ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថ្លែង​ការពារ​ភាពស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក និង​អាសនៈ​នៅ​អ.ស.ប.


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨។

ឆ្លើយតប​នឹង​ការ​រិះគន់​ជាបន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​ ​និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​​​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​ដែល​មិន​មាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះជាតិនោះ​ ​ ​នៅថ្ងៃ​ពុធ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​ថ្លែង​ការពារ​ភាព​ស្រប​ច្បាប់​នៃ​ការ​គ្រប់គ្រង​ប្រទេស​បែប​ឯកបក្ស​របស់​លោក​ ​ហើយ​ថា ​គ្មាន​ប្រទេស​ណាមួយ​អាច​ដក​អាសនៈ​កម្ពុជា​ចេញ​ពី​អង្គការ​សហ​ប្រជាជាតិ​បាន​នោះ​ទេ។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ច្រាន​ចោល​រាល់​ការ​រិះគន់​ពី​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក​ ​និង​បាន​ទាត់ចោល​ការ​លើក​ឡើង​ដែល​ថា​ អាសនៈ​របស់កម្ពុជា​នៅ​អង្គការ​សហ​ប្រជា​ជាតិនឹង​ត្រូវ​ព្យួរ​ដោយ​សារការ​ដឹកនាំប្រទេស​ដោយ​ឯកបក្ស។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ថ្ងៃទី​១៩ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ​មាន​អ្នក​ឃោសនា​ថា ​ អន្តរជាតិ​នឹង​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គកា​រសហ​ប្រជាជាតិ​ ​និង​ថា​ កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ​ប៉ុន្តែ​លោក​ថា​ ​ការ​លើក​ឡើង​នោះជា​ការ​ភូតកុហក។​ ​លោក​បន្ថែម​ថា​ ​កម្ពុជាជា​រដ្ឋ​ឯករាជ្យ​ និងអធិបតេយ្យ​ ​មិន​អាច​ឱនក្បាល​ចំពោះ​បរទេស​ណា​មួយ​នោះ​ទេ។​

នាយក​រដ្ឋមន្រ្តី​កម្ពុជា​ដែល​កំពុងបង្កើន​ទំនាក់​ទំនង​ស្អិត​ល្មួតជាមួយ​ប្រទេស​ចិន​បញ្ជាក់​ថា៖​

«កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ ​ជា​អ្នក​គ្រប់គ្រង​ទាំងអស់នូវ​បណ្តា​វេទិកា​អន្តរជាតិ​ទាំងអស់​នៅ​លើ​លោក​នេះ។​ ​សូម​កុំ​មាន​ការ​ភ័ន្ដច្រឡំ​ឲ្យ​សោះ!​ ​ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ ​ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ការបោះ​ឆ្នោត​ ​សម្រាប់​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២​ ​និង​ធ្វើការ​បោះឆ្នោត​សម្រាប់​ជ្រើសរើស​តំណាង​រាស្ដ្រនៅ​ឆ្នាំ​២០២៣​ ​ខុស​ពី​នេះ​គឺ​គ្មាន​ទេ!​ ​សូម​កុំ​រង់ចាំ​ខ្មោច​ដែល​វា​ងាប់​ហើយ​ វា​អាច​រស់​ឡើង​វិញ​បាន​នោះ​ទេ»។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បន្ថែម​ថា​ ​លោក​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​នា​ចុង​ខែ​កញ្ញា​នេះ​ ដើម្បី​ប្រាប់​អំពី​ស្ថានភាព​ដែល​បាន​និង​កំពុង​កើត​មាននៅ​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មិន​ឱន​ដាក់​អ្នកណា​ទាំងអស់​... ​មិន​ឱន​ក្បាល​ដាក់​អ្នកណា​ទាំងអស់។​ ​និយាយ​ត្រូវ​ ​ ធ្វើការ​ជាមួយ​គ្នា។​ និយាយ​មិន​ត្រូវ​ ​ ទៅ! ​ផ្អាក​សិនទៅ!​ ​ទុកទៅ!​ ​មួយ​ទំនេរ​ទៅ។​ បើ​និយាយ​មិន​ត្រូវ​គ្នា​ហើយ​ ​អាហ្នឹង​ចាំបាច់​ទៅ​និយាយ​ធ្វើ​អី​ទៀត! ​អ្នក​ឯង​ពន្យល់​ខ្ញុំ ​ខ្ញុំ​ពន្យល់​អ្នកឯង។ ​វា​មាន​ទៅ​ ​ វា​មានមក!​ អ្នក​ឯង​ថា​ អ៊ីចេះៗ​ ​អ៊ីចឹង​យើង​ក៏​ត្រូវ​និយាយ​ប្រាប់​គេ​ត្រឡប់​ទៅវិញ។​ ​អាហ្នឹង​សម​ហេតុ​ សមផល។ ​រដ្ឋ​អធិប​តេយ្យ​វា​ដូច្នេះ។​ វា​អត់មាន​អាណា​គាប​អាណា​ទេ!»​

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ធ្វើ​ឡើង​ ​បន្ទាប់​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​លើកឡើង​ថា​ ​អាសនៈរបស់​កម្ពុជា​ក្នុង​អង្គការ​សហប្រជាជាតិ​នឹង​ត្រូវ​បាន​ព្យួរ​ ​រង់​ចាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនគឺ​គ្រាន់តែ​ជា​ការ​ឆ្លើយ​តប ​និង​ការ​ការពារ​ខ្លួន​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ។​ លោក​បន្ថែម​ថា​ ​អាសនៈ​កម្ពុជា​អាច​នឹង​ត្រូវ​បាន​ព្យួរ​នៅ​អង្គការ​សហ​ប្រជាជាតិ ​ដូច​ករណី​ឆ្នាំ​១៩៩៨​ ​ប្រសិន​បើ​ស្ថាន​ភាពសិទ្ធិ​មនុស្ស​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។​

លោក​ ឡៅ ម៉ុងហៃ បន្ថែមថា​ ​រដ្ឋាភិបាល​គួរអនុវត្ត​តាម​សហគមន៍​អន្តរជាតិ​ ដែល​បានស្នើ​ឲ្យ​ពង្រឹង​លទ្ធិប្រជា​ធិប​តេយ្យ​ឡើង​វិញ​ ​ចៀស​វាងការ​បាត់បង់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ ​ដោយ​សារ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ដោយសារ​ការ​ព្យួរ​អាសនៈ​នៅ​អង្គការ​សហ​ប្រជាជាតិ។​

លោក​បញ្ជាក់​ពី​ផលប៉ះពាល់​ដែល​អាច​កើតមាន​ពី​ការ​ព្យួរ​អាសនៈ​នៅ​អង្គការ​សហ​ប្រជាជាតិថា៖

«ទី១​ ​គឺ​អាម៉ាស់​មុខ​ខ្លាំង​ណាស់​ ដែល​ប្រទេស​មួយ​ជា​ប្រទេស​រដ្ឋាភិបាល​មួយ​ហ្នឹង​ មិន​មាន​ភាព​ជា​តំណាងរបស់ប្រទេស​ខ្លួន​ឯង។​ ​មួយ​ទៀត​ ​គឺ​ពិបាក​មាន​ទំនាក់ទំនង​ជាមួយ អ្វី​ដែលគេ​ហៅថា​ ភ្នាក់ងារ​ជា​តំណាង​នៃ​អង្គការ​សហ​ប្រជាជាតិ​ទៅ​ទៀត»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លង​ទៅ​ ​អ្នកស្រី​ ​Michelle Bachelet​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ ​បាន​ថ្លែង​ក្នុង​សុន្ទរក​ថា ​បើក​សម័យ​ប្រជុំ​លើក​ទី​៣៩​ ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ​និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា។​

អ្នកស្រី​ក៏​បាន​ស្វាគមន៍​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​ ​និង​ការ​ដោះលែង​លោកកឹម សុខា​ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ពេល​ថ្មីៗ​នេះ​ ​ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​អ្នក​ទាំង​នោះ​ផង​ដែរ។​

សភា​សហភាព​អឺរ៉ុប​ កាល​ពីសប្តាហ៍​មុន​ ​បាន​អនុម័ត​លើ​ញត្តិ​រួម​ ស្នើ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់លើ​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និងផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​លោក​ ហើយសភា​សហភាព​អឺរ៉ុប​ក៏​ពិចារណា​លើ​ឋានៈ​អនុ​គ្រោះ​ពន្ធ«រាល់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ»​ ​និង​ដាក់​ឈ្មោះ​ជន​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ក្នុង​បញ្ជី​ខ្មៅ​មួយ​ដែល ​និង​ហាម​ឃាត់​ទិដ្ឋាការ ​និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។

លោកកឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ​បន្ទាប់ពី​លោក​ត្រូវបាន​ចាប់​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​១ឆ្នាំ ក្រោម​បទ​ចោទ​ថា ​បាន​ឃុបឃិត​ជាមួយ​បរទេស ​រៀបចំគម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​បើ​ទោះ​ជា​លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​ប៉ុន្តែ​លោក​ត្រូវបាន​យក​ទៅ​ដាក់​ឃុំផ្ទះ​ជំនួស​វិញ​ ខណៈ​មេធាវី​ការពារ​ក្តី​របស់​លោកលើក​ឡើងថា​ ​លោក​កឹម សុខាមាន​ជំងឺ​ធ្ងន់ ​និង​ត្រូវ​ការ​ការវះ​កាត់ត្បៀត​សសៃ។​

ការ​ដាក់​លោក ​កឹម សុខា ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ជំនួស​ឱ្យ​ពន្ធនាគារបែប​នេះ​ ​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​បន្ត​ចាត់​ទុក​ថា​ ​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ​និងបិទ​សេរី​ភាព​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ដដែល។​ ​ទាំង​អង្គការ​អន្តរជាតិ​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​សុទ្ធ​តែបាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ ​លោក​កឹម សុខា​ ​និង​ដោះ​លែង​លោក​ឲ្យ​មាន​សេរី​ភាព​ពេញ​លេញ។

លោក​នាយក​រដ្ឋមន្រ្ តី​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​ថ្លែងបញ្ជាក់​ពីមូលហេតុ​នៃការ​ឃុំ​ខ្លួន​លោក​កឹម សុខាក្នុង​ផ្ទះ​ថា​ ​ដោយសារ​បារម្ភ​ថា​ ​លោកកឹម សុខា​អាច​បាត់​បង់​ជីវិត​ក្នុង​ពន្ធ​នាគារ​ ​ដោយ​សារ​ជំងឺ​ ​មិនមែន​មាន​សម្ពាធ​ណា​មួយ​ពី​អន្តរជាតិ​នោះ​ទេ។​ ​នៅ​ថ្ងៃពុធ​នេះនាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ក៏​បាន​បង្ហើប​ពី​គម្រោង​នៃ​ការ​បង្កើត​ច្បាប់​ឲ្យ​មាន​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ផង​ដែរ៕

XS
SM
MD
LG