ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​​​ស្រអាប់​សម្រាប់​ទំនាក់ទំនង​​អាមេរិក-ចិន ខណៈ​ទូត​អាមេរិក​គ្រោង​​ចាកចេញ​ពី​តំណែង


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិនលោក Terry Branstad (ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​មហាសាល​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាល​ពី​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិនលោក Terry Branstad (ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​មហាសាល​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន កាល​ពី​ថ្ងៃ​ទី ៣០ ខែកញ្ញា ឆ្នាំ២០១៧។

លោក Terry Branstad ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ថា​ លោក​នឹង​លាលែង​ចេញ​ពី​តំណែង​នៅ​ដើម​ខែ​តុលា ​ដោយ​បញ្ចប់​បេសកកម្ម​បី​ឆ្នាំ​កន្លះ​របស់​លោក​ក្នុងក្រុង​ប៉េកាំង។

នៅ​ក្នុង​សារ​តាម​ Twitter មួយ​នៅ​ថ្ងៃ​នោះ​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. Mike Pompeo បាន​និយាយ​ថា៖ «លោក​ឯកអគ្គរដ្ឋទូត​ Branstad បាន​ធ្វើ​វិភាគទាន​ដល់​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ស.រ.អ.និង​ប្រទេស​ចិន​មាន​តុល្យភាព​ជា​ថ្មី​វិញ​ដែល​នាំ​ឱ្យ​មាន​លទ្ធផល​ល្អ​ទៅ​វិញ​ទៅ​មក​ និង​ប្រកប​ដោយ​យុត្តិធម៌​ផង​ដែរ។»


ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​ចាក​ចេញ​ពី​តំណែង​នៃ​ឯកអគ្គរដ្ឋទូត​ស.រ.អ.​រូប​នេះ​ដែល​ជា​អតីត​អភិបាល​រដ្ឋ Iowa កំណត់​សញ្ញា​មួយ​ទៀត​ថា​គោលនយោបាយ​ខាង​ការ​ទាក់ទង​របស់​ស.រ.អ.​ជាមួយ​ប្រទេស​ចិន​បាន​ចប់​ហើយ។

លោក Orville Schell ជា​នាយក​នៃ​មជ្ឈមណ្ឌល​ទំនាក់ទំនង​រវាង​ស.រ.អ.​និង​ប្រទេស​ចិន​នៅ​សមាគម​អាស៊ី (Asia Society) ​ក្នុង​បូរី​ញូវយ៉ក។ លោកបាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «លោក Terry Branstad បានទៅ​កាន់​ការ​នៅ​ក្នុង​ស្ថានទូត​នោះ​ក្នុង​សេចក្តី​សង្ឃឹម​ថា​ពួក​គេ​អាច​ដោះស្រាយ​បញ្ហា​នានា​ជា​មួយ​ប្រទេស​ចិន​បាន​ តែ​គ្មាន​បញ្ហា​ណា​មួយ​បានត្រូវ​ដោះស្រាយ​រួច​ទេ»។

លោក​ឯកអគ្គរដ្ឋទូត​ស.រ.អ.​រូប​នេះ​អាច​ទៅ​ជួប​ជា​ពិសេស​ជាមួយ​ប្រធានាធិបតី​ចិន​បាន​ដោយ​លោក​មាន​មិត្តភាព​ពី​ពេលមុន​ជា​មួយប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​ឆ្នាំ​១៩៨៥​នៅ​ពេល​លោក Xi ជា​មន្ត្រី​ស្រុក​ម្នាក់នៅ​ក្នុង​ខេត្ត Hubei ​ក្នុង​ប៉ែក​ខាងជើង​នៃប្រទេស​ចិន​ដែល​ជា​ខេត្ត​សម្ព័ន្ធមិត្ត​ជា​មួយ​រដ្ឋ Iowa។

នៅ​ពេល​លោក​ប្រធានាធិបតី Donald Trump តែងតាំង​លោក Terry Branstad ឱ្យ​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៧​ មនុស្ស​ច្រើន​នាក់​សង្ឃឹម​ថា ​លោក​នឹងអាច​ជួយ​សម្រាល​ការ​ប្រេះឆា​នៅ​ក្រោយ​លោក Trump បាន​រិះគន់​ខ្លាំង​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ស.រ.អ.​ជាមួយ​រដ្ឋាភិបាល​ប៉េកាំង​នៅ​ក្នុង​អំឡុង​ការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

ប៉ុន្តែ​ទំនាក់ទំនង​រវាង​ស.រ.អ.និង​ប្រទេសចិន​បាន​ដាំ​ក្បាល​ចុះយ៉ាង​ខ្លាំង ក្រោយមានការ​ផ្ទុះ​រាតត្បាត​នៃជំងឺ​កូវីដ១៩។ ស្ថានភាព​នេះបាន​ធ្វើ​ឱ្យ​ឯកអគ្គរដ្ឋទូត​អាមេរិកាំង​ ដ៏​រួសរាយ​ទៀង​ត្រង់​មក​ពី​តំបន់​កណ្តាល​សហរដ្ឋ​អាមេរិក​រូប​នេះ​ មាន​ឱកាសតិច​តួច​ដើម្បី​អាចប្រើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់លោក​ជា​មួយ​មេដឹកនាំ​ចិន​ដើម្បី​ជា​អត្ថប្រយោជន៍​ដល់​ការទាក់ទង​ទ្វេភាគី​បាន។

លោក Orville Schell បាននិយាយ​បន្ថែម​ថា៖ ​«លោក Terry Branstad ទំនង​មាន​អារម្មណ៍​ថា​លោក​មិន​បាន​ធ្វើការ​ឲ្យ​បាន​ប្រយោជន៍​អ្វី​ទេនៅ​ទី​នោះទេ។» កាល​ពី​សប្តាហ៍​ទី​ពីរ​នៃ​ខែ​កញ្ញា​លោក Branstad មាន​ទាក់​ទិននឹង​រឿង​ចម្រូងចម្រាស​មួយ​នៅ​ពេល​កាសែត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ចិន (People’s Daily) បានច្រាន​ចោល​អត្ថបទ​បញ្ចេញមតិ​ដែល​លោក​បាន​សរសេរ។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Pompeo បាន​សរសេរ​ tweet កាល​ពី​អាទិត្យ​ទី​ពីរ​នៃ​ខែ​កញ្ញា​ថា​ ការណ៍​នេះ​បង្ហាញ​ថា ​គ្មាន​ភាព​ទៅវិញ​ទៅ​មក​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ទេពី​ព្រោះ​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​ស.រ.អ.​ «មាន​សេរីភាព​ក្នុង​ការ​បោះពុម្ព​ផ្សាយ​អត្ថបទ​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អ.​ណា​មួយ​ក៏​បាន»។

អ្នក​នាំពាក្យ​នៃក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ​អត្ថបទ​របស់​លោក Branstad «មាន​ពេញ​ដោយ​ភាព​ច្រឡោះ​ប្រហោង ​ហើយ​គ្មាន​ការ​ពិត​ជាក់​ស្តែង​ទេ»។

លោក Orville Schell ដែល​ជា​អ្នក​វិភាគ​បញ្ហា​ប្រទេស​ចិន​យូរយារ​មក​ហើយ​ បាន​ថ្លែង​ថា​ លោក​មាន​ជំនឿ​ថា​រដ្ឋាភិបាល​ប៉េកាំង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ភាគច្រើន​ដល់​ភាព​អាក្រក់​ជាង​មុន​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ។

លោក Schell បាននិយាយថា៖ «ខ្ញុំ​យល់​ថា ​គឺ​ក្របខណ្ឌ​ទាំង​មូល​នៃការ​ទាក់​ទង​គ្នា​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​មាន​ស្ថិរភាព​ក្នុង​ពេល​ជាង​៤០ឆ្នាំ​មក​ហើយ​នេះ។ ក៏​ប៉ុន្តែ​សកម្មភាព​គឃ្លើន​យ៉ាង​ខ្លាំង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ច្រក​សមុទ្រ​តៃវ៉ាន់​ ហុងកុង​និង​ក្នុង​តំបន់ Xinjiang បានសម្លាប់​ក្របខណ្ឌ​នេះ​តែ​ម្តង។ ហើយ​ការណ៍នេះ​មិន​គួរ​កើត​មាន​ឡើយ»។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​ស.រ.អ.​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ នៅ​ក្នុង​ពេល​លោក Branstad កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ក្នុង​ប្រទេសចិន ប្រទេស​នេះ​បានប្រកាន់​គោល​នយោបាយ​នៃ​«ការ​ស្វែង​រក​ចំណុច​យល់​ឃើញ​ដូច​គ្នា ​ដោយ​ទុក​ដោយ​ឡែក​ចំណុច​ខ្វែង​គំនិត​គ្នា»។​ មន្ត្រី​រូប​នេះ​ដែល​បាន​សុំ​ឱ្យ​បញ្ចេញ​ឈ្មោះ​លោក​នៅ​ពេល​ពិភាក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​បាន​និយាយ​ថា ​ការណ៍​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​អើពើ​ដល់​ការ​ខ្វែង​គំនិត​គ្នា​ខាង​គោល​នយោបាយ​បាន​ធ្វើ​ឱ្យ​ផលប្រយោជន៍​ស.រ.អ.​មាន​ការ​ខូចខាត​ច្រើន»។

មន្ត្រី​អាមេរិកាំងរូបនេះ​បាន​និយាយ​ថា៖ «ការ​យល់​ឃើញ​ដូចគ្នា​គឺ​អត្ថប្រយោជន៍​សេដ្ឋកិច្ច។ ចំណែក​ឯ​ការ​ខុស​គ្នា​វិញ​គឺ​ការ​ខ្វែង​គំនិត​គ្នា​អំពី​វិស័យ​នយោបាយ​និង​គុណ​តម្លៃ​សាកល»។ លោក​បាន​និយាយ​បន្ថែម​ថា សកម្មភាព​នានា​ដូច​ជា​ការ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាមេរិកាំងផ្ទេរ​បច្ចេកវិទ្យា​ដោយ​បង្ខំ​ «ធ្វើ​ឱ្យ​មាន​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​អត្ថប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រទេស​អាមេរិក»។

មន្ត្រី​អាមេរិកាំង​រូបនេះ​បានថ្លែង​ថា៖ «ការ​ចាក​ចេញពី​តំណែង​នៃ​ឯកអគ្គរដ្ឋទូត​ម្នាក់​មិន​ផ្លាស់ប្តូរ[លក្ខណៈ​នៃ​ទំនាក់ទំនង]​នេះ​ទេ»។

លោក David Miller ជា​អតីត​នាយក​ខាង​ការ​ស្រាវជ្រាវ​និង​សេវា​ខាង​របស់​ប្រើប្រាស់​នៃ​ការិយាល័យ​កសិដ្ឋាន​រដ្ឋ​ Iowa។ លោក​បាននិយាយ​ថា ​លោក Branstad ក៏​អាច​ប្រើ​ការ​វិល​ត្រឡប់​មក​ស.រ.អ.​វិញ​របស់​លោក​ដើម្បី​ជួយ​លោក​ប្រធានាធិបតី Trump ឱ្យ​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០២០​នេះ​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​យ៉ាងប្រកិត​ជាមួយ​លោក​អតីត​អនុប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក Miller បាន​ពោល​ថា៖ «លោក​អភិបាល​រដ្ឋ Branstad មាន​គេ​គោរព​ច្រើន​ជាពិសេស​ក្នុង​រដ្ឋ Iowa។ ហើយ​រដ្ឋ Iowa ជា​រដ្ឋ​មាន​ការ​ប្រទាញប្រទង់»។

បណ្តាញ​ទូរទស្សន៍ CNN បាន​រាយការណ៍​ថា លោក Branstad ចាក​ចេញ​ពី​តំណែងលោក​មុន​ពេល​កំណត់​ មួយ​ផ្នែក ពី​ព្រោះ​លោក​ Trump ​បាន​«សុំ»​ឱ្យ​អតីត​អភិបាល​រដ្ឋIowa រូប​នេះ​វិល​មក​វិញ​ដើម្បី​ជួយ​ឃោសនា​ឱ្យ​លោក។ លោក​ Eric Branstad ដែល​ជា​កូន​ប្រុស​ឯកអគ្គរដ្ឋទូត​រូប​នេះ ​បាន​ធ្វើ​ការ​រួចស្រេច​ហើយ​ជាមួយ​ក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក Trump៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG