ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល៖​លោក​ហ៊ុន ​សែន​មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​សំណូក​​ទេ​


ក្រុមហ៊ុន​រុករក​រ៉ែ​បុក​ស៊ីត BHP Billiton ​មកពី​ប្រទេស​អូស្ត្រាលី​
ក្រុមហ៊ុន​រុករក​រ៉ែ​បុក​ស៊ីត BHP Billiton ​មកពី​ប្រទេស​អូស្ត្រាលី​
​ភ្នំពេញ​
ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​កាសែត ​The Age ​របស់​ប្រទេស​អូស្ត្រាលី​ដើម្បី​ការពារ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន។​

កាសែត​នេះ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី២៦​ខែ​មិនា​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពាក់ព័ន្ធ​នឹង​ប្រាក់​សំណូក​ចំនួន​៣,៥​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​បុក​ស៊ីត BHP Billiton ​មកពី​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០០៦។​

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​សេចក្តី​បំភ្លឺ​របស់​ខ្លួន​ថា ​នេះ​ជា​«ព័ត៌មាន​មិន​ពិត​និង​ជា​ព័ត៌មាន​បំផ្លើស​សំដៅ​បំផ្លាញ​កេរ្តិ៍ឈ្មោះ»​លោក​ហ៊ុន សែន។​

អង្គភាព​របស់​រដ្ឋាភិបាល​ដដែល​បញ្ជាក់​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​ជួប​ជា​មួយ​គណៈ​ប្រតិភូ​របស​ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស​អូស្ត្រាលី​នេះ​ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹកចិត្ត​ដល់​វិនិយោគិន។​

The Age ​បានបង្ហាញ​ពី​ការ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ជា​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​កិច្ចចរចា​ឆ្នាំ២០០៦​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ BHP ​ដែល​នាំឱ្យ​គាត់​និយាយ​ប្រាប់​ដល់​ក្រុម​ដែល​បាន​ចូល​ជួប​ជា​លក្ខណៈ​ឯកជន​មួយ​ថា ​លោក​នឹង​ផ្តល់ឱ្យ​«ក្រុមហ៊ុន ​BH​ នូវ​ដី១លាន​ហិកតា» ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​កិច្ច​ព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា ​និង​ «អាចជា​ការ​វិនិយោគ​លើក​លែង​ពន្ធ​មួយ»។​

អ្នក​នយោបាយ​កម្ពុជា​ម្នាក់​ត្រូវ​ស្រង់​សម្តី​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ ថា​ជា«លុយ​ទឹកតែ»​ ដែលជា​ប្រយោគ​មួយ​ប្រើ​នៅពេល​ខ្លះ​នៅ​អាស៊ី​ដើម្បី​ពណ៌នា​ពី​ការ​ស៊ី​សំណូក។ ហើយ​កាសែត​The Age ​បាន​ស្រង់​យក​មក​ចុះ​ផ្សាយ​បន្ត។​

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បកស្រាយ​ថា​ ប្រាក់​ទឹកតែ​គឺជា​មូលនិធិ​សង្គម​ តែ​មាន​ការ​ផ្សព្វផ្សាយ​ថា​ជា​ប្រាក់​សំណូក។​

អង្គភាព​ដដែល​លើក​ឡើង​ថា​ តាម​កិច្ច​ព្រមព្រាង​រវាង​រដ្ឋា​ភិ​បាល​ជាមួយ​ក្រុមហ៊ុន​BHP ​ ក្រុមហ៊ុន​នេះ​ត្រូវ​បង់ប្រាក់​មូល​និធិ​សង្គម​ចំនួន​២,៥​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​ដើម្បី​អាច​ចាប់ផ្តើម​រុករក​ និង​ធ្វើ​អាជីវកម្ម​រ៉ែ​បាន។​ ក៏ប៉ុន្តែ​ក្រុម​ហ៊ុន​ទើប​តែ​បង់ប្រាក់​នេះ​ចូល​រដ្ឋាភិបាល​ចំនួន​១,៣៥​លាន​ដុល្លារ​ទេ​មុននឹង​ក្រុមហ៊ុន​សម្រេច​ដកខ្លួន​ចេញពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៩​ ដោយសារ​តែ​កំណប់​រ៉ែ​បុកស៊ីត​មាន​បរិមាណ​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវ​កម្ម។​

វីអូអេបានព្យាយាមទាក់ទង​កាសែត ​The Age ​ដើម្បីស្វែងរក​សេចក្តី​អត្ថាធិប្បាយ​តែ​មិនអាច​ទាក់ទង​បាន​ទេ​ ដោយសារ​តែ​បណ្តាញ​ទូរ​ស័ព្ទ​មិនអាច​ភ្ជាប់​គ្នា។​

លោក​ព្រាប កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​និយាយ​ថា ​អង្គការ​របស់​លោក​មិនមាន​អាណត្តិ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ពុក​រលួយ​នេះ​ទេ។​

«អញ្ចឹ​ង​យើង​តាមដាន​ព័ត៌មាន​នេះ​តាមរយៈ​មេឌា​(បណ្តាញ​ព័ត៌មាន)។ ​ យើង​មិនមាន​អំណាច​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ​ទេ។ ​ម្យ៉ាងទៀត​ ករណី​នេះ​វា​ស្ថិតនៅ​ក្នុងការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​អូស្ត្រាលី ​និង​អាមេរិក ​បើតាម​ដែល​យើង​ដឹង​ព័ត៌មាន»។​

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​បកស្រាយ​បន្ថែម​ថា​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​អំពើ​ពុករលួយ​ទាក់ទង​ជាមួយ​លោក​ហ៊ុន សែន​គឺជា​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មុន​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​ដល់។ ​

ក៏ប៉ុន្តែ​លោក​សុន ឆ័យ ​ប្រធាន​ក្រុម​តំណាង​រាស្ដ្រ​គណបក្ស​សម រង្ស៊ី ​មាន​ប្រសាសន៍​ថា​ សេចក្តី​អះអាង​នេះ​មិន​ពិត​តាម​តថភាព​នៃ​ការ​បោះឆ្នោត​ទេ។​

«វា​គ្មាន​អី​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៃ​ប្រទេស​កម្ពុជា​សោះ។​ រដ្ឋាភិបាល​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ អ្វីដែល​បាន​ប្រព្រឹត្ត​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំងឡាយ​ ក្នុងការ​យក​លុយ​កាក់​ពី​គេ​នោះ។ ​នេះ​ជា​មេ​រឿង​ដល់​រដ្ឋាភិបាល​ខ្មែរ​ថា ​ការយក​លុយ​ពី​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ដែល​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ហ្នឹង​ វា​មិនអាច​លាក់​កម្បាំង​បាន​ទេ»។
ប្រទេស​កម្ពុជា​ត្រូវគេ​ប៉ាន់​ស្មាន​ថា​ មាន​អំពើ​ពុករលួយ​ដែល​បំផ្លាញ​ចំណូល​របស់​រដ្ឋ​យ៉ាង​តិច​ចន្លោះ​ពី​៣០០​ទៅ​៥០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ ​ហើយ​អំពើ​ពុក​រលួយ​ជាក់ស្តែង​មួយ​ចំនួន​នៅតាម​ចិញ្ចើម​ផ្លូវ​ត្រូវគេ​មើល​ឃើញ​ផ្លាស់​ប្តូរ​ពី​ការ​យក​លុយ​ដោយ​ប្រើ​ឯកសណ្ឋាន​សមត្ថកិច្ច​ម​ក​ជា​ការ​យកលុយ​ដោយ​ស្លៀក​ស៊ីវិល​វិញ៕​
XS
SM
MD
LG