រមណីយដ្ឋាន Disneyland កំពុងបើកដំណើរការឡើងវិញ បន្ទាប់ពីបិទអស់រយៈពេល ១៣ ខែ។ សួនកម្សាន្តនៅភាគខាងត្បូងរដ្ឋ California នេះ ដែលត្រូវបានបិទតាមច្បាប់តឹងរ៉ឹងទប់ស្កាត់វីរុសកូរ៉ូណា នឹងបើកទ្វារនៅថ្ងៃសុក្រ តែមានការកំណត់ចំនួនមនុស្ស ហើយមានតែភ្ញៀវទេសចរនៅក្នុងរដ្ឋ California ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូល។ ហើយហាមឱបនិងចាប់ដៃជាមួយតុក្កតា Mickey Mouse។
អ្នកជំនាញវិស័យទេសចរណ៍និយាយថា ការបើកឡើងវិញនេះអាចជំរុញឱ្យប្រជាជនរដ្ឋ California កាន់តែច្រើនធ្វើដំណើរ បន្ទាប់ពីការបិទដ៏យូរនៅក្នុងរដ្ឋនេះ។ ឥឡូវនេះរដ្ឋនេះកំពុងមានសកម្មភាពសង្គមឡើងវិញ បន្ទាប់ពីការផ្ទុះរាតត្បាតវីរុសនៅរដូវរងារដ៏គ្រោះថ្នាក់។
កាលពី ៤ ខែមុន រដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតនៅអាមេរិកនេះ បានតស៊ូប្រយុទ្ធប្រឆាំងនឹងកំណើនអ្នកជំងឺចូលមន្ទីរពេទ្យ ដែលអ្នកជំងឺត្រូវនៅក្នុងតង់ចង្អៀតខាងក្រៅអគារ ហើយមានមនុស្សស្លាប់រាប់រយនាក់ក្នុងមួយថ្ងៃៗ។
ឥឡូវនេះរដ្ឋ California មានអត្រាឆ្លងវីរុសថ្មីទាបបំផុតក្នុងសហរដ្ឋអាមេរិក ហើយជាងពាក់កណ្តាលនៃប្រជាជនដែលមានសិទ្ធិទទួលថ្នាំបង្ការ បានចាក់វ៉ាក់សាំងកូវីដមួយដូសរួចហើយ។
លោក Gavin Newsom អភិបាលរដ្ឋបានមានប្រសាសន៍ថា លោកសង្ឃឹមថា រដ្ឋនេះនឹងបើកដំណើរការទូលំទូលាយវិញ នៅត្រឹមពាក់កណ្តាលខែមិថុនា៕