បុគ្គលិកជាន់ខ្ពស់អង្គការសុខភាពពិភពលោកនិយាយថា គ្មានភស្តុតាងណាដែលបញ្ជាក់ថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ មានប្រព័ន្ធការពាររាងកាយទប់ទល់នឹងជំងឺដ៏កាចសាហាវនេះនោះទេ ហើយក៏គ្មានភស្តុតាងណាបញ្ជាក់ថា អ្នកនោះមិនអាចចម្លងជំងឺនេះទៅមនុស្សផ្សេងទៀតនោះដែរ។
វីរុសកូរ៉ូណានៅបន្តឆ្លងរាតត្បាតយ៉ាងខ្លាំងនៅទូទាំងពិភពលោក និងមិនទាន់មានសញ្ញាណាមួយដែលថាការឆ្លងរាតត្បាតនេះនឹងបញ្ចប់ភ្លាមៗនោះទេ។ រដ្ឋាភិបាលនានាកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីរិះរកវិធីទប់ស្កាត់ការឆ្លងរាតត្បាតនេះ ដោយសង្ឃឹមថា អ្នកដែលបានជាសះស្បើយពីជំងឺនេះនឹងក្លាយជាអ្នកដែលមានប្រព័ន្ធការពាររាងកាយដែលអាចទប់ទល់នឹងជំងឺនេះបាន និងមិនអាចចម្លងទៅមនុស្សផ្សេងទៀត។
ពួកគេកំពុងមានក្ដីសង្ឃឹមយ៉ាងខ្លាំងទៅលើការធ្វើតេស្តដែលស្វែងរកអង់ទីគ័រក្នុងប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្ស ដើម្បីបញ្ជាក់អំពីចំនួនមនុស្សដែលបានឆ្លងវីរុសនេះ។ តាមរយៈលទ្ធផលនៃការធ្វើតេស្តនេះ ពួកគេនឹងអាចបញ្ជូនអ្នកទាំងនោះឲ្យត្រឡប់ទៅធ្វើការវិញដោយមិនបារម្ភពីការចម្លងទៅមនុស្សផ្សេងទៀត។
ក៏ប៉ុន្តែអ្នកស្រី Maria Van Kerkove ប្រធានផ្នែកជំងឺដែលកំពុងលេចឡើង និងជំងឺដែលឆ្លងពីសត្វទៅមនុស្សនៃអង្គការសុខភាពពិភពលោក បាននិយាយថា ការធ្វើតេស្តទាំងនេះប្រហែលជាមិនអាចផ្តល់ព័ត៌មានដែលរដ្ឋាភិបាលនានាកំពុងទន្ទឹងរង់ចាំនោះទេ។
អ្នកស្រី Maria Van Kerkove បានថ្លែងថា៖ «ឥឡូវនេះយើងមានគ្មានភស្តុតាងណាដែលបញ្ជាក់ថា ការធ្វើតេស្តនេះអាចបង្ហាញថា បុគ្គលម្នាក់មានប្រព័ន្ធការពារទប់ទល់នឹងវីរុសកូរ៉ូណា ឬមានប្រព័ន្ធការពារមិនឲ្យឆ្លងវីរុសនេះម្តងទៀតនោះទេ។ អ្វីដែលអាចយកទៅប្រើបានពីការធ្វើតេស្តនេះគឺការវាស់ពីកម្រិតនៃអង់ទីគ័រ ហើយអង់ទីគ័រនេះគឺជាការឆ្លើយតប ដែលខ្លួនមនុស្សមានក្នុងពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ក្រោយមក បន្ទាប់ពីពួកគេបានឆ្លងវីរុសនោះ»។
ការធ្វើតេស្តទាំងនេះនឹងអាចប្រាប់ពីកម្រិតរបស់អង់ទីគ័រការពាររាងកាយ ប៉ុន្តែអ្នកស្រី Van Kerkove ថា វាមិនមែនមានន័យថា អ្នកដែលមានអង់ទីគ័រការពាររាងកាយនឹងមិនឆ្លងជំងឺកូវីដ ១៩ នោះទេ។
លោក Michael Ryan នាយកប្រតិបត្តិផ្នែកស្ថានភាពអាសន្នផ្នែកសុខភាពនៃអង្គការសុខភាពពិភពលោកបានរំឭកដល់ប្រទេសនានាឱ្យមានការប្រុងប្រយ័ត្ន និងមិនត្រូវផ្ដោតលើការធ្វើតេស្តទាំងនេះថាជាវីធីកំណត់ស្ថានភាពជំងឺរបស់បុគ្គលណាម្នាក់នោះទេ។ លោកបាននិយាយទៀតថា ប្រសិទ្ធភាពនៃការធ្វើតេស្តដែលមានសព្វថ្ងៃនៅមានភាពស្រពិចស្រពិលជាច្រើន។
លោក Ryan បានបញ្ជាក់ដូច្នេះថា៖ «គ្មានអ្នកណាម្នាក់ដឹងឲ្យប្រាដកថាតើអ្នកដែលមានអង់ទីគ័រការពាររាងកាយអាចទប់ទល់នឹងជំងឺនេះបាន ឬមិនអាចឆ្លងជំងឺនេះឡើងវិញនោះទេ។ ជាងនេះទៅទៀត ការធ្វើតេស្តមួយចំនួនមានបញ្ហា ដោយអាចផ្តល់លទ្ធផលអវិជ្ជមាន ដែលធ្វើឲ្យគេអាចជឿថា ពួកគេមានអង់ទីគ័រការពារនឹងជំងឺនេះ បើទោះបីជាពួកគេប្រហែលជាបានឆ្លងជំងឺនេះក៏ដោយ។ តាមពិតទៅ ពួកគេងាយនឹងឆ្លងជំងឺនេះណាស់»។
លោក Ryan បាននិយាយទៀតថា មានកិច្ចការជាច្រើនដែលត្រូវធ្វើ មុននឹងធ្វើឲ្យការធ្វើតេស្តទាំងនេះមានលក្ខណៈស្តង់ដារ ហើយយើងត្រូវធ្វើឲ្យប្រាកដថា ការធ្វើតេស្តទាំងនោះមានការបញ្ជាក់អះអាងត្រឹមត្រូវ។
លោកបានថ្លែងបន្តថា ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាឲ្យបានថា ការធ្វើតេស្តទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់ខុស ប៉ុន្តែត្រូវបានយកទៅប្រើប្រាស់នៅក្នុងវិធីដើម្បីលើកកម្ពស់សុខភាពសាធារណៈ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា