ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden សរសើរ​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​លើ​សំណើ​ច្បាប់​ប្រឆាំង​ការ​ស្អប់​គុំកួន​ជាតិ​សាសន៍​អាស៊ី


រូបឯកសារ៖ អ្នកស្រី Grace Meng អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ ឈរ​ថ្លែង​សុន្ទរកថា​នៅ​ជិត​លោក Chuck Schumer មេដឹកនាំ​គណបក្ស​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ឯ​សន្និសីទ​កាសែត​មួយ​​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​ប្រឆាំង​ការ​ស្អប់​គុំកួន​ជាតិ​សាសន៍​អាស៊ី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សរសើរ​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​សុក្រ​ទី ២៣ ខែ​មេសា​កន្លង​ទៅ​នេះ ចំពោះ​ការ​អនុម័ត​ក្នុង​សំឡេង​ច្រើន​លើសលប់​លើ​សំណើ​ច្បាប់​ថ្មី​មួយ​ដែល​មាន​គោល​បំណង​ពង្រឹង​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​ជាតិ​សាសន៍​អាស៊ី ដែល​កំពុង​តែ​កើនឡើង​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩។

សំណើ​ច្បាប់​នេះ​នឹង​បង្កើត​ឲ្យ​មាន​គោល​ជំហរ​ថ្មី​មួយ​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ពន្លឿន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ផ្ដល់​ការ​គាំទ្រ​ដល់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​មូលដ្ឋាន​នានា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អំពើ​ហិង្សា​ស្អប់​គុំកួន​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី។

សំណើ​ច្បាប់​នេះ​ក៏​មាន​បញ្ចូល​ផងដែរ​នូវ​វិសោធនកម្ម​មួយ ដែល​នឹង​កែ​លម្អ​ការ​ប្រមូល​ទិន្នន័យ​អំពី​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន និង​បង្កើត​នូវ​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​សម្រាប់​បញ្ហា​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន។

វិសោធនកម្ម​នេះ​ត្រូវបាន​ស្នើ​ឡើង​ដំបូង​ជា​ច្បាប់ Jabara-Heyer HO HATE ដែល​យក​ឈ្មោះ តាម​ជន​រងគ្រោះ​ពីរ​នាក់​នៃ​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន ដែល​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​នោះ​គឺ​លោក Khalid Jabara និង​អ្នកស្រី Heather Heyer។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​ថា៖ «ច្បាប់​សំខាន់​នេះ​នឹង​នាំ​ប្រទេស​ជាតិ​របស់​យើង​កាន់តែ​កៀក​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅកាន់​ការ​សម្រេច​បាន​យុត្តិធម៌​និង​ភាព​ស្មើ​គ្នា​សម្រាប់​សហគមន៍​អាមេរិកាំង​ដើម​កំណើត​អាស៊ី សហគមន៍​ដើម​កំណើត​ហាវៃ និង​សហគមន៍​អ្នក​កោះ​ប៉ាស៊ីហ្វិក»។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ លោក Biden ក៏​បាន​សរសើរ​ផងដែរ​ដល់​ក្រុម​សមាជិក​សភា​អាមេរិក​ដើម​កំណើត​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​កិច្ច​ប្រឹងប្រែង​នេះ។

រូប​ឯកសារ៖ សកម្មជនប្រមូលផ្តុំគ្នា ចូលរួមបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍និងការប្រព្រឹត្តអំពើហិង្សាលើជនជាតិអាស៊ី នៅមុខសាលាក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។
រូប​ឯកសារ៖ សកម្មជនប្រមូលផ្តុំគ្នា ចូលរួមបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍និងការប្រព្រឹត្តអំពើហិង្សាលើជនជាតិអាស៊ី នៅមុខសាលាក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១។

