ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

CDC ថា អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​មិន​ពាក់​ម៉ាស់​បាន​នៅ​ពេល​ជួបជុំ​មនុស្ស​មិន​សូវ​ច្រើន​នៅ​ខាង​ក្រៅ


រូបឯកសារ៖ អ្នក​ទេសចរ​ដែលពាក់ម៉ាស់​​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ដើរ​កំសាន្តនៅក្នុង​​រមណីយដ្ឋាន Walt Disney World ក្រុង Lake Buena Vista រដ្ឋ Florida ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នក​ទេសចរ​ដែលពាក់ម៉ាស់​​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ដើរ​កំសាន្តនៅក្នុង​​រមណីយដ្ឋាន Walt Disney World ក្រុង Lake Buena Vista រដ្ឋ Florida ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។

ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ បាន​ពេញលេញ​រួច​ហើយ អាច​មិន​ពាក់​ម៉ាស់​បាន​នៅពេល​ដែល​ពួកគេ​នៅ​ខាង​ក្រៅ​ជាមួយ​អ្នក​ដទៃ មិន​ថា​អ្នក​នោះ​ចាក់​វ៉ាក់សាំង​ឬ​ក៏​អត់​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ណែនាំ​ថ្មី​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក។

មជ្ឈមណ្ឌល CDC បាន​បញ្ជាក់​នៅ​ក្នុង​អនុសាសន៍​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លើកលែង​តែ​នៅ​ក្នុង​ស្ថានការណ៍​ដែល​មាន​ហ្វូង​មនុស្ស​ច្រើន​នៅ​ខាង​ក្រៅ​ដូចជា​នៅ​កន្លែង​ប្រគុំ​តន្ត្រី ឬ​នៅ​ពហុកីឡាដ្ឋាន​ជាដើម ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ទំនងជា​នឹង​មិន​ឆ្លង​ឬ​ចម្លង​ជំងឺ​កូវីដ១៩ នោះ​ទេ នៅពេល​ដែល​ពួកគេ​នៅ​ជុំ​គ្នា​ខាង​ក្រៅ។

នាយក​មជ្ឈមណ្ឌល CDC អ្នកស្រី Rochelle Walensky បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ក្នុង​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​ប្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​អំពី​អ្វី​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន។ ថ្ងៃ​នេះ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​ចំណុច​ខ្លះៗ​ដែល​អ្នក​អាច​ធ្វើ​បាន ប្រសិនបើ​អ្នក​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ហើយ»។

«ការ​ចាក់​វ៉ាក់សាំង​ពេញលេញ» ចង់​សំដៅ​ដល់​ពេល​ពីរ​សប្តាហ៍​ក្រោយ​មក បន្ទាប់ពី​អ្នក​បាន​ចាក់​វ៉ាក់សាំង​ដូស​ចុងក្រោយ ដោយ​ហេតុ​ថា​នៅ​ពេល​នោះ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​អង់ទីករ​ការពារ​ពេញលេញ។

មជ្ឈមណ្ឌល CDC បាន​បញ្ជាក់​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ហើយ គឺ​ត្រូវការ​ពាក់​ម៉ាស់​នៅ​ខាង​ក្រៅ​តែ​នៅ​ពេល​ណា​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​ជា​ច្រើន ដូចជា​នៅ​ក្នុង​ពិធី​នានា​នៅ​តាម​ដង​ផ្លូវ ពិធី​ដង្ហែ​ក្បួន ផ្សារ​របស់​កសិករ ឬ​ការ​ជួបជុំ​នយោបាយ​ជាដើម។

ប៉ុន្តែ សម្រាប់​ការ​ជួបជុំ​នៅ​ខាង​ក្នុង​អាគារ​វិញ មជ្ឈមណ្ឌល CDC នៅតែ​ស្នើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ហើយ ពាក់​ម៉ាស់​ដដែល ដើម្បី​ជៀសវាង​ការ​ឆ្លង​និង​ចម្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG