ប្រធានប៉ូលិសស្តីទីនៃវិមានសភាសហរដ្ឋអាមេរិក កំពុងត្រូវបានគេដាក់សម្ពាធឲ្យពន្យល់អំពីថា តើមូលហេតុអ្វីបានជាទីភ្នាក់ងារនេះមិនបានប្រុងប្រៀបការពារពីអំពើហិង្សារបស់ពួកបះបោរ កាលពីខែមុន ទោះបីជាពួកគេទទួលបានព័ត៌មានសម្ងាត់ជាមុនក៏ដោយនោះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅឯសវនាការរបស់រដ្ឋសភា លោកស្រី Yogananda Pittman ប្រធានាប៉ូលិសស្តីទី បានបដិសេធថា ស្ថាប័នមានសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ចំពោះការព្រមានជាមុនដែលថា នឹងមានអំពើហិង្សានៅថ្ងៃទី៦ ខែមករានោះទេ។
៣ ថ្ងៃមុនកុបកម្មនោះកើតឡើង ប៉ូលិសនៅវិមានរដ្ឋសភាបានចែកចាយឯកសារផ្ទៃក្នុង ដែលព្រមានថា ពួកជ្រុលនិយមប្រដាប់អាវុធ បានប្រុងប្រៀបធ្វើសកម្មភាពហិង្សា ហើយអាចមានការវាយប្រហារនៅវិមានសភា។ ក៏ប៉ុន្តែ ប្រធានស្តីទីប៉ូលិសនិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការវាយប្រហារនោះធំជាងអ្វីដែលមន្ត្រីស៊ើបការណ៍សម្ងាត់បានព្រមានទុកជាមុនទៅទៀត។
ក្រោយមក ដោយត្រូវបានចោទសួរដោយតំណាងរាស្ត្រគឺលោក Tim Ryan ប្រធានអនុគណៈកម្មាធិការរដ្ឋសភាលោកស្រី Pittman បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខណៈដែលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរពីកន្លែងជួបជុំក្រុមអ្នកគាំទ្រលោក Trump ទៅកាន់វិមានសភានោះ មានមនុស្សតែប្រហែល ៨០០ នាក់ប៉ុណ្ណោះ ដែលបានចូលក្នុងអគារសភានោះ។
លោកស្រី Pittman បាននិយាយថា គេមិនបានធ្វើទៅតាមនីតិវិធីរបស់ទីភ្នាក់ងារទេ ហើយថា វាគឺជាការបរាជ័យជាច្រើនដំណាក់កាល។
ក្រុមមន្ត្រីប៉ូលិសមិនបានទទួលការណែនាំច្បាស់លាស់ណាមួយពីមេបញ្ជាការរបស់ពួកគេនោះទេ ខណៈដែលពួកកុបករបាននាំគ្នាឡោមព័ទ្ធអគារវិមានសភា។
អ្នកស្រី Jaime Herrera-Beutler តំណាងរាស្ត្ររដ្ឋ Washington និងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការសភានេះខាងគណបក្សសាធារណរដ្ឋ បាននិយាយថា វាអាចថា មន្ត្រីប៉ូលិសកំពូលៗនៃវិមានសភា «មិនបានយកចិត្តទុកដាក់ចំពោះព័ត៌មានសម្ងាត់ដែលខ្លួនទទួលបាន ឬមន្ត្រីស៊ើបការណ៍សម្ងាត់មិនបានទាក់ទងទៅមន្ត្រីប៉ូលិសឲ្យចំមុខនាទី»៕