ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ជឿ​ថា សហរដ្ឋ​អាមេរិក​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ទៅ​បរទេស​បាន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅពេលលោកធ្វើទស្សនកិច្ចនៅរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer នៅទីក្រុង Kalamazoo រដ្ឋ Michigan កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ទៅ​ឲ្យ​ប្រទេស​ផ្សេងៗ។

លោក Biden និយាយ​ដូច្នេះ​ថា៖ «យើង​កំពុង​ចាត់ចែង​លើ​រឿង​នេះ។ យើង​បាន​ធ្វើ​បន្តិចបន្តួច​រួច​មក​ហើយ។ យើង​កំពុង​ពិនិត្យ​មើល​ថា​តើ​យើង​នឹង​ចាត់ចែង​យ៉ាង​ណា​ចំពោះ​វ៉ាក់សាំង​មួយ​ចំនួន​ដែល​យើង​អាច​នឹង​មិន​ប្រើ​ប្រាស់។ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា វ៉ាក់សាំង​ទាំង​នោះ​មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ជូន​ចេញ ហើយ​យើង​សង្ឃឹម​ថា យើង​អាច​ផ្តល់​ការ​ជួយ​ខ្លះៗ​ទៅ​ឲ្យ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក»។

ប៉ុន្តែ លោក Biden បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដែល​ខ្លួន​ជឿជាក់​ថា ​អាច​ផ្ដល់​ជូន​ប្រទេស​ដទៃ​បាន​ទេ​នៅ​ពេល​នេះ»។

កន្លង​មក រដ្ឋបាល​របស់​លោក Biden បាន​រួម​ចំណែក​ថវិកា​ចំនួន ៤ ពាន់​លាន​ដុល្លារ ដល់​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម និង​បាន​សន្យា​ថា ​នឹង​បង្កើន​ការ​ជួយ​ឧបត្ថម្ភ​វ៉ាក់សាំង​កូវីដ១៩ AstraZeneca ជា​ច្រើន​លាន​ដូស​បន្ថែម​ទៀត ដែល​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទៅ​ឲ្យ​ប្រទេស​កាណាដា​និង​ម៉ិកស៊ិក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG