ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីដេអូ​​​អប់រំ​ពី​ជំងឺ​កូវីដ​១៩​ទទួល​បាន​ការ​គាំទ្រ​លើ​បណ្ដាញ​សង្គម​នៅ​កម្ពុជា


រូបភាពដកស្រង់ចេញពីវីដេអូនៃបទចម្រៀងអប់រំអំពីការការពារពីជំងឺកូវីដ១៩ ដែលមានចំណងជើងថា "WASH YA HANDZ" ​ឬ​ជា​ភាសាខ្មែរ​ថា «លាង​ដៃ​របស់​អ្នក» ដែលត្រូវបានផលិតឡើងដោយអង្គការ Minor Act សហការជាមួយសមាគមហ្វាពន្លឺសិល្បៈ។

វីដេអូចម្រៀងលក្ខណៈ​អប់រំ​មួយ ដែល​និយាយ​អំពី​ការ​ការពារខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​លើ​បណ្ដាញ​សង្គមនៅ​កម្ពុជា។

ក្នុង​រយៈពេល​ពីរ​ថ្ងៃ បទ​ចម្រៀងមួយ​នេះ ដែល​មាន​បទ​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​អម​ដោយ​ការ​ច្រៀង​ rap ទទួល​បាន​ការ​ចូល​ទស្សនា​ចំនួន​ជាង​១៣០.០០០​ដង លើ​បណ្ដាញ​សង្គម។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ចំនួន​ដែល​បាន​សហការ​គ្នា​ផលិត​ចម្រៀង​នេះ​ឡើង។

អង្គការ​ Minor Act ដែល​មាន​ទីស្នាក់ការ​នៅ​សហរដ្ឋអាមេរិក បាន​ផ្ដួចផ្ដើម​ផលិត​វីដេអូ​ចម្រៀង​នេះ​ឡើង ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ដែល​ជា​អង្គការបង្ហាត់​សៀកដល់​កុមារ​ក្រីក្រ​និង​ជួយ​ស្ដារ​វិស័យ​សិល្បៈ​ខ្មែរ និង​ក្រុម​ចម្រៀង​យុវជន KlapYaHandz Records។

បទ​ចម្រៀងនេះដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា "WASH YA HANDZ" ​ឬ​ជា​ភាសាខ្មែរ​ថា «លាង​ដៃ​របស់​អ្នក» បាន​ប្រាប់​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុង​ផ្ទះ ដោយ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​បើមិន​ចាំបាច់ ត្រូវ​ពាក់ម៉ាស់ និង​ប្រាប់​ពីរបៀប​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក។

បច្ចុប្បន្ន​នេះ នៅ​កម្ពុជា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ចំនួន ១២២នាក់ ក្នុងនោះ​រួមមាន​អ្នក​ជាសះស្បើយ​ចំនួន ១១០នាក់។ ហើយ​នៅ​ទូទាំង​សកលលោក មាន​ករណីឆ្លង​ជំងឺនេះ​ជាង​២ លាន ៥ សែន​ នាក់ ហើយ​មាន​ករណី​ស្លាប់​ជាង ១ សែន ៧ ម៉ឺន​ នាក់។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins University ក្នុង​សហរដ្ឋអាមេរិក។​

បទ​ចម្រៀង​ជា​វីដេអូ​អប់រំ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អប់រំ​ជា​សាធារណៈ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​យល់ដឹង​ពី​ការ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​កំពុង​ជួប​វិបត្តិ​សុខភាព​សាធារណៈ​យ៉ាង​ធ្ងន់ធ្ងរ​នេះ ដោយសារ​តែ​ជំងឺ​កូវីដ១៩។

គោល​បំណង​មួយ​ទៀត​នៃ​វីដេអូ​អប់រំ​នេះ​គឺ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​ក្រុមសៀក កូនសិស្ស​ក្រីក្រ គ្រូបង្រៀន និង​បុគ្គលិក​នានា​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​កំពុង​តែ​ប្រឈម​នឹង​ការ​ខ្វះខាត​ដោយសារ​តែ​ការផ្អាក​សកម្មភាព​សេដ្ឋកិច្ច​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ យោង​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG