នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ សមាជិកក្រុមប្រឹក្សាចំនួន៥នាក់ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលជាតំបន់ផលិតអំបិល នឹងទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាការបោះឆ្នោតមួយប្រជាជនកម្ពុជាតិចតួចណាស់យកចិត្តទុកដាក់ និងចាប់អារម្មណ៍។
លោក ពៅ សុន ចៅសង្កាត់ត្រើយកោះ ដែលជាអង្គបោះឆ្នោតម្នាក់ មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA ថា លោកនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដោយសារលោកជាសមាជិកគណបក្ស។ លោកបន្ថែមថា លោកសង្ឃឹមថា សហការីរបស់លោកទាំង៤នាក់ទៀត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់នេះ នឹងសម្រេចចិត្តដូចរូបលោកផងដែរ។
លោក ពៅ សុន ដែលបានធ្វើជាចៅសង្កាត់ជាង២០ឆ្នាំមកហើយ បានថ្លែងនៅផ្ទះរបស់លោកថា៖ «៥នាក់នេះ បើយើងគិតទៅ បើបោះឆ្នោតអាណត្តិក្រោយទៀត គឺគាត់ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនហើយ ព្រោះគាត់នៅក្នុងគណបក្សប្រជាជនទាំងអស់»។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានអះអាងថា នឹងឈ្នះអាសនៈលើសលប់ ក្នុងចំណោមអាសនៈសរុបទាំងអស់ចំនួន៤.១១៤ ខណៈអវត្តមានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា បើតាមចំនួនក្រុមប្រឹក្សាដែលគណបក្សរបស់លោកមាន គណបក្សប្រជាជនកម្ពុជារំពឹងថា នឹងឈ្នះច្រើនលើសលប់។
លោកមានប្រសាសន៍ថា៖ «បើតាមតួលេខនេះ គណបក្សប្រជាជនទទួលបានអាសនៈច្រើនលើសលប់នៅក្នុងអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុកខណ្ឌនេះឯង»។
នេះជាលើកទី៣ហើយ នៃការបោះឆ្នោតដែលធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តងមួយនេះ។ ហើយការបោះឆ្នោតខាងមុខនេះ គឺបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧ ការបោះឆ្នោតព្រឹទ្ធសភា ដែលធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតរដ្ឋសភា ដែលជាការបោះឆ្នោតធំជាងគេ និងធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៨។
អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតមួយនេះ គឺជាសមាជិកក្រុមប្រឹក្សាសរុបទាំងអស់ចំនួន១១.៥៧២នាក់ ដែលត្រូវបានពលរដ្ឋបោះឆ្នោតជ្រើសរើសកាលពីជិត២ឆ្នាំមុន។ នេះជាការបោះឆ្នោតមួយ ដែលប្រជាពលរដ្ឋមិនមែនជាអ្នកបោះជ្រើសរើសដោយផ្ទាល់នោះទេ។ ជាធម្មតា សមាជិកក្រុមប្រឹក្សាមកពីគណបក្សណាត្រូវរំពឹងថា នឹងបោះឆ្នោតឲ្យគណបក្សខ្លួននោះ។
ក្នុងចំណោមក្រុមប្រឹក្សាសរុបទាំងអស់នេះ គណបក្សសង្គ្រោះជាតិធ្លាប់គ្រប់គ្រងចំនួន៥.០០៧នាក់ គឺស្មើនឹង៤៣ភាគរយ មុនពេលគណបក្សមួយនេះត្រូវបានរំលាយ។ ប៉ុន្តែអាសនៈទាំងនេះត្រូវបានបែងចែកឲ្យគណបក្សផ្សេង ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានស្ទើរតែទាំងអស់។
នៅក្នុងការបោះឆ្នោតខាងមុខ អាសនៈប្រកួតប្រជែងនៅថ្នាក់រាជធានីភ្នំពេញ និងខេត្តទាំង២៤ នេះ មានចំនួន៥៥៩។ អាសនៈសម្រាប់ថ្នាក់ក្រុង ស្រុកនិងខណ្ឌទាំងអស់ មានចំនួន៣.៥៥៥។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សនយោបាយចំនួន៧ នឹងចូលរួមឈរឈ្មោះក្នុងការបោះឆ្នោត ដោយក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សរាជានិយម គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរសាធារណរដ្ឋ។
នៅពេលសួរពីអវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតនេះ លោក ពៅ សុន ចៅសង្កាត់ត្រើយកោះ បានស្ទាក់ស្ទើរក្នុងការឆ្លើយតប។ ប៉ុន្តែលោកបញ្ជាក់ថា ប្រជាធិបតេយ្យ គឺជាការផ្តល់អំណាចទៅឲ្យពលរដ្ឋ។
តែលោកមិនអាចពន្យល់ការណ៍ដែលតំណាងមកពីគណបក្សសង្គ្រោះដែលត្រូវបានពលរដ្ឋបោះឆ្នោតឲ្យកាលពីខែមិថុនា ឆ្នាំ២០១៧ មិនអាចចូលរួមបោះឆ្នោតបាន។
លោកបានថ្លែងថា៖ «ខ្ញុំមិនសូវជាយល់អីខ្លាំងដែរ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា បើសិនជាលទ្ធិប្រជាធិបតេយ្យ យើងយល់ថាប្រជាជនជាធំ។ អ៊ីចឹងបើសិនជាប្រជាជនគាត់យល់ថាខាងណាល្អ ឬគណបក្សណាល្អ គាត់បោះទៅខាងហ្នឹងច្រើន។ អាហ្នឹងខ្ញុំគិតថា លទ្ធិប្រជាធិបតេយ្យហើយ ដោយសារតែការចូលរួមរបស់គាត់ច្រើន។ បានន័យថា ការពេញចិត្ត»។
មន្ត្រីគណបក្សប្រឆាំងបានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិអាចចូលរួមបោះឆ្នោតមួយនេះ ពួកគេនឹងទទួលបានចំនួនអាសនៈដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។
ឧទាហរណ៍ដូចជានៅរាជធានីភ្នំពេញ ដែលគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រ និងអាសនៈច្រើនជាងគណបក្សប្រជាជនកម្ពុជាកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គឺប្រមាណ៥៣ភាគរយ ទល់នឹង៤៥ភាគរយ។ គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈចំនួន៤៦៨ ហើយគណបក្សប្រជាជនចំនួន៤៣១។ នេះមានន័យថា បេក្ខជនឈរឈ្មោះសម្រាប់គណបក្សសង្គ្រោះជាតិអាចនឹងក្លាយជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោក ពៅ សុន មានប្រសាសន៍ថា ក្រុមប្រឹក្សាដែលលោកនឹងបោះឆ្នោតឲ្យ មានសិទ្ធិក្នុងការកោះប្រជុំ និងដាក់ផែនការការងារសម្រាប់ការអនុវត្ត។ លោកបញ្ជាក់ថា ក្រុមប្រឹក្សាមិនមានអំណាចដូចជាអភិបាល ដែលជាអ្នកបំពេញការងារប្រចាំថ្ងៃ។
លោកបានថ្លែងប្រាប់ VOA ថា៖ «បើនិយាយពីក្រុមប្រឹក្សា រដ្ឋធានី ខេត្តក្រុងហ្នឹង បានន័យថា គាត់មានអំណាចដាក់ផែនការ ប្រជុំដាក់ផែនការទៅឲ្យគណបក្សអភិបាលជាអ្នកអនុវត្ត។ អ៊ីចឹងគណៈអភិបាលបានទទួលផែនការអញ្ចឹងមក។ ហើយគណៈអភិបាលក្រុង បានផ្សព្វផ្សាយចូលមកក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើបន្តអ៊ីចឹងមក»។
តំណែងអភិបាលគ្រប់ថ្នាក់ រួមមានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានតែងតាំងដោយរដ្ឋាភិបាលដែលដឹកនាំប្រទេស។
លោក ពៅ សុន មានប្រសាសន៍ថា៖ «គណៈអភិបាលគឺគាត់រវល់ បើខាងក្រុមប្រឹក្សាប្រហែលជាមិនសូវរវល់ដូចគណៈអភិបាលទេ ព្រោះអីគាត់ជាអ្នកដាក់ផែនការ ហើយអ្នកធ្វើធម្មតាជួបបញ្ហាច្រើនជាងអ្នកដែលដាក់ផែនការឲ្យធ្វើ»។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាថ្នាក់ដឹកនាំប្រចាំខេត្តបាត់ដំបង លោក ជា ជីវ បានថ្លែងប្រាប់ VOA ថា ការបោះឆ្នោតដែលមិនមានវត្តមានគណបក្សរបស់លោក មិនអាចទទួលយកបាន ហើយនាំឲ្យខាតបង់ថវិកាជាតិ។ លោកមានប្រសាសន៍ថា៖ «ដូច្នេះមិនបាច់ចាំរៀបចំការបោះឆ្នោត នាំតែចំណាយថវិកាជាតិទេ។ គណបក្សកាន់អំណាចគួរតែចាត់ចែងរៀបចំ ធ្វើកិច្ចការ ហើយចាត់ចែងដាក់តួនាទីទូទៅបណ្តោយទៅ»។
លោក ជា ជីវ ដែលត្រូវបានកាត់សិទ្ធិធ្វើនយោបាយចំនួន៥ឆ្នាំ ដូចថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ បន្ទាប់ពីគណបក្សត្រូវបានរំលោយមានប្រសាសន៍ថា បេក្ខជនគណបក្សរបស់លោកអាចនឹងឈ្នះតំណែងប្រធានក្រុមប្រឹក្សាសម្រាប់ក្រុងបាត់ដំបង ប្រសិនបើគណបក្សអាចចូលរួមប្រកួតប្រជែង ដោយសារគណបក្សមានក្រុមប្រឹក្សាសង្កាត់ ច្រើនជាងគណបក្សកាន់អំណាច។
លោក ជា ជីវ ដែលធ្លាប់មានបទពិសោធន៍ជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង នៅពេលគណបក្សមិនទាន់ត្រូវបានរំលាយ មានប្រសាសន៍ថា ក្រុមប្រឹក្សាមិនមានអំណាចអ្វីនោះទេ គឺគ្រាន់តែអាចប្រជុំដើម្បីពិនិត្យមើលការងារតិចតួចតែប៉ុណ្ណោះ។ ប៉ុន្តែលោកបញ្ជាក់ថា អភិបាលខេត្តត្រូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់នៅពេលអនុវត្តផែនការមួយចំនួន។ លោកថា គណបក្សប្រជាជនមានសំឡេងគ្រប់គ្រាន់ក្នុងការសម្រេចការងាររបស់ពួកគេ។
លោក ជា ជីវ មានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាខេត្តឯកបក្សទៀតសោត ដូច្នេះគេធ្វើដូចជាលក្ខណៈជិះសេះលែងដៃ ធ្វើអ្វីស្រេចតែចិត្តនឹងរបស់គេ គ្មានសំឡេងប្រឆាំង គ្មានសំឡេងស្ថាបនា។ ដូច្នេះខ្ញុំជឿជាក់ថា ក្រុមប្រឹក្សាខេត្តបង្កើតមកនាពេលខាងមុខ វាមិនមានសារៈប្រយោជន៍ ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់គេទេ»។
គណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងអំណាចគ្រប់លំដាប់ថ្នាក់ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ រួមមានថ្នាក់ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ឃុំសង្កាត់ និងឈានទៅគ្រប់គ្រងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយការបោះឆ្នោតខាងមុខ។
ទោះជាយ៉ាងណា ការបោះឆ្នោតមួយនេះ មិនជាការចាប់អារម្មណ៍របស់ប្រជាជននោះទេ ហើយពួកគេក៏មិនមានចំណេះដឹងច្រើនទាក់ទងនឹងការងាររបស់ក្រុមប្រឹក្សាផងដែរ។
លោក សូត្រ ពៅ អាយុ៤៨ឆ្នាំ ដែលជាកម្មករស្រែអំបិលម្នាក់នៅក្នុងសង្កាត់ត្រើយកោះ មានប្រសាសន៍ថា លោកមិនដឹងអំពីពេលវេលានៃការបោះឆ្នោត ហើយអ្វីទៅជាការបោះឆ្នោតក្រុមប្រឹក្សានេះនោះទេ។ លោកបានសួរត្រឡប់មកវិញថា លោកត្រូវទៅបោះឆ្នោតឬយ៉ាងណា?
ចំណែកលោក ឆោម ចន្ធី ជាពលរដ្ឋម្នាក់ទៀតនៅក្នុងសង្កាត់ត្រើយកោះ មានប្រសាសន៍ថា លោកក៏មិនដឹងអំពីការបោះឆ្នោតនេះ ហើយក៏មិនដឹងតួនាទីរបស់ក្រុមប្រឹក្សានោះទេ។
បុរសវ័យ៥០ឆ្នាំរូបនេះមានប្រសាសន៍ថា លោកចង់បានការបោះឆ្នោតទាំងអស់ប្រព្រឹត្តទៅដោយរលូន។ លោកបញ្ជាក់ថា៖ «ខ្ញុំថាបោះធ្វើម៉េចបោះទៅ កុំឲ្យវាមានបញ្ហានឹងគ្នា។ ចេះតែរលូនទៅមុខ ដឹកនាំ ធ្វើម៉េចប្រទេសយើងឲ្យបានរីកចម្រើន កុំឲ្យវាមានសង្គ្រាមតទៅទៀត។ ខ្ញុំចង់បានតែប៉ុណ្ណឹងទេ ប្រជាពលរដ្ឋ»។
លោក ចន្ធី ជាអ្នកស៊ីឈ្នួលគេទទួលខុសត្រូវមើលថែស្រែអំបិល មានប្រសាសន៍ថា លោកមិនហ៊ាននិយាយអំពីនយោបាយនៅពេលនេះនោះទេ។
លោកមានប្រសាសន៍ថា៖ « អត់ហ៊ាននិយាយទេការងារអស់ហ្នឹង។ បានតែម៉ាស្តាប់ទុកក្នុងចិត្ត»។
ប៉ុន្តែលោក ចន្ធី លើកឡើងថា ប្រទេសមានការរីកចម្រើន ទាល់តែមានសំឡេងគណបក្សប្រឆាំង។
លោកមានប្រសាសន៍ថា៖ «អាហ្នឹងចឹងហើយ ត្រូវតែមានការដាស់តឿនគ្នាទៅវិញទៅមក។ បើទៅតែឯងសុទ្ធ ក៏ទៅអត់កើតដែរ»៕