លោក Biden បាន​បន្ថែម​ថា៖ «ខ្ញុំ​សប្បាយចិត្ត​ដែល​ឃើញ​ព្រឹទ្ធសភា​ដាក់​បញ្ចូល​ច្បាប់ Jabara-Heyer HO HATE ជា​វិសោធនកម្ម​មួយ ដែល​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្នាក់​ជាតិ​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​ឲ្យ​បាន​ខ្លាំងក្លា​ប្រឆាំង​នឹង​ទង្វើ​ស្អប់​គុំកួន​និង​អំពើ​ហិង្សា​នានា»។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​សំឡេង ៩៤ ទល់​នឹង ១។ លោក Josh Hawley គឺជា​សមាជិក​ព្រឹទ្ធសភា​តែ​ម្នាក់​គត់​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សំណើ​ច្បាប់​នេះ។ សមាជិក​ព្រឹទ្ធសភា ២ រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង ៣ រូប​ខាង​គណបក្ស​សាធារណរដ្ឋ មិន​បាន​បោះឆ្នោត​លើ​សំណើ​ច្បាប់​នេះ​ទេ។

ឥឡូវ​នេះ សំណើ​ច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។ គេ​រំពឹង​ថា រដ្ឋសភា​នឹង​អនុម័ត​សំណើ​ច្បាប់​នេះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលប់​ពី​គណបក្ស​ទាំង​ពីរ។

លោក​ប្រធានាធិបតី Biden បាន​បង្ហាញ​នូវ​សេចក្ដី​រំភើប​រីករាយ​ចំពោះ​សំណើ​ច្បាប់​នេះ និង​ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​នេះ​ឲ្យ​ក្លាយទៅ​ច្បាប់​ផ្លូវការ។

អ្នកស្រី Mazie K. Hirono សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ Hawaii ដែល​ជា​អ្នក​ស្នើ​សំណើ​ច្បាប់​នេះ និង​ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ពីរ​នាក់​ដែល​ជា​ជាតិ​សាសន៍​អាស៊ី បាន​សរសើរ​ការ​បោះឆ្នោត​គាំទ្រ​របស់​គណបក្ស​ទាំង​ពីរ​លើ​សំណើ​ច្បាប់​នេះ។

អ្នកស្រី​បាន​និយាយ​ថា ការ​បោះឆ្នោត​គាំទ្រ​នេះ​គឺជា​ការ​បញ្ជូន «សារ​នៃ​សាមគ្គីភាព​ដ៏​មាន​ឥទ្ធិពល​មួយ​ទៅ​កាន់​សហគមន៍​អាមេរិកាំង​ដើម​កំណើត​អាស៊ី​និង​អ្នក​កោះ​ប៉ាស៊ីហ្វិក»។

អ្នកស្រី Hirono បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋសភា​អនុម័ត​សំណើ​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​លោក​ប្រធានាធិបតី Biden អាច​ចុះ​ហត្ថលេខា​ឲ្យ​ក្លាយទៅជា​ច្បាប់​បាន»។

សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង នៅ​ចំ​ពេល​ដែល​មាន​ការ​កើនឡើង​ខ្លាំង​នូវ​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​និង​ការ​រើសអើង​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី។ អ្នក​តស៊ូ​មតិ​សិទ្ធិ​ពលរដ្ឋ​បាន​និយាយ​ថា ការ​កើនឡើង​នេះ​ត្រូវ​បាន​បញ្ឆេះ​បន្ថែម​ដោយ​ការ​ទម្លាក់​កំហុស​ដោយ​គ្មាន​មូលដ្ឋាន​លើ​ជាតិ​សាសន៍​អាស៊ី ទាក់ទិន​នឹង​រឿង​វីរុស​ជំងឺ​កូវីដ១៩ ដែល​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ចិន។

រូបឯកសារ៖ បាតុករ​ម្នាក់​លើក​បដា​ពីរ​ឡើង ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី នៅ​ទីក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ បាតុករ​ម្នាក់​លើក​បដា​ពីរ​ឡើង ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ស្អប់ខ្ពើម​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី នៅ​ទីក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។

លោក Biden បាន​និយាយ​ថា៖ «អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ជា​ច្រើន​កាន់តែ​ភ័យខ្លាច​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​សុវត្ថិភាព​របស់​ពួកគេ និង​សុវត្ថិភាព​របស់​អ្នក​ជា​ទី​ស្រលាញ់​របស់​ពួកគេ។ ពួកគេ​ត្រូវ​បាន​គេ​ទម្លាក់​កំហុស​ដាក់ យាយី និង​វាយ​ប្រហារ។ អ្នក​ខ្លះ​គឺ​ថែម​ទាំង​ត្រូវ​បាន​គេ​សម្លាប់​ទៀត​ផង»។

លោក Biden បាន​បន្ថែម​ថា៖ «ជា​ញឹកញយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ទង្វើ​ស្អប់​គុំកួន​និង​អំពើ​ហិង្សា​ដែល​ធ្វើ​ឡើង​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី គឺ​តែងតែ​ត្រូវ​បាន​គេ​ធ្វើ​ព្រងើយ​កន្ដើយ​ដាក់។ ជាតិ​របស់​យើង​ត្រូវតែ​រួម​សាមគ្គី​គ្នា​ដើម្បី​និយាយ​ប្រឆាំង​នឹង​ទង្វើ​ស្អប់​គុំកួន និង​ប្រកាស​ឲ្យ​បាន​ច្បាស់​ថា ទង្វើ​ទាំង​នេះ​គឺ​មិន​ត្រឹមត្រូវ។ ទង្វើ​ទាំង​នេះ​មិន​មែន​ជា​ទង្វើ​បែប​អាមេរិកាំង​ទេ ហើយ​ត្រូវតែ​បញ្ចប់»។

ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​ប្រឆាំង​នឹង​ជាតិ​សាសន៍​អាស៊ី​បាន​កើនឡើង ១៥០% នៅ​តាម​ទីក្រុង​ធំៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ប៉ូលិស​ដែល​ចងក្រង​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​អំពើ​ស្អប់​គុំកួន​និង​ភាព​ជ្រុល​និយម (Center for the Study of Hate and Extremism) នៃ​សាកលវិទ្យាល័យ California State។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ អង្គការ Stop AAPI Hate ដែល​ជា​សម្ព័ន្ធភាព​តស៊ូ​មតិ​មួយ​បង្កើត​ឡើង​ដើម្បី​តាមដាន​អំពើ​ស្អប់​គុំកួន​ប្រឆាំង​នឹង​ជាតិ​សាសន៍​អាស៊ី​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​ការ​រាយការណ៍​ជាង ៣.៨០០ ករណី​អំពី​ហេតុការណ៍​ស្អប់​គុំកួន​ជាតិ​សាសន៍​អាស៊ី។

អ្នកស្រី Cynthia Choi សហ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទប់ស្កាត់​ការ​រើសអើង​ជនជាតិ​ចិន (Chinese for Affirmative Action) ដែល​ជា​អង្គការ​សហ​ស្ថាបនិក​មួយ​នៃ​អង្គការ Stop AAPI Hate បាន​បញ្ជាក់​ថា សំណើ​ច្បាប់​នេះ​បាន «បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ​ថា អំពើ​ស្អប់​គុំកួន​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី​និង​អ្នក​កោះ​ប៉ាស៊ីហ្វិក​គឺជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​ទិន្នន័យ​ប្រសើរ​ជាង​នេះ​គឺ​ត្រូវការ​ជា​ចាំបាច់​យ៉ាង​ពិត​ប្រាកដ»។

អ្នកស្រី Choi បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​មក​កាន់ VOA ថា៖ «ដោយសារតែ​ករណី​ភាគ​ច្រើន​ដែល​យើង​បាន​ទទួល​មិន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន យើង​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​លើ​អង្គការ​នានា​ដែល​មាន​មូលដ្ឋាន​ក្នុង​សហគមន៍ ដែល​មាន​សមត្ថភាព​ល្អ​បំផុត​នៅ​ក្នុង​ការ​បំពេញ​តម្រូវការ​របស់​ជន​រងគ្រោះ​និង​អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា និង​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ផ្អែក​លើ​ការ​អន្តរាគមន៍​និង​ការ​បង្ការ​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​នានា។ ការ​ធ្វើ​ច្បាប់​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាំង​ស្រុង​នោះ​ទេ»។

អ្នកស្រី Maya Berry នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អាមេរិក​អារ៉ាប់ (Arab American Institute) បាន​និយាយ​ថា សំណើ​ច្បាប់​នេះ​នឹង​ជួយ​ពង្រឹង​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​កម្ចាត់​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន តាម​រយៈ​ការ​ធានា​ឲ្យ​មាន​នូវ​ការ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG