ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តីខ្មែរក្រហមនឹងបន្តសវនាការនៅថ្ងៃអង្គារ


រូបឯកសារ៖ នៅ​ក្នុង​បន្ទប់​សម្រាប់​អ្នក​សារព័ត៌មាន​ ធ្វើ​ការ​ផ្សាយ​ផ្ទាល់​អំពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២។​ (ហ៊ាន​ សុជាតា​/VOA)
រូបឯកសារ៖ នៅ​ក្នុង​បន្ទប់​សម្រាប់​អ្នក​សារព័ត៌មាន​ ធ្វើ​ការ​ផ្សាយ​ផ្ទាល់​អំពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២។​ (ហ៊ាន​ សុជាតា​/VOA)

អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម ចាប់ពីថ្ងៃអង្គារខាងមុខគ្រោងនឹងបើកសវនាការដេញដោលចំពោះភ័ស្តុតាងចោទប្រកាន់ពីការពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ធវៈក្នុងរបបខ្មែរក្រហម។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរក្រហម​ ចាប់ពី​ថ្ងៃអង្គារ​ខាង​មុខ​គ្រោង​នឹង​បើក​សវនាការ​ដេញដោល​ចំពោះ​ភ័ស្តុតាង​ចោទ​ប្រកាន់​ពី​ការ​ពាក់ព័ន្ធ​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ​និង​ការ​រំលោភ​សេព​សន្ធវៈ​ក្នុង​របប​ខ្មែរក្រហម។ ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៣​រូប​ អ្នក​ជំនាញ​ចំនួន​២​រូប​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ស្តាប់​សក្ខីកម្ម​នៅ​ផ្នែក​នេះ ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​០០២​ វគ្គទី២​ ប្រឆាំង​នឹង​ជន​ជាប់ចោទ​នួន ជា ​បងធំ​ទី២​ និង​ខៀវ សំផន​ ប្រមុខ​រដ្ឋ​ខ្មែរក្រហម។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី ​ដែល​យោង​តាម​ការ​ចោទ​ប្រកាន់​ក្នុង​ដីកា​ដំណោះ​ស្រាយ ​បាន​ឲ្យ​ដឹង​ថា​ បុរស​និង​ស្ត្រី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀបការ​ នៅ​ក្នុង​ពិធី​រួមគ្នា​ដែល​មាន​ចាប់​ពី​២​ទៅ​១០០​គូ​ក្នុង​១​លើកៗ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដដែល​បាន​អះអាង​ថា ​បក្ស​កុម្មុយនីស្ត​កម្ពុជា​បាន​អនុវត្ត​គោល​នយោបាយ​ស្តីពី​ការ​ដាក់​កំហិត​លើ​ការ​រៀប​អាពាហ៍​ពិពាហ៍ ​តាម​រយៈ​មធ្យោបាយ​ចាំ​បាច់​នានា ​ចាប់ពី​មុន​ឆ្នាំ​១៩៧៥​ដល់​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​១៩៧៩ ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សង្គនិយមនិង​ការពារ​បដិវត្តន៍​សង្គម​និយម។​

រហូត​មកទល់​ពេល​នេះ​ អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​ស្តាប់​សក្ខីកម្ម​សាក្សី​ចំនួន​៩២​រូប​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៤៨​រូប ​អ្នក​ជំនាញ​ចំនួន​០៤​រូប ​ក្នុង​រយៈពេល​សវនាការ​ចំនួន​២១៦​ថ្ងៃ។​

សាលាក្តី​ខ្មែរក្រហម​នឹង​ធ្វើ​សវនាការ​ដេញ​ដោល​លើ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ជម្លោះ​ ប្រដាប់​អាវុធ​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ​ក្រោយ​ពេល​បញ្ចប់​សវនាការ​ដេញដោលភ័ស្តុតាង​ចោទ​ប្រកាន់​ពី​ការ​ពាក់ព័ន្ធ​នឹង​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​និង​ការ​រំលោភ​សេពសន្ធវៈ។ សាលាក្តី​ខ្មែរក្រហម​រំពឹង​ថា​ នឹង​អាច​ធ្វើ​សវនាការ​លើ​ភ័ស្តុតាង​ និង​បញ្ចប់​នៅចុង​ឆ្នាំ​នេះ ​ហើយ​សាលាក្រម​នឹង​ប្រកាស​នៅ​ចុង​ឆ្នាំ​២០១៧៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG