ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​កំណត់​យក​ថ្ងៃ​២៦​ឧសភា​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ដោយ​គ្មាន​បក្ស​ប្រឆាំង


រូបភាព​ឯកសារ៖ មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប ​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ដែល​ជា​ការ​បោះឆ្នោត​អសកល​ផង​ដែរ ​កាល​ពី​ថ្ងៃទី២៥​ ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបភាព​ឯកសារ៖ មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​មួយ​រូប ​ចូលរួម​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ដែល​ជា​ការ​បោះឆ្នោត​អសកល​ផង​ដែរ ​កាល​ពី​ថ្ងៃទី២៥​ ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

តាម​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ (គ.ជ.ប)​ គេ​ឃើញ​មាន​គណបក្ស​តូចៗ​ មួយ​ចំនួន​ចូលរួម​ប្រជែង​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។​

នៅ​ពេល​ស្ថានភាព​នយោបាយ​កម្ពុជា​ ត្រូវ​គេ​មើល​ឃើញ​ថា​ បន្ត​ស្ថិត​ក្នុង​បរិយាកាសអាប់អួ​នោះ​ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​របស់​ប្រទេស​នេះ​ បាន​ប្រកាស​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ នៅ​ក្នុង​ខែ​ឧសភា​ខាង​មុខ។

ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៃ​ប្រទេស​កម្ពុជា​ សម្រេច​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ​ក្រុង​ និង​ ​ក្រុមប្រឹក្សា​ ស្រុក​ ខណ្ឌ​ ​សម្រាប់​អាណត្តិ​ទី​៣​ ឬ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ពោល​គឺ​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា (គ.ជ.ប)។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​មណ្ឌល​រាជធានី​ខេត្ត​សរុប​ចំនួន​២៥ និង​មណ្ឌល​ស្រុក​ខណ្ឌ​ចំនួន​២០៣​នៅ​ទូទាំង​ប្រទេស​នេះ​ នឹង​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​បំផុត​មួយ​នៅ​កម្ពុជា​ និង​ដែល​ត្រូវ​បាន​តុលាការ​ខ្មែរ​រំលាយ​ចោល​ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​បោះឆ្នោត​ជាតិចុងក្រោយ​កាល​ពី​ឆ្នាំ​២០១៨។ ​

យោង​តាម​សេចក្តី​ប្រកាស​របស់​គ.ជ.ប​ ​ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០១៩ និង​ដែល​ទើប​ត្រូវ​បាន​ចែ​ក​រំលែក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ប្រភេទ​នៃ​សន្លឹក​ឆ្នោត​ ចំនួន​មណ្ឌល​ និង​អង្គ​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​មុខ​តំណែង​មាន​ចំនួន​សរុប​១១.៥៧២នាក់។

សេចក្តី​ប្រកាស​បាន​សរសេរ​ថា​ ការ​បោះឆ្នោត​នេះ​ មាន​ការ​ខុសប្លែក​ពី​ការ​បោះឆ្នោត​សាកល​ ដោយ​អ្នក​បោះឆ្នោត​ម្នាក់ៗ​ ត្រូវ​បោះឆ្នោត​ពីរ​សន្លឹក​ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយៗ​ និង​មាន​ហិប​ឆ្នោត​ចំនួន​ពីរ​ គឺ​សន្លឹក​ឆ្នោត​ទី១​ ដែល​មាន​ពណ៌​លឿង​ ប្រើ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ក្រុង​ ក្រុម​ប្រឹក្សា​ស្រុក​ ក្រុម​ប្រឹក្សា​ខណ្ឌ​ សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ។ សន្លឹក​ឆ្នោត​ទី​២​ ដែល​មាន​ពណ៌​ស​ ប្រើ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ ក្រុម​ប្រឹក្សា​ខេត្ត​ សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​ផ្សេង​ទៀត។

​ចំពោះ​ចំនួន​មណ្ឌល​និង​អាសនៈ​របស់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ក្នុង​អាណត្តិ​ទី​៣​នេះ​ គ.ជ.ប​ បានបញ្ជាក់​ឲ្យ​ដឹង​ថា​ មណ្ឌល​រាជធានី​ខេត្ត​ ទូទាំង​ប្រទេស​សរុប​ចំនួន​២៥​ មាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន​៥៥៩​ ខណៈ​ដែល​មណ្ឌល​ក្រុង​ ស្រុក​ ខណ្ឌ​ ទូទាំង​ប្រទេស​សរុប​ចំនួន​២០៣​មាន​អាសនៈសមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន​៣.៥៥៥។​

រូបភាព​ឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
រូបភាព​ឯកសារ៖ បុរសម្នាក់កំពុងស្វែងរកឈ្មោះរបស់ខ្លួនដើម្បីធ្វើការបោះឆ្នោត នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅការិយាល័យបោះឆ្នោត «សាលាគរុកោសល្យវិក្រិត្យការក្រុង» ក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយឡែក​មួយ​ទៀត ដែលចេញ​ផ្សាយ​ដោយ​គ​.ជ.ប​កាល​ពី​ថ្ងៃ​ទី៣​ ខែ​មេសា​ ​ឆ្នាំ​២០១៩​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មាន​គណបក្ស​នយោបាយ​ចំនួន​៧​ បាន​ចូល​រួម​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ ដោយ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​គណបក្ស​នយោបាយ​នាំមុខ​គេ​ ដែល​បាន​ដាក់​បេក្ខជន​ឲ្យ​ឈរ​គ្រប់​មណ្ឌល​ទាំងអស់។

គណបក្ស​៦ ​ផ្សេង​ទៀត​ ដែល​បាន​ចូល​រួម​បោះឆ្នោត​នេះ​ មាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បង្កើត​ដោយ​លោក​ ញឹក ប៊ុនឆ័យ​ អតីត​មេទ័ព​ស្មោះស្ម័គ្រ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​ គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ ពេជ្រ ស្រស់​ គណបក្ស​ឆន្ទៈខ្មែរ​របស់​លោក គង់​ មុនីកា​ កូនប្រុស​លោក​ គង់ គាំ​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី​ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​របស់​លោក ​លន់​ ឫិទ្ធ​ កូន​ប្រុស​របស់​អតីត​មេ​ដឹកនាំ​របប​សាធារណរដ្ឋ​ខ្មែរ​ គឺ​លោក​សេនាប្រមុខ​ លន់ នល់។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​មន្ត្រី​នាំ​ពាក្យ​គ.ជ.ប​ លោក​ ហង្ស ពុទ្ធា​ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

លោក​ កន សាវាង្ស​ មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ប្រាប់ ​VOA​ ​ថា ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ នឹង​ជា​ការ​បោះឆ្នោត​ដែល​មិន​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ ​ហើយ​ថា​ គណបក្ស​កាន់​អំណាច​ក៏​ទំនង​ជា​នឹង​បាន​អាសនៈ​ភាគច្រើន​ពី​ការ​បោះឆ្នោត​នេះ​ផង​ដែរ។

ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ​ក៏​ដោយ​ចុះ​ លោក ​ កន សាវាង្ស​ លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាដដែលនេះ​ នឹង​ប្រឈម​ជាមួយ​នឹង​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ ដែល​គេ​ដឹង​ថា​ ​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដល់ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​៥.០០០​នាក់​របស់​គណបក្ស​សង្គ្រោះជាតិ។

មន្ត្រី​ឃ្លាំ​មើល​ការ​បោះឆ្នោត​រូប​នេះ​យល់​ថា​ ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុបយ៉ាង​ដូច្នេះ​ គឺ​អាច​ជាផ្នែក​មួយ​នៃ​ការ​ស្តារ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ​ និង​ក៏​ជា​កត្តា​សំខាន់​មួយ​ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ​ ក្រោម​កម្មវិធី​ «រាល់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ» ​ឬ​ Everything But Arms​ (EBA)​ ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​ផង​ដែរ។

​«អ៊ីចឹង​មាន​ន័យ​ថា​ កិច្ច​ការងារ​នេះ​ វា​បើ​យើង​គិត​ថា​ វា​អត់​ពាក់ព័ន្ធ​ អា​ហ្នឹង​ក៏​វា​អត់​កើត​ដែរ​ ដោយសារ​តែ​ហេតុ​អី? ដោយសារ​តែ​អង្គ​បោះឆ្នោត​ ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ហើយ​ការ​ទាមទារ​របស់​សហគមន៍​អឺរ៉ុប​ហ្នឹង​ គឺ​ថា​ គាត់​សុំ​ឲ្យ​មាន​ការ​ផ្តល់​នីតិសម្បទា​ ៥.០០៧​ (នាក់) ហ្នឹង​បាទ»។

នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៨​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈ​ទាំង​១២៥​ ខណៈ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៤,៨​លាន​សំឡេង​គឺ​ស្មើ​នឹង​ប្រមាណ​៧៦​ភាគរយ។

​ការ​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​របស់​គណបក្ស​កាន់​អំណាច​ ដែល​ដឹកនាំ​ប្រទេស​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​ បាន​កើត​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​កាលពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ត្រូវ​បាន​តុលាការ​រំលាយ​ចោល។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាលពី​ឆ្នាំ២០១៧​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​ជិត​៤៤​ភាគរយ​ និង​បាន​គ្រប់គ្រង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាង​៥.០០០​នាក់​ នៅ​ទូទាំង​ប្រទេស។​ យ៉ាងណា​ក្តី​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រ​មូល​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ស្ទើរ​តែ​ទាំងអស់​ និង​បាន​ក្លាយ​ជា​គណបក្ស​ដែល​ដឹកនាំ​ប្រ​ទេស​ដោយ​ឯកបក្ស។

​ទាំង​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ ​និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ បាន​រិះគន់​ការ​បោះឆ្នោត​នោះ​ ថា​ធ្វើ​ឡើង​ដោយ​មិន​ស្របតាម​ច្បាប់។

សហគមន៍​អឺរ៉ុបនិង​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដក​ការ​គាំទ្រ​របស់​ពួកគេ​ ចំពោះ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដោយ​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ។

នៅ​ដើម​ឆ្នាំ​២០១៩​នេះ​ សហភាព​អឺរ៉ុប​ ក៏​បាន​ឲ្យ​ដឹង​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ទាញ​កម្ពុជា​ឲ្យ​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​ ដោយ​សហគមន៍​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន២៨​នេះ​ បាន​ប្រកាស​ផ្តើម​ដំណើរការ​ផ្លូវការដក​កម្ពុជា​ជា​បណ្តោះអាសន្ន​ចេញ​ពី​កម្មវិធី​ EBA​ នេះ។

​កាលពី​ចុង​ខែ​មីនា​ អ្នកស្រី​ Cecilia Malmstrom​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​ទៅ​សភា​របស់​សហភាព​អឺរ៉ុប​ថា​ ការ​សម្រេច​ចាប់​ផ្តើម​ដំណើរការ​ដែល​អាច​ឈាន​ដល់​ការ​ព្យួរ​កម្ពុជា​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA​ នោះ​ គឺ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រំលោភ​ជា​ប្រព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​គោលការណ៍​នានា​ ដែល​ត្រូវ​បាន​កំហិត​ឲ្យ​ធ្វើ​ទៅ​តាម​កតិកា​សញ្ញា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​ជា​ច្រើន។

យោង​តាម​សេចក្តី​ពន្យល់​របស់​អ្នកស្រី​ Malmstrom​ ដែល​ VOA​ បាន​ទទួល​កាល ​ពី​ខែ​មីនា​ ឆ្នាំ​២០១៩​ ការ​រំលោភ​បំពាន​ទាំង​នេះ​សំដៅ​ដល់៖ ​ការ​រឹត​ត្បិត​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​នយោបាយ​ សកម្មភាព​ដែល​មាន​លក្ខណៈ​រឹតត្បិត​ទៅ​លើ​សង្គម​ស៊ីវិល​ និង​សហជីព​ ហើយ​និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ (ELCs) ​ជា​ពិសេស​នោះ​គឺ​ការ​ផលិត​ស្ករ​ស។​

យ៉ាង​ណា​ក៏​ដោយ​ចុះ​ កម្ពុជា​នៅ​មាន​ពេល​ជាង​មួយ​ឆ្នាំ​ទៀត​ ដើម្បី​កែខៃ​ស្ថានការណ៍​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​មក​រក​គន្លង​ត្រឹមត្រូវ​មួយ​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​ប្រទេស​នេះ​ រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ដែល​អាច​ឲ្យ​កម្ពុជា​ចំណេញ​បាន​ប្រាក់​ប្រមាណ​៧០០​ដុល្លារ​សហអាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ពី​ការ​នាំ​ចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ដោយ​គ្មាន​ជាប់​កាតព្វកិច្ច​បង់​ពន្ធគយ។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ មូរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​តែ​អ្នកស្រី​ មូរ សុខហួរ​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​ប្រាប់​ VOA​ កាល​ពី​ពេល​កន្លង​មកថា ​ការ​បោះឆ្នោត​ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង ​និង​មិន​មានការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​នោះ​ គឺ​ជា ​«ការ​បោះឆ្នោត​ក្លែងក្លាយ​និង​លេង​សើច»​ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​នោះ​ឡើយ៕

XS
SM
MD
LG