលអ្នកកំពុងស្រមើស្រមៃ នឹងមិនអាចមានមួយរយៈ នៅប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែសារធាតុដូចជា Probiotic អាចមានតម្លៃថោកនិងងាយស្រួលរក»។
មីក្រុបសរីរាង្គមួយចំនួនដែលហៅថា Probiotic ត្រូវបានដាក់លក់នៅលើទីផ្សារហើយ។
ក៏ប៉ុន្តែលោក Guyjewsky ព្រមានពីការប្រើប្រាស់ថ្នាំមីក្រុបទាំងនេះនៅពេលនេះ ពីព្រោះថ្នាំខ្លះអាចធ្វើឲ្យប្រពន្ធ័ភាពស៊ាំចុះខ្សោយ ដែលធ្វើឲ្យជំងឺមហារីករាលដាលកាន់តែធំ ឬធ្វើឲ្យថ្នាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ចុះខ្សោយប្រសិទ្ធិភាព៕
ប្រែសម្រួលដោយ ទុំ ម្លិះ