នៅថ្ងៃសុក្រនេះ គណបក្សនយោបាយចំនួនប្រាំពីរបានចាប់ផ្តើមឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៣ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា។
គណបក្សនយោបាយចំនួនប្រាំពីរ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលនេះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។
ការឃោសនាបោះឆ្នោតរយៈពេលប្រាំបីថ្ងៃនឹងត្រូវបញ្ចប់នៅថ្ងៃទី២៤ឧសភាសប្តាហ៍ក្រោយ។ ដោយឡែកការឃោសនាស្វែងរកសំឡេងគាំទ្រនៅថ្ងៃដំបូងនេះមិនមានសភាពអ៊ូអរនោះទេ។ មានការដង្ហែក្បួនតាមដងផ្លូវបន្តិចបន្តួច និងមានការចាក់សារនយោបាយតាមឧបករណ៍បំពងសំឡេងនៅតាមទីស្នាក់ការគណបក្សមួយចំនួន ដូចជាគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងគណបក្សតូចៗមួយចំនួនទៀត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ប្រាប់ VOA ថា ថ្ងៃទី១នៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំងប្រាំពីរ ប្រព្រឹត្តទៅដោយបរិយាកាសស្ងប់ស្ងាត់។
«យើងសង្កេតឃើញថា គណបក្សនយោបាយទាំង៧ លោកមានការចាស់ទុំក្នុងការចូលរួមក្នុងវិស័យបោះឆ្នោត។ លោកបានធ្វើសកម្មភាពដោយមិនមានផលប៉ះពាល់អ្វីមួយ មិនរំខានដល់ប្រជាពលរដ្ឋ មិនរំខានដល់ការធ្វើចរាចរណ៍ ហើយក៏មិនមានប៉ះពារគ្នារវាងគណបក្សនយោបាយដែរ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌគឺជាការបោះឆ្នោតអសកល។ ប្រជាពលរដ្ឋទូទៅមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាទាំងនោះបានទេ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ១១៥៧២រូប ដែលមានតំណែងតែប៉ុណ្ណោះ ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្នាក់ខ្ពស់របស់ខ្លួនបាន។ អាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌមានចំនួន៤១១៤នៅទូទាំង២៥ខេត្ត រាជធានី។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រំពឹងថា គណបក្សប្រជាជនកម្ពុជានឹងនៅតែរក្សាតំណែងក្រុមប្រឹក្សារបស់ខ្លួនយ៉ាងច្រើនលើសលប់ដដែល។
«មូលដ្ឋានខ្លះគេក៏ហែទៅ ខ្លះក៏គេប្រជុំក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអង្គបោះឆ្នោតហ្នឹង ដើម្បីបំពាក់បំប៉នសតិអារម្មណ៍ ហើយអំពីបច្ចេកទេសនៃការបោះឆ្នោតហ្នឹងឲ្យបានត្រឹមត្រូវ កុំឲ្យបាត់សំឡេង»។
ចំណែកលោក សុខ វិសាល អគ្គលេខាធិការគណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃលើកឡើងថា ក្នុងរយៈពេលនៃការឃោសនារកសំឡេងឆ្នោតរយៈពេល៨ថ្ងៃនេះ គណបក្សខ្មែររួបរួមជាតិនឹងឆ្លៀតពេលចុះទៅតាមបណ្តាខេត្ត និងរាជធានីផ្សេងៗគ្នាដើម្បីជួបអ្នកគាំទ្ររបស់ខ្លួន។ លោកបន្តថា ការឃោសនារបស់គណបក្សខ្មែររួបរួមជាតិគឺធ្វើនៅទីតាំងស្នាក់ការគណបក្ស ដោយមិនមានហែក្បួននោះទេ។
លោក សុខ វិសាល បន្ថែមដោយរំពឹងថា គណបក្សខ្មែររួបរួមជាតិនឹងទទួលបានអាសនៈក្រុមប្រឹក្សាមួយចំនួនក្នុងការបោះឆ្នោតអាណត្តិទី៣នេះ។
«តាមការប៉ាន់ស្មានមើលទៅហ្នឹង យើងមានសមាជិកក្រុមប្រឹក្សាខេត្តមួយចំនួនដែរ ហើយសមាជិកក្រុមប្រឹក្សាស្រុកក្រុងហ្នឹងមួយចំនួនដែរ គ្រាន់តែថា ចំនួនណាមួយនោះ ខ្ញុំមិនទាន់បញ្ជាក់ជូនមុនបានសុក្រឹត្យទេ»។
VOA មិនអាចទាក់ទងប្រធានគណបក្សនយោបាយមួយចំនួនទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះនៅឡើយ។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនេះពុំមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិនោះទេ។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជែងដ៏ធំជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សនេះបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន៥០០៧របស់គណបក្សនេះ ត្រូវបានយកទៅបែងចែកឲ្យគណបក្សនយោបាយផ្សេង ដែលទទួលបានសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០១៧។ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានផលពីការបែងចែកនេះច្រើនជាងគេ។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ធ្លាប់បានប្រាប់ VOA ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកនិងខណ្ឌនៅពេលនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទៅនោះទេ ដ្បិតគណបក្សប្រជាជនកម្ពុជានឹងទទួលជ័យជម្នះស្ទើរតែទាំងស្រុងដោយសារគ្មានគូប្រជែង។ លោកថា ជ័យជំនះនេះនឹងធ្វើឲ្យគណបក្សកាន់អំណាចមិនខ្វល់អំពីការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ៕