ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​អាល្លឺម៉ង់​លក់​ចេញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​វៀតណាម​ដែល​រំលោភ​ដីធ្លី​នៅ​កម្ពុជា​និង​ឡាវ


កម្មករ​ធ្វើ​ការ​នៅ​ឯ​ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) នៅ​ទី​ក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា​ កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៣។​ (រូបថត​ឯកសារ)
កម្មករ​ធ្វើ​ការ​នៅ​ឯ​ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) នៅ​ទី​ក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា​ កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៣។​ (រូបថត​ឯកសារ)
ធនាគារ​ Deutsche Bank Bank ​ដែល​ជា​ធនាគារ​ដ៏​ធំ​បំផុត​នៃ​ប្រទេស​អាល្លឺម៉ង់ ​ប្រាប់​ឲ្យ​ដឹង​ថា ​មូលនិធិ​របស់​ខ្លួន​មួយ​បាន​លក់ចេញ​ភាគ​ហ៊ុន​របស់​ខ្លួន​ដែល​មាននៅ​ក្នុង​ក្រុមហ៊ុន​វៀតណាម​ដ៏​ចម្រូងចម្រាស​មួយ​ដែល​បាន​ធ្វើការវិនិយោគទុនលើ​ដី​ធ្លីក្នុង​ប្រទេស​កម្ពុជា​និង​ឡាវ​ ហើយ​ដែល​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​ពួក​សកម្ម​ជន​បរិស្ថាន។

ក្នុង​សារ​ អ៊ីម៉េល ​ខ្លី​មួយ​ លោក​ម៉ាលឃើល វេស (Michael West) ​អ្នកនាំ​ពាក្យ​ធនាគារ​ Deutsche Bank ​បាន​និយា​យថា ​ភាគ​ហ៊ុនក្នុង​ក្រុមហ៊ុន​ Hoang Anh Gia Lai ​ឬ HAGL ​របស់​វៀតណាម​បាន​លក់​ហើយ ដោយ​និយាយ​បន្ថែម​ទៀត​ថា ​ភាគ​ហ៊ុន​ក្នុង​មូលនិធិ​នេះ​បាន​ត្រូវ​កាន់​កាប់​ដោយភាគីទី​៣​ក្នុង​នាមអ្នកវិនិយោគ​ទុន​បរទេស។

បញ្ជីមុន​ៗ​បាន​បង្ហាញ​ថា ​ការ​វិនិយោគ​ទុន​របស់​ធនាគារ​ Deutsche Bank​ Bank ​មាន​ចំនួន​ប្រហែល៤​លានភាគ​ហ៊ុន​ដែល​មាន​តម្លៃ​ជាង​៤​លាន​ដុល្លារ។

HAGL​ ជា​ក្រុមហ៊ុន​ដែល​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​នោះ​ជា​ក្រុមហ៊ុនចម្ការ​កៅ​ស៊ូ​ដ៏​ធំ​បង្អស់​មួយ​របស់​វៀត​ណាមហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​បាន​ពង្រីក​ចូល​ក្នុង​ប្រទេស​កម្ពុជានិង​ឡាវ។

ក្រុមហ៊ុន​ Vietnam Rubber Group ​ដែល​រដ្ឋ​កាន់​កាប់​នោះ​គឺ​ជា​ក្រុមហ៊ុន​មួយ​ទៀត​ដែលបាន​ទទួលការ​រិះគន់​យ៉ាង​ខ្លាំងនៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែឧសភារបស់​អង្គការ​ Global Witness ​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អង់​គ្លេសដែល​បាន​ចោទ​ប្រកាន់ក្រុមហ៊ុន​ទាំង​២​នោះ ​បាន​ទទួលដី​សម្បទានចំនួន​២​សែន​ហិកតាក្នុង​ប្រទេស​កម្ពុជា​និង​ឡាវ​ដោយ​មាន​ក្រុម​គ្រួសារខ្លះ​បាន​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី​ដី​ធ្លី​របស់​ខ្លួនហើយ​ក្រុម​គ្រួសារ​ផ្សេង​ទៀត​ បាន​ទទួល​រង​ការ​គំរាម​កំហែងនិង​ដាក់​គុក​ថែម​ទៀត​ផង។

លោកស្រី​ មេហ្កាន ម៉ាក់ណេស (Megan Maclness) ​អ្នកចាត់​ចែង​យុទ្ធនាការ​នៃ​កម្មវិធី​ដីធ្លី​របស់​អង្គការ​ Global Witness ពន្យល់ពីអ្វីដែល​អង្គការ​សង្ឃឹម​ថា របាយ​ការណ៍របស់​ខ្លួន​នឹង​សម្រេច​បាន។

«ក្នុង​របាយ​ការណ៍​របស់​យើង ​អំពី​ថៅកែ​ចម្ការ​កៅស៊ូ​ឬ ​Rubber Barons ​យើង​បាន​បង្ហាញ​បញ្ហា​ទាំងអស់​នោះដល់​ក្រុមហ៊ុនហើយ​បាន​ធ្វើ​អនុសាសន៍​ជា​បន្ត​បន្ទាប់សម្រាប់អ្វី​ដែល​ក្រុមហ៊ុន HAGL ​ត្រូវ​ការ​ធ្វើដើម្បីឲ្យ​កិច្ច​ប្រតិបត្តិ​ការ​របស់​ខ្លួនស្រប​ទៅ​តាម​ច្បាប់​ ​ផ្តល់​សំណងដល់​ពលរដ្ឋ​ដែល​បាន​បាត់​បង់ដី​ស្រែ​ចម្ការរបស់​ខ្លួន​ហើយ​ក៏​ផ្តល់​ព័ត៌មាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀតអំពី​កិច្ច​ប្រតិបត្តិការជាទូ​ទៅ​របស់​ខ្លួន។ ​ហើយ​យើង​បាន​សុំ​ឲ្យអ្នក​វិនិយោគ​ទុនរបស់​ក្រុមហ៊ុន​ HAGL ដូចជា​ធនាគារ​ Deutsche Bank ​ប្រើ​ប្រាស់​អានុភាព​របស់​ខ្លួន​ ​អានុភាពខាង​ហិរញ្ញវត្ថុ​ ​ដើម្បី​ដាក់​សម្ពាធ​ផងដែរ​ដល់​ក្រុមហ៊ុនឲ្យធ្វើ​ការ​ផ្លាស់​ប្តូរទាំង​នោះ»។

អង្គការ​ Global Witness ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ រយៈ​ពេល៦​ខែ​សម្រាប់​ធ្វើ​ឲ្យ​ប្រសើរឡើង ​បាន​ផុត​កំណត់ដោយ​គ្មានការ​ផ្លាស់​ប្តូរណា​មួយ​លើ​បរិបទ​នេះ។ ​នៅ​ត្រង់​ចំណុច​នេះ ​អង្គការ​ Global Witness ​បាន​អំពាវនាវ​ដល់ធនាគារ​ Deutsche Bank ​ឱ្យ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ចេញ។

ក្នុង​សារ​អេឡិកត្រូនិក​ ​លោក វ៉ូ ទ្រឿងសុន (Vo Truong Son) ​ប្រធានខាង​ហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន​ HAGL បាន​និយាយ​ថា ​ធនាគារ​ Deutsche Bank មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​របស់​លោក​ពី​ការ​លក់​ហ៊ុន​នេះ​ទេ ​ដោយ​និយាយ​បន្ថែម​ទៀត​ថា​នៅពេល​ដែល​ខ្លួន​ប្រតិបត្តិ​ការ ​ក្រុមហ៊ុន HAGL ​បាន​អនុវត្តន៍​យ៉ាង​ហ្មត់​ចត់ទៅ​តាម​ច្បាប់​មូលដ្ឋាន។

កាល​ពី​ពេល​មុន ​ក្រុមហ៊ុន​ HAGL ​បាន​បដិសេធការ​ចោទ​ប្រកាន់​របស់​អង្គការ​ Global Witness។

លោក​សុន ​ឆ័យ​ ​សមា​ជិក​សភាខាង​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា ​បាន​ស្វាគមន៍ព័ត៌មានដែល​ថា ​មូលនិធិ​របស់​ធនាគារ​ Deutsche Bank ​បាន​លក់​ភាគ​ហ៊ុនរបស់​ខ្លួន​នោះ ​ហើយ ​បាន​និយាយ​ទៀត​ថា ​លោក ​សង្ឃឹម​ថា ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត ​នឹង​ធ្វើ​តាម​គំរូ​នេះ។

វា​ជា​ការ​លើក​ទឹក​ចិត្តបំផុត​ពី​ព្រោះ​តែ​យើង ​ដឹង​ពី​អ្វី​ដែល​កំពុង​កើ​តមាន​ឡើងនៅ​ក្នុង​ព្រៃ​ឈើ​ហើយ​មាន​ផល​ប៉ះពាល់ចំៗ​ដល់​ជន​ជាតិ​ភាគ​តិចនិង​បរិដ្ឋាន​របស់​យើង ​ដែល​បាន​ក្លាយ​ជា​ការ​ព្រួយ​កង្វល់របស់​ពិភពលោក ​មិនមែន​ត្រឹម​តែ​ប្រជា​ពលរដ្ឋកម្ពុជា​ប៉ុណ្ណោះ​ទេ។

ការ​រឹប​អូស​យក​ដី​ធ្លី​ ​បាន​ក្លាយ​បញ្ហា​រ៉ាំរ៉ៃមួយ​ក្នុង​ប្រទេស​កម្ពុជា​និង​ឡាវ​ដោយ​ក្រុមហ៊ុនមាន​ខ្នង​ការពារខាង​នយោបាយ​ដ៏​រឹងមាំ​ដូចជាក្រុមហ៊ុន​ HAGL ហើយ​នឹង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀតដែល​កំ​ពុង​ទទួល​បានសម្បទាន​ដី​យ៉ាង​ច្រើន។

អង្គការ​ Global Witness ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​ ​ដី​ជាង​៣​លាន​៧​សែន​ហិកតានៅ​ក្នុង​ប្រទេស​ទាំង​២ ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ។ ​ប្រហែលជា​៤០​ភាគរយនៃ​ដី​ទាំង​នោះ​ត្រូវ​ធ្វើជា​ចម្ការ​កៅស៊ូ ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​ពលរដ្ឋកម្ពុជា​រាប់​រយគ្រួសារ ​ក៏​បាន​បាត់​បង់ដី​ធ្លីរបស់​ខ្លួនដោយ​សារ​ក្រុមហ៊ុន​ស្ករ​អំពៅ​ដែរ។

អង្គការ​មិន​យក​កម្រៃ​មួយ​ដូចជា​ ​អង្គការ​ Oxfam ​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​អង់គ្លេស​ ​បាន​លើក​ឡើង​ពី​ការ​រំលោភ​របស់​ក្រុមហ៊ុន​ល្បី​ៗ​បែប​នេះ​ ​ហើយ​បាន​ដាក់​គំនាបលើ​ពួក​អ្នក​ទិញដូច​ជា​ក្រុមហ៊ុន​ Coca Cola ​និងក្រុមហ៊ុន​ Pepsi។

កាល​ពី​ខែ​វិច្ឆិកា​ Coca Cola ​ដែល​ជាក្រុមហ៊ុន​ភេសជ្ជ:ដ៏​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក​ ​ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​ នឹង​ធ្វើ​ការ​ដើម្បីឲ្យ​ប្រាកដថា​ ​ចង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​ទាំង​មូល​របស់​ក្រុមហ៊ុន​ ​មាន​តម្លាភាពហើយ​នឹង​ការ​ទទួល​ខុសត្រូវ​ ​ហើយ​បាន​សន្យា​ថា ​មិន​អនុគ្រោះចំពោះ​ការរឹប​អូស​ដី​ធ្លី​នេះ។

លោកស្រី​ Megan Maclness នៃ​អង្គការ​ Global Winess ​និយាយ​ថា ​ចំណាត់​ការរបស់​ក្រុមហ៊ុន​ Coca Cola ​ហើយ​នឹង​ធនាគារ​ Deutsche Bank បង្ហាញ​ថា ​ពេល​វេលា ​កំពុង​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ហើយ។

លោកស្រី ​មាន​ប្រសាសន៍​បន្តទៀត​ថា ​ការ​ណ៍​នេះ​ក៏ដាក់​សម្ពាធលើ​រដ្ឋា​ភិ​បាល​កម្ពុជាឲ្យ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ផ្ទាល់​ប្រឆាំងច្បាប់រំលោភ​សិទ្ធិ​ដី​ធ្លី៕

ប្រែសម្រួល​ដោយ​លោក​ ជឹង​ ប៉ូជីន
XS
SM
MD
LG