ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ ប្រកាស​លើកលែង​ទោស បន្ធូរបន្ថយ​ទោស​បុគ្គល​ល្បីៗ


លោក Rod Blagojevich ព្យាយាម​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក កាលពី​ថ្ងៃទី១៩ ឃែកុម្ភៈ ឆ្នាំ២០២០។
លោក Rod Blagojevich ព្យាយាម​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក កាលពី​ថ្ងៃទី១៩ ឃែកុម្ភៈ ឆ្នាំ២០២០។

​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​លើកលែងទោស បន្ធូរបន្ថយ​​ទោស​បុគ្គល​ល្បីៗជា​ច្រើន​ដែលមាន​ទោស​ពីបទ បន្លំ​ប្រាក់។ លោក​ប្រធានាធិបតី ក៏​បាន​បន្ធូរបន្ថយ​ទោស​លោក Rod Blagojevich អតីត​អភិបាល​រដ្ឋ​ផង​ដែរ។​

លោក​ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​ថា លោក​មិន​បាន​ស្គាល់​អតីត​អភិបាល​រដ្ឋ Illinois ទេ លើកលែង​តែ​លោក​អតីត​អភិបាល​រដ្ឋ​ធ្លាប់​សម្របសម្រួល​ក្នុង​កម្មវិធី​ទូរទស្សន៍​ឈ្មោះ​ថា «The Apprentice» របស់​លោក​កាលពីច្រើន​ឆ្នាំ​មុន។ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ស្គាល់​លោក​ទេ។ ក៏ប៉ុន្តែ លោក​បាន​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ដែល​ជា​រយៈ​ពេល​យូរ​ណាស់។ មនុស្ស​ជា​ច្រើន មិន​យល់​ស្រប​ជាមួយ​ការ​កាត់​ទោស​នោះ​ទេ។​ លោក​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ មិនមែន​ជា​សមា​ជិក​គណបក្ស​សាធារណរដ្ឋ​ទេ។​ វាជា​ការ​កាត់​ទោស​ដោយ​មនុស្ស​ដដែល​ដូចជា៖ លោក James Comey អតីត​នាយក FBI លោក Patrick Fitzpatrick​ អតីត​រដ្ឋមន្រ្តី​យុត្តិធម៌​សហរដ្ឋអាមេរិក​ជា​ក្រុម​មនុស្ស​តែ​មួយ។ លោក​បាន​ស្ថិត​នៅ​ឆ្ងាយ​ពី​កូន​របស់​លោក។ ​ពួកគេ​ធំៗ​ហើយ។ ពួកគេ ​កំពុងរៀន​នៅ​វិទ្យាល័យ​នៅពេល​ឥឡូវ​នេះ។ ពួកគេ​កម្រ​ឃើញ​ឪពុក​របស់​ពួកគេ​មិន​ពាក់​សម្លៀក​បំពាក់​អ្នកទោស។ ខ្ញុំ​បាន​ឃើញ​បញ្ហា​នេះ​ ហើយ​ខ្ញុំ​បាន​បន្ធូរបន្ថយ​ទោស​លោក»។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​និយាយ​ទៀត​ថា ​លោក មាន​ការ​រំជួល​ចិត្តអំពី​ការ សុំអង្វរ​តាម​ទូរទស្សន៍​របស់​ភរិយា​លោក Blagojevich។ ក៏ប៉ុន្តែ ​មនុស្ស​ដែល​ជាប់​ទាក់​ទិន​នឹង​រឿងក្តី​របស់​លោក Blagojevich ហាក់​ដូច​ជា​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​របស់​លោក​ដែរ។

លោក​ប្រធានាធិបតី​ត្រាំ ក៏​បាន​ប្រកាស​ការលើក​លែង​ទោស​ដល់​លោកBernie Kerik អតីត​ស្នងការ​ប៉ូលិស​ក្រុង​ញូវយ៉ក ​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​ការ​លួចបន្លំ​ពន្ធ​ និង​ការ​ភូត​កុហក​ពួក​មន្រ្តី​ និង​លោក Mike Milken ជា​ធនាគារិក​វិនិយោគទុន​ដែល​ត្រូវ​បានជាប់​ទោស​លើ​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​មួយ​ចំនួន​រួមមាន​ការ​លួច​បន្លំប្រាក់​និង​ការ​ឃុបឃិត។

លោក​ប្រធានាធិបតី​ត្រាំ និយាយ​ទៀត​ថា ​លោក ​បាន​លើក​លែង​ទោស​ដោយ​ផ្អែក​លើ​ការ​ស្នើសុំ។ លោក​ប្រធានាធិបតី​ដូណាល់ ​ត្រាំ ​បាន​ថ្លែង​ទៀត​ថា៖ «ស្ទើរ​គ្រប់​ពេល​វេលា ​ខ្ញុំ​ពិតជា​ពឹង​ផ្អែក​លើ​អនុសាសន៍​របស់​មនុស្ស​ដែល​បាន​ស្គាល់​ពួកគេ។ យើង​មាន​លោក Bernie Kerik។ យើង ​មាន​លោក Mike Milken ដែល​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យសម្រាប់​ពិភពលោក​ដោយ​ការ​ស្រាវជ្រាវ​របស់​លោក​អំពី​ជំងឺ​មហារីក។ ហើយ ​លោក ​បាន​ធ្វើ​ការងារ​នេះ​ហើយលោក ​បាន​រង​ប៉ះពាល់​យ៉ាង​ខ្លាំង។លោក​បាន​ទទួល​ផលវិបាក​ច្រើន​ណាស់ ក៏ប៉ុន្តែ ​លោក​បាន​ធ្វើ​ការងារដ៏​អស្ចារ្យ។ មនុស្ស​ទាំងអស់​នោះ​ដែល​យើង ​ត្រូវ​មើល​អនុសាសន៍។ ខ្ញុំ ​ពឹង​ផ្អែក​លើ​អនុសាសន៍​ទាំង​នោះ»។

លោកEdward DeBartolo Jr. អតីត​ម្ចាស់​ក្រុម​បាល់ទាត់​អាមេរិកាំង San Francisco 49ers បាន​ត្រូវ​លើកលែង​ទោស​ទៅ​តាម​អនុសាសន៍​របស់​ប៉ាស្ទ័រ Darrell Scott នៃ​ទីក្រុងCleveland រដ្ឋ Ohioហើយ​និង​អតីត​អ្នក​លេង​បាល់​ទាត់​អាមេរិកាំងជា​ច្រើន​អ្នក​ទៀត។ លោក DeBartolo បាន​សារភាព​ទទួល​ទោស​នៅ​ឆ្នាំ​១៩៩៨​លើ​ការ​បិទ​បាំង​គម្រោង​គំរាម​កំហែង​យក​ប្រាក់​ដោយ​អតីត​អភិបាល​រដ្ឋ Louisiana។

លោក Darrell Scott នៅរដ្ឋ Ohio បាន​និយាយ​ថា៖ «ឈ្មោះ Edward DeBartolo ជា​និមិត្តរូប​នៅ​ក្នុង​សហគមន៍​របស់​យើង។ការងារ​មនុស្ស​ធម៌​របស់លោក​តំណាង​ឲ្យអង្គការ​មនុស្ស​ធម៌​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ។ ការងារ​អភិវឌ្ឍ​របស់​លោក​ដូច ជា​ការបញ្ចូល​របៀប​ថ្មី​និង​ការ​ធ្វើ​ឲ្យ​មាន​ដំណើរការ​ឡើងវិញ​នៅ​ទីក្រុង Cleveland រដ្ឋ Ohio ជា​ការដ៏អស្ចារ្ស​មួយ»។

ពួក​អ្នក​រិះគន់ ​បាន​និយាយ​ថា ការលើកលែង​ទោស​ទាំងស្រុង​ដល់​ឥស្សរជន​កីឡា​ជាទី​គោរព​គឺ ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ត្រាំ​ទាក់​ទាញ​ការគាំទ្រ​ពី​ពួក​អ្នកគាំទ្រ​កីឡា​ដ៏​ច្រើន​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​នេះ។ ការលើកលែង​ទោស​ឲ្យ​លោក DeBartolo កើត​មាន​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានា​ធិបតី​ត្រាំ​ទៅ​កន្លែង​ប្រកួត​រថយន្ត Daytona 500។

លោក​ប្រធានាធិបតី​ត្រាំ ​បាន​បដិសេធ​ពុំ​ឆ្លើយ​ទៅ​សំណួរ​របស់​ពួក​អ្នក​យកព័ត៌មាន​ថាតើ​លោក​នឹង​លើកលែង​ទោស​ឲ្យ​លោក Roger Stoneអតីត​ទី​ប្រឹក្សា​របស់​លោកដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​អុកឡុក​សាក្សី ភូតកុហកសភា​ និង​រារាំង​ការស៊ើបអង្កេត​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦​ដែរ​ឬ​ទេ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG