ដោយសារការជួយជ្រោមជ្រោមពីនិស្សិតសារព័ត៌មានមួយក្រុម ដែលកំពុងសិក្សានិងអនុវត្តមុខវិជ្ជាសារព័ត៌មានបែបស៊ើបអង្កេតនោះ បុរសម្នាក់ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបានសម្លាប់មនុស្សពីរនាក់ បានរួចខ្លួនពីការចោទប្រកាន់ និងបានវិលមកជួបជុំក្រុមគ្រួសាររបស់លោកវិញ។
នៅថ្ងៃទី ១៨ ខែកុម្ភៈ លោក Kenneth Nixon ត្រូវបានដោះលែងពីពន្ធនាគាររបស់រដ្ឋ Michigan នឹងបានជួបម្តាយរបស់លោកវិញជាលើកដំបូង ក្នុងរយៈពេលជាង ១៥ ឆ្នាំ។
ការជួបជុំគ្នាឡើងវិញមានភាពផ្អែមល្ហែមនិងជូចត់ផងដែរ។
ដោយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានការបន្ធូរបន្ថយទោស ក្នុងអាយុ ១៩ ឆ្នាំនោះ លោក Nixon បានចំណាយពេលក្នុងវ័យ ២០ ឆ្នាំរបស់ខ្លួន ដើម្បីឲ្យមានការកែប្រែការកាត់ទោសរូបលោក ពីបទសម្លាប់មនុស្សពីរនាក់ក្នុងពេលតែមួយ ដែលជាបទឧក្រិដ្ឋដែលលោកនិយាយថា លោកមិនបានប្រព្រឹត្តនោះទេ។
ក្នុងឆ្នាំ ២០០៥ លោកត្រូវបានតុលាការរកឃើញថាមានកំហុស ក្នុងការគប់គ្រាប់បែកភ្លើងធ្វើឲ្យឆេះផ្ទះមួយកន្លែង ដែលបណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ អាយុ ១០ ឆ្នាំនិងក្មេងស្រីម្នាក់ អាយុ ១ ឆ្នាំ។
លោក Nixon ទទួលបាននូវសេរីភាពរបស់លោកវិញ ដោយមានការជួយជ្រោមជ្រែងពីគម្រោង Cooley Innocence Project នៃសាកលវិទ្យាល័យ Western Michigan ពីអង្គភាព Conviction Integrity នៃសង្កាត់ Wayne County ហើយនិង ពីនិស្សិតមួយដែលក្រុមកំពុងសិក្សាផ្នែកសារព័ត៌មានបែបស៊ើបអង្កេតនៅ មហាវិទ្យាល័យ Medill School of Journalism ។
ក្រុមនិស្សិតសារព័ត៌មាននៃមហាវិទ្យាល័យ Medill បានចាប់ផ្តើមពិនិត្យមើលនូវក្តីក្តាំនេះ ក្នុងឆ្នាំ ២០១៨ ដែលជាផ្នែកមួយនៃមុខវិជ្ជាសិក្សាស្តីពីការយកព័ត៌មានតាមបែបស៊ើបអង្កេត ដែលបានបង្រៀនដោយសាកលវិទ្យាធិការរងជាន់ខ្ពស់ គឺលោក Tim Franklin អ្នកស្រី Desiree Hanford សាស្ត្រាចារ្យជំនួយ និងគ្រូបង្ហាត់លោក George Papajohn។
ការស្រាវជ្រាវនិងការយកព័ត៌មានរបស់ពួកគេបានរកឃើញនូវភស្តុតាងថ្មីៗ និងភាពមិនស៊ីសង្វាក់គ្នានៅក្នុងសំណុំរឿងពីដំបូង។
ជាមួយនឹងកំណត់ហេតុផ្ទៃក្នុង ដែលក្នុងនោះមានចំនុចមួយដែលរដ្ឋអាជ្ញាបានលើកឡើងពីសំណុំរឿងដែលមាន «បញ្ហាធ្ងន់ធ្ងរនោះ» និស្សិតមហាវិទ្យាល័យ Medill បានពិនិត្យឃើញនូវហេតុផលមិនស៊ីសង្វាក់គ្នា ដែលលើកឡើងដោយបងប្រុសរបស់ជនរងគ្រោះឃើញសក្ខីកម្មរបស់មន្ត្រីផ្តល់ព័ត៌មានពន្ធនាគារ និងការធ្វើសម្ភាសន៍ជាមួយសាក្សីចំនួន ៣ នាក់ ដែលបានផ្តល់អំណះអំណាងពីទីកន្លែងដែលលោក Nixon កំពុងស្ថិតនៅ ក្នុងពេលដែលកំពុងមានភ្លើងឆេះនោះ។
បន្ទាប់ពីធ្វើសេចក្តីរាយការណ៍អស់ជាច្រើនខែមក និស្សិតសារព័ត៌មានទាំងនេះក៏បានចេញផ្សាយនូវស្នាដៃការងាររបស់គេក្នុងសារព័ត៌មាន Detroit Free Press ក្នុងខែតុលា ឆ្នាំ ២០១៨។
វីអូអេបានទាក់ទងអង្គភាព Conviction Integrity ក្នុងសង្កាត់ Wayne County កាលពីចុងខែកុម្ភៈដើម្បីសាកសួរតើអង្គភាពនេះនឹងបើការស៊ើបអង្កេតឡើងវិញជាថ្មី ជុំវិញករណីភ្លើងឆេះដែលបណ្តាលឲ្យមានមនុស្សស្លាប់នោះ ឬយ៉ាងណា ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗ តាមការសុំនោះទេ។
ការស្វែងរកការពិត
ក្នុងពេលដែលសិស្សនៅថ្នាក់របស់លោក Franklin ចាប់ផ្តើមពិនិត្យមើលនូវសំណុំរឿងរបស់លោក Nixon នោះសាស្ត្រាចារ្យ Franklin និយាយថា៖ «លោកមិនសង្ឃឹម ឬរំពឹងទុកពីការទម្លាក់ចោលនូវក្តីក្តាំនោះឡើយ»។
ផ្ទុយទៅវិញលោកបានប្រាប់ក្រុមនិស្សិតរបស់លោកថា៖ «សេចក្តីស្មោះត្រង់តែមួយរបស់យើង គឺស្វែងរកការពិត ហើយយើងនឹងតាមដានរកការពិតទាំងនោះ ទោះដល់កន្លែងណាក៏ដោយ។ បេសកកម្មរបស់យើង គឺមិនមែនធ្វើជាអ្នកតស៊ូមតិនោះទេ ប៉ុន្តែជាអ្នកស៊ើបអង្កេត»។
នេះបើតាមសាស្រ្តាចារ្យ Franklin ដែលបានបញ្ជាក់ប្រាប់វីអូអេ តាមរយៈអ៊ីមែល។
វគ្គសិក្សាសារព័ត៌មានស៊ើបអង្កេតដែលមានរយៈពេល ១០ សប្តាហ៍នោះ បានផ្តល់នូវបទពិសោធវិជ្ជាជីវៈសារព័ត៌មានជាក់ស្តែង សម្រាប់និស្សិតទាំងអស់។
លោក Franklin និយាយថា និស្សិតថ្នាក់របស់លោក «បានអានឯកសារតុលាការ និងរបាយការណ៍ប៉ូលីសរាប់រយទំព័រ ទទួលបាននូវកំណត់ហេតុផ្ទៃក្នុងនិងបានជួបសម្ភាសន៍ជាមួយសាក្សី អ្នកជំនាញ និងអាជ្ញាធរអនុវត្តន៍ច្បាប់ជាច្រើន និងក៏បានជួបសម្ភាសជាមួយលោក Nixon និងសាច់ញាតិរបស់លោកផងដែរ។
«ខ្ញុំប្រាកដថា និស្សិតជាច្រើននាក់ពេលភ្ញាក់ពីដំណេកពេលព្រលឹម និងមុនពេលចូលដំណេកនៅពេលយប់ តែងគិតទៅដល់សំណុំរឿងមួយនេះ។ ពួកគេដក់ជាប់ក្នុងអារម្មណ៍ក្នុងការស្វែងរកការពិតនៃរឿងក្តីមួយនេះ»។
យុវនិស្សិតមួយរូបនាង Ashley Graham បានពណ៌នាពីការធ្វើដំណើរជាច្រើនលើក ដែលក្រុមថ្នាក់របស់នាងបានទៅទីក្រុង Michigan ដើម្បីធ្វើសម្ភាសន៍ជាមួយគ្រួសារនិងមិត្តភក្តិរបស់លោក Nixon និងការចំណាយពេលជាច្រើននៅពេលយប់ ក្នុងការអាននិងសរសេរពង្រាងផ្សេងៗជុំវិញរឿងរ៉ាវទាំងនេះ។
«វានៅតែកប់ជ្រៅក្នុងចិត្តរបស់ខ្ញុំ»។
នាង Graham បាននិយាយដល់ការដោះលែងលោក Nixon។
«ខ្ញុំមិនចង់ជឿរឿងហ្នឹងទេរហូតដល់បានស្តាប់ ឮពីការប្រកាសរបស់ចៅក្រោម»។
លទ្ធផលក្នុងសំណុំរឿងរបស់ Nixon ដែលកើតចេញពីការធ្វើសេចក្តីរាយការណ៍របស់ក្រុមនិស្សិតជារឿងអស្ចារ្យមិនគួរឲ្យជឿ។
នាង Graham បានប្រាប់វីអូអេថា៖ «វាធ្វើឲ្យខ្ញុំរំភើបសឹង ហើបជើងពីដី។ លទ្ធផលដែលទទួលបាន គឺវាច្បាស់ណាស់»។
នាងបន្ថែមថា ក្រុមមេធាវីរបស់លោក Nixon បានប្រាប់គាត់ថា ពួកគេយកចិត្តទុកដាក់នៅពេលអានរឿងដែលសរសេរឡើងដោយក្រុមនិស្សិតទាំងនោះ»។
លទ្ធផលនៃវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក
ករណីនេះស្តែងឲ្យឃើញពីលទ្ធផលរបស់វិជ្ជាជីវៈសារព័ត៌មានស៊ើបអង្កេតក្នុងស្រុកទៅលើសហគមន៍។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Kim Kleman អនុប្រធានជាន់ខ្ពស់នៃអង្គការ Report for America ដែលជាអង្គការមួយជួយពង្រឹងសហគមន៍ និងប្រជាធិបតេយ្យតាមរយៈវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។
លោក Kenneth Nixon នឹងមិនត្រូវគេដោះលែងពីពន្ធនាគារនោះទេ ប្រសិនបើគ្មានអ្នកសារព័ត៌មានទាំងនេះនោះ។
អ្នកស្រី Kleman ថ្លែងថា៖ «យើងជឿថា សហគមន៍នីមួយៗ ត្រូវការសារព័ត៌មានក្នុងស្រុកដែលមានការទទួលខុសត្រូវការស៊ើបអង្កេត និងប្រកបដោយភាពស្វាហាប់»។
នៅពេលដែលវាមកដល់ចំនុចនៃរចនាសម្ព័ន្ធដែលមានឥទ្ធិពល ដូចជាប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជាដើមនោះ ការរាយកាណ៍ព័ត៌មានដែលមានគុណភាពខ្ពស់ ផ្តល់នូវកម្រិតនៃការទទួលខុសត្រូវដ៏មានសារៈសំខាន់។
អ្នកស្រីបានបន្ថែមថា៖ «នៅពេលដែលវាបង្ហាញថា មានមនុស្សកំពុងតាមដានមើលនូវការងាររបស់យើង នោះវានឹងធ្វើឲ្យរដ្ឋាភិបាលកាន់តែមានភាពប្រសើរក្នុងគ្រប់រឿងទាំងអស់»។
សម្រាប់លោក Nixon វិញលទ្ធផលនៃវិជ្ជាជីវៈសារព័ត៌មានមានន័យថា ការចោទប្រកាន់របស់លោកត្រូវបានគេទម្លាក់ចោលមិនចាត់ការ ហើយលោកមានឱកាសបានជួបជុំជាមួយក្រុមគ្រួសារឡើងវិញ។
លោក Franklin ដែលបានប្រាប់វីអូអេថា៖ «វិជ្ជាជីវៈសារព័ត៌មានក្នុងស្រុកប្រហែលមិនដែលមានសារៈសំខាន់ពិតប្រាកដ ដូចក្នុងពេលនេះនោះទេ។ វានឹងអាចធ្វើឲ្យមានលទ្ធផលពិតប្រាកដដូចក្នុងករណីដែលកើតមានឡើងមួយនេះអញ្ជឹង»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធិ