មន្ត្រីផ្លូវការកម្ពុជាបានប្រកាសឲ្យដឹងថា ជនភៀសខ្លួនដែលនឹងត្រូវបញ្ជូនពីប្រទេសអូស្រ្តាលីនឹងត្រូវដាក់ឲ្យស្នាក់នៅក្រៅដែនដីរាជធានីភ្នំពេញ ក៏ប៉ុន្តែមិនមានព័ត៌មានលម្អិតទាក់ទងនឹងទីតាំងជាក់លាក់និងចំនួននៃជនភៀសខ្លួននៅឡើយទេ។
លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសបានថ្លែងនៅក្នុងសន្និសីទព័ត៌មានរួមក្នុងក្រសួងមហាផ្ទៃនៅថ្ងៃច័ន្ទនេះថា ជនស្វែងរកសិទ្ធិជ្រកកោណចម្រុះជាតិសាសន៍ទាំងនោះនឹងត្រូវបញ្ជូនជាក្រុមតូចហើយនឹងត្រូវដាក់ឲ្យស្នាក់នៅមណ្ឌលបណ្តោះអាសន្នក្នុងរាជធានីភ្នំពេញរយៈពេលមួយឆ្នាំមុននឹងបញ្ជូនពួកគេទៅរស់នៅទីតាំងមួយដែលនឹងត្រូវកំណត់នៅពេលក្រោយ។
«នៅទីណានោះ ខ្ញុំគ្រាន់តែបញ្ជាក់ថា នៅក្រៅរាជធានីភ្នំពេញ តែមណ្ឌលស្នាក់នៅបណ្តោះអាសន្ន យើងដាក់ឲ្យស្នាក់នៅភ្នំពេញ»។
លោក ឡុង វីសាលោ ពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យជនភៀសខ្លួនទាំងនេះស្នាក់នៅទីក្រុងភ្នំពេញដោយសារតែនៅភ្នំពេញមានចំនួនប្រជាពលរដ្ឋច្រើនពេកទៅហើយ។ មួយវិញទៀត ជនភៀសខ្លួនទាំងនេះនឹងត្រូវទទួលចំណែកកម្មសិទ្ធិដីធ្លីសម្រាប់រស់នៅនិងប្រកបរបបចិញ្ចឹមជីវិតផងដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃនិងលោកស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍និងកិច្ចការពារព្រំដែនអូស្ត្រាលីបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីការទទួលយកជនភៀសខ្លួនបរទេសពីអូស្រ្តាលីឲ្យស្នាក់នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះទទួលរងការរិះគន់ជាច្រើននិងមានការប្រឆាំងតវ៉ាពីសកម្មជននិងជនរងគ្រោះដោយសារជម្លោះដីធ្លីនៅក្នុងទីក្រុងភ្នំពេញ។
មានជនអន្តោប្រវេសន៍ខុសច្បាប់ដែលមានជនជាតិផ្សេងៗប្រមាណ១.០០០នាក់កំពុងស្ថិតក្នុងជំរំបណ្តោះអាសន្ននៃសាធារណរដ្ឋ ណូរូ (Nauru) ដែលជាដីកោះដ៏តូចមួយក្នុងដែនមហាសមុទ្រប៉ាស៊ីភិកដែលស្ថិតនៅក្រៅប្រទេសអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញនៅព្រឹកថ្ងៃនេះដែរថា កម្ពុជាបានឈរលើគោលការណ៍មនុស្សធម៌ក្នុងការទទួលយកជនភៀសខ្លួនបរទេសពីអូស្ត្រាលីឲ្យមកស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា។ បើយោងតាមលោក ឡុង វិសាលោ និងលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី ជនភៀសខ្លូនចម្រុះជាតិសាសន៍នឹងត្រូវមកដល់កម្ពុជានៅចុងឆ្នាំ២០១៤នេះ។
យោងតាមកិច្ចព្រមព្រៀងរួមកម្ពុជាអូស្ត្រាលីដែលស្រង់ដោយលោក ឡុង វិសាលោ ទីក្រុងកង់ប៊ែរ៉ា ត្រូវទទួលបន្ទុកចំណាយនិងសោហ៊ុយទំនុកបម្រុងជនភៀសខ្លួននៅកម្ពុជាចាប់តាំងការធ្វើដំណើររបស់ពួកគេចាកចេញពីជំរុំ ណោរូ រហូតមកដល់ការស្នាក់នៅកម្ពុជា ដូចជាការរៀនមុខជំនាញសម្រាប់ប្រកបរបបចិញ្ចឹមជីវិត ការតាមដានផ្នែកសុខភាពរយៈពេលប្រាំឆ្នាំនៅកម្ពុជា ការអប់រំនិងសិក្សាភាសាខ្មែរសម្រាប់ធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជា។ ភាគីអូស្ត្រាលីនឹងគាំពាររហូតដល់ជនភៀសខ្លួនមានលទ្ធភាពរស់ដោយខ្លួនឯងបាន ដោយបូករួមជាមួយនឹងប្រទេសអូស្ត្រាលីនឹងជូយអភិវឌ្ឍនៅតំបន់សមាហរណកម្មរបស់ពួកគេ។
លោករដ្ឋលេខាធិការការបរទេសកម្ពុជាបញ្ជាក់ថា ក្រោយពីការស្នាក់នៅក្នុងមណ្ឌលបណ្តោះអាសន្នក្នុងទីក្រុងភ្នំពេញរយៈពេលមួយឆ្នាំរួចហើយ ប្រសិនបើជនភៀសខ្លួនមិនពេញចិត្តអាចនឹងស្នើសុំការស្នាក់នៅទៅកាន់ប្រទេសផ្សេងទៀតឬទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញបាន។ ផ្ទុយទៅវិញ ប្រសិនបើពួកគេស្នាក់នៅកម្ពុជាពួកគេនឹងមានសិទ្ធិពេញលេញដូចជនបរទេសដទៃទៀតដែររួមទាំងសិទ្ធិទទួលសញ្ជាតិកម្ពុជាព្រមទាំងសិទ្ធិធានាក្រុមគ្រួសាររបស់ពួកគេមករស់នៅកម្ពុជាបន្ថែមទៀតផង។
អង្គការការពារសិទ្ធិមនុស្សធំៗដូចជា Amnesty International ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការបញ្ជូនជនស្វែងរកសិទ្ធិជ្រកកោណពីអូស្ត្រាលីមកកាន់កម្ពុជា។
កាលពីថ្ងៃសុក្រ ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានលើកពីកង្វល់របស់ខ្លួនចំពោះកិច្ចព្រមព្រៀងកម្ពុជាអូស្ត្រាលីក្នុងការតាំងលំនៅថ្មីនៃជនភៀសខ្លួនទាំងនោះ។ ឧត្តមស្នងការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបញ្ជាក់ថា ជនភៀសខ្លួនទាំងនេះមិនគួរត្រូវគេបញ្ជូនចេញពីប្រទេសគោលដៅដែលគេមានបំណងស្វែងរកសិទ្ធិជ្រកកោណនោះទេ។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបន្ទោសថា កម្ពុជាគិតខ្លីពេកចំពោះរឿងនេះ។
«រដ្ឋាភិបាលគិតថា ប្រហែលជាមួយឆ្នាំទៅ ជនភៀសខ្លួនទាំងនេះនឹងស្មគ្រ័ចិត្តវិលត្រឡប់ទៅស្រុកវិញដោយខ្លួនឯង។ តែប្រសិនបើមើលមែនទែនពួកគាត់មកពីតំបន់ អារ៉ាប់ តំបន់មជ្ឈឹមបូព៌ា គឺជាតំបន់ដែលកំពុងមានសង្គ្រាម មានភេរវកម្ម និងជាតំបន់ដែលមានបញ្ហាច្រើន។ ចឹងបើរំពឹងថា ពួកគាត់ទៅប្រទេសវិញ មិនងាយទេ។ នេះជាការគិតងាយស្រួលជ្រុល។ ទី២ រដ្ឋាភិបាលគិតថា ជំនួយប៉ុណ្ណឹង អាចជួយឲ្យជនភៀសខ្លួនចេះភាសាខ្មែរ ចូលក្នុងសង្គមខ្មែរ អាចរកការងារធ្វើចិញ្ចឹមខ្លួនឯងនៅអនាគតបាន។ ប៉ុន្តែ ខ្ញុំជាអតីតជនភៀសខ្លួនម្នាក់ដែរ ខ្ញុំមើលទៅមិនអាចទៅរួចទេ។សូម្បីតែយើងទៅរស់នៅសហរដ្ឋអាមេរិកដែលជាប្រទេសអ្នកមានផង យើងត្រូវការរយៈពេលបួនប្រាំឆ្នាំ យើងមិនទាន់ធ្វើខ្លួនយើងឲ្យរស់នៅត្រឹមត្រូវ។ យើងត្រូវការជួយជំនួយដល់ប្រាំឆ្នាំឯណោះ»។
យ៉ាងណាក៏ដោយលោកឡុង វិសាលោ រដ្ឋលេខាធិការការបរទេសបញ្ជាក់ថាអនុស្សរណៈនៃការយោគយល់ជាមួយអូស្ត្រាលីស្តីពីការបញ្ជូនជនភៀសខ្លួនមករស់នៅកម្ពុជាអាចនឹងធ្វើត្រូវបានវិសោធនកម្ម ឬមានន័យថា កែសម្រួលបានក្នុងរយៈពេលបួនឆ្នាំទៀត៕